Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យូដាស 1 - ព្រះគម្ពីរខ្មែរសាកល


ពាក្យជម្រាបសួរ

1 ពី​ខ្ញុំ យូដាស ដែលជា​បាវបម្រើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ជា​ប្អូនប្រុស​របស់​យ៉ាកុប ជូនចំពោះ​ពួក​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ដែល​ត្រូវបាន​ស្រឡាញ់​ក្នុង​ព្រះដែលជាព្រះបិតា និង​ត្រូវបាន​រក្សា​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​។

2 សូមឲ្យ​សេចក្ដីមេត្តា សេចក្ដីសុខសាន្ត និង​សេចក្ដីស្រឡាញ់ ត្រូវបាន​បង្កើន​ដល់​អ្នករាល់គ្នា​!


គោលបំណងនៃសំបុត្រ

3 អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ដោយ​ខ្ញុំ​មាន​ចិត្តខ្នះខ្នែង​យ៉ាងខ្លាំង​នឹង​សរសេរ​មក​អ្នករាល់គ្នា​អំពី​សេចក្ដីសង្គ្រោះ​ដែល​យើង​មានរួមគ្នា ខ្ញុំ​បាន​យល់ឃើញថា​ជា​ការចាំបាច់​ដែល​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ជា​ការ​ជំរុញទឹកចិត្ត​ដល់អ្នករាល់គ្នា​ឲ្យ‍ខំប្រឹងតស៊ូ​ដើម្បី​ជំនឿ​ដែល​ត្រូវបាន​ផ្ទុកផ្ដាក់​នឹង​វិសុទ្ធជន​ម្ដងជាសម្រេច​នោះ​។

4 ដ្បិត​មាន​អ្នកខ្លះ​លបចូលមក ជា​អ្នក​ដែល​មាន​កត់ទុក​តាំងពីយូរមកហើយ​អំពីពួកគេ សម្រាប់​ការជំនុំជម្រះ​។ ពួកគេ​ជា​មនុស្ស​មិនគោរពព្រះ ដែល​ផ្លាស់ប្ដូរ​ព្រះគុណ​របស់​ព្រះ​នៃយើង​ទៅជា​លេស​នៃ​ការល្មោភកាម​វិញ ព្រមទាំង​បដិសេធ​ចៅហ្វាយ​តែមួយអង្គ​គត់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។


យកអតីតកាលធ្វើជាមេរៀន

5 ទោះបីជា​អ្នករាល់គ្នា​ដឹង​សេចក្ដី​ទាំងអស់​នេះ​ហើយ​ក៏ដោយ ក៏​ខ្ញុំ​ចង់​រំលឹក​អ្នករាល់គ្នា​ថា ព្រះអម្ចាស់​បាន​សង្គ្រោះ​ប្រជារាស្ត្រ​ចេញពី​ដែនដី​អេហ្ស៊ីប​តែម្ដងគត់ ហើយ​ក្រោយមក ព្រះអង្គ​បាន​បំផ្លាញ​ពួក​អ្នក​ដែល​មិន​បាន​ជឿ

6 ព្រមទាំង​ឃុំឃាំង​បណ្ដា​ទូតសួគ៌​ដែល​មិន​បាន​រក្សា​ឋានៈ​ខ្លួន គឺ​បោះបង់​លំនៅ​របស់ខ្លួន​ចោល​នោះ ឲ្យ​នៅក្នុង​សេចក្ដីងងឹត​ដោយ​ចំណង​ដ៏អស់កល្ប រហូតដល់​ថ្ងៃ​នៃ​ការជំនុំជម្រះ​ដ៏ធំ​។

7 ដូចគ្នាដែរ សូដុម និង​កូម៉ូរ៉ា ព្រមទាំង​ទីក្រុង​ឯទៀតៗ​ដែល​នៅជុំវិញ បាន​បណ្ដោយខ្លួនតាមអំពើអសីលធម៌ខាងផ្លូវភេទ ហើយ​ទៅតាម​តណ្ហាសាច់ឈាម​ដែល​ខុសធម្មជាតិ​ដូច​របៀប​ពពួក​ទូតសួគ៌​ទាំងនោះ ក៏​បាន​ត្រឡប់ជា​គំរូ​ដោយ​ទទួលទោស​នៃ​ភ្លើង​អស់កល្បជានិច្ច​។

8 យ៉ាងណាមិញ ពួក​រវើរវាយ​ទាំងនោះ​ក៏​ដូច្នោះដែរ ពួកគេ​ធ្វើឲ្យ​រូបកាយ​សៅហ្មង ទាំង​បដិសេធ​អំណាចគ្រប់គ្រង ហើយ​និយាយប្រមាថ​ពពួក​ដែល​ប្រកបដោយ​សិរីរុងរឿង​។

9 សូម្បីតែ​មីកែល​មហាទូតសួគ៌​ក៏​មិន​ហ៊ាន​ផ្ដន្ទាទោស​ដោយ​ពាក្យប្រមាថ​ឡើយ កាល​បាន​ប្រកែក​ជាមួយ​មារ ពេល​ជជែកវែកញែក​អំពី​សព​របស់​ម៉ូសេ គឺ​គ្រាន់តែ​និយាយថា​៖ “សូមឲ្យ​ព្រះអម្ចាស់​ស្ដីបន្ទោស​ឯង​!”

10 រីឯ​អ្នកទាំងនោះ​វិញ ពួកគេ​និយាយប្រមាថ​អ្វីៗដែល​ខ្លួន​មិន​ស្គាល់ ហើយ​ពួកគេ​នឹង​ត្រូវបាន​បំផ្លាញ​ដោយ​អ្វីដែល​ពួកគេ​យល់​តាមធម្មជាតិ ដូច​សត្វ​ដែល​គ្មានវិចារណញ្ញាណ​។

11 វេទនា​ដល់​ពួកគេ​ហើយ​! ដ្បិត​ពួកគេ​ដើរ​តាម​ផ្លូវ​របស់​កាអ៊ីន ហើយ​សម្រុកចូល​ទៅក្នុង​សេចក្ដីវង្វេង​របស់​បាឡាម​ដើម្បី​កម្រៃ ថែមទាំង​វិនាស​ក្នុង​ការបះបោរ​របស់​កូរ៉ា​។


សេចក្ដីវិនាសរបស់អ្នកបោះបង់

12 អ្នកទាំងនោះ​ជា​ស្នាមប្រឡាក់​ក្នុង​ពិធីលៀងនៃ​សេចក្ដីស្រឡាញ់​របស់អ្នករាល់គ្នា​។ នៅពេល​ពួកគេ​ស៊ីលៀងជាមួយ​អ្នករាល់គ្នា​ដោយ​ឥតភ័យខ្លាច ពួកគេ​បំប៉ន​ខ្លួនឯង​។ ពួកគេ​ជា​ពពក​ហួតហែង​ដែល​ត្រូវ​ខ្យល់​បក់បោក ជា​ដើមឈើ​គ្មានផ្លែ​ក្នុងរដូវផ្លែ ដែល​ងាប់​ពីរដង ហើយ​ត្រូវបាន​ដកចេញ

13 ជា​រលក​កំណាច​របស់​សមុទ្រ​ដែល​បែកពពុះ​នៃ​សេចក្ដីគួរខ្មាស​របស់​ខ្លួន ជា​ផ្កាយ​វង្វេងទិស ដែល​មាន​សេចក្ដីងងឹត​សូន្យឈឹង​អស់កល្បជានិច្ច​បម្រុងទុក​សម្រាប់ពួកគេ​។

14 ហេណុក​ដែលជា​តំណ​ទីប្រាំពីរ​ក្រោយពី​អ័ដាម ក៏​បាន​ព្យាករ​អំពី​អ្នកទាំងនេះ​ដែរ​ថា​៖ “មើល៍! ព្រះអម្ចាស់​បាន​យាង​មក​ជាមួយ​ពួក​វិសុទ្ធ​ដ៏ច្រើនរាប់មិនអស់​របស់​ព្រះអង្គ

15 ដើម្បី​អនុវត្ត​ការជំនុំជម្រះ​ចំពោះ​មនុស្ស​ទាំងអស់ និង​ដើម្បី​ថ្កោលទោស​មនុស្ស​គ្រប់គ្នា អំពី​គ្រប់ទាំង​អំពើ​មិនគោរពព្រះ​ដែល​ពួកគេ​បាន​ប្រព្រឹត្តដោយមិនគោរពព្រះ និង​អំពី​គ្រប់ទាំង​ពាក្យ​អាក្រក់​ដែល​មនុស្សបាប​មិនគោរពព្រះ បាន​និយាយ​ទាស់នឹង​ព្រះ”។

16 អ្នកទាំងនោះ​ជា​អ្នករអ៊ូរទាំ និង​ជា​អ្នកចាប់កំហុសគេ ដែល​ដើរ​តាម​តណ្ហា​របស់​ខ្លួន​។ មាត់​របស់​ពួកគេ​និយាយ​ពាក្យអួតអាង ទាំង​បញ្ចើចបញ្ចើ​គេ​ដើម្បីបាន​ផលប្រយោជន៍​។

17 រីឯ​អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​វិញ ចូរ​នឹកចាំ​ព្រះបន្ទូល​ដែល​ត្រូវបាន​ថ្លែងទុកមុន​តាមរយៈ​ពួក​សាវ័ក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង

18 ដែល​ពួកគេ​បាន​ប្រាប់​អ្នករាល់គ្នា​ថា​៖ “នៅ​គ្រា​ចុងបញ្ចប់ នឹង​មាន​ពួកចំអក​ដែល​ដើរ​តាម​តណ្ហា​របស់​ខ្លួនក្នុង​ការមិនគោរពព្រះ”។

19 អ្នកទាំងនោះ​ជា​អ្នក​បង្កើតការបាក់បែក ជា​មនុស្ស​ខាងសាច់ឈាម គឺ​គ្មាន​ព្រះវិញ្ញាណ​ទេ។


ពាក្យជំរុញទឹកចិត្ត និងពាក្យឲ្យពរ

20 រីឯ​អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​វិញ ចូរ​ស្អាង​ខ្លួន​លើ​ជំនឿ​ដ៏វិសុទ្ធបំផុត​របស់អ្នករាល់គ្នា ទាំង​អធិស្ឋាន​ក្នុង​ព្រះវិញ្ញាណដ៏វិសុទ្ធ​ចុះ​។

21 ចូរ​រក្សា​ខ្លួន​ក្នុង​សេចក្ដីស្រឡាញ់របស់ព្រះ ទាំង​ទន្ទឹងរង់ចាំ​សេចក្ដីមេត្តា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ដែល​នាំទៅដល់​ជីវិតអស់កល្បជានិច្ច​។

22 ចូរ​មេត្តាករុណា​ដល់​ពួក​អ្នកដែល​សង្ស័យ

23 ចូរ​សង្គ្រោះ​អ្នកឯទៀត​ដោយ​ឆក់យក​ពួកគេ​ចេញពី​ភ្លើង ចូរ​មេត្តាករុណា​ដល់​អ្នកផ្សេងទៀត​ទាំង​ភ័យខ្លាច ដោយ​ស្អប់​សូម្បីតែ​អាវ​ដែល​ត្រូវបាន​ធ្វើឲ្យសៅហ្មង​ដោយ​សាច់ឈាម​។

24 រីឯ​ព្រះអង្គ​ដែល​អាច​រក្សា​អ្នករាល់គ្នា​មិនឲ្យជំពប់ដួល ព្រមទាំង​អាច​ឲ្យ‍​អ្នករាល់គ្នា​ឈរ​នៅចំពោះ​សិរីរុងរឿង​របស់​ព្រះអង្គ ដោយ​ឥតសៅហ្មង និង​ដោយ​អំណរ

25 គឺ​ព្រះ​តែមួយអង្គ​គត់​ដែលជា​ព្រះសង្គ្រោះ​នៃយើង សូមឲ្យ​មាន​សិរីរុងរឿង ភាពឧត្ដុង្គឧត្ដម ព្រះចេស្ដា និង​សិទ្ធិអំណាច តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង តាំងពីមុន​សម័យកាល​ទាំងអស់ នៅបច្ចុប្បន្ននេះ និង​អស់កល្ប​ត​រៀង​ទៅ​! អាម៉ែន​៕​៚

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម