អេសាយ 32 - ព្រះគម្ពីរខ្មែរសាកលអាណាចក្រដ៏សុចរិតយុត្តិធម៌ 1 មើល៍! នឹងមានស្ដេចមួយអង្គគ្រងរាជ្យដោយសេចក្ដីសុចរិត នឹងមានពួកមេដឹកនាំគ្រប់គ្រងដោយសេចក្ដីយុត្តិធម៌។ 2 ម្នាក់ៗនឹងបានដូចជាទីលាក់ខ្លួនពីខ្យល់ និងទីលាក់កំបាំងពីព្យុះ ដូចជាផ្លូវទឹកនៅកន្លែងហួតហែង និងដូចជាម្លប់ថ្មដាដ៏ធំនៅទឹកដីរីងស្ងួត។ 3 ពេលនោះ ភ្នែករបស់អ្នកដែលមើលឃើញនឹងមិនបិទឡើយ ត្រចៀករបស់អ្នកដែលស្តាប់ឮនឹងប្រុងស្ដាប់។ 4 ចិត្តរបស់អ្នកដែលតក់ក្រហល់នឹងមានការយល់ច្បាស់ ហើយមានចំណេះដឹង អណ្ដាតរបស់អ្នកដែលត្រដិតនឹងនិយាយលឿន ហើយច្បាស់វិញ។ 5 មនុស្សឆោតល្ងង់នឹងមិនត្រូវគេហៅថាអភិជនទៀតឡើយ មនុស្សអប្រិយក៏មិនត្រូវគេនិយាយថាជាអ្នកគួរឲ្យគោរពដែរ។ 6 ដ្បិតមនុស្សឆោតល្ងង់និយាយសេចក្ដីឆោតល្ងង់ ហើយចិត្តរបស់គេប្រព្រឹត្តអំពើទុច្ចរិត គឺដើម្បីប្រព្រឹត្តអំពើមិនគោរពព្រះ ដើម្បីពោលសេចក្ដីខុសឆ្គងទាស់នឹងព្រះយេហូវ៉ា និងដើម្បីបង្អត់ចំណង់អាហាររបស់មនុស្សអត់ឃ្លាន ហើយទុកឲ្យមនុស្សស្រេកខ្វះទឹកផឹក។ 7 មនុស្សអប្រិយ មធ្យោបាយរបស់គេគឺអាក្រក់ គេគិតគូរគម្រោងអាក្រក់ដើម្បីបំផ្លាញមនុស្សទ័លក្រដោយពាក្យភូតភរ សូម្បីតែនៅពេលមនុស្សខ្វះខាតនិយាយត្រឹមត្រូវ។ 8 រីឯអភិជនវិញ គេគិតគូរការថ្លៃថ្នូរ ហើយអ្នកនោះឈរមាំដោយការថ្លៃថ្នូរ។ 9 ពួកស្ត្រីឥតកង្វល់អើយ ចូរក្រោកឡើងស្ដាប់សំឡេងរបស់ខ្ញុំ! ពួកកូនស្រីឥតខ្វល់ខ្វាយអើយ ចូរផ្ទៀងត្រចៀកនឹងពាក្យរបស់ខ្ញុំ! 10 ពួកស្ត្រីឥតខ្វល់ខ្វាយអើយ មួយឆ្នាំប៉ុន្មានថ្ងៃទៀត ពួកនាងនឹងភ័យញ័រ ពីព្រោះការប្រមូលផលទំពាំងបាយជូរនឹងអស់ទៅ ការប្រមូលផ្លែឈើនឹងមិនមកដល់ឡើយ។ 11 ពួកស្ត្រីឥតកង្វល់អើយ ចូរញ័ររន្ធត់! ពួកស្ត្រីឥតខ្វល់ខ្វាយអើយ ចូរភ័យញ័រ! ចូរដោះសម្លៀកបំពាក់ចេញ ហើយនៅអាក្រាត រួចក្រវាត់ក្រណាត់ធ្មៃនៅនឹងចង្កេះទៅ! 12 ចូរយំគក់ទ្រូងចំពោះចម្ការដ៏គាប់ចិត្ត ចំពោះដើមទំពាំងបាយជូរដ៏សម្បូរផលផ្លែ 13 ចំពោះទឹកដីរបស់ប្រជាជនខ្ញុំដែលមានដុះបន្លា និងអញ្ចាញ មែនហើយ ចំពោះអស់ទាំងផ្ទះនៃសេចក្ដីរីករាយនៅទីក្រុងដ៏រីករាយផង! 14 ដ្បិតបន្ទាយត្រូវបានបោះបង់ចោល ទីក្រុងអ៊ូអែត្រូវបានចោលទទេ ទីទួល និងប៉មចាំយាមបានទៅជារូងជារៀងរហូត គឺទៅជាសេចក្ដីរីករាយដល់លាព្រៃ និងជាវាលស្មៅសម្រាប់ហ្វូងចៀម 15 រហូតដល់ព្រះវិញ្ញាណត្រូវបានចាក់បង្ហូរមកលើពួកយើងពីស្ថានដ៏ខ្ពស់ ហើយទីរហោស្ថានបានត្រឡប់ជាចម្ការសម្បូរផល រីឯចម្ការសម្បូរផលនឹងត្រូវបានចាត់ទុកជាព្រៃឈើវិញ។ 16 នៅគ្រានោះ សេចក្ដីយុត្តិធម៌នឹងស្ថិតនៅក្នុងទីរហោស្ថាន ហើយសេចក្ដីសុចរិតនឹងរស់នៅក្នុងចម្ការសម្បូរផល។ 17 លទ្ធផលនៃសេចក្ដីសុចរិតនឹងបានជាសន្តិភាព ហើយផលនៃសេចក្ដីសុចរិតនឹងបានជាភាពស្ងៀមស្ងប់ និងជាសេចក្ដីសុខសាន្តជារៀងរហូត។ 18 ប្រជាជនរបស់ខ្ញុំនឹងរស់នៅក្នុងលំនៅដ៏សុខសាន្ត និងនៅកន្លែងស្នាក់នៅដ៏មានសុវត្ថិភាព ព្រមទាំងនៅទីសម្រាកដ៏សុខដុមរមនា។ 19 ថ្វីត្បិតតែព្រៃឈើរលំនៅពេលធ្លាក់ដុំទឹកកក ហើយទីក្រុងត្រូវបានពង្រាបទាំងស្រុងក៏ដោយ 20 ប៉ុន្តែមានពរហើយ! អ្នករាល់គ្នាដែលសាបព្រោះនៅក្បែរអស់ទាំងទឹក ហើយលែងជើងគោ និងលា៕ |