វិវរណៈ 6 - ព្រះគម្ពីរខ្មែរសាកលបកត្រាទីមួយចេញ 1 ខ្ញុំសង្កេតមើលទៀត ពេលកូនចៀមបកត្រាទីមួយក្នុងចំណោមត្រាទាំងប្រាំពីរនោះចេញ នោះខ្ញុំបានឮសត្វមានជីវិតមួយក្នុងសត្វមានជីវិតទាំងបួន បន្លឺសំឡេងដូចផ្គរលាន់ថា៖ “មក៍!” 2 ខ្ញុំបានសង្កេតមើល នោះមើល៍! មានសេះសមួយ។ អ្នកដែលជិះសេះនោះកាន់ធ្នូមួយ ហើយមានមកុដប្រទានដល់អ្នកនោះ រួចអ្នកនោះក៏ចេញទៅទាំងមានជ័យជម្នះ ហើយដើម្បីបានជ័យជម្នះ។ បកត្រាទីពីរចេញ 3 ពេលកូនចៀមបកត្រាទីពីរចេញ ខ្ញុំបានឮសត្វមានជីវិតទីពីរពោលថា៖ “មក៍!” 4 នោះមានសេះមួយទៀតមានសម្បុរក្រហម បានចេញមក ហើយការដកយកសន្តិភាពពីផែនដីត្រូវបានប្រគល់ឲ្យអ្នកដែលជិះសេះនោះ ដើម្បីឲ្យមនុស្សសម្លាប់គ្នាទៅវិញទៅមក។ មានដាវដ៏ធំមួយប្រទានដល់អ្នកនោះ។ បកត្រាទីបីចេញ 5 ពេលកូនចៀមបកត្រាទីបីចេញ ខ្ញុំបានឮសត្វមានជីវិតទីបីពោលថា៖ “មក៍!” ខ្ញុំបានសង្កេតមើល នោះមើល៍! មានសេះខ្មៅមួយ។ អ្នកដែលជិះសេះនោះកាន់ជញ្ជីងមួយនៅដៃ។ 6 រួចខ្ញុំបានឮអ្វីដូចជាសំឡេងមួយនៅកណ្ដាលចំណោមសត្វមានជីវិតទាំងបួន ពោលឡើងថា៖ “ស្រូវសាលីមួយលីត្រ ថ្លៃមួយឌេណារី ស្រូវបាឡេបីលីត្រ ក៏ថ្លៃមួយឌេណារីដែរ រីឯប្រេងអូលីវ និងស្រាទំពាំងបាយជូរវិញ កុំធ្វើឲ្យខូចឡើយ!”។ បកត្រាទីបួនចេញ 7 ពេលកូនចៀមបកត្រាទីបួនចេញ ខ្ញុំបានឮសំឡេងរបស់សត្វមានជីវិតទីបួន ពោលថា៖ “មក៍!” 8 ខ្ញុំបានសង្កេតមើល នោះមើល៍! មានសេះមួយសម្បុរស្លេក។ អ្នកដែលជិះសេះនោះ ឈ្មោះ “សេចក្ដីស្លាប់” ហើយស្ថានមនុស្សស្លាប់ក៏ជាប់តាមអ្នកនោះ។ សិទ្ធិអំណាចលើមួយភាគបួននៃផែនដីត្រូវបានប្រគល់ឲ្យពួកគេ ដើម្បីសម្លាប់ដោយដាវ ទុរ្ភិក្ស អាសន្នរោគ និងសត្វព្រៃនៅលើផែនដី។ បកត្រាទីប្រាំចេញ 9 ពេលកូនចៀមបកត្រាទីប្រាំចេញ ខ្ញុំបានឃើញនៅក្រោមអាសនាមានព្រលឹងរបស់អ្នកដែលត្រូវគេសម្លាប់ដោយព្រោះព្រះបន្ទូលរបស់ព្រះ និងដោយព្រោះទីបន្ទាល់ដែលពួកគេបានរក្សា។ 10 ពួកគេស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះអម្ចាស់ដ៏វិសុទ្ធ និងពិតត្រង់អើយ! តើព្រះអង្គមិនជំនុំជម្រះ និងរកយុត្តិធម៌ឲ្យឈាមរបស់យើងខ្ញុំ ទាស់នឹងអ្នកដែលរស់នៅលើផែនដី ដល់ពេលណា?”។ 11 នោះមានអាវវែងពណ៌សប្រទានដល់ពួកគេម្នាក់ៗ ហើយមានប្រាប់ដល់ពួកគេឲ្យសម្រាកបន្តិចទៀតសិន ទម្រាំតែចំនួនអ្នកបម្រើជាគ្នារបស់ពួកគេ និងបងប្អូនរបស់ពួកគេដែលរៀបនឹងត្រូវគេសម្លាប់ដូចពួកគេ ត្រូវបានបំពេញ។ បកត្រាទីប្រាំមួយចេញ 12 ខ្ញុំសង្កេតមើលទៀត ពេលកូនចៀមបកត្រាទីប្រាំមួយចេញ នោះមានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង ហើយព្រះអាទិត្យប្រែជាខ្មៅដូចក្រណាត់ធ្មៃធ្វើពីរោម រីឯព្រះចន្ទទាំងមូលក៏ប្រែជាដូចឈាម។ 13 ផ្កាយនៅលើមេឃបានធ្លាក់មកផែនដី ដូចដើមល្វាជ្រុះផ្លែខ្ចីដោយត្រូវខ្យល់ធំបក់បោក។ 14 ផ្ទៃមេឃបានរហែក ហើយត្រូវបានមូរទុកដូចជាក្រាំង រីឯគ្រប់ទាំងភ្នំ និងកោះក៏ត្រូវបានយកចេញពីកន្លែងដើមដែរ។ 15 បណ្ដាស្ដេចនៃផែនដី ពួកអ្នកធំ ពួកមេទ័ព ពួកអ្នកមាន ពួកខ្លាំងពូកែ ហើយអស់ទាំងទាសករ និងមនុស្សមានសេរីភាព បានលាក់ខ្លួនក្នុងរអាងភ្នំ និងនៅតាមថ្មនៅលើភ្នំ។ 16 រួចពួកគេនិយាយទៅភ្នំ និងថ្មថា៖ “សូមធ្លាក់មកលើយើង ហើយលាក់បាំងយើងពីព្រះភក្ត្ររបស់ព្រះអង្គដែលគង់លើបល្ល័ង្ក និងពីព្រះពិរោធរបស់កូនចៀមផង! 17 ដ្បិតថ្ងៃដ៏ធំនៃព្រះពិរោធរបស់ព្រះអង្គបានមកដល់ហើយ តើនរណាអាចនៅឈរបាន?”៕ |