ម៉ាថាយ 7 - ព្រះគម្ពីរខ្មែរសាកលកុំវិនិច្ឆ័យគេ 1 “កុំវិនិច្ឆ័យគេ ក្រែងលោអ្នករាល់គ្នាត្រូវបានវិនិច្ឆ័យវិញ។ 2 ដ្បិតអ្នករាល់គ្នានឹងត្រូវបានវិនិច្ឆ័យ តាមការវិនិច្ឆ័យដែលអ្នករាល់គ្នាវិនិច្ឆ័យគេ ហើយអ្នករាល់គ្នានឹងត្រូវបានវាល់ឲ្យ តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យគេ។ 3 ហេតុអ្វីបានជាអ្នកមើលឃើញកម្ទេចនៅក្នុងភ្នែករបស់បងប្អូនអ្នក ប៉ុន្តែមិនចាប់អារម្មណ៍នឹងធ្នឹមនៅក្នុងភ្នែកខ្លួនឯង? 4 ឬតើអ្នកនឹងនិយាយទៅបងប្អូនរបស់អ្នកថា: ‘ឲ្យខ្ញុំយកកម្ទេចចេញពីភ្នែករបស់អ្នក’ យ៉ាងដូចម្ដេចបាន? មើល៍! មានធ្នឹមនៅក្នុងភ្នែករបស់អ្នកហើយ! 5 មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែករបស់អ្នកជាមុនសិន ទើបអ្នកនឹងមើលឃើញច្បាស់ ដើម្បីយកកម្ទេចចេញពីភ្នែករបស់បងប្អូនអ្នក។ 6 កុំឲ្យរបស់វិសុទ្ធទៅឆ្កែ ហើយក៏កុំបោះគ្រាប់គជ់នៅមុខជ្រូក ក្រែងលោពួកវាជាន់ឈ្លីនឹងជើង ហើយងាកមកខាំហែកអ្នករាល់គ្នាវិញ។ ចូរបន្តសុំ 7 “ចូរបន្តសុំ នោះនឹងប្រទានឲ្យអ្នករាល់គ្នា; ចូរបន្តស្វែងរក នោះអ្នករាល់គ្នានឹងរកឃើញ; ចូរបន្តគោះ នោះនឹងបើកឲ្យអ្នករាល់គ្នា។ 8 ដ្បិតអស់អ្នកដែលសុំនឹងទទួលបាន; អ្នកដែលស្វែងរកនឹងរកឃើញ; អ្នកដែលគោះនឹងត្រូវបានបើកឲ្យ។ 9 ក្នុងចំណោមអ្នករាល់គ្នា បើកូនរបស់ខ្លួនសុំនំប៉័ង តើមាននរណាបែរជាឲ្យដុំថ្មដល់កូនវិញឬ? 10 ឬបើកូនសុំត្រី បែរជាឲ្យពស់ដល់កូនវិញឬ? 11 ដូច្នេះ ប្រសិនបើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ចេះឲ្យរបស់ល្អដល់កូនរបស់ខ្លួនទៅហើយ ចុះទម្រាំព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ តើព្រះអង្គនឹងប្រទានរបស់ល្អដល់អ្នកដែលទូលសុំព្រះអង្គជាយ៉ាងណាទៅ! 12 ដោយហេតុនេះ អ្វីៗទាំងអស់ដែលអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តដល់អ្នករាល់គ្នា ចូរប្រព្រឹត្តដល់គេយ៉ាងនោះដែរ។ ជាការពិត នេះជាសេចក្ដីបង្រៀនរបស់ក្រឹត្យវិន័យ និងគម្ពីរព្យាការី។ ចូរចូលតាមទ្វារចង្អៀត 13 “ចូរចូលតាមទ្វារចង្អៀត ដ្បិតទ្វារធំ និងផ្លូវទូលាយ នាំទៅរកសេចក្ដីវិនាស ហើយមានមនុស្សជាច្រើនចូលតាមនោះ។ 14 ទ្វារដែលនាំទៅរកជីវិត តូចយ៉ាងណាហ្ន៎ ហើយផ្លូវនោះចង្អៀតយ៉ាងណាហ្ន៎!មានមនុស្សតិចទេដែលរកវាឃើញ។ 15 “ចូរប្រយ័ត្នប្រយែងនឹងពួកព្យាការីក្លែងក្លាយ។ ពួកគេមករកអ្នករាល់គ្នាដោយពាក់រោមចៀម ប៉ុន្តែខាងក្នុងពួកគេជាចចកដ៏កាចសាហាវ។ 16 អ្នករាល់គ្នានឹងសម្គាល់ពួកគេបានដោយផលផ្លែរបស់ពួកគេ។ តើគេប្រមូលផ្លែទំពាំងបាយជូរពីគុម្ពបន្លា ឬផ្លែល្វាពីដើមបន្លាឬ? 17 ដូច្នេះ អស់ទាំងដើមឈើល្អបង្កើតផលល្អ រីឯដើមឈើអាក្រក់បង្កើតផលអាក្រក់; 18 ដើមឈើល្អមិនអាចបង្កើតផលអាក្រក់បានទេ ហើយដើមឈើអាក្រក់ក៏មិនអាចបង្កើតផលល្អបានដែរ។ 19 អស់ទាំងដើមឈើដែលមិនបង្កើតផលល្អ នឹងត្រូវបានកាប់ចោល ហើយបោះទៅក្នុងភ្លើង។ 20 ដោយហេតុនេះ អ្នករាល់គ្នានឹងសម្គាល់ពួកគេបានដោយផលផ្លែរបស់ពួកគេ។ 21 “មិនមែនអស់អ្នកដែលហៅខ្ញុំថា ‘ព្រះអម្ចាស់ ព្រះអម្ចាស់’ នឹងចូលទៅក្នុងអាណាចក្រស្ថានសួគ៌នោះទេ គឺអ្នកដែលប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌វិញទេតើ។ 22 នៅថ្ងៃនោះ មនុស្សជាច្រើននឹងនិយាយមកខ្ញុំថា: ‘ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងខ្ញុំមិនបានថ្លែងព្រះបន្ទូលក្នុងព្រះនាមរបស់ព្រះអង្គ ដេញអារក្សឲ្យចេញក្នុងព្រះនាមរបស់ព្រះអង្គ និងធ្វើការអស្ចារ្យជាច្រើនក្នុងព្រះនាមរបស់ព្រះអង្គទេឬ?’។ 23 ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់ពួកគេថា: ‘យើងមិនដែលស្គាល់អ្នករាល់គ្នាទេ។ពួកអ្នកប្រព្រឹត្តអំពើឥតច្បាប់អើយ ចូរថយចេញពីយើងទៅ!’។ គ្រឹះពីរយ៉ាង 24 “ដូច្នេះ អស់អ្នកដែលឮពាក្យទាំងនេះរបស់ខ្ញុំ ហើយប្រព្រឹត្តតាម អ្នកនោះប្រៀបប្រដូចនឹងមនុស្សមានប្រាជ្ញាដែលសាងសង់ផ្ទះរបស់ខ្លួននៅលើថ្មដា។ 25 ភ្លៀងក៏បង្អុរចុះ ទឹកក៏បុកមក ខ្យល់ក៏បក់បោក ហើយប៉ះទង្គិចនឹងផ្ទះនោះ ប៉ុន្តែវាមិនបានរលំទេ ពីព្រោះត្រូវបានចាក់គ្រឹះនៅលើថ្មដា។ 26 ផ្ទុយទៅវិញ អស់អ្នកដែលឮពាក្យទាំងនេះរបស់ខ្ញុំ ហើយមិនប្រព្រឹត្តតាម អ្នកនោះប្រៀបប្រដូចនឹងមនុស្សល្ងង់ដែលសាងសង់ផ្ទះរបស់ខ្លួននៅលើដីខ្សាច់។ 27 ភ្លៀងក៏បង្អុរចុះ ទឹកក៏បុកមក ខ្យល់ក៏បក់បោក ហើយប៉ះទង្គិចនឹងផ្ទះនោះ វាក៏រលំទៅ ហើយការរលំនោះសាហាវណាស់”។ 28 នៅពេលព្រះយេស៊ូវបានបញ្ចប់ព្រះបន្ទូលទាំងនេះហើយ ហ្វូងមនុស្សក៏ស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ 29 ពីព្រោះព្រះអង្គទ្រង់បង្រៀនពួកគេដូចជាអ្នកដែលមានសិទ្ធិអំណាច គឺមិនដូចពួកគ្រូវិន័យរបស់ពួកគេទេ៕ |