១ យ៉ូហាន 2 - ព្រះគម្ពីរខ្មែរសាកល1 កូនរាល់គ្នារបស់ខ្ញុំអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្តបាបឡើយ។ ប៉ុន្តែប្រសិនបើមានអ្នកណាប្រព្រឹត្តបាប យើងមានព្រះជំនួយនៅចំពោះព្រះបិតា គឺព្រះយេស៊ូវគ្រីស្ទដ៏សុចរិតយុត្តិធម៌។ 2 ព្រះអង្គផ្ទាល់ជាយញ្ញបូជាលួងព្រះហឫទ័យសម្រាប់បាបរបស់យើង មិនគ្រាន់តែសម្រាប់យើងប៉ុណ្ណោះទេ គឺថែមទាំងសម្រាប់ពិភពលោកទាំងមូលទៀតផង។ សេចក្ដីបង្គាប់របស់ព្រះ 3 យើងដឹងថាយើងបានស្គាល់ព្រះអង្គដោយសារតែការនេះ គឺប្រសិនបើយើងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ។ 4 អ្នកដែលនិយាយថា៖ “ខ្ញុំស្គាល់ព្រះអង្គហើយ” ប៉ុន្តែមិនកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ អ្នកនោះជាអ្នកភូតភរ ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងអ្នកនោះទេ; 5 រីឯអ្នកណាក៏ដោយដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ សេចក្ដីស្រឡាញ់របស់ព្រះ ពិតជាបានគ្រប់លក្ខណ៍នៅក្នុងអ្នកនោះ។ ដោយសារតែការនេះ យើងដឹងថាយើងស្ថិតនៅក្នុងព្រះអង្គ។ 6 អ្នកដែលនិយាយថាខ្លួនឯងស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែដើរដូចដែលព្រះអង្គបានដើរដូច្នោះដែរ។ 7 អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ខ្ញុំសរសេរមកអ្នករាល់គ្នាមិនមែនជាសេចក្ដីបង្គាប់ថ្មីទេ គឺសេចក្ដីបង្គាប់ចាស់ដែលអ្នករាល់គ្នាមានតាំងពីដំបូងមក។ សេចក្ដីបង្គាប់ចាស់នេះជាព្រះបន្ទូលដែលអ្នករាល់គ្នាធ្លាប់ឮហើយ។ 8 យ៉ាងណាមិញ ខ្ញុំសូមសរសេរមកអ្នករាល់គ្នាជាសេចក្ដីបង្គាប់ថ្មីវិញ។ សេចក្ដីបង្គាប់នេះគឺពិតនៅក្នុងព្រះអង្គ និងនៅក្នុងអ្នករាល់គ្នា ពីព្រោះសេចក្ដីងងឹតកំពុងផុតទៅ ហើយពន្លឺពិតបានភ្លឺឡើងហើយ។ 9 អ្នកដែលនិយាយថាខ្លួនឯងស្ថិតនៅក្នុងពន្លឺ ប៉ុន្តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះនៅតែស្ថិតនៅក្នុងសេចក្ដីងងឹតនៅឡើយ។ 10 អ្នកដែលស្រឡាញ់បងប្អូនរបស់ខ្លួន គឺស្ថិតនៅក្នុងពន្លឺ ហើយគ្មានសេចក្ដីបណ្ដាលឲ្យជំពប់ដួលនៅក្នុងអ្នកនោះឡើយ; 11 ប៉ុន្តែអ្នកដែលស្អប់បងប្អូនរបស់ខ្លួន គឺស្ថិតនៅក្នុងសេចក្ដីងងឹត ហើយដើរក្នុងសេចក្ដីងងឹត ទាំងមិនដឹងថាខ្លួនឯងកំពុងទៅឯណាទេ ពីព្រោះសេចក្ដីងងឹតបានធ្វើឲ្យភ្នែករបស់អ្នកនោះខ្វាក់។ មូលហេតុដែលសរសេរសំបុត្រ 12 កូនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះបាបរបស់អ្នករាល់គ្នាត្រូវបានលើកលែងទោសឲ្យអ្នករាល់គ្នាហើយ ដោយសារតែព្រះនាមរបស់ព្រះគ្រីស្ទ; 13 ឪពុករាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីដើមដំបូង; យុវជនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានឈ្នះមេអាក្រក់ហើយ។ 14 កូនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានស្គាល់ព្រះបិតា; ឪពុករាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីដើមដំបូង; យុវជនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាជាមនុស្សរឹងមាំ ហើយព្រះបន្ទូលរបស់ព្រះក៏ស្ថិតនៅក្នុងអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានឈ្នះមេអាក្រក់ហើយ។ កុំស្រឡាញ់ពិភពលោក 15 កុំស្រឡាញ់ពិភពលោក និងអ្វីៗនៅក្នុងពិភពលោកឡើយ។ ប្រសិនបើអ្នកណាស្រឡាញ់ពិភពលោក សេចក្ដីស្រឡាញ់របស់ព្រះបិតាមិនស្ថិតនៅក្នុងអ្នកនោះទេ។ 16 ដ្បិតអ្វីៗទាំងអស់ដែលនៅក្នុងពិភពលោក ដូចជាតណ្ហារបស់សាច់ឈាម តណ្ហារបស់ភ្នែក និងអំនួតនៃការរស់នៅ មិនមែនមកពីព្រះបិតាទេ គឺមកពីពិភពលោកវិញ។ 17 ពិភពលោក និងតណ្ហារបស់វាកំពុងផុតទៅ ប៉ុន្តែអ្នកដែលប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះ នឹងនៅស្ថិតស្ថេរជារៀងរហូត។ គ្រាចុងបញ្ចប់ 18 កូនរាល់គ្នាអើយ ឥឡូវនេះជាគ្រាចុងបញ្ចប់ហើយ។ ដូចដែលអ្នករាល់គ្នាបានឮថា អ្នកប្រឆាំងព្រះគ្រីស្ទនឹងមក សូម្បីតែឥឡូវនេះមានអ្នកប្រឆាំងព្រះគ្រីស្ទជាច្រើនបានលេចមកហើយ; ដូច្នេះយើងដឹងថា នេះជាគ្រាចុងបញ្ចប់ហើយ។ 19 ពួកគេបានចេញពីយើងទៅ ប៉ុន្តែពួកគេមិនមែនជាគ្នាយើងទេ ដ្បិតប្រសិនបើពួកគេជាគ្នាយើងមែន ម្ល៉េះសមពួកគេបានបន្តនៅជាមួយយើង; ប៉ុន្តែពួកគេចេញទៅដើម្បីឲ្យច្បាស់ថា ពួកគេទាំងអស់គ្នាមិនមែនជាគ្នាយើងទេ។ 20 រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាទទួលការចាក់ប្រេងអភិសេកពីអង្គដ៏វិសុទ្ធ ដូច្នេះអ្នកទាំងអស់គ្នាស្គាល់ហើយ។ 21 ខ្ញុំបានសរសេរមកអ្នករាល់គ្នា មិនមែនដោយព្រោះអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតទេ គឺដោយព្រោះអ្នករាល់គ្នាបានស្គាល់សេចក្ដីពិត និងដោយព្រោះគ្មានសេចក្ដីកុហកណាចេញពីសេចក្ដីពិតឡើយ។ 22 តើនរណាជាអ្នកភូតភរ? មិនមែនជាអ្នកដែលបដិសេធថាព្រះយេស៊ូវមិនមែនជាព្រះគ្រីស្ទទេឬ? អ្នកដែលបដិសេធព្រះបិតា និងព្រះបុត្រា អ្នកនោះហើយ ជាអ្នកប្រឆាំងព្រះគ្រីស្ទ។ 23 អស់អ្នកដែលបដិសេធព្រះបុត្រា ក៏គ្មានព្រះបិតាដែរ; អ្នកដែលសារភាពព្រះបុត្រា ក៏មានព្រះបិតាដែរ។ ស្ថិតនៅក្នុងព្រះ 24 ចូរឲ្យអ្វីដែលអ្នករាល់គ្នាបានឮតាំងពីដំបូងមក ស្ថិតនៅក្នុងអ្នករាល់គ្នាចុះ។ ប្រសិនបើអ្វីដែលអ្នករាល់គ្នាបានឮតាំងពីដំបូងបានស្ថិតនៅក្នុងអ្នករាល់គ្នាហើយ នោះអ្នករាល់គ្នាក៏នឹងស្ថិតនៅក្នុងព្រះបុត្រា និងក្នុងព្រះបិតាដែរ។ 25 នេះហើយ ជាសេចក្ដីសន្យាដែលព្រះអង្គបានសន្យាដល់យើង គឺជីវិតអស់កល្បជានិច្ច។ 26 ខ្ញុំបានសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ស្ដីអំពីអ្នកដែលបោកបញ្ឆោតអ្នករាល់គ្នា។ 27 រីឯអ្នករាល់គ្នាវិញ ការចាក់ប្រេងអភិសេកដែលអ្នករាល់គ្នាបានទទួលពីព្រះអង្គ ស្ថិតនៅក្នុងអ្នករាល់គ្នា ដូច្នេះអ្នករាល់គ្នាមិនចាំបាច់ឲ្យអ្នកណាបង្រៀនអ្នករាល់គ្នាទេ។ ផ្ទុយទៅវិញ ដូចដែលការចាក់ប្រេងអភិសេកពីព្រះអង្គ បង្រៀនអ្នករាល់គ្នាអំពីអ្វីៗទាំងអស់យ៉ាងណា——ហើយជាសេចក្ដីពិត គឺមិនមែនជាសេចក្ដីកុហកទេ——ចូរស្ថិតនៅក្នុងព្រះអង្គ តាមដែលព្រះអង្គបានបង្រៀនអ្នករាល់គ្នាយ៉ាងនោះដែរ។ កូនៗរបស់ព្រះ 28 ឥឡូវនេះ កូនរាល់គ្នាអើយ ចូរស្ថិតនៅក្នុងព្រះអង្គចុះ ដើម្បីកាលណាព្រះអង្គលេចមក យើងអាចមានភាពក្លាហាន ព្រមទាំងឥតត្រូវអៀនខ្មាសនៅចំពោះព្រះអង្គ ក្នុងកាលដែលព្រះអង្គយាងមក។ 29 ប្រសិនបើអ្នករាល់គ្នាដឹងថាព្រះអង្គសុចរិតយុត្តិធម៌ នោះអ្នករាល់គ្នាក៏ដឹងដែរថា អស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត បានកើតមកពីព្រះអង្គ។ |