២ ពេត្រុស 2 - ព្រះគម្ពីរខ្មែរសាកលការជំនុំជម្រះចំពោះគ្រូក្លែងក្លាយ 1 យ៉ាងណាមិញ ដូចដែលមានព្យាការីក្លែងក្លាយនៅក្នុងចំណោមប្រជាជនយ៉ាងណា ក៏នឹងមានគ្រូក្លែងក្លាយនៅក្នុងចំណោមអ្នករាល់គ្នាយ៉ាងនោះដែរ។ ពួកគេនឹងនាំសេចក្ដីបង្រៀនខុសឆ្គងនៃសេចក្ដីវិនាសមកដោយសម្ងាត់ ថែមទាំងនាំសេចក្ដីវិនាសទាន់ហន់មកលើខ្លួនឯង ដោយបដិសេធសូម្បីតែព្រះអម្ចាស់ដែលប្រោសលោះពួកគេ។ 2 មនុស្សជាច្រើននឹងទៅតាមការល្មោភកាមរបស់ពួកគេ ហើយមាគ៌ានៃសេចក្ដីពិតនឹងត្រូវបាននិយាយប្រមាថដោយព្រោះពួកគេ។ 3 ដោយសារតែចិត្តលោភលន់ ពួកគេនឹងកេងចំណេញលើអ្នករាល់គ្នាដោយពាក្យបោកបញ្ឆោត។ ការជំនុំជម្រះចំពោះពួកគេដែលមានតាំងពីយូរមកហើយ ក៏មិននៅស្ងៀមឡើយ ហើយសេចក្ដីវិនាសរបស់ពួកគេក៏មិនដេកលក់ដែរ។ 4 ជាការពិត ប្រសិនបើព្រះមិនបានត្រាប្រណីបណ្ដាទូតសួគ៌ដែលបានប្រព្រឹត្តបាប គឺបានប្រគល់ពួកគេទៅចំណងនៃសេចក្ដីងងឹត ទាំងទម្លាក់ពួកគេទៅក្នុងស្ថាននរក ដើម្បីទុកសម្រាប់ការជំនុំជម្រះ 5 ហើយប្រសិនបើព្រះអង្គមិនបានត្រាប្រណីពិភពលោកនាសម័យបុរាណ គឺបាននាំទឹកជំនន់មកលើពិភពលោកដែលមិនគោរពព្រះ ហើយរក្សាប្រាំបីនាក់ពីគ្រួសាររបស់ណូអេអ្នកប្រកាសសេចក្ដីសុចរិត 6 ហើយប្រសិនបើព្រះអង្គបានដាក់ទោសទីក្រុងនៃសូដុម និងកូម៉ូរ៉ាដោយសេចក្ដីវិនាសសាបសូន្យ គឺបានដុតឲ្យទៅជាផេះ ហើយធ្វើឲ្យពួកគេទៅជាគំរូដល់អ្នកជំនាន់ក្រោយដែលមិនគោរពព្រះ 7 ហើយប្រសិនបើព្រះអង្គបានស្រោចស្រង់ឡុតដែលជាមនុស្សសុចរិត ដែលតែងតែព្រួយចិត្តដោយព្រោះអំពើល្មោភកាមរបស់ពួកឥតច្បាប់ 8 (ដ្បិតមនុស្សសុចរិតម្នាក់នេះបានរស់នៅក្នុងចំណោមពួកគេ ហើយបានឃើញ និងបានឮពីអំពើឥតច្បាប់របស់ពួកគេ ក៏ឈឺចាប់ក្នុងចិត្តដ៏សុចរិតរបស់លោកជារៀងរាល់ថ្ងៃ) 9 នោះព្រះអម្ចាស់ទ្រង់ជ្រាបថា ត្រូវស្រោចស្រង់មនុស្សមានជំនឿស៊ប់ចេញពីការល្បួងយ៉ាងដូចម្ដេច និងត្រូវឃុំឃាំងមនុស្សទុច្ចរិតក្នុងទណ្ឌកម្ម រហូតដល់ថ្ងៃនៃការជំនុំជម្រះយ៉ាងដូចម្ដេច 10 ជាពិសេសពួកអ្នកដែលដើរក្នុងតណ្ហាដ៏ស្មោកគ្រោកដោយតាមសាច់ឈាម ហើយមើលងាយអំណាចគ្រប់គ្រង។ ពួកគេក្អេងក្អាង និងប្រកាន់យកតែគំនិតខ្លួន ហើយមិនញញើតនឹងជេរប្រមាថពពួកដែលប្រកបដោយសិរីរុងរឿងឡើយ។ 11 ទោះបីជាបណ្ដាទូតសួគ៌មានកម្លាំង និងអំណាចធំជាងក៏ដោយ ក៏មិនចោទប្រកាន់ពួកគេនៅចំពោះព្រះអម្ចាស់ដោយមួលបង្កាច់ឡើយ។ 12 ប៉ុន្តែមនុស្សទាំងនេះ ដូចសត្វគ្មានវិចារណញ្ញាណដែលកើតមកតាមធម្មជាតិដើម្បីឲ្យគេចាប់ និងសម្លាប់ ហើយពួកគេនិយាយប្រមាថអ្វីៗដែលពួកគេមិនស្គាល់។ ពួកគេនឹងត្រូវបានបំផ្លាញក្នុងការវិនាសរបស់ខ្លួន។ 13 ពួកគេនឹងរងការអយុត្តិធម៌ជាឈ្នួលនៃការអយុត្តិធម៌របស់ខ្លួន; ពួកគេចាត់ទុកថាការសេពអបាយមុខទាំងថ្ងៃជាការសប្បាយ; ពួកគេជាដាមប្រឡាក់ និងជាស្នាម; ពួកគេសប្បាយចិត្តនឹងឧបាយកលរបស់ខ្លួន នៅពេលស៊ីលៀងជាមួយអ្នករាល់គ្នា; 14 ពួកគេមានភ្នែកដែលពេញដោយការផិតក្បត់ និងមិនចេះស្កប់នឹងបាប; ពួកគេលួងលោមមនុស្សដែលមិនមាំមួន; ចិត្តពួកគេត្រូវបានបង្វឹកឲ្យមានការលោភលន់; ពួកគេជាកូនចៅដែលត្រូវបណ្ដាសា; 15 ពួកគេចាកចេញពីផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់បាឡាមកូនរបស់បេអ៊រ——បាឡាមបានស្រឡាញ់រង្វាន់នៃសេចក្ដីទុច្ចរិត 16 ប៉ុន្តែគាត់ទទួលការស្ដីបន្ទោសចំពោះការបំពានរបស់ខ្លួន គឺសត្វលាដែលមិនចេះនិយាយ បាននិយាយជាសំឡេងមនុស្ស រារាំងភាពចម្កួតរបស់ព្យាការីនោះ។ 17 ពួកអ្នកទាំងនោះជាប្រភពទឹកហួតហែង និងជាអ័ព្ទដែលត្រូវខ្យល់ព្យុះបក់បោក។ មានសេចក្ដីងងឹតសូន្យឈឹងបម្រុងទុកសម្រាប់ពួកគេ។ 18 ពួកគេនិយាយពាក្យអួតអាងឥតខ្លឹមសារ ហើយប្រើតណ្ហានៃសាច់ឈាម និងការល្មោភកាម លួងលោមពួកអ្នកដែលទើបតែរួចផុតពីពួកដែលរស់នៅក្នុងសេចក្ដីវង្វេង។ 19 ពួកគេសន្យាថានឹងឲ្យសេរីភាពដល់អ្នកទាំងនោះ ប៉ុន្តែខ្លួនឯងផ្ទាល់ជាទាសករនៃសេចក្ដីវិនាស។ ជាការពិត មនុស្សម្នាក់ត្រូវអ្នកណាបង្ក្រាប ក៏ជាប់ជាទាសកររបស់អ្នកនោះហើយ។ 20 ប្រសិនបើក្រោយពីពួកគេរួចផុតពីសេចក្ដីសៅហ្មងរបស់ពិភពលោកនេះតាមរយៈចំណេះដឹងអំពីព្រះអម្ចាស់ និងព្រះសង្គ្រោះនៃយើង គឺព្រះយេស៊ូវគ្រីស្ទទៅហើយ ប៉ុន្តែជាប់ជំពាក់នឹងសេចក្ដីទាំងនេះម្ដងទៀត ហើយត្រូវវាបង្ក្រាប នោះសភាពចុងក្រោយនឹងត្រឡប់ជាអាក្រក់ជាងសភាពដើមទៅទៀត សម្រាប់ពួកគេ។ 21 ដ្បិតប្រសិនបើពួកគេមិនបានស្គាល់មាគ៌ានៃសេចក្ដីសុចរិត នោះប្រសើរសម្រាប់ពួកគេ ជាជាងឲ្យពួកគេស្គាល់ ហើយបែរចេញពីបទបញ្ជាដ៏វិសុទ្ធដែលត្រូវបានផ្ទុកផ្ដាក់នឹងពួកគេ។ 22 អ្វីដែលបានកើតឡើងដល់ពួកគេ ពិតជាដូចសុភាសិតនេះដែលថា: “ឆ្កែត្រឡប់ទៅរកកម្អួតរបស់វា ហើយជ្រូកញីដែលលាងស្អាតហើយ ក៏ត្រឡប់ទៅននៀលក្នុងភក់ដែរ”៕ |