Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 51 - ព្រះគម្ពីរខ្មែរសាកល


សេចក្ដីអធិស្ឋានកែប្រែចិត្ត
បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង កាល​ព្យាការី​ណាថាន់​មក​គាល់​ទ្រង់ ដោយព្រោះ​ទ្រង់​បាន​ចូលទៅឯ​បាតសេបា​។

1 ឱ​ព្រះ​អើយ សូម​មេត្តា​ដល់​ទូលបង្គំ ស្របតាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ផង​! សូម​លុប​ការបំពាន​របស់ទូលបង្គំ​ចេញ ស្របតាម​សេចក្ដីមេត្តា​ដ៏បរិបូរ​របស់ព្រះអង្គ​ផង​!

2 សូម​លាងសម្អាត​ទូលបង្គំ​យ៉ាងហ្មត់ចត់ ពី​អំពើទុច្ចរិត​របស់ទូលបង្គំ ហើយ​ជម្រះ​ទូលបង្គំ​ពី​បាប​របស់ទូលបង្គំ​ផង

3 ដ្បិត​ទូលបង្គំ​ស្គាល់​ការបំពាន​របស់ទូលបង្គំ ហើយ​បាប​របស់ទូលបង្គំ​នៅចំពោះ​ទូលបង្គំ​ជានិច្ច​។

4 ចំពោះ​ព្រះអង្គ គឺ​ចំពោះ​ព្រះអង្គ​តែមួយអង្គគត់ប៉ុណ្ណោះ ដែល​ទូលបង្គំ​បាន​ប្រព្រឹត្តបាប ទូលបង្គំ​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ក្នុង​ព្រះនេត្រ​របស់ព្រះអង្គ ដូច្នេះ​ព្រះអង្គ​ត្រូវបាន​រាប់ជាសុចរិតយុត្តិធម៌ នៅពេល​ព្រះអង្គ​មានបន្ទូល ព្រះអង្គ​ត្រូវបាន​រាប់ជាបរិសុទ្ធ នៅពេល​ព្រះអង្គ​ជំនុំជម្រះ​។

5 មើល៍! ទូលបង្គំ​បាន​កើតមក​ក្នុង​សេចក្ដីទុច្ចរិត ហើយ​ម្ដាយ​របស់ទូលបង្គំ​មានទម្ងន់​ទូលបង្គំ ក្នុង​បាប​។

6 មើល៍! ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​សេចក្ដីពិតត្រង់​នៅ​ផ្នែកខាងក្នុងនៃចិត្ត ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទូលបង្គំ​យល់​ប្រាជ្ញា នៅក្នុង​ទីសម្ងាត់​នៃចិត្ត​!

7 សូម​ជម្រះ​ទូលបង្គំ​ដោយ​មែកហ៊ីសុប នោះ​ទូលបង្គំ​នឹង​បាន​ជ្រះស្អាត សូម​លាងសម្អាត​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​បាន​ស​ជាង​ហិមៈ​។

8 សូមឲ្យ​ទូលបង្គំ​ឮ​សេចក្ដីរីករាយ និង​អំណរ​ផង សូមឲ្យ​ឆ្អឹង​ដែល​ព្រះអង្គ​បាន​បំបាក់ បាន​ត្រេកអរ​វិញ​។

9 សូម​បាំង​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​បាប​ទាំងឡាយ​របស់ទូលបង្គំ សូម​លុប​អំពើទុច្ចរិត​ទាំងអស់​របស់ទូលបង្គំ​ចេញ​ផង​។

10 ឱ​ព្រះ​អើយ សូម​និម្មិតបង្កើត​ចិត្ត​បរិសុទ្ធ​ឲ្យ​ទូលបង្គំ សូម​ស្ដារ​វិញ្ញាណ​ទៀងត្រង់​ឡើងវិញ នៅក្នុង​ទូលបង្គំ​ផង​!

11 សូម​កុំ​បោះចោល​ទូលបង្គំ​ចេញពី​ចំពោះ​ព្រះភក្ត្រ​របស់ព្រះអង្គ សូម​កុំ​ដកយក​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់ព្រះអង្គ​ចេញពី​ទូលបង្គំ​ឡើយ​។

12 សូម​បង្វែរ​អំណរ​នៃ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​មក​ទូលបង្គំ​វិញ ហើយ​ទ្រទ្រង់​ទូលបង្គំ​ដោយ​វិញ្ញាណ​ដែល​ស្ម័គ្រ​ធ្វើតាម​ផង​។

13 នោះ​ទូលបង្គំ​នឹង​បង្រៀន​មាគ៌ា​របស់ព្រះអង្គ​ដល់​មនុស្ស​បំពាន ហើយ​មនុស្សបាប​នឹង​បែរមក​ឯ​ព្រះអង្គ​វិញ​។

14 ឱ​ព្រះ​ដ៏ជា​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ទូលបង្គំ​អើយ សូម​រំដោះ​ទូលបង្គំ​ពី​ការបង្ហូរឈាម​ផង នោះ​អណ្ដាត​របស់ទូលបង្គំ​នឹង​ច្រៀងដោយអំណរ អំពី​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​។

15 ព្រះអម្ចាស់​អើយ សូម​បើក​បបូរមាត់​របស់ទូលបង្គំ​ផង នោះ​មាត់​របស់ទូលបង្គំ​នឹង​ប្រកាស​ពាក្យសរសើរតម្កើង​ព្រះអង្គ​។

16 ជាការពិត ព្រះអង្គ​មិន​សព្វព្រះហឫទ័យ​នឹង​យញ្ញបូជា​ឡើយ បើមិនដូច្នោះទេ ម្ល៉េះសម​ទូលបង្គំ​បាន​ថ្វាយ​ហើយ​; ព្រះអង្គ​ក៏មិន​សព្វព្រះហឫទ័យ​នឹង​តង្វាយដុត​ដែរ​។

17 យញ្ញបូជា​ដែលគាប់ព្រះហឫទ័យ​ព្រះ គឺជា​វិញ្ញាណ​ដែល​បែកខ្ទេច​; ឱ​ព្រះ​អើយ ព្រះអង្គ​មិន​មើលងាយ​ចិត្ត​ដែល​បែកខ្ទេច និង​មានវិប្បដិសារី​ឡើយ​!

18 សូម​ប្រព្រឹត្តល្អ​ដល់​ស៊ីយ៉ូន​តាម​សេចក្ដីសន្ដោស​របស់ព្រះអង្គ សូម​សាងសង់​កំពែង​យេរូសាឡិម​ផង​។

19 យ៉ាងនោះឯង ព្រះអង្គ​នឹង​សព្វព្រះហឫទ័យ​នឹង​យញ្ញបូជា​នៃ​សេចក្ដីសុចរិត តង្វាយដុត និង​តង្វាយដុតទាំងមូល នោះ​គេ​នឹង​ថ្វាយ​គោឈ្មោល​នៅលើ​អាសនា​របស់ព្រះអង្គ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម