១ កូរិនថូស 11 - ព្រះគម្ពីរខ្មែរសាកល1 ចូរធ្វើជាអ្នកយកតម្រាប់តាមខ្ញុំ ដូចដែលខ្ញុំយកតម្រាប់តាមព្រះគ្រីស្ទចុះ។ ការណែនាំអំពីការទទូរក្បាល 2 ខ្ញុំសូមសរសើរអ្នករាល់គ្នា ដោយព្រោះអ្នករាល់គ្នានឹកចាំអំពីខ្ញុំក្នុងគ្រប់ការទាំងអស់ ហើយកាន់ខ្ជាប់នូវទំនៀមទម្លាប់ តាមដែលខ្ញុំបានប្រគល់ដល់អ្នករាល់គ្នា។ 3 ក៏ប៉ុន្តែខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ព្រះគ្រីស្ទជាក្បាលរបស់មនុស្សប្រុសគ្រប់រូប ហើយមនុស្សប្រុសជាក្បាលរបស់មនុស្សស្រី រីឯព្រះជាព្រះសិររបស់ព្រះគ្រីស្ទ។ 4 អស់ទាំងមនុស្សប្រុសដែលអធិស្ឋាន ឬថ្លែងព្រះបន្ទូល ដោយមានអ្វីគ្របលើក្បាល ធ្វើឲ្យក្បាលរបស់ខ្លួនអាប់យស; 5 អស់ទាំងមនុស្សស្រីដែលអធិស្ឋាន ឬថ្លែងព្រះបន្ទូល ដោយមិនទទូរក្បាល ធ្វើឲ្យក្បាលរបស់ខ្លួនអាប់យស ដ្បិតការធ្វើដូច្នេះ ដូចគ្នាទាំងស្រុងនឹងការកោរសក់។ 6 ប្រសិនបើមនុស្សស្រីមិនទទូរទេ នោះចូរឲ្យនាងកាត់សក់ទៅ ប៉ុន្តែប្រសិនបើការកាត់សក់ ឬកោរសក់ ជាការគួរឲ្យខ្មាសសម្រាប់មនុស្សស្រី នោះចូរឲ្យនាងទទូរចុះ។ 7 តាំងពីដើមមក មនុស្សប្រុសមិនគួរទទូរក្បាលទេ ពីព្រោះមនុស្សប្រុសជារូបតំណាង និងជាសិរីរុងរឿងរបស់ព្រះ រីឯមនុស្សស្រីជាសិរីរុងរឿងរបស់មនុស្សប្រុស។ 8 ដ្បិតមិនមែនមនុស្សប្រុសទេ ដែលត្រូវបាននិម្មិតចេញពីមនុស្សស្រី គឺមនុស្សស្រីវិញ ដែលត្រូវបាននិម្មិតចេញពីមនុស្សប្រុស 9 ហើយមិនមែនមនុស្សប្រុសទេ ដែលត្រូវបាននិម្មិតបង្កើតសម្រាប់មនុស្សស្រី គឺមនុស្សស្រីវិញ ដែលត្រូវបាននិម្មិតបង្កើតសម្រាប់មនុស្សប្រុស។ 10 នេះជាហេតុដែលមនុស្សស្រីត្រូវតែមានសញ្ញានៃអំណាចលើក្បាលនាង ដោយយល់ដល់បណ្ដាទូតសួគ៌។ 11 យ៉ាងណាមិញ នៅក្នុងព្រះអម្ចាស់ បើគ្មានមនុស្សប្រុស ក៏គ្មានមនុស្សស្រី ហើយបើគ្មានមនុស្សស្រី ក៏គ្មានមនុស្សប្រុសដែរ។ 12 ដ្បិតដូចដែលមនុស្សស្រីត្រូវបាននិម្មិតចេញពីមនុស្សប្រុសយ៉ាងណា មនុស្សប្រុសក៏កើតមកតាមរយៈមនុស្សស្រីយ៉ាងនោះដែរ ហើយអ្វីៗទាំងអស់ចេញមកពីព្រះ។ 13 ចូរអ្នករាល់គ្នាពិចារណាដោយខ្លួនឯងចុះ ថាការដែលមនុស្សស្រីអធិស្ឋានទៅព្រះទាំងមិនទទូរ តើជាការសមគួរឬយ៉ាងណា? 14 សូម្បីតែធម្មជាតិផ្ទាល់ក៏បង្រៀនអ្នករាល់គ្នាដែរថា ប្រសិនបើមនុស្សប្រុសទុកសក់វែង នោះជាការអាម៉ាស់មុខដល់ខ្លួន។ 15 ផ្ទុយទៅវិញ ប្រសិនបើមនុស្សស្រីទុកសក់វែង នោះជាសិរីរុងរឿងដល់នាង ពីព្រោះសក់វែងបានប្រទានមកមនុស្សស្រីដើម្បីទទូរក្បាល។ 16 ប៉ុន្តែប្រសិនបើមានអ្នកណាចង់ឈ្លោះប្រកែកអំពីរឿងនេះ ក៏យើងគ្មានទំនៀមទម្លាប់ផ្សេងទៀតទេ ហើយក្រុមជំនុំទាំងឡាយរបស់ព្រះក៏គ្មានដែរ។ ពិធីលៀងព្រះអម្ចាស់ 17 ខ្ញុំមិនសរសើរអ្នករាល់គ្នាទេ នៅពេលបង្គាប់សេចក្ដីខាងក្រោមនេះ ពីព្រោះការជួបជុំគ្នារបស់អ្នករាល់គ្នា មិនមែនដើម្បីឲ្យប្រសើរឡើងទេ គឺបែរជាអាក្រក់ជាងទៅវិញ។ 18 ដ្បិតជាដំបូង ខ្ញុំបានឮថា កាលណាអ្នករាល់គ្នាមកជួបជុំគ្នាជាក្រុមជំនុំ មានការបាក់បែកគ្នាក្នុងចំណោមអ្នករាល់គ្នា ហើយខ្ញុំក៏ជឿត្រឹមកម្រិតណាមួយដែរ។ 19 ជាការពិត ត្រូវតែមានការបែកជាបក្សពួកក្នុងចំណោមអ្នករាល់គ្នា ដើម្បីឲ្យជាក់ច្បាស់ថាអ្នកណាពិត ក្នុងចំណោមអ្នករាល់គ្នា។ 20 ទោះបីជាយ៉ាងណាក៏ដោយ ពេលអ្នករាល់គ្នាមកជួបជុំជាមួយគ្នា នោះមិនមែនដើម្បីហូបពិធីលៀងព្រះអម្ចាស់ទេ 21 ដ្បិតពេលហូប ម្នាក់ៗចាប់យកអាហាររបស់ខ្លួនមុន រហូតដល់មានអ្នកខ្លះនៅឃ្លាន ហើយអ្នកខ្លះស្រវឹង។ 22 តើអ្នករាល់គ្នាគ្មានផ្ទះដើម្បីហូប និងផឹកទេឬ? ឬមួយក៏អ្នករាល់គ្នាមើលងាយក្រុមជំនុំរបស់ព្រះ ហើយធ្វើឲ្យអ្នកដែលគ្មានអ្វីសោះអាប់យស? តើខ្ញុំត្រូវនិយាយដូចម្ដេចនឹងអ្នករាល់គ្នា? តើឲ្យសរសើរអ្នករាល់គ្នាឬ? ចំពោះរឿងនេះ ខ្ញុំមិនសរសើរអ្នករាល់គ្នាទេ។ 23 ខ្ញុំបានប្រគល់ដល់អ្នករាល់គ្នា នូវសេចក្ដីដែលខ្ញុំបានទទួលពីព្រះអម្ចាស់ គឺថានៅយប់ដែលត្រូវគេក្បត់ ព្រះអម្ចាស់យេស៊ូវបានយកនំប៉័ង 24 ហើយនៅពេលអរព្រះគុណ ព្រះអង្គក៏កាច់នំប៉័ង រួចមានបន្ទូលថា៖“នេះជារូបកាយរបស់ខ្ញុំសម្រាប់អ្នករាល់គ្នា។ ចូរធ្វើដូច្នេះ ដើម្បីជាការរំលឹកអំពីខ្ញុំ”។ 25 ក្រោយពីហូបរួចហើយ ព្រះអង្គក៏យកពែងមកធ្វើដូចគ្នាដែរ ដោយមានបន្ទូលថា៖“ពែងនេះជាសម្ពន្ធមេត្រីថ្មី ដែលតាំងដោយឈាមរបស់ខ្ញុំ។ រាល់ពេលដែលអ្នករាល់គ្នាផឹកពីពែងនេះ ចូរធ្វើដូច្នេះ ដើម្បីជាការរំលឹកអំពីខ្ញុំ”។ 26 ដូច្នេះ រាល់ពេលដែលអ្នករាល់គ្នាហូបនំប៉័ង និងផឹកពីពែងនេះ គឺអ្នករាល់គ្នាប្រកាសពីការសុគតរបស់ព្រះអម្ចាស់ រហូតដល់ព្រះអង្គយាងមកវិញ។ ការពិនិត្យពិច័យខ្លួនឯង 27 ដោយហេតុនេះ អ្នកណាក៏ដោយដែលហូបនំប៉័ង ឬផឹកពីពែងរបស់ព្រះអម្ចាស់ដោយមិនគប្បី អ្នកនោះនឹងមានទោសចំពោះព្រះកាយ និងព្រះលោហិតរបស់ព្រះអម្ចាស់។ 28 ដូច្នេះ ចូរឲ្យម្នាក់ៗពិនិត្យពិច័យខ្លួនឯងសិន រួចសឹមហូបនំប៉័ង និងផឹកពីពែងនេះចុះ។ 29 ដ្បិតអ្នកដែលហូប និងផឹកដោយមិនឲ្យតម្លៃដល់ព្រះកាយរបស់ព្រះអម្ចាស់ អ្នកនោះនាំទោសដាក់ខ្លួនតាមរយៈការហូប និងផឹកនោះ។ 30 នេះជាហេតុដែលមានមនុស្សជាច្រើនក្នុងចំណោមអ្នករាល់គ្នា ទៅជាខ្សោយ និងឈឺ ហើយមានច្រើននាក់ដេកលក់ទៅហើយ។ 31 ប៉ុន្តែប្រសិនបើយើងពិនិត្យពិច័យខ្លួនឯង នោះយើងនឹងមិនត្រូវបានដាក់ទោសទេ; 32 ទោះបីជាយើងត្រូវបានដាក់ទោសក៏ដោយ ក៏តាមពិតយើងត្រូវព្រះអម្ចាស់ប្រៀនប្រដៅ ដើម្បីកុំឲ្យយើងត្រូវបានផ្ដន្ទាទោសជាមួយពិភពលោកឡើយ។ 33 ដូច្នេះ បងប្អូនរបស់ខ្ញុំអើយ នៅពេលមកជួបជុំគ្នាដើម្បីហូប ត្រូវចេះចាំគ្នា។ 34 ប្រសិនបើមានអ្នកណាឃ្លាន ឲ្យអ្នកនោះហូបនៅផ្ទះចុះ ដើម្បីកុំឲ្យនាំមកនូវការកាត់ទោស នៅពេលអ្នករាល់គ្នាមកជួបជុំគ្នា។ រីឯចំពោះរឿងឯទៀតៗ ខ្ញុំនឹងសម្រេច កាលណាខ្ញុំមកដល់៕ |