ទីតុស 3 - ព្រះគម្ពីរខ្មែរសាកលសារៈសំខាន់នៃកិច្ចការដ៏ល្អ 1 ចូររំលឹកពួកគេឲ្យចុះចូលនឹងមេគ្រប់គ្រង នឹងសិទ្ធិអំណាច ហើយឲ្យស្ដាប់បង្គាប់ ព្រមទាំងឲ្យត្រៀមខ្លួនជាស្រេចដើម្បីធ្វើការល្អគ្រប់យ៉ាង 2 កុំឲ្យមួលបង្កាច់អ្នកណា កុំឲ្យឈ្លោះប្រកែក ត្រូវឲ្យមានចិត្តសប្បុរស ឲ្យសម្ដែងសេចក្ដីសុភាពរាបសាទាំងស្រុងដល់មនុស្សទាំងអស់។ 3 តាមពិត ពីមុន យើងក៏ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាននាំឲ្យវង្វេង ធ្វើជាទាសកររបស់តណ្ហា និងការសប្បាយផ្សេងៗ រស់នៅក្នុងគំនិតព្យាបាទ និងចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកផង។ 4 ប៉ុន្តែនៅពេលសេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់ចំពោះមនុស្សជាតិរបស់ព្រះដែលជាព្រះសង្គ្រោះនៃយើងបានលេចមក 5 ព្រះអង្គបានសង្គ្រោះយើង មិនមែនដោយសារតែការប្រព្រឹត្តតាមរយៈសេចក្ដីសុចរិតដែលយើងបានប្រព្រឹត្តទេ គឺដោយសារតែសេចក្ដីមេត្តារបស់ព្រះអង្គវិញ តាមរយៈការលាងសម្អាតនៃការកើតជាថ្មី និងការកែប្រែជាថ្មីដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ 6 ព្រះបានចាក់បង្ហូរព្រះវិញ្ញាណលើយើងយ៉ាងសម្បូរហូរហៀរ តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះសង្គ្រោះនៃយើង 7 ដើម្បីកាលណាយើងត្រូវបានរាប់ជាសុចរិតដោយសារតែព្រះគុណរបស់ព្រះអង្គ នោះយើងនឹងបានជាអ្នកទទួលមរតក ស្របតាមសេចក្ដីសង្ឃឹមនៃជីវិតអស់កល្បជានិច្ច។ 8 ពាក្យនេះគួរឲ្យទុកចិត្ត។ ខ្ញុំចង់ឲ្យអ្នកនិយាយសង្កត់ធ្ងន់លើសេចក្ដីទាំងនេះ ដើម្បីឲ្យអ្នកដែលជឿព្រះ បានផ្ដោតចិត្តលើការផ្ដាច់ខ្លួនទៅក្នុងកិច្ចការដ៏ល្អ។ សេចក្ដីទាំងនេះល្អ និងមានប្រយោជន៍ដល់មនុស្ស។ 9 ចូរចៀសវាងពីការដេញដោលគ្នាដ៏ល្ងង់ខ្លៅ រឿងវង្សត្រកូល ការឈ្លោះប្រកែក និងជម្លោះអំពីក្រឹត្យវិន័យ ដ្បិតការទាំងនោះសុទ្ធតែឥតប្រយោជន៍ និងឥតខ្លឹមសារ។ 10 ចំពោះមនុស្សបង្កើតការបាក់បែក ក្រោយពីទូន្មានម្ដង ឬពីរដងហើយ ក៏កុំឲ្យពាក់ព័ន្ធនឹងពួកគេទៀតឡើយ 11 ដ្បិតអ្នកដឹងថា មនុស្សបែបនេះបានខូចសីលធម៌ និងប្រព្រឹត្តបាប ទាំងផ្ដន្ទាទោសខ្លួនឯងផង។ ពាក្យណែនាំចុងក្រោយ 12 កាលណាខ្ញុំចាត់អើតេម៉ាស ឬទីឃីកុសឲ្យមកជួបអ្នក សូមព្យាយាមមករកខ្ញុំនៅនីកូប៉ូលី ដ្បិតខ្ញុំបានសម្រេចចិត្តស្នាក់នៅទីនោះរហូតដល់ផុតរដូវរងា។ 13 សូមខំជួយសេណាសអ្នកច្បាប់ និងអ័ប៉ុឡូសឲ្យបន្តដំណើរ កុំឲ្យពួកគេខ្វះអ្វីឡើយ។ 14 គ្នារបស់យើងក៏ត្រូវរៀនឲ្យចេះផ្ដាច់ខ្លួនទៅក្នុងកិច្ចការដ៏ល្អដើម្បីបំពេញតម្រូវការដែលចាំបាច់ ដើម្បីកុំឲ្យពួកគេទៅជាមនុស្សមិនបង្កើតផលឡើយ។ 15 ទាំងអស់គ្នាដែលនៅជាមួយខ្ញុំ ផ្ដាំសួរសុខទុក្ខអ្នក។ សូមជួយសួរសុខទុក្ខអ្នកដែលស្រឡាញ់យើងក្នុងជំនឿផង។ សូមឲ្យព្រះគុណស្ថិតនៅជាមួយអ្នកទាំងអស់គ្នា!៕៚ |