Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

វិវរណៈ 13 - ព្រះគម្ពីរខ្មែរសាកល


សត្វតិរច្ឆានចេញមកពីសមុទ្រ

1 បន្ទាប់មក ខ្ញុំ​ឃើញ​សត្វតិរច្ឆាន​មួយ​ឡើងមក​ពី​សមុទ្រ​។ វា​មាន​ស្នែង​ដប់ និង​ក្បាល​ប្រាំពីរ មាន​មកុដរាជ្យ​ដប់​នៅលើ​ស្នែង​របស់​វា ហើយ​នៅលើ​ក្បាល​របស់​វា​មាន​ឈ្មោះ​ជា​ពាក្យប្រមាថព្រះ​។

2 សត្វតិរច្ឆាន​ដែល​ខ្ញុំ​ឃើញ​នោះ​ស្រដៀងនឹង​ខ្លារខិន ជើង​វា​ដូច​ជើង​ខ្លាឃ្មុំ ហើយ​មាត់​វា​ដូច​មាត់​សិង្ហ​។ នាគ​បាន​ប្រគល់​មហិទ្ធិឫទ្ធិ និង​រាជ្យបល្ល័ង្ក​របស់​ខ្លួន ព្រមទាំង​សិទ្ធិអំណាច​ដ៏ធំ​ដល់​សត្វនោះ​។

3 ក្បាល​មួយ​ក្នុង​ក្បាលទាំងប្រាំពីររបស់សត្វនោះ ហាក់ដូចជា​ត្រូវរបួស​ដល់​ស្លាប់ ប៉ុន្តែ​របួស​មរណៈ​របស់​វា​បាន​ជាសះស្បើយ​វិញ​។ ផែនដី​ទាំងមូល​ក៏​ស្ងើច ហើយ​ទៅតាម​សត្វតិរច្ឆាន​នោះ​។

4 ពួកគេ​ថ្វាយបង្គំ​នាគ ពីព្រោះ​វា​បាន​ប្រគល់​សិទ្ធិអំណាច​ដល់​សត្វតិរច្ឆាន​នោះ​។ ពួកគេ​ក៏​ថ្វាយបង្គំ​សត្វតិរច្ឆាន​នោះ​ដែរ ទាំង​ពោលថា​៖ “តើ​នរណា​អាចប្រៀបផ្ទឹមនឹង​សត្វតិរច្ឆាន​នេះ​បាន​? តើ​នរណា​អាច​តយុទ្ធ​នឹង​វា​បាន​?”។

5 មាន​មាត់​មួយ​ដែល​ពោល​ពាក្យ​ព្រហើន‍ និង​ពាក្យប្រមាថព្រះ ប្រទាន​ដល់​សត្វតិរច្ឆាននោះ ហើយ​មាន​សិទ្ធិអំណាច​ធ្វើសកម្មភាព​សែសិបពីរ​ខែ ប្រទាន​ដល់​វា​ដែរ​។

6 វា​ក៏​ហា​មាត់​និយាយប្រមាថ​ទាស់នឹង​ព្រះ ហើយ​និយាយប្រមាថ​ព្រះនាម​របស់​ព្រះអង្គ និង​លំនៅ​របស់​ព្រះអង្គ គឺ​បណ្ដា​អ្នក​ដែល​ស្ថិតនៅ​លើមេឃ​។

7 វា​ត្រូវបាន​ប្រទានឲ្យ​ធ្វើ​សង្គ្រាម​ទាស់នឹង​វិសុទ្ធជន ហើយ​ឈ្នះ​ពួកគេ ថែមទាំង​មាន​សិទ្ធិអំណាច​លើ​គ្រប់ទាំង​ពូជសាសន៍ ជនជាតិ ភាសា និង​ប្រជាជាតិ ប្រទាន​ដល់​វា​ផង​។

8 រីឯ​អស់អ្នក​ដែល​រស់នៅ​លើ​ផែនដី​នឹង​ថ្វាយបង្គំ​វា គឺ​អស់អ្នក​ដែល​តាំងពី​កំណើត​នៃ​ពិភពលោក​មក គ្មាន​ឈ្មោះ​កត់ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ដែល​ត្រូវគេ​សម្លាប់​។

9 បើ​អ្នកណា​មាន​ត្រចៀក ចូរ​ស្ដាប់​ចុះ​!

10 បើ​មានតម្រូវឲ្យ​អ្នកណា​ជាប់​ជា​ឈ្លើយសឹក អ្នកនោះ​នឹង​ជាប់​ជា​ឈ្លើយសឹក​; បើ​មានតម្រូវឲ្យ​អ្នកណា​ត្រូវគេ​សម្លាប់​ដោយ​ដាវ អ្នកនោះ​នឹង​ត្រូវគេ​សម្លាប់​ដោយ​ដាវ​។ នេះ​ហើយ ជា​សេចក្ដីអត់ធ្មត់ និង​ជំនឿ​របស់​វិសុទ្ធជន​។


សត្វតិរច្ឆានចេញមកពីផែនដី

11 បន្ទាប់មក ខ្ញុំ​ឃើញ​សត្វតិរច្ឆាន​មួយទៀត​ឡើងមក​ពី​ផែនដី​។ វា​មាន​ស្នែង​ពីរ​ស្រដៀងនឹង​ស្នែង​កូនចៀម ហើយ​វា​និយាយ​ដូច​នាគ​។

12 វា​ប្រើ​អំណាច​ទាំងអស់​របស់​សត្វតិរច្ឆាន​ទីមួយ​នៅមុខ​សត្វតិរច្ឆានទីមួយ ហើយ​វា​ធ្វើឲ្យ​ផែនដី និង​អ្នក​ដែល​រស់នៅ​លើ​ផែនដី​ថ្វាយបង្គំ​សត្វតិរច្ឆាន​ទីមួយ​ដែល​ជាសះស្បើយ​ពី​របួស​មរណៈ​របស់​វា​។

13 វា​ធ្វើ​ទីសម្គាល់​ដ៏ធំ រហូតដល់​សូម្បីតែ​ធ្វើឲ្យ​ភ្លើង​ធ្លាក់​ពី​លើមេឃ​មក​ផែនដី​នៅមុខ​មនុស្ស​។

14 វា​បោកបញ្ឆោត​មនុស្ស​ដែល​រស់នៅ​លើ​ផែនដី​ដោយ​ទីសម្គាល់​ដែល​ត្រូវបាន​ប្រទានឲ្យ​វា​ធ្វើ​នៅមុខ​សត្វតិរច្ឆាន​នោះ ទាំង​ប្រាប់​មនុស្ស​ដែល​រស់នៅ​លើ​ផែនដី​ឲ្យ​ធ្វើ​រូបសំណាក​មួយ​ថ្វាយ​សត្វតិរច្ឆាន​នោះ​ដែល​ត្រូវ​របួស​ដោយ​មុខដាវ ប៉ុន្តែ​នៅមានជីវិត​។

15 វា​ត្រូវបាន​ប្រទានឲ្យ​ផ្ដល់​ខ្យល់ដង្ហើម​ដល់​រូបសំណាក​របស់​សត្វតិរច្ឆាន​នោះ ដើម្បីឲ្យ​រូបសំណាក​របស់​សត្វតិរច្ឆាន​នោះ​អាច​សូម្បីតែ​និយាយ ហើយ​អាច​ធ្វើ​ឲ្យ​អ្នកណាក៏ដោយដែល​មិន​ថ្វាយបង្គំ​រូបសំណាក​របស់​សត្វតិរច្ឆាន​នោះ​ត្រូវបាន​សម្លាប់​ផង​។

16 វា​បង្ខំ​មនុស្ស​ទាំងអស់ ទាំង​អ្នកតូច និង​អ្នកធំ ទាំង​អ្នកមាន និង​អ្នកក្រ ទាំង​មនុស្សមានសេរីភាព និង​ទាសករ ឲ្យ​ទទួល​សញ្ញាសម្គាល់​នៅលើ​ដៃ​ស្ដាំ ឬ​នៅលើ​ថ្ងាស​របស់​ពួកគេ

17 ដើម្បីកុំឲ្យ​អ្នកណា​អាច​ទិញ ឬ​លក់​បាន​ឡើយ លុះត្រាតែ​អ្នកនោះ​មាន​សញ្ញាសម្គាល់​នោះ ដែលជា​ឈ្មោះ​របស់​សត្វតិរច្ឆាន ឬ​ជា​លេខ​នៃ​ឈ្មោះ​របស់​វា​។

18 ចំណុចនេះ​តម្រូវឲ្យ​មាន​ប្រាជ្ញា​។ អ្នក​ដែល​មាន​ការយល់ដឹង ត្រូវ​គណនា​លេខ​របស់​សត្វតិរច្ឆាន​នោះ ដ្បិត​លេខ​វា​ជា​លេខ​របស់​មនុស្ស​។ លេខ​នោះ​គឺ ៦៦៦​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម