យ៉ូហាន 1 - ព្រះគម្ពីរខ្មែរសាកលព្រះបានក្លាយជាមនុស្ស 1 នៅដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលគង់នៅជាមួយព្រះ ហើយព្រះបន្ទូលគឺជាព្រះ។ 2 ព្រះបន្ទូលនេះគង់នៅជាមួយព្រះ នៅដើមដំបូង។ 3 អ្វីៗទាំងអស់បានកើតមកតាមរយៈព្រះអង្គ ហើយក្នុងអ្វីៗដែលកើតមកនោះ គ្មានអ្វីមួយកើតមកដោយគ្មានព្រះអង្គឡើយ។ 4 នៅក្នុងព្រះអង្គមានជីវិត ហើយជីវិតនេះគឺជាពន្លឺរបស់មនុស្ស។ 5 ពន្លឺនេះកំពុងភ្លឺក្នុងសេចក្ដីងងឹត ហើយសេចក្ដីងងឹតមិនបានឈ្នះពន្លឺនេះឡើយ។ 6 មានមនុស្សម្នាក់ត្រូវបានចាត់ឲ្យមកពីព្រះ គាត់ឈ្មោះយ៉ូហាន។ 7 គាត់បានមកដើម្បីជាបន្ទាល់ ដើម្បីធ្វើបន្ទាល់អំពីពន្លឺនេះ គឺឲ្យមនុស្សទាំងអស់បានជឿតាមរយៈគាត់។ 8 គាត់មិនមែនជាពន្លឺនេះទេ គឺគាត់បានមកដើម្បីធ្វើបន្ទាល់អំពីពន្លឺនេះវិញ។ 9 ពន្លឺនេះជាពន្លឺពិត ដែលកំពុងយាងមកក្នុងពិភពលោក បំភ្លឺមនុស្សគ្រប់រូប។ 10 ព្រះអង្គគង់នៅក្នុងពិភពលោក ហើយពិភពលោកបានកើតមកតាមរយៈព្រះអង្គ ប៉ុន្តែពិភពលោកមិនស្គាល់ព្រះអង្គឡើយ។ 11 ព្រះអង្គបានយាងមកក្នុងពិភពលោករបស់ព្រះអង្គ ប៉ុន្តែប្រជារាស្ត្ររបស់ព្រះអង្គ មិនបានទទួលព្រះអង្គឡើយ។ 12 រីឯអស់អ្នកដែលទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមរបស់ព្រះអង្គ ព្រះអង្គប្រទានសិទ្ធិអំណាចឲ្យពួកគេបានជាកូនរបស់ព្រះ។ 13 អ្នកទាំងនោះមិនមែនកើតមកពីឈាម ឬពីបំណងសាច់ឈាម ឬពីបំណងមនុស្សឡើយ គឺកើតមកពីព្រះវិញ។ 14 ព្រះបន្ទូលបានក្លាយជាសាច់ឈាម ហើយតាំងលំនៅក្នុងចំណោមយើង។ យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងរបស់ព្រះបុត្រាតែមួយពីព្រះបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។ 15 យ៉ូហានធ្វើបន្ទាល់អំពីព្រះអង្គ ដោយស្រែកឡើងថា៖ “ព្រះអង្គនេះហើយ ជាព្រះអង្គដែលខ្ញុំបានប្រាប់ថា: ‘ម្នាក់ដែលនឹងមកក្រោយខ្ញុំ បានត្រឡប់ជាមុនខ្ញុំ ពីព្រោះព្រះអង្គគង់នៅមុនខ្ញុំ’”។ 16 ជាការពិត យើងគ្រប់គ្នាបានទទួលព្រះគុណថែមលើព្រះគុណទៀត ពីភាពពេញលេញរបស់ព្រះអង្គ 17 ពោលគឺ ក្រឹត្យវិន័យបានប្រទានមកតាមរយៈម៉ូសេ រីឯព្រះគុណ និងសេចក្ដីពិតវិញ បានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ។ 18 គ្មានអ្នកណាធ្លាប់ឃើញព្រះឡើយ មានព្រះបុត្រាតែមួយជាព្រះ ដែលនៅនឹងព្រះឱរារបស់ព្រះបិតាប៉ុណ្ណោះ ព្រះអង្គនោះហើយបានសម្ដែងអំពីព្រះ។ ពាក្យបន្ទាល់របស់យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក 19 នេះជាពាក្យបន្ទាល់របស់យ៉ូហាន នៅពេលពួកយូដាចាត់ពួកបូជាចារ្យ និងពួកលេវីពីយេរូសាឡិមឲ្យមករកគាត់ ដើម្បីសួរគាត់ថា៖ “តើលោកជានរណា?”។ 20 គាត់ក៏សារភាព ហើយមិនបដិសេធឡើយ គឺសារភាពថា៖ “ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ”។ 21 ពួកគេសួរគាត់ទៀតថា៖ “ចុះលោកជានរណាវិញ? ជាអេលីយ៉ាឬ?”។ គាត់ឆ្លើយថា៖ “មិនមែនខ្ញុំទេ”។ “តើលោកជាព្យាការីនោះឬ?”។ គាត់ឆ្លើយថា៖ “ទេ”។ 22 រួចពួកគេសួរគាត់ថា៖ “តើលោកជានរណា? ដើម្បីឲ្យពួកយើងបានផ្ដល់ចម្លើយដល់អ្នកដែលចាត់ពួកយើងឲ្យមក។ តើលោកនិយាយអ្វីអំពីខ្លួនលោក?”។ 23 គាត់ឆ្លើយថា៖ “ខ្ញុំជាសំឡេងមួយស្រែកនៅទីរហោស្ថានថា: ‘ចូរតម្រង់ផ្លូវរបស់ព្រះអម្ចាស់’ ដូចដែលព្យាការីអេសាយបានថ្លែងទុកហើយ”។ 24 ពួកអ្នកដែលត្រូវបានចាត់ឲ្យមកនោះ គឺមកពីពួកផារិស៊ី។ 25 ពួកគេសួរគាត់ទៀតថា៖ “បើសិនលោកមិនមែនជាព្រះគ្រីស្ទ ឬអេលីយ៉ា ឬព្យាការីនោះទេ ចុះហេតុអ្វីបានជាលោកធ្វើពិធីជ្រមុជទឹក?”។ 26 យ៉ូហានតបនឹងពួកគេថា៖ “ខ្ញុំធ្វើពិធីជ្រមុជដោយទឹក ប៉ុន្តែមានម្នាក់ឈរក្នុងចំណោមអ្នករាល់គ្នា ដែលអ្នករាល់គ្នាមិនស្គាល់ 27 ជាម្នាក់ដែលនឹងមកក្រោយខ្ញុំ ដែលខ្ញុំមិនស័ក្ដិសមនឹងស្រាយខ្សែស្បែកជើងរបស់លោកផង”។ 28 ការទាំងនេះបានកើតឡើងនៅបេថានីខាងនាយទន្លេយ័រដាន់ ជាកន្លែងដែលយ៉ូហានធ្វើពិធីជ្រមុជទឹក។ កូនចៀមនៃព្រះ 29 នៅថ្ងៃបន្ទាប់ យ៉ូហានឃើញព្រះយេស៊ូវយាងមករកគាត់ គាត់ក៏និយាយថា៖ “មើល៍! កូនចៀមនៃព្រះដែលយកបាបរបស់ពិភពលោកចេញ! 30 គឺព្រះអង្គនេះហើយ ដែលខ្ញុំបានប្រាប់ថា: ‘ម្នាក់ដែលនឹងមកក្រោយខ្ញុំ បានត្រឡប់ជាមុនខ្ញុំ ពីព្រោះព្រះអង្គគង់នៅមុនខ្ញុំ’។ 31 កាលពីមុន ខ្ញុំមិនស្គាល់ព្រះអង្គទេ ប៉ុន្តែមូលហេតុដែលខ្ញុំមកធ្វើពិធីជ្រមុជដោយទឹក គឺដើម្បីឲ្យព្រះអង្គត្រូវបានសម្ដែងដល់អ៊ីស្រាអែល”។ 32 យ៉ូហានក៏ធ្វើបន្ទាល់ ដោយនិយាយថា៖ “ខ្ញុំឃើញព្រះវិញ្ញាណយាងចុះមកពីលើមេឃដូចជាសត្វព្រាប ហើយស្ថិតនៅលើព្រះអង្គ។ 33 កាលពីមុន ខ្ញុំមិនស្គាល់ព្រះអង្គទេ ប៉ុន្តែព្រះអង្គដែលចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជដោយទឹក មានបន្ទូលនឹងខ្ញុំថា: ‘អ្នកឃើញព្រះវិញ្ញាណយាងចុះមក ហើយស្ថិតនៅលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើពិធីជ្រមុជដោយព្រះវិញ្ញាណដ៏វិសុទ្ធ’។ 34 ខ្ញុំបានឃើញ ក៏ធ្វើបន្ទាល់ថា ព្រះអង្គនេះហើយ ជាព្រះបុត្រារបស់ព្រះ”។ 35 នៅថ្ងៃបន្ទាប់ យ៉ូហាន និងសិស្សពីរនាក់របស់គាត់ ឈរនៅទីនោះម្ដងទៀត។ 36 យ៉ូហានសម្លឹងមើលព្រះយេស៊ូវកំពុងយាងកាត់ ក៏និយាយថា៖ “មើល៍! កូនចៀមនៃព្រះ!”។ 37 សិស្សពីរនាក់នោះឮគាត់និយាយដូច្នេះ ក៏ទៅតាមព្រះយេស៊ូវ។ 38 ព្រះយេស៊ូវទ្រង់ងាកមក ហើយទតឃើញពួកគេកំពុងមកតាម ក៏មានបន្ទូលនឹងពួកគេថា៖“តើពួកអ្នករកអ្វី?”។ ពួកគេទូលព្រះអង្គថា៖ “រ៉ាប៊ី តើលោកគ្រូស្នាក់នៅឯណា?” (រ៉ាប៊ី មានអត្ថន័យប្រែថា លោកគ្រូ)។ 39 ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ចូរមក នោះអ្នកនឹងឃើញ”។ ដូច្នេះ ពួកគេក៏ទៅ ហើយឃើញកន្លែងដែលព្រះអង្គស្នាក់នៅ រួចនៅជាមួយព្រះអង្គក្នុងថ្ងៃនោះ។ ពេលនោះ ប្រមាណជាម៉ោងបួនរសៀល។ 40 ម្នាក់ក្នុងអ្នកទាំងពីរដែលឮពីយ៉ូហាន ហើយទៅតាមព្រះអង្គ គឺអនទ្រេប្អូនប្រុសរបស់ស៊ីម៉ូនពេត្រុស។ 41 មុនដំបូង អនទ្រេរកស៊ីម៉ូនបងប្រុសរបស់ខ្លួន ហើយប្រាប់គាត់ថា៖ “យើងរកព្រះមែស៊ីឃើញហើយ” (ព្រះមែស៊ី មានអត្ថន័យប្រែថា ព្រះគ្រីស្ទ)។ 42 គាត់នាំស៊ីម៉ូនទៅជួបព្រះយេស៊ូវ។ ព្រះយេស៊ូវទ្រង់សម្លឹងមើលគាត់ ហើយមានបន្ទូលថា៖“អ្នកគឺស៊ីម៉ូនកូនយ៉ូហាន។ អ្នកនឹងត្រូវបានហៅថា កេផាស” (កេផាស មានអត្ថន័យប្រែថា ពេត្រុស)។ ភីលីព និងណាថាណែល 43 នៅថ្ងៃបន្ទាប់ ព្រះយេស៊ូវមានព្រះទ័យចង់ចេញទៅកាលីឡេ។ ព្រះអង្គទ្រង់រកភីលីព ហើយមានបន្ទូលនឹងគាត់ថា៖“ចូរមកតាមខ្ញុំ!”។ 44 ភីលីពមកពីបេតសៃដា ដែលជាទីក្រុងរបស់អនទ្រេ និងពេត្រុស។ 45 ភីលីពរកណាថាណែល ហើយប្រាប់គាត់ថា៖ “យើងរកឃើញព្រះអង្គដែលម៉ូសេ និងបណ្ដាព្យាការីបានសរសេរទុកនៅក្នុងក្រឹត្យវិន័យហើយ គឺយេស៊ូវពីណាសារ៉ែត ជាកូនរបស់យ៉ូសែប”។ 46 ណាថាណែលនិយាយនឹងគាត់ថា៖ “តើអាចមានអ្វីល្អ ពីណាសារ៉ែតឬ?”។ ភីលីពប្រាប់គាត់ថា៖ “ចូរមកមើលចុះ”។ 47 ព្រះយេស៊ូវទតឃើញណាថាណែលកំពុងមករកព្រះអង្គ ក៏មានបន្ទូលអំពីគាត់ថា៖“មើល៍! ជនជាតិអ៊ីស្រាអែលពិតប្រាកដ! នៅក្នុងគាត់គ្មានឧបាយកលសោះ”។ 48 ណាថាណែលទូលព្រះអង្គថា៖ “តើលោកស្គាល់ខ្ញុំយ៉ាងដូចម្ដេច?”។ ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“មុនភីលីពបានហៅអ្នក ខ្ញុំឃើញអ្នកនៅក្រោមដើមល្វាហើយ”។ 49 ណាថាណែលទូលតបនឹងព្រះអង្គថា៖ “រ៉ាប៊ី លោកជាព្រះបុត្រារបស់ព្រះ! លោកជាស្ដេចរបស់អ៊ីស្រាអែល!”។ 50 ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“ដោយសារខ្ញុំប្រាប់អ្នកថា: ‘ខ្ញុំបានឃើញអ្នកនៅក្រោមដើមល្វា’ បានជាអ្នកជឿឬ? អ្នកនឹងឃើញការធំជាងនេះទៅទៀត”។ 51 រួចព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនឹងឃើញផ្ទៃមេឃដែលបើកចំហ និងបណ្ដាទូតសួគ៌របស់ព្រះឡើងចុះៗពីខាងលើកូនមនុស្ស”៕ |