Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

កាឡាទី 2 - ព្រះគម្ពីរខ្មែរសាកល


ប៉ូលការពារដំណឹងល្អនៅយេរូសាឡិម

1 លុះ​ដប់បួន​ឆ្នាំ​ក្រោយមក ខ្ញុំ​បាន​ឡើងទៅ​យេរូសាឡិម​ម្ដងទៀត​ជាមួយ​បារណាបាស ទាំង​យក​ទីតុស​ទៅជាមួយ​ដែរ​។

2 ខ្ញុំ​បាន​ឡើងទៅ​ស្របតាម​ការបើកសម្ដែង ហើយ​រៀបរាប់​ដល់​ពួកគេ​នូវ​ដំណឹងល្អ​ដែល​ខ្ញុំ​ប្រកាស​ក្នុងចំណោម​សាសន៍ដទៃ​។ រីឯ​ដល់​ពួក​អ្នក​ដែល​គេ​ចាត់ទុកជាអ្នកដឹកនាំ ខ្ញុំ​បាន​រៀបរាប់​ដោយឡែក ក្រែងលោ​ការដែល​ខ្ញុំ​កំពុង​រត់ ‍ឬ​បាន​រត់​រួចហើយ​នោះ នឹង​ទៅជា​ឥតប្រយោជន៍​វិញ​។

3 យ៉ាងណាមិញ សូម្បីតែ​ទីតុស​ដែល​នៅ​ជាមួយ​ខ្ញុំ ក៏មិន​ត្រូវគេ​បង្ខំ​ឲ្យ​ទទួលពិធីកាត់ស្បែក​ដែរ ទោះបី​គាត់​ជា​ជនជាតិក្រិក​ក៏ដោយ​។

4 តាមពិត មានរឿងនេះ ដោយសារតែ​បងប្អូនក្លែងក្លាយ​ដែល​លួចចូលមក ពួកគេ​ចូលមក​ស៊ើបការណ៍​ពី​សេរីភាព​របស់យើង​ដែល​យើង​មាន​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដើម្បី​ធ្វើឲ្យ​យើង​ទៅជាទាសករ​។

5 យើង​មិន​ព្រម​ចុះចូល​នឹង​ពួកគេ​ឡើយ សូម្បីតែ​មួយភ្លែត ដើម្បីឲ្យ​សេចក្ដីពិត​នៃ​ដំណឹងល្អ បន្តស្ថិតនៅ​ក្នុងចំណោម​អ្នករាល់គ្នា​។

6 រីឯ​ចំពោះ​ពួក​អ្នក​ដែល​គេ​ចាត់ទុកជាអ្នកដឹកនាំ (​ទោះបីជា​ពីមុន ពួកគេ​ជា​អ្វី​ក៏ដោយ ក៏​មិន​សំខាន់​អ្វី​សម្រាប់​ខ្ញុំ​ទេ ពីព្រោះ​ព្រះ​មិន​រើសមុខ​អ្នកណា​ឡើយ​) គឺ​ពួក​អ្នកទាំងនោះ​ដែល​គេ​ចាត់ទុកជាអ្នកដឹកនាំ មិន​បាន​បន្ថែម​អ្វី​ផ្សេងទៀត​ដល់​ខ្ញុំ​ឡើយ

7 ផ្ទុយទៅវិញ ពួកគេ​ឃើញ​ថា ខ្ញុំ​ត្រូវបាន​ផ្ទុកផ្ដាក់​នូវ​ដំណឹងល្អ​សម្រាប់​អ្នកដែលមិនបានទទួលពិធីកាត់ស្បែក ដូចដែល​ពេត្រុស​ត្រូវបាន​ផ្ទុកផ្ដាក់​នូវ​ដំណឹងល្អ​សម្រាប់​អ្នកដែលទទួលពិធីកាត់ស្បែក​ដែរ

8 ដ្បិត​ព្រះអង្គ​ដែល​ធ្វើការ​ក្នុង​ពេត្រុស តាមរយៈ​មុខងារជាសាវ័ក​របស់គាត់​ដល់​អ្នកដែលទទួលពិធីកាត់ស្បែក ក៏​បាន​ធ្វើការ​សម្រាប់​សាសន៍ដទៃ ក្នុង​ខ្ញុំ​ដែរ​។

9 នៅពេល​ឃើញ​ព្រះគុណ​ដែល​បាន​ប្រទាន​មក​ខ្ញុំ ពួក​អ្នក​ដែល​ត្រូវគេ​ចាត់ទុក​ជា​សសរទ្រូង គឺ​យ៉ាកុប កេផាស និង​យ៉ូហាន​បាន​លូក​ដៃស្ដាំ​នៃ​ការប្រកបគ្នា​ទទួល​ខ្ញុំ និង​បារណាបាស ដើម្បីឲ្យ​យើង​ទៅ‍រក​បណ្ដា​សាសន៍ដទៃ ចំណែកឯ​ពួកគេ​វិញ ពួកគេ​ទៅ‍រក​អ្នកដែលទទួលពិធីកាត់ស្បែក​។

10 ពួកគេ​គ្រាន់តែ​សុំ​ឲ្យ​យើង​នឹកចាំ​អំពី​អ្នកក្រ ជា​កិច្ចការ​ដែល​ខ្ញុំ​ខំប្រឹង​ធ្វើ​ដែរ​។


មានសេរីភាពរួចពីក្រឹត្យវិន័យ

11 ប៉ុន្តែ​កាល​កេផាស​បាន​មក​ដល់​អាន់ទីយ៉ូក ខ្ញុំ​បាន​ជំទាស់​នឹង​គាត់​ចំពោះ​មុខ​គាត់ ពីព្រោះ​គាត់​មានការដែលគួរឲ្យបន្ទោស​។

12 ដ្បិត​មុនពេល​មាន​អ្នកខ្លះ​បាន​មក​ពី​យ៉ាកុប គាត់​តែងតែ​ហូប​ជាមួយ​សាសន៍ដទៃ ប៉ុន្តែ​នៅពេល​អ្នកទាំងនោះ​បាន​មក​ដល់ គាត់​ក៏​ដកខ្លួនថយ ហើយ​ញែក​ខ្លួន​ចេញ ដោយ​ខ្លាច​ពួកកាត់ស្បែក​។

13 ជនជាតិយូដា​ឯទៀត​ក៏​ធ្វើពុតជាមួយ​គាត់​ដែរ រហូតដល់​សូម្បីតែ​បារណាបាស​ក៏​ត្រូវបាន​អូសទាញ​ទៅក្នុង​ពុតត្បុត​របស់​ពួកគេ​។

14 ប៉ុន្តែ​នៅពេល​ខ្ញុំ​ឃើញ​ថា ពួកគេ​មិន​បាន​ដើរត្រង់​តាម​សេចក្ដីពិត​នៃ​ដំណឹងល្អ ខ្ញុំ​ក៏​សួរ​កេផាស​នៅមុខ​ទាំងអស់គ្នា​ថា​៖ “ប្រសិនបើ​លោក ដែល​ជា​ជនជាតិយូដា បែរជា​រស់នៅ​ដូចសាសន៍ដទៃ ហើយ​មិន​រស់នៅ​ដូចជនជាតិយូដា​ទេ តើ​លោក​នឹង​បង្ខំ​សាសន៍ដទៃ​ឲ្យ​រស់នៅដូចជនជាតិយូដា​ដូចម្ដេចកើត​?”។

15 យើង​ជា​ជនជាតិយូដា​ពីកំណើត គឺ​មិនមែន​ជា “មនុស្សបាប​ពីចំណោម​សាសន៍ដទៃ” ទេ

16 ប៉ុន្តែ​យើង​ដឹង​ថា មនុស្ស​មិន​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ​ឡើយ គឺ​តាមរយៈ​ជំនឿ​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​វិញ​។ ហេតុនេះហើយបានជា​យើង​ជឿលើ​ព្រះ​គ្រីស្ទ​យេស៊ូវ ដើម្បីឲ្យ​យើង​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ជំនឿ​ក្នុង​ព្រះ​គ្រីស្ទ គឺ​មិនមែន​ដោយសារតែ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ​ទេ ដ្បិត​គ្មាន​អ្នកណាម្នាក់​នឹង​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ​ឡើយ​។

17 ប៉ុន្តែ​ប្រសិនបើ​យើង​ព្យាយាម​ឲ្យ​បាន​រាប់ជាសុចរិត​ក្នុង​ព្រះ​គ្រីស្ទ ហើយ​បែរជា​ឃើញថា​ខ្លួនយើង​ក៏​ជា​មនុស្សបាប​ដែរ នោះ​តើ​ព្រះ​គ្រីស្ទ​ទៅជា​អ្នកបម្រើ​របស់​បាប​ឬ​? មិនមែនដូច្នោះជាដាច់ខាត​!

18 ដ្បិត​ប្រសិនបើ​ខ្ញុំ​សាងសង់​ឡើងវិញ​នូវ​អ្វីដែល​ខ្ញុំ​បាន​កម្ទេច​ចោល នោះ​ខ្ញុំ​បាន​បញ្ជាក់​ថា​ខ្លួនខ្ញុំ​ជា​មនុស្សបំពានក្រឹត្យវិន័យ​ហើយ​។

19 ជាការពិត ខ្ញុំ​បាន​ស្លាប់​ខាង​ក្រឹត្យវិន័យ​ដោយសារតែ​ក្រឹត្យវិន័យ ដើម្បីឲ្យ​ខ្ញុំ​បាន​រស់​ខាង​ព្រះ​វិញ​។ ខ្ញុំ​ត្រូវបាន​ឆ្កាងជាមួយ​ព្រះ​គ្រីស្ទ​ហើយ

20 ដូច្នេះ​មិនមែន​ខ្ញុំ​ទៀតទេ ដែល​នៅរស់ គឺ​ព្រះ​គ្រីស្ទ​វិញ ដែល​នៅរស់​ក្នុង​ខ្ញុំ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់​ក្នុង​សាច់ឈាម​នៅសព្វថ្ងៃនេះ ខ្ញុំ​រស់​ដោយសារតែ​ជំនឿ​លើ​ព្រះបុត្រារបស់ព្រះ​ដែល​ស្រឡាញ់​ខ្ញុំ ព្រមទាំង​ប្រគល់​អង្គទ្រង់​ជំនួស​ខ្ញុំ​។

21 ខ្ញុំ​មិន​បោះបង់ចោល​ព្រះគុណ​របស់​ព្រះ​ឡើយ ដ្បិត​ប្រសិនបើ​សេចក្ដីសុចរិត​មក​តាមរយៈ​ក្រឹត្យវិន័យ នោះ​ព្រះ​គ្រីស្ទ​បាន​សុគត​ដោយ​ឥតប្រយោជន៍​ហើយ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម