Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លូកា 21 - ព្រះគម្ពីរខ្មែរសាកល


តង្វាយ​របស់ស្ដ្រី​មេម៉ាយ

1 នៅពេល​ព្រះយេស៊ូវ​ទ្រង់​ងើបព្រះនេត្រមើល ក៏​ទត​ឃើញ​ពួក​អ្នកមាន​កំពុង​ដាក់​តង្វាយ​របស់​ខ្លួន​ទៅក្នុង​ហិបតង្វាយ

2 ព្រមទាំង​ទត​ឃើញ​ស្ត្រីមេម៉ាយ​ក្រីក្រ​ម្នាក់​កំពុង​ដាក់​កាក់​ឡិបតា​ពីរ​ទៅ​ក្នុង​ហិបនោះ​ដែរ

3 ព្រះអង្គ​ក៏​មានបន្ទូលថា​៖“ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជាប្រាកដ​ថា ស្ត្រីមេម៉ាយ​ក្រីក្រ​ម្នាក់នេះ​បាន​ដាក់​ច្រើនជាង​មនុស្ស​គ្រប់គ្នា​។

4 ដ្បិត​ពួកគេ​ទាំងអស់​នេះ បាន​ដាក់​ពី​សំណល់​របស់​ខ្លួន​ជា​តង្វាយ​រីឯ​ស្ត្រីមេម៉ាយនេះ​វិញ នាង​បាន​ដាក់​អ្វីដែល​នាង​មាន ពី​ភាពក្រខ្សត់​របស់​នាង គឺ​បា្រក់ចិញ្ចឹមជីវិត​ទាំងអស់​របស់​នាង”។


ប្រាប់ជាមុនអំពីការបំផ្លាញព្រះវិហារ

5 មាន​អ្នកខ្លះ​កំពុង​និយាយ​អំពី​ព្រះវិហារ​ថា​បាន​តុបតែង​ដោយ​ថ្ម​ដ៏ល្អប្រណិត និង​ដោយ​តង្វាយញែកជាវិសុទ្ធសម្រាប់ព្រះ​។ ព្រះយេស៊ូវ​ក៏​មានបន្ទូលថា​៖

6 “អ្វីៗ​ទាំងនេះ​ដែល​អ្នករាល់គ្នា​ឃើញ នឹង​មាន​ថ្ងៃ​មកដល់ ដែល​គ្មាន​ថ្ម​ណាមួយ​សល់​នៅលើ​ថ្ម​មួយទៀត ដោយ​មិន​ត្រូវ​រំលំ​ចោល​ឡើយ”។


ទីសម្គាល់នៃគ្រាចុងក្រោយ

7 ពួកគេ​ទូល​សួរ​ព្រះយេស៊ូវ​ថា៖ “លោកគ្រូ តើ​ការទាំងនេះ​នឹង​កើតឡើង​នៅ​ពេលណា​? តើ​មាន​ទីសម្គាល់​អ្វី នៅពេល​ការទាំងនេះ​រៀបនឹង​កើតឡើង​?”។

8 ព្រះយេស៊ូវ​មានបន្ទូលថា​៖“ចូរ​ប្រុងប្រយ័ត្ន កុំឲ្យ​គេ​បោកបញ្ឆោត​អ្នករាល់គ្នា​ឡើយ ដ្បិត​មាន​មនុស្ស​ជាច្រើន​នឹង​មក​ក្នុង​នាម​របស់ខ្ញុំ ដោយ​និយាយថា​: ‘គឺ​ខ្ញុំ​ហ្នឹងហើយ ជាព្រះអង្គនោះ’ ឬ ‘ពេលកំណត់​ជិតដល់​ហើយ’។ កុំ​ទៅតាម​ពួកគេ​ឡើយ​។

9 កាលណា​អ្នករាល់គ្នា​ឮ​អំពី​សង្គ្រាម និងចលាចល កុំ​តក់ស្លុត​ឡើយ ដ្បិត​ការទាំងនេះ​ត្រូវតែ​កើតឡើង​ជាមុន ប៉ុន្តែ​មិនមែន​ជា​ទីបញ្ចប់​ភ្លាម​ទេ”។

10 បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ទៀត​ថា​៖“ប្រជាជាតិ​មួយ​នឹង​ក្រោកឡើង​តទល់នឹង​ប្រជាជាតិ​មួយទៀត អាណាចក្រ​មួយ​តទល់នឹង​អាណាចក្រ​មួយទៀត

11 ហើយ​នៅ​កន្លែង​ផ្សេងៗ​នឹង​មាន​ទាំង​រញ្ជួយផែនដី​យ៉ាងខ្លាំង ទុរ្ភិក្ស និង​ជំងឺរាតត្បាត ព្រមទាំង​នឹង​មាន​ហេតុការណ៍ដ៏រន្ធត់ និង​ទីសម្គាល់​ដ៏ធំ​ពី​លើមេឃ​ផង​។

12 ប៉ុន្តែ​មុន​ការ​ទាំងអស់​នេះ គេ​នឹង​លូក​ដៃ​ចាប់​អ្នករាល់គ្នា បៀតបៀន​អ្នករាល់គ្នា ហើយ​ប្រគល់​អ្នករាល់គ្នា​ទៅ​សាលាប្រជុំ និង​គុក​។ អ្នករាល់គ្នា​នឹង​ត្រូវគេ​នាំទៅ​នៅមុខ​ស្ដេច និង​អភិបាល​ដោយសារតែ​នាម​របស់ខ្ញុំ​។

13 ការនោះ​នឹង​ត្រឡប់ជា​ឱកាស​ឲ្យ​អ្នករាល់គ្នា​ធ្វើបន្ទាល់​។

14 ដូច្នេះ ចូរ​អ្នករាល់គ្នា​តាំងចិត្ត កុំឲ្យ​គិតទុកមុន​ដើម្បី​ឆ្លើយការពារខ្លួន​ឡើយ

15 ដ្បិត​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នករាល់គ្នា​មាន​ថ្វីមាត់ និង​ប្រាជ្ញា ដែល​គូវិវាទ​ទាំងអស់​របស់​អ្នករាល់គ្នា​មិនអាច​តតាំង ឬជំទាស់​បានឡើយ​។

16 សូម្បីតែ​ឪពុកម្ដាយ បងប្អូន សាច់ញាតិ និង​មិត្តភក្ដិ​ក៏​នឹង​ក្បត់​អ្នករាល់គ្នា​ដែរ ពួកគេ​នឹង​ធ្វើឲ្យ​អ្នកខ្លះ​ពីចំណោម​អ្នករាល់គ្នា​ត្រូវគេសម្លាប់​។

17 អ្នករាល់គ្នា​នឹង​ត្រូវ​មនុស្ស​ទាំងអស់​ស្អប់​ដោយសារតែ​នាម​របស់ខ្ញុំ

18 ប៉ុន្តែ​សូម្បីតែ​សក់​មួយ​សរសៃ​លើ​ក្បាល​របស់អ្នករាល់គ្នា​ក៏​មិន​វិនាស​សោះឡើយ​។

19 អ្នករាល់គ្នា​នឹង​ទទួលបាន​ជីវិតរបស់ខ្លួន ដោយ​ការស៊ូទ្រាំ​របស់អ្នករាល់គ្នា​។


ការបំផ្លាញយេរូសាឡិម

20 “កាលណា​អ្នករាល់គ្នា​ឃើញ​យេរូសាឡិម​ត្រូវ​កងទ័ព​ឡោមព័ទ្ធ ពេលនោះ​ចូរ​ដឹង​ថា​ការហិនវិនាស​របស់​ទីក្រុងនោះ​ជិតដល់​ហើយ​។

21 ពេលនោះ ចូរឲ្យ​អ្នក​ដែល​នៅ​យូឌា​រត់គេច​ទៅ​ភ្នំ​ទៅ ចូរឲ្យ​អ្នក​ដែល​នៅ​កណ្ដាល​ទីក្រុងចាកចេញ​ពីទីនោះ​ទៅ ហើយ​កុំឲ្យ​អ្នក​ដែល​នៅ​វាលស្រែ​ចូលទៅ​ក្នុង​ទីក្រុង​ឡើយ

22 ដ្បិត​គ្រា​នោះ​ជា​គ្រា​នៃ​ការដាក់ទោសសងសឹក ដើម្បីឲ្យ​សេចក្ដី​ទាំងអស់​ដែល​មាន​សរសេរ​ទុកមក​ត្រូវបាន​បំពេញឲ្យសម្រេច​។

23 នៅ​គ្រានោះ វេទនា​ហើយ​! ស្ត្រី​ដែល​មានផ្ទៃពោះ និង​ស្ត្រី​ដែល​បំបៅកូន ដ្បិត​នឹង​មាន​ទុក្ខលំបាក​យ៉ាងខ្លាំង​នៅលើ​ផែនដី​នេះ ហើយ​នឹង​មាន​ព្រះពិរោធ​ស្ថិតនៅលើ​ប្រជាជន​នេះ​។

24 គេ​នឹង​ដួល​ដោយ​មុខដាវ ហើយ​ត្រូវ​នាំទៅជាឈ្លើយសឹក​ក្នុង​ប្រជាជាតិ​ទាំងអស់ រីឯ​យេរូសាឡិម​នឹង​ត្រូវ​សាសន៍ដទៃ​ជាន់ឈ្លី រហូតដល់​ពេលវេលា​របស់​សាសន៍ដទៃ​បាន​គ្រប់កំណត់​។


ការយាងមកវិញរបស់កូនមនុស្ស

25 “នឹង​មាន​ទីសម្គាល់​នៅក្នុង​ព្រះអាទិត្យ ព្រះចន្ទ និងផ្កាយ ហើយ​នៅលើ​ផែនដី​ក៏​នឹង​មាន​ការថប់បារម្ភ​ក្នុង​បណ្ដា​ប្រជាជាតិ ដោយសារតែ​ការវល់គំនិត​ចំពោះ​សូរសន្ធឹក​របស់​សមុទ្រ និង​រលក​។

26 មនុស្ស​នឹង​បាត់ស្មារតី​ដោយ​ការភិតភ័យ និងការគិតស្មាន​អំពី​អ្វី​ដែល​នឹង​កើតមានដល់​ពិភពលោក ដ្បិត​អំណាច​នានា​នៅ​លើមេឃ​នឹង​ត្រូវ​កក្រើករំពើក​។

27 ពេលនោះ គេ​នឹង​ឃើញ​កូនមនុស្ស​មក​ក្នុង​ពពក ប្រកបដោយ​ព្រះចេស្ដា និង​សិរីរុងរឿង​ដ៏មហិមា​។

28 នៅពេល​ការទាំងនេះ​ចាប់ផ្ដើម​កើតឡើង ចូរ​ងើបត្រង់ ហើយ​ងើយ​ក្បាល​របស់អ្នករាល់គ្នា​ឡើង ពីព្រោះ​សេចក្ដីប្រោសលោះ​របស់អ្នករាល់គ្នា​មកជិតដល់​ហើយ”។


ពាក្យឧបមាអំពីដើមល្វា

29 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ថា​៖“ចូរ​មើល​ដើមល្វា និង​អស់ទាំង​ដើមឈើ​ចុះ​។

30 កាលណា​វា​លាស់​ស្លឹក​អ្នករាល់គ្នា​ក៏​ឃើញ​ដោយ​ខ្លួនឯង ហើយ​ដឹង​ថា​ជិតដល់​រដូវក្ដៅ​ហើយ​។

31 អ្នករាល់គ្នា​ក៏​ដូច្នេះ​ដែរ កាលណា​អ្នករាល់គ្នា​ឃើញ​ការទាំងនេះ​កើតឡើង ចូរ​ដឹង​ថា​អាណាចក្រ​របស់​ព្រះ​មកជិតបង្កើយ​ហើយ​។

32 ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ជំនាន់​នេះ​មិន​ផុតទៅ​ឡើយ ទាល់តែ​ការ​ទាំងអស់​នេះ​បាន​កើតឡើង​។

33 ផ្ទៃមេឃ និងផែនដី​នឹង​ផុតទៅ ប៉ុន្តែ​ពាក្យ​របស់ខ្ញុំ​នឹង​មិន​ផុតទៅ​សោះឡើយ​។


ចូរប្រយ័ត្នប្រយែងជានិច្ច

34 “ចូរ​ប្រយ័ត្ន​ខ្លួន ក្រែងលោ​ចិត្ត​របស់អ្នករាល់គ្នា​ស្ពឹកស្រពន់​ដោយ​ការស៊ីផឹកហួសប្រមាណ ​ការប្រមឹក និង​កង្វល់​នៃ​ជីវិតនេះ ហើយ​ថ្ងៃ​នោះ​នឹង​ធ្លាក់មក​លើ​អ្នករាល់គ្នា​ក្នុងមួយរំពេច

35 ដូចជា​អន្ទាក់​។ ដ្បិត​ថ្ងៃនោះ​នឹង​មក​លើ​មនុស្ស​ទាំងអស់​ដែល​រស់នៅ​លើ​ផ្ទៃ​ផែនដី​ទាំងមូល​។

36 ដូច្នេះ ចូរ​អ្នករាល់គ្នា​ប្រុងស្មារតី​ទាំង​អធិស្ឋាន​គ្រប់ពេលវេលា ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​គេចផុតពី​ការ​ទាំងអស់​នេះ​ដែល​រៀបនឹង​កើតឡើង ហើយ​អាច​ឈរ​នៅមុខ​កូនមនុស្ស​បាន”។

37 នៅ​ពេលថ្ងៃ ព្រះយេស៊ូវ​ទ្រង់​បង្រៀន​នៅក្នុង​ព្រះវិហារ ហើយ​នៅ​ពេលយប់ ព្រះអង្គ​ក៏​យាង​ចេញទៅ​ស្នាក់​នៅលើ​ភ្នំ​ដែល​គេ​ហៅថា “ភ្នំដើមអូលីវ”។

38 ប្រជាជន​ទាំងមូល​មក​រក​ព្រះយេស៊ូវ​នៅក្នុង​ព្រះវិហារ​តាំងពីព្រលឹម ដើម្បី​ស្ដាប់​ព្រះអង្គ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម