វិវរណៈ 5 - ព្រះគម្ពីរខ្មែរសាកលកូនចៀម និងក្រាំង 1 បន្ទាប់មក នៅព្រះហស្តស្ដាំរបស់ព្រះអង្គដែលគង់លើបល្ល័ង្ក ខ្ញុំឃើញក្រាំងមួយដែលមានសរសេរនៅខាងក្នុង និងខាងក្រៅ ដែលមានបិទត្រាប្រាំពីរ។ 2 រួចខ្ញុំឃើញទូតសួគ៌ខ្លាំងពូកែមួយរូប ប្រកាសដោយសំឡេងយ៉ាងខ្លាំងថា៖ “តើនរណាស័ក្ដិសមនឹងបើកក្រាំង ហើយបកត្រាទាំងនេះចេញ?”។ 3 ប៉ុន្តែគ្មានអ្នកណានៅលើមេឃ ឬនៅលើផែនដី ឬនៅក្រោមផែនដី អាចបើក ឬមើលក្រាំងនោះបានទេ។ 4 ពេលនោះ ខ្ញុំក៏ចាប់ផ្ដើមយំយ៉ាងខ្លាំង ដោយព្រោះមិនឃើញមានអ្នកណាស័ក្ដិសមនឹងបើក ឬមើលក្រាំងនោះឡើយ។ 5 ប៉ុន្តែមានម្នាក់ក្នុងពួកចាស់ទុំ និយាយនឹងខ្ញុំថា៖ “កុំយំឡើយ! មើល៍! រាជសិង្ហពីកុលសម្ព័ន្ធយូដា ជាឫសរបស់ដាវីឌ មានជ័យជម្នះហើយ។ ព្រះអង្គអាចបើកក្រាំង និងបកត្រាទាំងប្រាំពីរនោះចេញបាន”។ 6 បន្ទាប់មកទៀត ខ្ញុំឃើញកូនចៀមឈរនៅកណ្ដាលបល្ល័ង្ក កណ្ដាលសត្វមានជីវិតទាំងបួន និងនៅកណ្ដាលចំណោមពួកចាស់ទុំ។ កូនចៀមនោះដូចជាត្រូវបានសម្លាប់ហើយ ទាំងមានស្នែងប្រាំពីរ និងភ្នែកប្រាំពីរ ដែលជាព្រះវិញ្ញាណប្រាំពីររបស់ព្រះ ដែលត្រូវបានចាត់ឲ្យទៅក្នុងផែនដីទាំងមូល។ 7 កូនចៀមនោះបានចូលមក ហើយយកក្រាំងពីព្រះហស្តស្ដាំរបស់ព្រះអង្គដែលគង់លើបល្ល័ង្ក។ កូនចៀមដ៏ស័ក្ដិសម 8 នៅពេលកូនចៀមបានយកក្រាំងហើយ សត្វមានជីវិតទាំងបួន និងពួកចាស់ទុំទាំងម្ភៃបួននាក់បានក្រាបចុះនៅចំពោះកូនចៀម។ ម្នាក់ៗកាន់ពិណមួយ និងពែងមាសពេញដោយគ្រឿងក្រអូបដែលជាសេចក្ដីអធិស្ឋានរបស់វិសុទ្ធជន។ 9 អ្នកទាំងនោះច្រៀងចម្រៀងថ្មីមួយថា៖ “ព្រះអង្គស័ក្ដិសមនឹងយកក្រាំង ហើយបកត្រាទាំងនោះចេញ ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានប្រោសលោះមនុស្សសម្រាប់ព្រះ ពីគ្រប់ទាំងពូជសាសន៍ ភាសា ជនជាតិ និងប្រជាជាតិ ដោយព្រះលោហិតរបស់ព្រះអង្គ 10 ព្រមទាំងបានធ្វើឲ្យពួកគេទៅជាអាណាចក្រមួយ និងជាបូជាចារ្យ សម្រាប់ព្រះនៃយើង ហើយពួកគេនឹងសោយរាជ្យលើផែនដី”។ 11 បន្ទាប់មក ខ្ញុំសង្កេតមើល ក៏បានឮសំឡេងរបស់ទូតសួគ៌ជាច្រើននៅជុំវិញបល្ល័ង្ក ជុំវិញសត្វមានជីវិត និងជុំវិញពួកចាស់ទុំ។ ចំនួនទូតទាំងនោះមានរាប់ពាន់រាប់ម៉ឺនរូប។ 12 ពួកគេបន្លឺសំឡេងយ៉ាងខ្លាំងថា៖ “កូនចៀមដែលត្រូវគេធ្វើគុត ស័ក្ដិសមនឹងទទួល ព្រះចេស្ដា រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឫទ្ធានុភាព កិត្តិយស សិរីរុងរឿង និងពាក្យសរសើរតម្កើង!”។ 13 ពេលនោះ ខ្ញុំឮរបស់សព្វសារពើដែលត្រូវបានបង្កើត ដែលនៅលើមេឃ នៅលើផែនដី នៅក្រោមផែនដី និងនៅក្នុងសមុទ្រ ព្រមទាំងរបស់សព្វសារពើដែលនៅទីនោះ ពោលថា៖ “សូមឲ្យព្រះពរ កិត្តិយស សិរីរុងរឿង និងព្រះចេស្ដា មានដល់ព្រះអង្គដែលគង់លើបល្ល័ង្ក និងដល់កូនចៀម រហូតអស់កល្បជាអង្វែងតរៀងទៅ!”។ 14 នោះសត្វមានជីវិតទាំងបួន ក៏ពោលថា៖ “អាម៉ែន!” រួចពួកចាស់ទុំក៏ក្រាបចុះ ហើយថ្វាយបង្គំ៕ |