អេសាយ 61:1 - ព្រះគម្ពីរខ្មែរសាកល ព្រះវិញ្ញាណរបស់ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ា ស្ថិតនៅលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាបានចាក់ប្រេងអភិសេកលើខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សតូចទាប។ ព្រះអង្គបានចាត់ខ្ញុំឲ្យទៅ ដើម្បីរុំរបួសឲ្យមនុស្សដែលបែកខ្ទេចក្នុងចិត្ត ដើម្បីប្រកាសសេរីភាពដល់ពួកឈ្លើយសឹក និងការដោះលែងដល់ពួកអ្នកដែលជាប់គុក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ាសណ្ឋិតលើខ្ញុំ ព្រោះព្រះយេហូវ៉ាបានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រោសមនុស្សដែលមានចិត្តសង្រេង និងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះវិញ្ញាណរបស់ព្រះជាអម្ចាស់ សណ្ឋិតលើខ្ញុំ ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកខ្ញុំ ឲ្យនាំដំណឹងល្អទៅប្រាប់អ្នកដែលត្រូវគេជិះជាន់ ជួយថែទាំអ្នកដែលបាក់ទឹកចិត្ត ប្រកាសប្រាប់ជនជាប់ជាឈ្លើយថា ពួកគេនឹងរួចខ្លួន ហើយប្រាប់អ្នកជាប់ឃុំឃាំងថា ពួកគេនឹងមានសេរីភាព ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង នឹងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង អាល់គីតាប រសរបស់អុលឡោះតាអាឡាជាម្ចាស់ សណ្ឋិតលើខ្ញុំ ដ្បិតអុលឡោះតាអាឡាបានចាក់ប្រេងតែងតាំងខ្ញុំ ឲ្យនាំដំណឹងល្អទៅប្រាប់អ្នកដែលត្រូវគេជិះជាន់ ជួយថែទាំអ្នកដែលបាក់ទឹកចិត្ត ប្រកាសប្រាប់ជនជាប់ជាឈ្លើយថា ពួកគេនឹងរួចខ្លួន ហើយប្រាប់អ្នកជាប់ឃុំឃាំងថា ពួកគេនឹងមានសេរីភាព |
ដ្បិតព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គនឹងតុបតែងមនុស្សតូចទាបដោយសេចក្ដីសង្គ្រោះ។
មនុស្សតូចទាបនឹងហូបឆ្អែត មនុស្សដែលស្វែងរកព្រះយេហូវ៉ានឹងសរសើរតម្កើងព្រះអង្គ។ សូមឲ្យចិត្តរបស់អ្នករាល់គ្នាមានជីវិតរស់ជារៀងរហូត!
ព្រះអង្គទ្រង់នាំមនុស្សតូចទាបឲ្យដើរក្នុងសេចក្ដីយុត្តិធម៌ ហើយបង្រៀនមាគ៌ារបស់ព្រះអង្គដល់ពួកគេ។
ព្រះយេហូវ៉ានៅជិតអ្នកដែលបែកខ្ទេចក្នុងចិត្ត ហើយព្រះអង្គទ្រង់សង្គ្រោះអ្នកដែលមានវិប្បដិសារីខាងឯវិញ្ញាណ។
ព្រះអង្គស្រឡាញ់សេចក្ដីសុចរិតយុត្តិធម៌ ហើយស្អប់សេចក្ដីអាក្រក់; ដោយហេតុនេះ ព្រះ គឺព្រះរបស់ព្រះអង្គ បានចាក់ប្រេងអភិសេកលើព្រះអង្គ ដោយប្រេងនៃអំណរ ជាជាងគូកនរបស់ព្រះអង្គ។
យញ្ញបូជាដែលគាប់ព្រះហឫទ័យព្រះ គឺជាវិញ្ញាណដែលបែកខ្ទេច; ឱព្រះអើយ ព្រះអង្គមិនមើលងាយចិត្តដែលបែកខ្ទេច និងមានវិប្បដិសារីឡើយ!
ឱព្រះអើយ នៅពេលព្រះអង្គយាងចេញនៅមុខប្រជារាស្ត្ររបស់ព្រះអង្គ នៅពេលព្រះអង្គទ្រង់យាត្រាកាត់ទីរហោស្ថាន សេឡា
មនុស្សតូចទាបនឹងឃើញ ក៏អរសប្បាយ អ្នកដែលស្វែងរកព្រះអើយ សូមឲ្យចិត្តរបស់អ្នករាល់គ្នាមានជីវិតឡើងវិញ!
មនុស្សតូចទាបនឹងកើនអំណរក្នុងព្រះយេហូវ៉ា ហើយពួកខ្វះខាតក្នុងចំណោមមនុស្សលោកនឹងត្រេកអរ ក្នុងអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល។
ប្រជាជននៃស៊ីយ៉ូន ដែលរស់នៅយេរូសាឡិមអើយ អ្នកនឹងមិនយំទៀតឡើយ។ ព្រះអង្គនឹងមេត្តាដល់អ្នកជាប្រាកដចំពោះសំឡេងស្រែកយំរបស់អ្នក។ កាលណាព្រះអង្គទ្រង់ឮ ព្រះអង្គនឹងឆ្លើយមកអ្នក។
មួយវិញទៀត ពន្លឺព្រះចន្ទនឹងបានដូចជាពន្លឺព្រះអាទិត្យ ហើយពន្លឺព្រះអាទិត្យនឹងត្រឡប់ជាប្រាំពីរដង ដូចជាពន្លឺនៃប្រាំពីរថ្ងៃ នៅថ្ងៃដែលព្រះយេហូវ៉ារុំស្នាមជាំរបស់ប្រជារាស្ត្រព្រះអង្គ ហើយប្រោសឲ្យជានូវរបួសដែលព្រះអង្គបានវាយ។
មនុស្សអប្រិយ មធ្យោបាយរបស់គេគឺអាក្រក់ គេគិតគូរគម្រោងអាក្រក់ដើម្បីបំផ្លាញមនុស្សទ័លក្រដោយពាក្យភូតភរ សូម្បីតែនៅពេលមនុស្សខ្វះខាតនិយាយត្រឹមត្រូវ។
ស៊ីយ៉ូនជាអ្នកប្រកាសដំណឹងល្អអើយ ចូរអ្នកឡើងទៅលើភ្នំខ្ពស់ចុះ! យេរូសាឡិមជាអ្នកប្រកាសដំណឹងល្អអើយ ចូរបន្លឺសំឡេងរបស់អ្នកឡើងជាខ្លាំងចុះ! ចូរបន្លឺឡើង កុំខ្លាចឡើយ ចូរប្រាប់ទីក្រុងទាំងឡាយនៃយូដាថា៖ “មើល៍! ព្រះរបស់អ្នករាល់គ្នា!”។
“មើល៍! អ្នកបម្រើរបស់យើងដែលយើងទ្រទ្រង់ អ្នកដែលត្រូវបានជ្រើសរើសរបស់យើង ដែលយើងពេញចិត្ត។ យើងបានដាក់វិញ្ញាណរបស់យើងលើគាត់ ហើយគាត់នឹងនាំមកនូវសេចក្ដីយុត្តិធម៌ដល់ប្រជាជាតិនានា។
ដើម្បីបើកភ្នែកមនុស្សខ្វាក់ ដើម្បីនាំអ្នកទោសចេញពីគុក និងនាំពួកអ្នកដែលអង្គុយក្នុងសេចក្ដីងងឹតចេញពីទីឃុំឃាំង។
ចូរចូលមកជិតយើង ហើយស្ដាប់សេចក្ដីនេះចុះ! តាំងពីដើមដំបូង យើងមិនបាននិយាយដោយសម្ងាត់ទេ តាំងពីពេលការនោះកើតឡើង យើងនៅទីនោះហើយ”។ ឥឡូវនេះ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យមក ព្រមទាំងព្រះវិញ្ញាណរបស់ព្រះអង្គផង។
ទាំងនិយាយនឹងពួកអ្នកដែលជាប់គុកថា: ‘ចូរចេញមក!’ ក៏និយាយនឹងអ្នកដែលនៅក្នុងសេចក្ដីងងឹតថា: ‘ចូរលេចមក!’។ ពួកគេនឹងស៊ីស្មៅនៅតាមផ្លូវ ហើយវាលស្មៅរបស់ពួកគេនឹងនៅលើអស់ទាំងទីទួលត្រងិល។
ជើងរបស់អ្នកដែលប្រកាសដំណឹងល្អលើភ្នំនានា ស្រស់ស្អាតណាស់ហ្ន៎! អ្នកទាំងនោះជាអ្នកប្រកាសសេចក្ដីសុខសាន្ត ជាអ្នកប្រកាសដំណឹងល្អដ៏ប្រសើរ ជាអ្នកប្រកាសសេចក្ដីសង្គ្រោះ ជាអ្នកដែលនិយាយនឹងស៊ីយ៉ូនថា៖ “ព្រះរបស់អ្នកបានសោយរាជ្យហើយ!”។
ទីបាក់បែករបស់យេរូសាឡិមអើយ ចូរហ៊ោកញ្ជ្រៀវ ចូរច្រៀងដោយអំណរជាមួយគ្នាចុះ! ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្ររបស់ព្រះអង្គ ក៏បានប្រោសលោះយេរូសាឡិមហើយ។
ដ្បិតអង្គដ៏ខ្ពង់ខ្ពស់ និងដ៏ឧត្ដុង្គឧត្ដម ជាព្រះអង្គដែលគង់នៅអស់កល្ប ដែលព្រះអង្គមានព្រះនាមថាវិសុទ្ធ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងនៅស្ថានដ៏ខ្ពស់ និងវិសុទ្ធ ក៏នៅជាមួយអ្នកដែលមានវិប្បដិសារី និងរាបទាបខាងឯវិញ្ញាណ ដើម្បីស្ដារវិញ្ញាណរបស់មនុស្សរាបទាបឡើងវិញ ហើយស្ដារចិត្តរបស់មនុស្សមានវិប្បដិសារីឡើងវិញ។
យើងបានឃើញផ្លូវរបស់គេ ប៉ុន្តែយើងនឹងប្រោសគេឲ្យជា; យើងនឹងនាំផ្លូវគេ ហើយធ្វើឲ្យមានការកម្សាន្តចិត្តឡើងវិញដល់គេ និងដល់អ្នកកាន់ទុក្ខរបស់គេ
ព្រះយេហូវ៉ាមានបន្ទូលថា៖ “រីឯចំពោះយើង នេះហើយ ជាសម្ពន្ធមេត្រីរបស់យើងជាមួយពួកគេ គឺវិញ្ញាណរបស់យើងដែលសណ្ឋិតនៅលើអ្នក និងពាក្យរបស់យើងដែលយើងបានដាក់នៅក្នុងមាត់របស់អ្នក នឹងមិនចាកចេញពីមាត់របស់អ្នក ឬពីមាត់របស់ពូជពង្សអ្នក ឬពីមាត់របស់ពូជពង្សនៃពូជពង្សអ្នកឡើយ គឺចាប់ពីឥឡូវនេះរហូតអស់កល្បជានិច្ច!”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ៕
ដ្បិតដៃរបស់យើងបានបង្កើតរបស់សព្វសារពើទាំងនេះ នោះរបស់សព្វសារពើទាំងនេះក៏កើតមាន”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ “ប៉ុន្តែមនុស្សបែបនេះវិញ ដែលយើងយកចិត្តទុកដាក់ គឺអ្នកដែលរាបទាប ហើយមានវិប្បដិសារីខាងឯវិញ្ញាណ ព្រមទាំងញាប់ញ័រចំពោះពាក្យរបស់យើង។
“មាន ‘ប្រាំពីរគ្រា’ គុណនឹងចិតសិប ត្រូវបានកំណត់សម្រាប់ប្រជាជនរបស់អ្នក និងសម្រាប់ក្រុងដ៏វិសុទ្ធរបស់អ្នក ដើម្បីបញ្ចប់ការបំពាន និងបញ្ឈប់បាប ដើម្បីលុបលាងអំពើទុច្ចរិត ដើម្បីនាំសេចក្ដីសុចរិតដ៏អស់កល្បមក ដើម្បីបិទត្រានិមិត្ត និងពាក្យព្យាករ ព្រមទាំងដើម្បីចាក់ប្រេងអភិសេកលើទីវិសុទ្ធបំផុត។
គឺមនុស្សខ្វាក់ភ្នែកមើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានបរិសុទ្ធ មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់ត្រូវបានលើកឲ្យរស់ឡើងវិញ ហើយមនុស្សក្រីក្របានឮដំណឹងល្អ។
ក្រោយពីព្រះយេស៊ូវទទួលពិធីជ្រមុជទឹកហើយ ព្រះអង្គក៏យាងឡើងពីទឹកភ្លាម។ ពេលនោះ មើល៍! ផ្ទៃមេឃត្រូវបានបើកចំហនៅចំពោះព្រះអង្គ ហើយព្រះអង្គទតឃើញព្រះវិញ្ញាណរបស់ព្រះយាងចុះមកលើព្រះអង្គ ដូចជាសត្វព្រាប។
ដូច្នេះ ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ចូរទៅប្រាប់យ៉ូហានអំពីអ្វីៗដែលអ្នករាល់គ្នាបានឃើញ និងបានឮ គឺមនុស្សខ្វាក់ភ្នែកមើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានបរិសុទ្ធ មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់ត្រូវបានលើកឲ្យរស់ឡើងវិញ ហើយមនុស្សក្រីក្របានឮដំណឹងល្អ។
មុនដំបូង អនទ្រេរកស៊ីម៉ូនបងប្រុសរបស់ខ្លួន ហើយប្រាប់គាត់ថា៖ “យើងរកព្រះមែស៊ីឃើញហើយ” (ព្រះមែស៊ី មានអត្ថន័យប្រែថា ព្រះគ្រីស្ទ)។
ព្រះអង្គដែលព្រះបានចាត់ឲ្យមក ថ្លែងព្រះបន្ទូលរបស់ព្រះ ពីព្រោះព្រះប្រទានព្រះវិញ្ញាណដោយគ្មានកម្រិត។
គឺរបៀបដែលព្រះបានចាក់ប្រេងអភិសេកលើព្រះយេស៊ូវអ្នកណាសារ៉ែត ដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយព្រះចេស្ដា ព្រមទាំងរបៀបដែលព្រះអង្គបានយាងចុះឡើងប្រព្រឹត្តការល្អ និងប្រោសអស់អ្នកដែលត្រូវមារសង្កត់សង្កិនឲ្យជា ដោយសារព្រះគង់នៅជាមួយព្រះអង្គ។
ដើម្បីបើកភ្នែកពួកគេ ដើម្បីឲ្យពួកគេបែរពីសេចក្ដីងងឹតមករកពន្លឺវិញ បែរពីអំណាចសាតាំងមករកព្រះវិញ ព្រមទាំងដើម្បីឲ្យពួកគេបានទទួលការលើកលែងទោសបាប និងទទួលចំណែកជាមួយអ្នកដែលត្រូវបានញែកជាវិសុទ្ធដោយជំនឿលើយើង’។
“ជាការពិត ទាំងហេរ៉ូឌ និងប៉ុនទាសពីឡាត់ ជាមួយនឹងបណ្ដាសាសន៍ដទៃ និងប្រជាជនអ៊ីស្រាអែល បានជួបជុំគ្នានៅក្នុងទីក្រុងនេះមែន ទាស់នឹងព្រះយេស៊ូវអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ ដែលព្រះអង្គបានចាក់ប្រេងអភិសេក
រីឯព្រះអម្ចាស់ជាវិញ្ញាណ ហើយកន្លែងណាដែលព្រះវិញ្ញាណរបស់ព្រះអម្ចាស់គង់នៅ កន្លែងនោះមានសេរីភាព។
ប៉ុន្តែព្រះដែលតែងតែកម្សាន្តចិត្តមនុស្សតូចទាប បានកម្សាន្តចិត្តយើងដោយការមកដល់របស់ទីតុស
ព្រះអង្គស្រឡាញ់សេចក្ដីសុចរិតយុត្តិធម៌ ហើយស្អប់ការឥតច្បាប់ ដោយហេតុនេះ ព្រះ គឺព្រះរបស់ព្រះអង្គ បានចាក់ប្រេងអភិសេកលើព្រះអង្គ ដោយប្រេងនៃអំណរ ជាជាងគូកនរបស់ព្រះអង្គ” ។