២ ធីម៉ូថេ 4 - ព្រះគម្ពីរខ្មែរសាកលចូរប្រកាសព្រះបន្ទូលអស់ពីកម្លាំង 1 នៅចំពោះព្រះ និងព្រះគ្រីស្ទយេស៊ូវដែលរៀបនឹងជំនុំជម្រះទាំងមនុស្សរស់ និងមនុស្សស្លាប់ ហើយដោយអាងការលេចមករបស់ព្រះអង្គ និងអាណាចក្ររបស់ព្រះអង្គ ខ្ញុំសូមដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់អ្នកថា 2 ចូរប្រកាសព្រះបន្ទូល ចូរពុះពារ ទោះបីជាត្រូវពេល ឬខុសពេល; ចូរទូន្មាន ស្ដីប្រដៅ និងលើកទឹកចិត្ត ដោយអស់ទាំងការអត់ធ្មត់ និងការបង្រៀន 3 ដ្បិតនឹងមានគ្រាមួយដែលគេនឹងមិនទ្រាំនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវឡើយ ផ្ទុយទៅវិញ គេនឹងមានត្រចៀករមាស់ ហើយប្រមូលសម្រាប់ខ្លួនឯងនូវគ្រូជាច្រើនដែលស្របនឹងសេចក្ដីប៉ងប្រាថ្នារបស់គេ។ 4 គេនឹងបែរត្រចៀកចេញពីសេចក្ដីពិត ហើយបែរទៅរកទេវកថាវិញ។ 5 រីឯអ្នកវិញ ចូរមានគំនិតមធ្យ័តក្នុងគ្រប់ការទាំងអស់ ទ្រាំនឹងទុក្ខលំបាក ធ្វើការជាអ្នកផ្សាយដំណឹងល្អ និងបំពេញការងារបម្រើរបស់អ្នកចុះ។ 6 ជាការពិត ខ្ញុំកំពុងតែត្រូវបានច្រូចចេញជាតង្វាយច្រូចរួចជាស្រេចហើយ ហើយពេលកំណត់នៃការចាកចេញរបស់ខ្ញុំបានមកដល់ហើយ។ 7 ខ្ញុំបានប្រយុទ្ធក្នុងការប្រយុទ្ធដ៏ល្អហើយ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងហើយ ខ្ញុំបានរក្សាជំនឿជាប់ដដែល។ 8 ចាប់ពីឥឡូវនេះទៅ មានមកុដនៃសេចក្ដីសុចរិតបម្រុងទុកសម្រាប់ខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិតយុត្តិធម៌នឹងប្រទានដល់ខ្ញុំនៅថ្ងៃនោះ; មិនគ្រាន់តែខ្ញុំប៉ុណ្ណោះទេ គឺប្រទានដល់អស់អ្នកដែលស្រឡាញ់ការលេចមករបស់ព្រះអង្គដែរ។ ពាក្យណែនាំចុងក្រោយ 9 សូមព្យាយាមមករកខ្ញុំជាប្រញាប់ 10 ដ្បិតដេម៉ាសបានបោះបង់ខ្ញុំចោលដោយស្រឡាញ់លោកីយ៍បច្ចុប្បន្ននេះ ក៏ចេញទៅថែស្សាឡូនីចហើយ។ ក្រេសេនបានទៅកាឡាទី ហើយទីតុសទៅដាល់ម៉ាទា 11 មានតែលូកាប៉ុណ្ណោះដែលនៅជាមួយខ្ញុំ។ សូមយកម៉ាកុស ហើយនាំគាត់មកជាមួយអ្នកផង ដ្បិតគាត់ជាប្រយោជន៍ដល់ខ្ញុំក្នុងការងារបម្រើ។ 12 រីឯទីឃីកុសវិញ ខ្ញុំបានចាត់គាត់ឲ្យទៅអេភេសូរ។ 13 ពេលអ្នកមក សូមយកអាវវែងដែលខ្ញុំទុកចោលនៅទ្រអាសនៅជាមួយការប៉ុស ព្រមទាំងក្រាំងមកជាមួយផង ជាពិសេសក្រាំងស្បែក។ 14 អ័លេក្សានត្រុសជាងទង់ដែងធ្វើបាបខ្ញុំយ៉ាងច្រើន; ព្រះអម្ចាស់នឹងតបសងគាត់តាមអំពើរបស់គាត់។ 15 ចូរអ្នកប្រយ័ត្ននឹងគាត់ដែរចុះ ដ្បិតគាត់បានជំទាស់នឹងសេចក្ដីប្រកាសរបស់យើងយ៉ាងខ្លាំង។ 16 ពេលខ្ញុំឆ្លើយការពារខ្លួនលើកដំបូង គ្មានអ្នកណាមកគាំទ្រខ្ញុំទេ គឺទាំងអស់គ្នាបានបោះបង់ខ្ញុំចោល; សូមកុំឲ្យពួកគេត្រូវបានប្រកាន់ទោសអំពីរឿងនេះឡើយ។ 17 ប៉ុន្តែព្រះអម្ចាស់បានឈរនៅក្បែរខ្ញុំ ហើយបានចម្រើនកម្លាំងដល់ខ្ញុំ ដើម្បីឲ្យការប្រកាសត្រូវបានបំពេញតាមរយៈខ្ញុំ និងដើម្បីឲ្យអស់ទាំងសាសន៍ដទៃបានឮ ហើយខ្ញុំត្រូវបានស្រោចស្រង់ពីមាត់សិង្ហ។ 18 ព្រះអម្ចាស់នឹងស្រោចស្រង់ខ្ញុំពីការអាក្រក់គ្រប់យ៉ាង ហើយនឹងសង្គ្រោះខ្ញុំទៅក្នុងអាណាចក្រនៃមេឃរបស់ព្រះអង្គ។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។ ពាក្យឲ្យពរ 19 សូមជួយសួរសុខទុក្ខព្រីស៊ីឡា និងអ័គីឡា ព្រមទាំងក្រុមគ្រួសាររបស់អូនេស៊ិភ័រផង។ 20 អេរ៉ាស្ទុសនៅកូរិនថូសដដែល រីឯទ្រភីម ខ្ញុំបានទុកគាត់ឲ្យនៅមីលេត ពីព្រោះគាត់ឈឺ។ 21 សូមព្យាយាមមកឲ្យដល់មុនរដូវរងា។ អ៊ើប៊ូឡុស ពូដេន លីណុស និងក្លូឌា ព្រមទាំងបងប្អូនទាំងអស់គ្នា ផ្ដាំសួរសុខទុក្ខអ្នក។ 22 សូមឲ្យព្រះអម្ចាស់គង់នៅជាមួយវិញ្ញាណរបស់អ្នក។ សូមឲ្យព្រះគុណស្ថិតនៅជាមួយអ្នក!៕៚ |