លូកា 7 - ព្រះគម្ពីរខ្មែរសាកលជំនឿរបស់មេទាហានលើមួយរយនាក់ 1 នៅពេលព្រះយេស៊ូវបានបញ្ចប់ព្រះបន្ទូលទាំងអស់នេះដល់ប្រជាជនដែលកំពុងស្ដាប់ហើយ ព្រះអង្គក៏យាងចូលទៅកាពើណិម។ 2 ពេលនោះ បាវបម្រើរបស់មេទាហានលើមួយរយនាក់ម្នាក់ជិតស្លាប់ដោយមានជំងឺ។ បាវបម្រើនេះជាអ្នកដែលមេទាហានឲ្យតម្លៃណាស់។ 3 នៅពេលឮអំពីព្រះយេស៊ូវ មេទាហានលើមួយរយនាក់នោះក៏ចាត់ពួកចាស់ទុំរបស់ជនជាតិយូដាឲ្យទៅរកព្រះអង្គ ដោយទូលអង្វរព្រះអង្គឲ្យយាងមកប្រោសបាវបម្រើរបស់លោកឲ្យជា។ 4 ពួកគេមកដល់ព្រះយេស៊ូវ ហើយទទូចអង្វរព្រះអង្គថា៖ “គាត់ជាមនុស្សដែលស័ក្ដិសមនឹងឲ្យលោកព្រមនឹងការនេះ 5 ពីព្រោះគាត់ស្រឡាញ់ប្រជាជាតិរបស់យើង ថែមទាំងបានសាងសង់សាលាប្រជុំឲ្យយើងទៀតផង”។ 6 ដូច្នេះ ព្រះយេស៊ូវក៏យាងទៅជាមួយពួកគេ។ ពេលព្រះអង្គនៅមិនឆ្ងាយប៉ុន្មានពីផ្ទះនោះ មេទាហានលើមួយរយនាក់ក៏ចាត់ពួកមិត្តភក្ដិឲ្យមកទូលព្រះអង្គថា៖ “ព្រះអម្ចាស់អើយ កុំឲ្យរំខានព្រះអង្គ ដ្បិតទូលបង្គំមិនស័ក្ដិសមនឹងទទួលព្រះអង្គមកក្រោមដំបូលផ្ទះរបស់ទូលបង្គំទេ។ 7 ហេតុនេះហើយបានជាទូលបង្គំមិនចាត់ទុកថាខ្លួនទូលបង្គំស័ក្ដិសមនឹងមកជួបព្រះអង្គឡើយ។ ប៉ុន្តែសូមព្រះអង្គមានបន្ទូលមួយព្រះឱស្ឋប៉ុណ្ណោះ នោះអ្នកបម្រើរបស់ទូលបង្គំនឹងជាសះស្បើយ។ 8 តាមពិត ទូលបង្គំក៏ជាមនុស្សនៅក្រោមអំណាចគេ ហើយមានទាហាននៅក្រោមទូលបង្គំដែរ។ ទូលបង្គំប្រាប់ម្នាក់ថា: ‘ទៅ’ គេក៏ទៅ; ប្រាប់ម្នាក់ទៀតថា: ‘មក’ គេក៏មក; ហើយប្រាប់បាវបម្រើរបស់ទូលបង្គំថា: ‘ធ្វើការនេះ’ គេក៏ធ្វើ”។ 9 នៅពេលបានឮពាក្យទាំងនេះ ព្រះយេស៊ូវទ្រង់ស្ងើចនឹងលោក ក៏ងាកទៅរកហ្វូងមនុស្សដែលមកតាមព្រះអង្គ ហើយមានបន្ទូលថា៖“ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញជំនឿខ្លាំងបែបនេះក្នុងអ៊ីស្រាអែលឡើយ”។ 10 ពួកអ្នកដែលត្រូវបានចាត់ឲ្យមកបានត្រឡប់ទៅផ្ទះវិញ ក៏ឃើញបាវបម្រើនោះមានសុខភាពល្អឡើងវិញ។ កូនរបស់ស្ត្រីមេម៉ាយត្រូវបានលើកឲ្យរស់ឡើងវិញ 11 នៅថ្ងៃបន្ទាប់ ព្រះយេស៊ូវយាងទៅទីក្រុងមួយដែលគេហៅថាណាអ៊ីន។ ពួកសិស្សរបស់ព្រះអង្គ និងហ្វូងមនុស្សមួយក្រុមធំក៏ទៅជាមួយព្រះអង្គដែរ។ 12 នៅពេលព្រះអង្គយាងមកជិតទ្វារក្រុង មើល៍! មានមនុស្សស្លាប់ម្នាក់ជាកូនប្រុសតែមួយរបស់ម្ដាយដែលជាស្ត្រីមេម៉ាយ ត្រូវបានសែងចេញមក ហើយមានហ្វូងមនុស្សមួយក្រុមធំពីទីក្រុងនោះ នៅជាមួយគាត់ដែរ។ 13 កាលព្រះអម្ចាស់បានឃើញស្ត្រីមេម៉ាយនោះ ព្រះអង្គមានព្រះទ័យអាណិតអាសូរចំពោះគាត់ ក៏មានបន្ទូលនឹងគាត់ថា៖“កុំយំឡើយ!”។ 14 ព្រះយេស៊ូវយាងចូលទៅជិតពាល់ក្ដារមឈូស រីឯពួកអ្នកសែងក៏ឈប់។ ព្រះអង្គមានបន្ទូលថា៖“អ្នកកំលោះអើយ ខ្ញុំប្រាប់អ្នកថា ចូរក្រោកឡើង!”។ 15 មនុស្សស្លាប់នោះក៏ក្រោកអង្គុយ ហើយចាប់ផ្ដើមនិយាយ។ ព្រះយេស៊ូវប្រគល់គាត់ឲ្យម្ដាយរបស់គាត់វិញ។ 16 សេចក្ដីភ័យខ្លាចបានកើតមានដល់មនុស្សទាំងអស់ ហើយពួកគេក៏លើកតម្កើងសិរីរុងរឿងដល់ព្រះ ដោយនិយាយថា៖ “ព្យាការីដ៏ធំឧត្ដមបានលេចឡើងក្នុងចំណោមយើងហើយ!” ហើយថា៖ “ព្រះបានយាងមករកប្រជារាស្ត្ររបស់ព្រះអង្គហើយ!”។ 17 ដំណឹងនេះអំពីព្រះយេស៊ូវបានសាយចេញទៅទូទាំងយូឌា និងតំបន់ជុំវិញទាំងមូល។ ស្ដីអំពីយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក 18 ពួកសិស្សរបស់យ៉ូហានបានប្រាប់យ៉ូហានអំពីការទាំងអស់នេះ។ យ៉ូហានក៏ហៅសិស្សពីរនាក់របស់គាត់មក 19 ហើយចាត់ពួកគេឲ្យទៅរកព្រះអម្ចាស់ ដោយទូលសួរថា៖ “តើលោកជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវតែរង់ចាំអ្នកផ្សេងទៀត?”។ 20 អ្នកទាំងពីរក៏មកដល់ព្រះអង្គ ហើយទូលថា៖ “យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកបានចាត់យើងខ្ញុំឲ្យមកសួរលោកថា: ‘តើលោកជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវតែរង់ចាំអ្នកផ្សេងទៀត?’”។ 21 នៅពេលនោះ ព្រះយេស៊ូវបានប្រោសមនុស្សជាច្រើនឲ្យជាពីរោគា ការឈឺចុកចាប់ផ្សេងៗ និងវិញ្ញាណអាក្រក់ ព្រមទាំងប្រោសមនុស្សខ្វាក់ភ្នែកជាច្រើនឲ្យមើលឃើញផង។ 22 ដូច្នេះ ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ចូរទៅប្រាប់យ៉ូហានអំពីអ្វីៗដែលអ្នករាល់គ្នាបានឃើញ និងបានឮ គឺមនុស្សខ្វាក់ភ្នែកមើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានបរិសុទ្ធ មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់ត្រូវបានលើកឲ្យរស់ឡើងវិញ ហើយមនុស្សក្រីក្របានឮដំណឹងល្អ។ 23 មានពរហើយ អ្នកណាក៏ដោយដែលមិនជំពប់ដួលដោយសារតែខ្ញុំ”។ 24 នៅពេលពួកអ្នកនាំសាររបស់យ៉ូហានចេញទៅហើយ ព្រះអង្គក៏ចាប់ផ្ដើមមានបន្ទូលនឹងហ្វូងមនុស្សអំពីយ៉ូហានថា៖“តើអ្នករាល់គ្នាចេញទៅមើលអ្វីនៅទីរហោស្ថាន? ទៅមើលដើមត្រែងយោលយោកដោយខ្យល់ឬ? 25 បើមិនដូច្នេះ តើអ្នករាល់គ្នាចេញទៅមើលអ្វី? ទៅមើលមនុស្សដែលដណ្ដប់ដោយសម្លៀកបំពាក់ទន់ៗឬ? មើល៍! អ្នកដែលស្លៀកសម្លៀកបំពាក់ល្អរុងរឿង ហើយរស់នៅក្នុងភាពប្រណិត គេនៅក្នុងវាំងទេ។ 26 ដូច្នេះ តើអ្នករាល់គ្នាចេញទៅមើលអ្វី? ទៅមើលព្យាការីឬ? មែនហើយ! ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ប្រសើរជាងព្យាការីទៅទៀត។ 27 គឺអ្នកនេះហើយ ដែលមានសរសេរទុកមកអំពីគាត់ថា: ‘មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅខាងមុខអ្នក ដែលនឹងរៀបចំផ្លូវរបស់អ្នកនៅមុខអ្នក’។ 28 ខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមមនុស្សដែលកើតពីស្ត្រីមក គ្មានអ្នកណា ធំជាងយ៉ូហាន នោះទេ; ប៉ុន្តែអ្នកតូចជាងគេនៅក្នុងអាណាចក្ររបស់ព្រះ ក៏ធំជាងយ៉ូហានទៅទៀត”។ 29 នៅពេលឮដូច្នេះ ប្រជាជនទាំងអស់និងពួកអ្នកទារពន្ធ ក៏ទទួលស្គាល់ថាព្រះទ្រង់សុចរិតយុត្តិធម៌ ដោយបានទទួលពិធីជ្រមុជទឹកដោយពិធីជ្រមុជរបស់យ៉ូហាន 30 រីឯពួកផារិស៊ី និងពួកអ្នកច្បាប់ ក៏បដិសេធគម្រោងរបស់ព្រះសម្រាប់ខ្លួនពួកគេ ដោយមិនទទួលពិធីជ្រមុជទឹកពីយ៉ូហាន។ ជំនាន់មិនអើពើ 31 ព្រះអម្ចាស់មានបន្ទូលទៀតថា៖“តើខ្ញុំនឹងប្រៀបប្រដូចមនុស្សជំនាន់នេះទៅនឹងអ្វី? តើពួកគេប្រៀបដូចជាអ្វី? 32 គឺប្រៀបដូចជាក្មេងៗអង្គុយតាមផ្សារ ដែលស្រែកដាក់គ្នាទៅវិញទៅមកថា: ‘ពួកយើងផ្លុំខ្លុយឲ្យពួកឯង តែពួកឯងមិនបានរាំទេ; ពួកយើងស្មូត្របទទំនួញ តែពួកឯងក៏មិនបានយំសោកដែរ’។ 33 ដ្បិតយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកបានមក ទាំងមិនហូបនំប៉័ង ទាំងមិនផឹកស្រាទំពាំងបាយជូរផង អ្នករាល់គ្នាក៏និយាយថា: ‘គាត់មានអារក្សចូល!’ 34 រីឯកូនមនុស្សបានមក ទាំងហូបទាំងផឹក អ្នករាល់គ្នាក៏ថា: ‘មើល៍! មនុស្សល្មោភស៊ី និងល្មោភផឹក ជាមិត្តភក្ដិរបស់អ្នកទារពន្ធ និងមនុស្សបាប!’។ 35 ប៉ុន្តែប្រាជ្ញាត្រូវបានបញ្ជាក់ថាសុចរិត ដោយកូនទាំងអស់របស់វា”។ លើកលែងទោសច្រើន, ស្រឡាញ់ច្រើន 36 មានម្នាក់ក្នុងពួកផារិស៊ី បានអញ្ជើញព្រះយេស៊ូវទៅសោយជាមួយគាត់ ព្រះអង្គក៏យាងចូលទៅក្នុងផ្ទះរបស់ពួកផារិស៊ីនោះ ហើយរួមតុអាហារជាមួយគាត់។ 37 ពេលនោះ មើល៍! មានស្ត្រីម្នាក់នៅទីក្រុងនោះដែលជាមនុស្សបាប នៅពេលនាងដឹងថា ព្រះយេស៊ូវគង់នៅតុអាហារក្នុងផ្ទះរបស់ពួកផារិស៊ីនោះ នាងក៏យកដបថ្មកែវដែលមានប្រេងក្រអូបមក 38 ឈរពីខាងក្រោយ នៅទៀបព្រះបាទារបស់ព្រះអង្គទាំងយំ ហើយចាប់ផ្ដើមធ្វើឲ្យព្រះបាទារបស់ព្រះអង្គទទឹកដោយទឹកភ្នែក រួចជូតដោយសក់ក្បាលរបស់ខ្លួន ព្រមទាំងថើបព្រះបាទារបស់ព្រះអង្គ ហើយលាបប្រេងក្រអូបទៀតផង។ 39 ពួកផារិស៊ីម្នាក់នោះដែលអញ្ជើញព្រះអង្គឃើញដូច្នេះ ក៏និយាយក្នុងចិត្តថា៖ “បើសិនអ្នកនេះជាព្យាការីមែន គាត់មុខជាដឹងថា ស្ត្រីដែលកំពុងពាល់គាត់ជាអ្នកណា ហើយជាមនុស្សបែបណាមិនខាន ដ្បិតនាងជាមនុស្សបាប”។ 40 ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“ស៊ីម៉ូនអើយ ខ្ញុំមានរឿងមួយប្រាប់អ្នក”។ ស៊ីម៉ូនក៏ទូលថា៖ “លោកគ្រូ សូមនិយាយមកចុះ”។ 41 “មានកូនបំណុលពីរនាក់ជំពាក់មេបំណុលម្នាក់។ ម្នាក់ជំពាក់ប្រាំរយឌេណារី ម្នាក់ទៀតជំពាក់ហាសិបឌេណារី។ 42 ដោយសារពួកគេមិនអាចសងបាន គាត់ក៏លើកលែងឲ្យអ្នកទាំងពីរ។ ដូច្នេះ តើនរណាក្នុងពួកគេនឹងស្រឡាញ់ម្ចាស់បំណុលជាង?”។ 43 ស៊ីម៉ូនទូលឆ្លើយថា៖ “ខ្ញុំគិតថា គឺអ្នកដែលម្ចាស់បំណុលលើកលែងឲ្យច្រើនជាង”។ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“អ្នកពិចារណាត្រូវហើយ”។ 44 បន្ទាប់មក ព្រះយេស៊ូវទ្រង់ងាកទៅស្ត្រីនោះ ហើយមានបន្ទូលនឹងស៊ីម៉ូនថា៖“តើអ្នកឃើញស្ត្រីនេះទេ? ខ្ញុំបានចូលមកក្នុងផ្ទះរបស់អ្នក ហើយអ្នកមិនបានឲ្យទឹកដល់ខ្ញុំដើម្បីលាងជើងទេ រីឯនាងវិញ នាងបានធ្វើឲ្យជើងខ្ញុំទទឹកដោយទឹកភ្នែក ហើយជូតដោយសក់របស់នាងទៀត។ 45 អ្នកមិនបានថើបខ្ញុំទេ រីឯនាងវិញ នាងចេះតែថើបជើងខ្ញុំឥតឈប់ តាំងពីខ្ញុំបានចូលមក។ 46 អ្នកមិនបានលាបប្រេងលើក្បាលខ្ញុំទេ រីឯនាងវិញ នាងបានលាបប្រេងក្រអូបលើជើងខ្ញុំ។ 47 ដោយហេតុនេះ ខ្ញុំប្រាប់អ្នកថា បាបជាច្រើនរបស់នាងត្រូវបានលើកលែងទោសហើយ ដូច្នេះហើយបានជានាងស្រឡាញ់ច្រើន។ ប៉ុន្តែអ្នកដែលត្រូវបានលើកលែងទោសឲ្យតិច ក៏ស្រឡាញ់តិចដែរ”។ 48 រួចព្រះយេស៊ូវមានបន្ទូលនឹងនាងថា៖“បាបរបស់នាងត្រូវបានលើកលែងទោសហើយ”។ 49 ពួកអ្នកដែលរួមតុអាហារជាមួយក៏ចាប់ផ្ដើមនិយាយក្នុងចិត្តថា៖ “តើអ្នកនេះជានរណា ដែលសូម្បីតែបាបក៏លើកលែងទោសបានដូច្នេះ?”។ 50 តែព្រះអង្គមានបន្ទូលនឹងស្ត្រីនោះថា៖“ជំនឿរបស់នាងបានសង្គ្រោះនាងហើយ។ ចូរទៅដោយសុខសាន្តចុះ”៕ |