អេភេសូរ 1 - ព្រះគម្ពីរខ្មែរសាកលពាក្យជម្រាបសួរ 1 ពីខ្ញុំ ប៉ូល ដែលជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ តាមបំណងព្រះហឫទ័យរបស់ព្រះ ជូនចំពោះវិសុទ្ធជនដែលរស់នៅអេភេសូរ ជាអ្នកជឿក្នុងព្រះគ្រីស្ទយេស៊ូវ។ 2 សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា! ព្រះពរដ៏បរិបូររបស់ព្រះ 3 ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង——ព្រះអង្គសមនឹងទទួលការលើកតម្កើង! ព្រះអង្គបានប្រទានពរយើងក្នុងព្រះគ្រីស្ទ ដោយព្រះពរខាងវិញ្ញាណគ្រប់បែបយ៉ាងនៅស្ថានសួគ៌ 4 ដូចដែលព្រះអង្គបានជ្រើសរើសយើងក្នុងព្រះគ្រីស្ទតាំងពីមុនកំណើតនៃពិភពលោកមកម្ល៉េះ ដើម្បីឲ្យយើងបានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះអង្គ។ ដោយសេចក្ដីស្រឡាញ់ 5 ព្រះអង្គបានកំណត់ទុកមុនតាមរយៈព្រះយេស៊ូវគ្រីស្ទ ឲ្យយើងមានឋានៈជាកូន ស្របតាមចេតនាល្អនៃបំណងព្រះហឫទ័យរបស់ព្រះអង្គ សម្រាប់អង្គទ្រង់ផ្ទាល់ 6 និងសម្រាប់ការសរសើរតម្កើងដល់សិរីរុងរឿងនៃព្រះគុណរបស់ព្រះអង្គ ដែលព្រះអង្គបានប្រោសប្រទានមកយើងក្នុងព្រះបុត្រាដ៏ជាទីស្រឡាញ់។ 7 នៅក្នុងព្រះអង្គ យើងមានការប្រោសលោះ គឺការលើកលែងទោសការបំពាន ដោយព្រះលោហិតរបស់ព្រះអង្គ ស្របតាមភាពបរិបូរនៃព្រះគុណរបស់ព្រះអង្គ 8 ដែលព្រះអង្គប្រទានមកយ៉ាងសម្បូរហូរហៀរដល់យើង ដោយអស់ទាំងព្រះប្រាជ្ញាញាណ និងការយល់ដឹង។ 9 ព្រះអង្គបានបើកឲ្យយើងស្គាល់អាថ៌កំបាំងនៃបំណងព្រះហឫទ័យរបស់ព្រះអង្គ ស្របតាមចេតនាល្អរបស់ព្រះអង្គដែលកំណត់ទុកមុនក្នុងព្រះគ្រីស្ទ 10 ដើម្បីបង្រួបបង្រួមអ្វីៗទាំងអស់មកក្នុងព្រះគ្រីស្ទ ទាំងអ្វីៗនៅលើមេឃ និងអ្វីៗនៅលើផែនដី កាលណាពេលកំណត់នៃការបំពេញគម្រោងនោះបានមកដល់។ 11 នៅក្នុងព្រះអង្គ យើងបានទទួលមរតកដែរ ដោយព្រះអង្គបានកំណត់ទុកមុន ស្របតាមគោលបំណងរបស់ព្រះអង្គដែលធ្វើសកម្មភាពទាំងអស់តាមគម្រោងនៃបំណងព្រះហឫទ័យរបស់អង្គទ្រង់ 12 ដើម្បីឲ្យយើងដែលសង្ឃឹមជាមុនលើព្រះគ្រីស្ទ នាំមកនូវការសរសើរតម្កើងដល់សិរីរុងរឿងរបស់ព្រះអង្គ។ 13 នៅក្នុងព្រះគ្រីស្ទ អ្នករាល់គ្នាក៏ឮព្រះបន្ទូលនៃសេចក្ដីពិតដែរ ជាដំណឹងល្អដែលផ្ដល់សេចក្ដីសង្គ្រោះដល់អ្នករាល់គ្នា ហើយនៅពេលជឿលើព្រះគ្រីស្ទ អ្នករាល់គ្នាក៏ត្រូវបានបោះត្រាដោយព្រះវិញ្ញាណដ៏វិសុទ្ធនៃសេចក្ដីសន្យា។ 14 ព្រះវិញ្ញាណដ៏វិសុទ្ធជាថ្លៃកក់សម្រាប់មរតករបស់យើង រហូតដល់ការប្រោសលោះរបស់អ្នកដែលជាកម្មសិទ្ធិរបស់ព្រះអង្គ ដើម្បីនាំមកនូវការសរសើរតម្កើងដល់សិរីរុងរឿងរបស់ព្រះអង្គ។ អធិស្ឋានសុំការយល់ដឹងខាងវិញ្ញាណ 15 ដោយហេតុនេះ កាលខ្ញុំបានឮអំពីជំនឿរបស់អ្នករាល់គ្នាក្នុងព្រះអម្ចាស់យេស៊ូវ និងអំពីសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាចំពោះវិសុទ្ធជនទាំងអស់ 16 ខ្ញុំក៏អរព្រះគុណអំពីអ្នករាល់គ្នាឥតឈប់ឈរ ទាំងនឹកចាំអំពីអ្នករាល់គ្នាក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ 17 ដើម្បីឲ្យព្រះរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង គឺព្រះបិតានៃសិរីរុងរឿង បានប្រទានដល់អ្នករាល់គ្នានូវព្រះវិញ្ញាណនៃប្រាជ្ញា និងការបើកសម្ដែង ធ្វើឲ្យអ្នករាល់គ្នាស្គាល់ព្រះអង្គកាន់តែច្បាស់ 18 ទាំងឲ្យភ្នែកនៃចិត្តរបស់អ្នករាល់គ្នាត្រូវបានបំភ្លឺ ដើម្បីឲ្យអ្នករាល់គ្នាដឹងថាសេចក្ដីសង្ឃឹមនៃការត្រាស់ហៅរបស់ព្រះអង្គជាអ្វី ភាពបរិបូរនៃមរតករបស់ព្រះអង្គ ដែលប្រកបដោយសិរីរុងរឿងក្នុងចំណោមវិសុទ្ធជនជាអ្វី 19 ព្រមទាំងឲ្យដឹងថា ភាពធំធេងហួសវិស័យនៃព្រះចេស្ដារបស់ព្រះអង្គចំពោះយើងដែលជឿ ស្របតាមកិច្ចការដ៏មានព្រះចេស្ដាខ្លាំងពូកែរបស់ព្រះអង្គជាអ្វីផងដែរ។ ព្រះចេស្ដារបស់ព្រះនៅក្នុងព្រះគ្រីស្ទ 20 ដោយព្រះចេស្ដានេះ ព្រះបានធ្វើសកម្មភាពក្នុងព្រះគ្រីស្ទ ដោយលើកព្រះគ្រីស្ទឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ហើយឲ្យគង់ចុះនៅខាងស្ដាំព្រះអង្គនៅលើមេឃ 21 ខ្ពស់លើអស់ទាំងអំណាចគ្រប់គ្រង សិទ្ធិអំណាច ឫទ្ធិអំណាច រាជ្យអំណាច និងអស់ទាំងនាមដែលត្រូវបានតាំងឡើង មិនគ្រាន់តែនៅលោកបច្ចុប្បន្នប៉ុណ្ណោះទេ គឺនៅលោកខាងមុខដែរ។ 22 ព្រះបានធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ទ ព្រមទាំងប្រទានឲ្យព្រះគ្រីស្ទធ្វើជាក្បាលលើអ្វីៗទាំងអស់សម្រាប់ក្រុមជំនុំ។ 23 ក្រុមជំនុំជាព្រះកាយរបស់ព្រះអង្គ ជាភាពពេញលេញរបស់ព្រះអង្គដែលបំពេញអ្វីៗទាំងអស់ដោយអ្វីៗទាំងអស់៕ |