កូឡុស 2 - ព្រះគម្ពីរខ្មែរសាកល1 ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំតយុទ្ធខ្លាំងយ៉ាងណាដើម្បីអ្នករាល់គ្នា និងអ្នកដែលនៅឡៅឌីសេ ព្រមទាំងអស់អ្នកដែលមិនបានឃើញមុខខ្ញុំផ្ទាល់ 2 ដើម្បីឲ្យចិត្តរបស់អ្នកទាំងនោះបានទទួលការកម្សាន្ត ទាំងភ្ជាប់គ្នាក្នុងសេចក្ដីស្រឡាញ់ និងក្នុងអស់ទាំងភាពបរិបូរនៃការជឿអស់ពីចិត្តដែលមកពីការយល់ដឹង រហូតដល់ការយល់ដឹងត្រឹមត្រូវអំពីអាថ៌កំបាំងរបស់ព្រះ គឺព្រះគ្រីស្ទ។ 3 នៅក្នុងព្រះអង្គ មានលាក់ទុកគ្រប់ទាំងទ្រព្យសម្បត្តិនៃព្រះប្រាជ្ញាញាណ និងចំណេះដឹង។ ប្រយ័ត្នប្រយែងនឹងសេចក្ដីបង្រៀនខុសឆ្គង 4 ខ្ញុំនិយាយដូច្នេះ ដើម្បីកុំឲ្យអ្នកណាអាចបោកបញ្ឆោតអ្នករាល់គ្នាដោយពាក្យលួងលោមឡើយ។ 5 ដ្បិតទោះបីជាខ្ញុំមិននៅជាមួយអ្នករាល់គ្នាខាងសាច់ឈាមក៏ដោយ ក៏ខ្ញុំនៅជាមួយអ្នករាល់គ្នាខាងវិញ្ញាណ ព្រមទាំងអរសប្បាយដែលឃើញសណ្ដាប់ធ្នាប់ និងភាពមាំមួននៃជំនឿរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ។ 6 ដូច្នេះ ដូចដែលអ្នករាល់គ្នាបានទទួលព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់យ៉ាងណា ចូរដើរក្នុងព្រះអង្គយ៉ាងនោះដែរ 7 គឺដូចដែលបានបង្រៀនដល់អ្នករាល់គ្នាហើយ ចូរចាក់ឫស ហើយស្អាងឡើងក្នុងព្រះអង្គ ព្រមទាំងឈរមាំក្នុងជំនឿ ដោយចម្រើនឡើងក្នុងការអរព្រះគុណ។ 8 ចូរប្រុងប្រយ័ត្ន កុំឲ្យមានអ្នកណាចាប់អ្នករាល់គ្នាជាឈ្លើយសឹកដោយទស្សនវិជ្ជា និងដោយពាក្យបោកបញ្ឆោតឥតប្រយោជន៍ឡើយ។ សេចក្ដីទាំងនោះចេញមកពីទំនៀមទម្លាប់របស់មនុស្ស ចេញមកពីគោលការណ៍បឋមរបស់ពិភពលោក គឺមិនមែនចេញមកពីព្រះគ្រីស្ទទេ។ 9 ដ្បិតនៅក្នុងព្រះគ្រីស្ទ គ្រប់ទាំងភាពពេញលេញនៃលក្ខណៈជាព្រះ ស្ថិតនៅជាសណ្ឋានរូបកាយ 10 ហើយអ្នករាល់គ្នាត្រូវបានបំពេញក្នុងព្រះអង្គដែលជាមេដឹកនាំលើអស់ទាំងអំណាចគ្រប់គ្រង និងសិទ្ធិអំណាច។ 11 នៅក្នុងព្រះអង្គ អ្នករាល់គ្នាបានទទួលពិធីកាត់ស្បែកដោយពិធីកាត់ស្បែកដែលមិនមែនធ្វើដោយដៃមនុស្សទេ គឺដោយការដោះរូបកាយខាងសាច់ឈាមចេញតាមរយៈពិធីកាត់ស្បែករបស់ព្រះគ្រីស្ទ។ 12 ដោយអ្នករាល់គ្នាត្រូវបានបញ្ចុះជាមួយព្រះគ្រីស្ទក្នុងពិធីជ្រមុជទឹក អ្នករាល់គ្នាក៏ត្រូវបានលើកឲ្យរស់ឡើងវិញជាមួយព្រះគ្រីស្ទដែរ តាមរយៈជំនឿលើឫទ្ធានុភាពរបស់ព្រះដែលលើកព្រះគ្រីស្ទឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់។ 13 នៅពេលអ្នករាល់គ្នាជាមនុស្សស្លាប់ក្នុងការបំពាន និងក្នុងការមិនបានកាត់ស្បែកខាងសាច់ឈាម ព្រះបានប្រោសអ្នករាល់គ្នាឲ្យរស់ជាមួយព្រះគ្រីស្ទ។ ព្រះបានលើកលែងទោសឲ្យយើងចំពោះការបំពានទាំងអស់ 14 ដោយលុបចោលកំណត់ត្រាបំណុលដែលទាស់នឹងយើង ក្នុងបទបញ្ញត្តិដែលប្រឆាំងនឹងយើង។ ព្រះបានដកវាចេញ ដោយយកទៅបោះដែកគោលភ្ជាប់នឹងឈើឆ្កាង។ 15 ដោយដកហូតមេគ្រប់គ្រង និងមេអំណាចចេញ ព្រះបានធ្វើឲ្យពួកគេអាម៉ាស់មុខជាសាធារណៈ គឺព្រះអង្គមានជ័យជម្នះលើពួកគេតាមរយៈព្រះគ្រីស្ទ។ 16 ដូច្នេះ កុំឲ្យអ្នកណារិះគន់អ្នករាល់គ្នាអំពីការហូប ការផឹក ឬក្នុងរឿងពិធីបុណ្យ ថ្ងៃចូលខែ ឬថ្ងៃសប្ប័ទឡើយ។ 17 ការទាំងនេះជាស្រមោលនៃអ្វីដែលរៀបនឹងមក ប៉ុន្តែរូបពិតគឺជាព្រះគ្រីស្ទ។ 18 កុំឲ្យអ្នកណាបញ្ឆោតយករង្វាន់របស់អ្នករាល់គ្នាឡើយ ដោយចេះតែចូលចិត្តបន្ទាបខ្លួន ហើយថ្វាយបង្គំទូតសួគ៌ ទាំងចូលជ្រៅក្នុងការស្រមើស្រមៃដែលខ្លួនបានឃើញ ក៏អួតបំប៉ោងក្នុងគំនិតខាងសាច់ឈាមរបស់ខ្លួនដោយគ្មានហេតុផល 19 ហើយមិនកាន់ជាប់នឹងព្រះគ្រីស្ទដែលជាក្បាល។ ដោយសារតែក្បាល រូបកាយទាំងមូលត្រូវបានផ្គត់ផ្គង់ ហើយភ្ជាប់គ្នាដោយសន្លាក់ និងសរសៃ ទាំងចម្រើនឡើងដោយសេចក្ដីចម្រើនរបស់ព្រះ។ 20 ប្រសិនបើអ្នករាល់គ្នាបានស្លាប់ជាមួយព្រះគ្រីស្ទ ឲ្យរួចពីគោលការណ៍បឋមរបស់ពិភពលោកមែន ចុះម្ដេចក៏អ្នករាល់គ្នាចុះចូលនឹងបទបញ្ញត្តិដែលថា: 21 “កុំប៉ះ កុំភ្លក់ កុំពាល់” ហាក់ដូចជារស់នៅក្នុងលោកីយ៍ដូច្នេះ? 22 សេចក្ដីទាំងនេះ ដែលចេញមកពីបទបញ្ញត្តិ និងគោលលទ្ធិរបស់មនុស្ស សុទ្ធតែតម្រូវឲ្យសាបសូន្យដោយការប្រើប្រាស់។ 23 សេចក្ដីទាំងនេះ មើលទៅដូចជាមានប្រាជ្ញាតាមខាងក្រៅ ដោយសាសនាដែលបង្កើតដោយខ្លួនឯង ការចេះតែបន្ទាបខ្លួន និងការធ្វើបាបរូបកាយ ប៉ុន្តែគ្មានតម្លៃអ្វីតទល់នឹងការបំពេញចំណង់របស់សាច់ឈាមឡើយ៕ |