ម៉ាថាយ 3 - ព្រះគម្ពីរខ្មែរសាកលអ្នកនាំពាក្យរបស់ព្រះមែស៊ី 1 នៅគ្រានោះ យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកបានមកប្រកាសនៅទីរហោស្ថាននៃយូឌា 2 ថា៖ “ចូរកែប្រែចិត្ត ដ្បិតអាណាចក្រស្ថានសួគ៌មកជិតបង្កើយហើយ”។ 3 គឺយ៉ូហាននេះហើយ ជាម្នាក់ដែលត្រូវបានថ្លែងមកតាមរយៈព្យាការីអេសាយថា: “មានសំឡេងមួយស្រែកនៅទីរហោស្ថានថា: ‘ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវលំរបស់ព្រះអង្គ !’ ”។ 4 យ៉ូហាននេះឯង ស្លៀកសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ និងពាក់ខ្សែក្រវាត់ស្បែកនៅចង្កេះ រីឯអាហាររបស់គាត់ជាកណ្ដូប និងទឹកឃ្មុំព្រៃ។ 5 ពេលនោះ មនុស្សពីយេរូសាឡិម ពីយូឌាទាំងមូល និងពីតំបន់ទាំងអស់ជុំវិញទន្លេយ័រដាន់ បានចេញទៅរកគាត់ 6 ហើយទទួលពិធីជ្រមុជទឹកពីគាត់ក្នុងទន្លេយ័រដាន់ ទាំងសារភាពបាបរបស់ខ្លួន។ 7 ប៉ុន្តែនៅពេលយ៉ូហានឃើញពួកផារិស៊ី និងពួកសាឌូស៊ីជាច្រើនមកទទួលពិធីជ្រមុជទឹករបស់គាត់ គាត់ក៏និយាយនឹងពួកគេថា៖ “ពូជពស់វែកអើយ! តើនរណាបានប្រាប់អ្នករាល់គ្នាឲ្យរត់គេចពីព្រះពិរោធដែលរៀបនឹងមក? 8 បើដូច្នេះ ចូរបង្កើតផលឲ្យសមនឹងការកែប្រែចិត្តចុះ! 9 កុំឲ្យគិតក្នុងចិត្តថា: ‘យើងមានអ័ប្រាហាំជាដូនតា’ នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចបង្កើតកូនចៅឲ្យអ័ប្រាហាំពីដុំថ្មទាំងនេះបាន។ 10 ឥឡូវនេះ ពូថៅដាក់នៅនឹងគល់ដើមឈើរួចហើយ ដូច្នេះអស់ទាំងដើមឈើដែលមិនបង្កើតផលល្អ នឹងត្រូវបានកាប់ចោល ហើយបោះទៅក្នុងភ្លើង។ 11 “ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកសម្រាប់ការកែប្រែចិត្ត។ ប៉ុន្តែម្នាក់ដែលនឹងមកក្រោយខ្ញុំ ធំជាងខ្ញុំ ដែលខ្ញុំមិនស័ក្ដិសមនឹងដោះស្បែកជើងរបស់លោកផង។ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើង។ 12 លោកកាន់ចង្ហាយក្នុងដៃ ហើយលោកនឹងសម្អាតលានបោកស្រូវរបស់លោក រួចប្រមូលស្រូវរបស់លោកដាក់ក្នុងជង្រុក រីឯអង្កាមវិញ លោកនឹងដុតក្នុងភ្លើងដែលពន្លត់មិនបាន”។ ព្រះយេស៊ូវទទួលពិធីជ្រមុជទឹក 13 ពេលនោះ ព្រះយេស៊ូវយាងមកពីកាលីឡេ មករកយ៉ូហាននៅត្រង់ទន្លេយ័រដាន់ ដើម្បីទទួលពិធីជ្រមុជទឹកពីគាត់។ 14 ប៉ុន្តែយ៉ូហានព្យាយាមឃាត់ព្រះអង្គ ដោយទូលថា៖ “គឺខ្ញុំទេតើ ដែលត្រូវការទទួលពិធីជ្រមុជទឹកពីលោក ម្ដេចក៏លោកមករកខ្ញុំទៅវិញ?”។ 15 ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“ឥឡូវនេះ ចូរយល់ព្រមចុះ ដ្បិតការបំពេញគ្រប់ទាំងសេចក្ដីសុចរិតឲ្យសម្រេចដូច្នេះ ជាការសមគួរសម្រាប់យើង”។ ដូច្នេះគាត់ក៏យល់ព្រម។ 16 ក្រោយពីព្រះយេស៊ូវទទួលពិធីជ្រមុជទឹកហើយ ព្រះអង្គក៏យាងឡើងពីទឹកភ្លាម។ ពេលនោះ មើល៍! ផ្ទៃមេឃត្រូវបានបើកចំហនៅចំពោះព្រះអង្គ ហើយព្រះអង្គទតឃើញព្រះវិញ្ញាណរបស់ព្រះយាងចុះមកលើព្រះអង្គ ដូចជាសត្វព្រាប។ 17 រំពេចនោះ មានសំឡេងមួយពីលើមេឃថា៖ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលយើងពេញចិត្ត”៕ |