Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ភីលីព 3 - ព្រះគម្ពីរខ្មែរសាកល


ការស្គាល់ព្រះគ្រីស្ទ

1 មួយវិញទៀត បងប្អូន​របស់ខ្ញុំ​អើយ ចូរ​អរសប្បាយ​ក្នុង​ព្រះអម្ចាស់​ចុះ​។ ការ​ដែល​សរសេរ​សេចក្ដី​ដដែល​នេះ​មក​អ្នករាល់គ្នា មិន​ធុញទ្រាន់​សម្រាប់​ខ្ញុំ​ទេ ហើយ​ជា​ការ​ការពារ​ដល់​អ្នករាល់គ្នា​។

2 ចូរ​ប្រុងប្រយ័ត្ន​នឹង​ពួក​ឆ្កែ ចូរ​ប្រុងប្រយ័ត្ន​នឹង​ពួក​អ្នកប្រព្រឹត្តការអាក្រក់ ចូរ​ប្រុងប្រយ័ត្ន​នឹង​ពួកកាត់ស្បែកតែខាងក្រៅ​។

3 ដ្បិត​គឺ​យើង​ហើយ ជា​ពួកកាត់ស្បែក​ដែល​បម្រើ​តាម​ព្រះវិញ្ញាណ​របស់​ព្រះ ហើយ​អួត​អំពី​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រមទាំង​មិន​ពឹងផ្អែក​លើ​សាច់ឈាម​ឡើយ​។

4 តាមពិត ខ្ញុំ​ក៏​មាន​ទំនុកចិត្ត​លើ​សាច់ឈាម​ដែរ​។ ប្រសិនបើ​មាន​អ្នកណា​ផ្សេងទៀត​គិតថា​ខ្លួន​អាច​ពឹងផ្អែក​លើ​សាច់ឈាម​បាន ខ្ញុំ​លើសជាង​អ្នកនោះ​ទៅទៀត​។

5 ខ្ញុំ​បាន​ទទួលពិធីកាត់ស្បែក​នៅ​ថ្ងៃ​ទីប្រាំបី​; ខ្ញុំ​ជា​ពូជពង្ស​អ៊ីស្រាអែល ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន ជា​ជនជាតិហេព្រើរសុទ្ធ​; ខាងឯ​ក្រឹត្យវិន័យ ខ្ញុំ​ជា​ពួកផារិស៊ី​;

6 ខាងឯ​ចិត្តឆេះឆួល ខ្ញុំជា​អ្នក​ដែល​បាន​បៀតបៀន​ក្រុមជំនុំ​; ខាងឯ​សេចក្ដីសុចរិត​តាម​ក្រឹត្យវិន័យ ខ្ញុំ​គ្មានកន្លែងបន្ទោស​សោះ​។

7 យ៉ាងណាមិញ អ្វីៗដែល​ពីមុន​ជា​ចំណេញ​ដល់​ខ្ញុំ​នោះ ឥឡូវនេះ​ខ្ញុំ​បាន​ចាត់ទុកថា​ជា​ការខាតបង់​វិញ ដោយសារតែ​ព្រះ​គ្រីស្ទ​។

8 លើសពីនេះទៅទៀត ខ្ញុំ​បាន​ចាត់ទុកថា​អ្វីៗ​ទាំងអស់​ជា​ការខាតបង់ ដោយព្រោះ​ការស្គាល់​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃខ្ញុំ មានតម្លៃបំផុត​។ ដោយសារតែ​ព្រះគ្រីស្ទ ខ្ញុំ​បាន​ខាតបង់​អ្វីៗ​ទាំងអស់ ព្រមទាំង​ចាត់ទុកថា​អ្វីៗ​ទាំងអស់​ជា​លាមក ដើម្បីឲ្យ​ខ្ញុំ​ចំណេញបាន​ព្រះ​គ្រីស្ទ

9 និង​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​ក្នុង​ព្រះអង្គ មិនមែន​ដោយ​សេចក្ដីសុចរិត​របស់ខ្លួនខ្ញុំ​ដែល​មកពី​ក្រឹត្យវិន័យ​ទេ គឺ​ដោយ​សេចក្ដីសុចរិត​តាមរយៈ​ជំនឿ​លើ​ព្រះ​គ្រីស្ទ​វិញ ជា​សេចក្ដីសុចរិត​ដែល​មកពី​ព្រះ​ដោយសារតែ​ជំនឿ​។

10 ខ្ញុំ​ចង់​ស្គាល់​ព្រះគ្រីស្ទ និង​ព្រះចេស្ដា​នៃ​ការរស់ឡើងវិញ​របស់​ព្រះអង្គ ព្រមទាំង​ការរួមចំណែក​ក្នុង​ទុក្ខលំបាក​របស់​ព្រះអង្គ ដោយ​ត្រឡប់ដូចជា​ព្រះអង្គ​ក្នុង​ការសុគត​របស់​ព្រះអង្គ

11 ដើម្បីឲ្យ​ខ្ញុំ​ទទួលបាន​ការរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ដោយប្រការណាមួយ​។


រត់ឆ្ពោះទៅគោលដៅ

12 នេះ​មិនមែន​ថា ខ្ញុំ​បាន​ទទួល​ហើយ ឬ​បានគ្រប់លក្ខណ៍​ហើយ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​កំពុង​ប្រឹងជម្នះ​ចាប់ឲ្យបាន​ដោយប្រការណាមួយ ដ្បិត​ខ្ញុំ​ត្រូវ​ព្រះ​គ្រីស្ទ​យេស៊ូវ​ចាប់​ដើម្បីការនេះ​ឯង​។

13 បងប្អូន​អើយ ខ្ញុំ​មិន​ចាត់ទុកថា​ខ្លួនខ្ញុំ​ចាប់បាន​ហើយ​នោះ​ទេ ប៉ុន្តែ​មាន​ការ​មួយ​ដែលខ្ញុំធ្វើ គឺ​ខ្ញុំ​បំភ្លេច​អ្វីៗ​ដែល​នៅ​ខាងក្រោយ ហើយ​ឈោងទៅរក​អ្វីៗ​ដែល​នៅខាងមុខ

14 ទាំង​ប្រឹងជម្នះ​ឆ្ពោះទៅ​ទី ដើម្បី​ទទួល​រង្វាន់​នៃ​ការត្រាស់ហៅ​របស់​ព្រះ​ពី​ស្ថានលើ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។

15 ដូច្នេះ ចូរឲ្យ​យើង​ទាំងអស់គ្នាដែល​ពេញវ័យ​ហើយ គិត​បែបនេះ​ចុះ​។ ប្រសិនបើ​អ្នករាល់គ្នា​មានគំនិត​អ្វី​ផ្សេង ព្រះ​នឹង​បើកសម្ដែង​ការនោះ​ដល់​អ្នករាល់គ្នា​ដែរ​។

16 យ៉ាងណាមិញ យើង​ដល់​ត្រឹមណា ឲ្យ​យើង​ដើរតាម​ដែនកំណត់​នោះ​ចុះ​។

17 បងប្អូន​អើយ ចូរ​ចូលរួមត្រាប់តាម​ខ្ញុំ ព្រមទាំង​សង្កេតមើល​ពួក​អ្នក​ដែល​ដើរ​ដូច្នេះ ស្របតាម​គំរូ​ដែល​អ្នករាល់គ្នា​បាន​ទទួល​ពី​យើង​។

18 តាមពិត​មាន​មនុស្ស​ជាច្រើន ដែល​ខ្ញុំ​ធ្លាប់​ប្រាប់​អ្នករាល់គ្នា​ជាច្រើនលើកច្រើនសា​មកហើយ ហើយ​ឥឡូវនេះ​ខ្ញុំ​សូម​ប្រាប់​ម្ដងទៀត​ទាំងទឹកភ្នែក​ថា គេ​រស់នៅ​ជា​ខ្មាំងសត្រូវ​នឹង​ឈើឆ្កាង​របស់​ព្រះ​គ្រីស្ទ​ទេ​។

19 ចុងបញ្ចប់​របស់​អ្នកទាំងនោះ​ជា​សេចក្ដីវិនាស ព្រះ​របស់​ពួកគេ​គឺ​ក្រពះ​របស់ខ្លួន ហើយ​សិរីរុងរឿង​របស់​ពួកគេ​នៅក្នុង​សេចក្ដីគួរខ្មាស​របស់​ខ្លួន​; ពួកគេ​គិត​តែ​ពី​ខាងលោកីយ៍​ប៉ុណ្ណោះ​។

20 រីឯ​យើង​វិញ សញ្ជាតិ​របស់យើង​នៅ​ស្ថានសួគ៌ ហើយ​យើង​កំពុង​ទន្ទឹងរង់ចាំ​ព្រះសង្គ្រោះ​ពី​ទីនោះ​ដែរ គឺ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​។

21 ព្រះអង្គ​នឹង​បំផ្លាស់បំប្រែ​រូបកាយ​តូចទាប​របស់យើង​នេះ ឲ្យ​បាន​ដូច​ព្រះកាយ​នៃ​សិរីរុងរឿង​របស់​ព្រះអង្គ ដោយ​ឫទ្ធានុភាព​ដែល​អាច​ទាំង​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ចុះចូល​នឹង​ព្រះអង្គ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម