Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -

ទីតុស 1 - ព្រះគម្ពីរខ្មែរសាកល


ពាក្យជម្រាបសួរ

1 ពី​ខ្ញុំ ប៉ូល ដែលជា​បាវបម្រើ​របស់​ព្រះ និង​ជា​សាវ័ក​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដោយយល់ដល់​ជំនឿ​នៃ​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​ព្រះ និង​ចំណេះដឹង​នៃ​សេចក្ដីពិត​ដែល​ស្របនឹង​ការគោរពព្រះ

2 ដែល​ផ្អែកលើ​សេចក្ដីសង្ឃឹម​នៃ​ជីវិតអស់កល្បជានិច្ច​។ ព្រះ​ដែល​មិនចេះភូតភរ បាន​សន្យា​អំពី​ជីវិតអស់កល្បជានិច្ច តាំងពីមុន​កាលសម័យ​មកម្ល៉េះ​។

3 នៅ​ពេលកំណត់ ព្រះ​បាន​សម្ដែង​ព្រះបន្ទូល​របស់​ព្រះអង្គ តាមរយៈ​ការប្រកាស​ដែល​ខ្ញុំ​ត្រូវបាន​ផ្ទុកផ្ដាក់​តាម​បញ្ជា​របស់​ព្រះ ជា​ព្រះសង្គ្រោះ​នៃយើង​។

4 ជូនចំពោះ​ទីតុស កូន​ដ៏ពិតប្រាកដ ក្នុង​ជំនឿ​ដែល​យើង​មានរួមគ្នា​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​ពី​ព្រះដែលជាព្រះបិតា និង​ពី​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះសង្គ្រោះ​នៃយើង មានដល់អ្នក​!


កិច្ចការរបស់ទីតុស

5 នេះជាហេតុដែល​ខ្ញុំ​បាន​ទុក​អ្នក​ឲ្យ​នៅ​ក្រែត គឺ​ដើម្បីឲ្យ​ចាត់ចែង​កិច្ចការ​ដែល​ធ្វើមិនទាន់ហើយ​នោះ​ឲ្យបានរៀបរយ ព្រមទាំង​តែងតាំង​ចាស់ទុំ​នៅ​ទីក្រុង​នីមួយៗ ដូចដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​ហើយ​។

6 ប្រសិនបើ​មាន​អ្នកណា​ឥតមានកន្លែងបន្ទោសបាន ជា​ប្ដី​របស់​ប្រពន្ធ​តែម្នាក់ មាន​កូន​ជា​អ្នកជឿ​ដែល​គ្មាន​ការចោទប្រកាន់​អំពី​អបាយមុខ ឬ​ការ​មិនស្ដាប់បង្គាប់ នោះចូរតែងតាំងអ្នកនោះចុះ​។

7 ដ្បិត​អ្នកមើលខុសត្រូវ ត្រូវតែ​ឥតមានកន្លែងបន្ទោសបាន​ក្នុងនាមជា​មេការ​របស់​ព្រះ គឺ​មិន​អាត្មានិយម មិន​ឆាប់ខឹង មិន​ប្រមឹក មិន​ចំណូលហិង្សា ហើយ​មិន​លោភចង់បានកម្រៃទុច្ចរិត​ឡើយ

8 ផ្ទុយទៅវិញ ចេះរាក់ទាក់ ស្រឡាញ់ការល្អ ចេះគ្រប់គ្រងចិត្ត យុត្តិធម៌ វិសុទ្ធ មធ្យ័ត

9 ហើយ​កាន់ខ្ជាប់​នូវ​សេចក្ដីបង្រៀន​នៃ​ព្រះបន្ទូល​ដ៏ពិត ដើម្បីឲ្យ​គាត់​អាច​លើកទឹកចិត្ត​ដោយ​សេចក្ដីបង្រៀន​ដ៏ត្រឹមត្រូវ​បាន ព្រមទាំង​ធ្វើឲ្យ​អ្នក​ដែល​ប្រឆាំង​ដឹងកំហុស​ផង​។

10 ដ្បិត​ពិតជា​មាន​មនុស្ស​មិនស្ដាប់បង្គាប់​ជាច្រើន គឺ​អ្នកនិយាយឥតខ្លឹមសារ និង​អ្នកបោកបញ្ឆោត ជាពិសេស​ពីចំណោម​ពួកកាត់ស្បែក​;

11 ត្រូវតែ​បិទមាត់​អ្នកទាំងនោះ​។ ពួកគេ​ផ្ដួលរំលំ​ក្រុមគ្រួសារ​ទាំងមូល ដោយ​បង្រៀន​អ្វីដែល​ពួកគេ​មិន​ត្រូវ​បង្រៀន ដើម្បីបាន​កម្រៃទុច្ចរិត​។

12 មាន​ម្នាក់​ក្នុងចំណោម​ជនជាតិក្រែត ជា​ព្យាការី​របស់ពួកគេផ្ទាល់ បាន​និយាយថា​: “ជនជាតិក្រែត​សុទ្ធតែ​ជា​អ្នកភូតភរ ជា​សត្វតិរច្ឆាន​ដ៏អាក្រក់ ជា​មនុស្សល្មោភស៊ី​ដ៏ខ្ជិលច្រអូស”។

13 ពាក្យបន្ទាល់​នេះ​ត្រូវ​ណាស់​។ ដោយហេតុនេះ ចូរ​ស្ដីបន្ទោស​ពួកគេ​យ៉ាងតឹងរ៉ឹង ដើម្បីឲ្យ​ពួកគេ​មានសុខភាពល្អ​ក្នុង​ជំនឿ

14 ទាំង​មិន​ស្ដាប់តាម​ទេវកថា​របស់ជនជាតិយូដា ឬ​សេចក្ដីបង្គាប់​របស់​មនុស្ស​ដែល​បោះបង់​សេចក្ដីពិត​ចោល​នោះ​ឡើយ​។

15 សម្រាប់​មនុស្ស​បរិសុទ្ធ អ្វីៗ​ទាំងអស់​សុទ្ធតែ​បរិសុទ្ធ រីឯ​សម្រាប់​មនុស្ស​សៅហ្មង និង​អ្នក​មិនជឿ​វិញ គ្មានអ្វី​បរិសុទ្ធ​ឡើយ គឺ​ទាំង​គំនិត ទាំង​សតិសម្បជញ្ញៈ​របស់​ពួកគេ សុទ្ធតែ​សៅហ្មង​។

16 ពួកគេ​អះអាងថា​ស្គាល់​ព្រះ ប៉ុន្តែ​ពួកគេ​បដិសេធ​ព្រះអង្គ​តាមរយៈ​ការប្រព្រឹត្ត​។ ពួកគេ​ជា​មនុស្ស​គួរឲ្យស្អប់ខ្ពើម ជា​មនុស្ស​មិនស្ដាប់បង្គាប់ ហើយ​ធ្លាក់ចេញពីការពិសោធ​សម្រាប់​ការល្អ​គ្រប់យ៉ាង​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម