អេសាយ 30 - ព្រះគម្ពីរខ្មែរសាកលវេទនាដល់សម្ពន្ធមិត្តអេហ្ស៊ីប 1 នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “វេទនាហើយ! ពួកកូនចៅជាអ្នកដែលបះបោរ ដើម្បីអនុវត្តផែនការ ប៉ុន្តែមិនមែនមកពីយើង ដើម្បីបង្កើតសន្ធិសញ្ញា ប៉ុន្តែមិនមែនមកពីវិញ្ញាណរបស់យើង គឺដើម្បីបន្ថែមបាបទៅលើបាបវិញ 2 ជាអ្នកដែលចេញដំណើរចុះទៅអេហ្ស៊ីប ដោយមិនបានសួរយោបល់របស់យើង ដើម្បីរកទីពឹងនៅក្រោមការការពាររបស់ផារ៉ោន ដើម្បីជ្រកកោននៅក្រោមម្លប់របស់អេហ្ស៊ីប។ 3 ដូច្នេះ ការការពាររបស់ផារ៉ោននឹងត្រឡប់ជាសេចក្ដីអាម៉ាស់ដល់អ្នករាល់គ្នាវិញ ហើយជម្រកនៅក្រោមម្លប់របស់អេហ្ស៊ីបនឹងត្រឡប់ជាភាពអាប់យសវិញ។ 4 ថ្វីត្បិតតែពួកមេដឹកនាំរបស់ទ្រង់នៅសូអាន ហើយពួករាជទូតរបស់ទ្រង់មកដល់ហានេសក៏ដោយ 5 ប៉ុន្តែគ្រប់គ្នានឹងអាម៉ាស់មុខ ដោយព្រោះប្រជាជនដែលមិនមែនជាប្រយោជន៍ដល់គេ មិនមែនជាជំនួយ ក៏មិនមែនជាប្រយោជន៍ តែជាសេចក្ដីអាម៉ាស់ និងជាសេចក្ដីត្មះតិះដៀលវិញ”។ 6 នេះជាទំនាយស្ដីអំពីបណ្ដាសត្វនៅណេកិប: គេលើកទ្រព្យសម្បត្តិរបស់គេដាក់លើខ្នងកូនលា ហើយលើករតនសម្បត្តិរបស់គេដាក់លើបូកអូដ្ឋ ឆ្លងកាត់ទឹកដីនៃទុក្ខវេទនា និងទុក្ខព្រួយ ដែលមានសិង្ហញី និងសិង្ហឈ្មោល ដែលមានពស់វែក និងពស់ភ្លើងដែលហោះ ទៅកាន់ប្រជាជនដែលមិនមែនជាប្រយោជន៍។ 7 ដ្បិតជំនួយរបស់អេហ្ស៊ីប គឺឥតប្រយោជន៍ និងឥតបានការ ហេតុនេះហើយបានជាយើងហៅនាងថា “រ៉ាហាប់ដែលអង្គុយនៅតែស្ងៀម”។ 8 ឥឡូវនេះ ចូរទៅសរសេរសេចក្ដីនេះនៅលើបន្ទះថ្មនៅមុខពួកគេ ហើយចារឹកវាក្នុងក្រាំង ដើម្បីឲ្យបានសម្រាប់ថ្ងៃខាងមុខរហូតអស់កល្បជាអង្វែងតរៀងទៅ។ 9 ដ្បិតនេះជាប្រជាជនដែលបះបោរ ជាកូនចៅដែលភូតភរ ជាកូនចៅដែលមិនព្រមស្ដាប់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា 10 ជាអ្នកដែលនិយាយនឹងអ្នកមើលឆុតថា៖ “កុំមើលឡើយ!” ហើយនិយាយនឹងព្យាការីថា៖ “កុំព្យាករសេចក្ដីទៀងត្រង់ដល់យើងឡើយ! ចូរប្រាប់ពាក្យបញ្ជោរដល់យើង ចូរព្យាករសេចក្ដីបោកបញ្ឆោតវិញ! 11 ចូរចាកចេញពីផ្លូវ ចូរបែរចេញពីគន្លង ចូរបំបាត់អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលពីមុខយើងទៅ!”។ 12 ដោយហេតុនេះ អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលមានបន្ទូលដូច្នេះថា៖ “ដោយសារអ្នករាល់គ្នាបានបដិសេធពាក្យនេះ ហើយទុកចិត្តលើការសង្កត់សង្កិន និងការវៀចវេរ ព្រមទាំងពឹងផ្អែកលើការទាំងនោះ 13 ដូច្នេះ សេចក្ដីទុច្ចរិតនេះនឹងបានដូចជាចន្លោះបាក់បែកដែលនឹងរលំសម្រាប់អ្នករាល់គ្នា ជាកន្លែងប៉ោងក្នុងកំពែងដ៏ខ្ពស់ដែលការបំបែកវានឹងមកដល់ភ្លាមៗក្នុងមួយរំពេច។ 14 ព្រះអង្គនឹងបំបែកវា ដូចជាការបំបែកក្អមរបស់ជាងស្មូន គឺវាត្រូវបានវាយកម្ទេចដោយឥតប្រណី រហូតដល់រកអំបែងមួយក្នុងបំណែកវាសម្រាប់ដាក់ភ្លើងពីចង្ក្រាន ឬសម្រាប់ដងទឹកពីអាងក៏មិនបានផង”។ 15 ជាការពិត ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាដ៏ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលមានបន្ទូលដូច្នេះថា៖ “អ្នករាល់គ្នានឹងបានសង្គ្រោះដោយការកែប្រែចិត្ត និងការសម្រាក កម្លាំងរបស់អ្នករាល់គ្នានឹងនៅក្នុងការនៅស្ងៀម និងក្នុងការទុកចិត្ត”។ ប៉ុន្តែអ្នករាល់គ្នាមិនព្រមទេ 16 ក៏និយាយថា៖ “ទេ! ពួកយើងនឹងរត់គេចលើសេះ!”។ ដូច្នេះ អ្នករាល់គ្នានឹងរត់គេចមែន។ អ្នករាល់គ្នានិយាយទៀតថា៖ “ពួកយើងនឹងជិះសេះដ៏លឿន!”។ ដូច្នេះ ពួកអ្នកដែលដេញតាមអ្នករាល់គ្នានឹងលឿនដែរ។ 17 មួយពាន់នាក់នឹងរត់គេចនៅចំពោះការសម្លុតគំរាមរបស់ម្នាក់; អ្នករាល់គ្នានឹងរត់គេចនៅចំពោះការសម្លុតគំរាមរបស់ប្រាំនាក់ រហូតដល់អ្នករាល់គ្នានៅសល់ ដូចជាដងទង់មួយនៅលើកំពូលភ្នំ និងដូចជាទង់សញ្ញានៅលើទីទួល។ ព្រះយេហូវ៉ាអាណិតមេត្តាអ៊ីស្រាអែល 18 ទោះបីជាយ៉ាងនោះក៏ដោយ ក៏ព្រះយេហូវ៉ាទ្រង់រង់ចាំដើម្បីមេត្តាដល់អ្នករាល់គ្នា។ ដោយហេតុនេះ ព្រះអង្គទ្រង់ក្រោកឡើងដើម្បីអាណិតមេត្តាដល់អ្នករាល់គ្នា ពីព្រោះព្រះយេហូវ៉ាជាព្រះនៃសេចក្ដីយុត្តិធម៌។ មានពរហើយ អស់អ្នកដែលរង់ចាំព្រះអង្គ! 19 ប្រជាជននៃស៊ីយ៉ូន ដែលរស់នៅយេរូសាឡិមអើយ អ្នកនឹងមិនយំទៀតឡើយ។ ព្រះអង្គនឹងមេត្តាដល់អ្នកជាប្រាកដចំពោះសំឡេងស្រែកយំរបស់អ្នក។ កាលណាព្រះអង្គទ្រង់ឮ ព្រះអង្គនឹងឆ្លើយមកអ្នក។ 20 ទោះបីជាព្រះអម្ចាស់បានប្រទាននំប៉័ងនៃការលំបាក និងទឹកនៃការសង្កត់សង្កិនដល់អ្នករាល់គ្នាក៏ដោយ ប៉ុន្តែព្រះអង្គដែលជាគ្រូរបស់អ្នកមិនត្រូវបានលាក់ទៀតឡើយ ហើយភ្នែករបស់អ្នកនឹងឃើញគ្រូរបស់អ្នកវិញ។ 21 កាលណាអ្នករាល់គ្នាបែរទៅខាងស្ដាំ ឬបែរទៅខាងឆ្វេង ត្រចៀករបស់អ្នកនឹងឮពាក្យពីក្រោយអ្នកថា៖ “គឺផ្លូវនេះហើយ ចូរដើរតាមផ្លូវនេះចុះ!”។ 22 ពេលនោះ អ្នករាល់គ្នានឹងបង្អាប់បង្អោនរូបឆ្លាក់ដែលស្រោបដោយប្រាក់របស់អ្នក និងរូបសិតដែលស្រោបដោយមាសរបស់អ្នក ក៏នឹងបោះវាចោលដូចក្រណាត់មករដូវ ទាំងនិយាយទៅវាថា៖ “ចេញទៅ!”។ 23 ព្រះអង្គនឹងប្រទានទឹកភ្លៀងសម្រាប់គ្រាប់ពូជដែលអ្នកបានសាបព្រោះលើដី ព្រមទាំងស្បៀងអាហារ ជាផលពីដី ដែលនឹងមានបរិបូរ ហើយសម្បូរផង។ នៅថ្ងៃនោះ ហ្វូងសត្វរបស់អ្នកនឹងស៊ីស្មៅនៅវាលស្មៅដ៏ធំទូលាយ 24 រីឯគោ និងលា ដែលភ្ជួររាស់ដី នឹងស៊ីចំណីដែលដាក់អំបិល ដែលគេបានអុំដោយប៉ែល និងចង្ហាយ។ 25 នៅថ្ងៃមហាពិឃាត នៅពេលប៉មនានារលំ នឹងមានជ្រោះហូរដោយទឹកនៅលើគ្រប់ទាំងភ្នំខ្ពស់ និងគ្រប់ទាំងទីទួលខ្ពស់។ 26 មួយវិញទៀត ពន្លឺព្រះចន្ទនឹងបានដូចជាពន្លឺព្រះអាទិត្យ ហើយពន្លឺព្រះអាទិត្យនឹងត្រឡប់ជាប្រាំពីរដង ដូចជាពន្លឺនៃប្រាំពីរថ្ងៃ នៅថ្ងៃដែលព្រះយេហូវ៉ារុំស្នាមជាំរបស់ប្រជារាស្ត្រព្រះអង្គ ហើយប្រោសឲ្យជានូវរបួសដែលព្រះអង្គបានវាយ។ ព្រះយេហូវ៉ាដាក់ទោសអាស្ស៊ីរី 27 មើល៍! ព្រះនាមរបស់ព្រះយេហូវ៉ាមកពីចម្ងាយ! ព្រះពិរោធរបស់ព្រះអង្គឆេះឡើង ក៏មានផ្សែងយ៉ាងក្រាស់ ព្រះរឹមរបស់ព្រះអង្គពេញដោយសេចក្ដីក្រេវក្រោធ ព្រះជិវ្ហារបស់ព្រះអង្គដូចជាភ្លើងដែលស៊ីបំផ្លាញ 28 រីឯខ្យល់ដង្ហើមរបស់ព្រះអង្គប្រៀបដូចជាទឹកជ្រោះជន់លិចដែលឡើងដល់ក ដើម្បីរែងប្រជាជាតិនានាដោយកន្ត្រងនៃសេចក្ដីវិនាស ហើយបំពាក់បង្ហៀរដែលនាំឲ្យវង្វេងនៅនឹងថ្គាមរបស់ជាតិសាសន៍ទាំងឡាយ។ 29 អ្នករាល់គ្នានឹងមានចម្រៀង ដូចនៅយប់ដែលតម្កើងពិធីបុណ្យជាវិសុទ្ធ ក៏មានអំណរនៃចិត្ត ដូចពេលចេញដំណើរដោយមានខ្លុយ ដើម្បីទៅឯភ្នំរបស់ព្រះយេហូវ៉ា គឺទៅឯថ្មដានៃអ៊ីស្រាអែល។ 30 ព្រះយេហូវ៉ានឹងធ្វើឲ្យគេឮព្រះសូរសៀងដ៏រុងរឿងរបស់ព្រះអង្គ ហើយធ្វើឲ្យឃើញការចុះមកនៃព្រះពាហុរបស់ព្រះអង្គ ជាមួយនឹងព្រះពិរោធដ៏ក្រេវក្រោធ និងភ្លើងសន្ធោសន្ធៅដែលស៊ីបំផ្លាញ ព្រមទាំងព្យុះភ្លៀង ព្យុះសង្ឃរា និងដុំទឹកកកផង។ 31 ដ្បិតអាស្ស៊ីរីនឹងស្រយុតចិត្ត ដោយសារតែព្រះសូរសៀងរបស់ព្រះយេហូវ៉ា នៅពេលព្រះអង្គវាយពួកគេដោយរំពាត់។ 32 គ្រប់ទាំងចង្វាក់វាយនៃរំពាត់ទណ្ឌកម្ម ដែលព្រះយេហូវ៉ាទ្រង់ដាក់លើពួកគេ នឹងរួមជាមួយក្រាប់ និងពិណហាប។ ព្រះអង្គនឹងគ្រវីព្រះពាហុច្បាំងនឹងពួកគេក្នុងចម្បាំង។ 33 ជាការពិត កន្លែងបូជាត្រូវបានរៀបចំតាំងពីបុរាណមក មែនហើយ ទីនោះត្រូវបានត្រៀមទុកសម្រាប់ស្ដេច។ ព្រះអង្គបានធ្វើឲ្យគំនរភ្លើងនោះជ្រៅ ហើយធំទូលាយ ទាំងមានភ្លើង និងអុសជាច្រើន គឺខ្យល់ដង្ហើមរបស់ព្រះយេហូវ៉ា បញ្ឆេះទីនោះដូចជាទន្លេស្ពាន់ធ័រ៕ |