ទំនុកតម្កើង 34 - ព្រះគម្ពីរខ្មែរសាកលព្រះទ្រង់រំដោះមនុស្សសុចរិត បទតម្កើង របស់ដាវីឌ នៅគ្រាដែលគាត់ធ្វើពុតជាវិកលចរិតនៅមុខអ័ប៊ីម្ម៉ាឡិច ធ្វើឲ្យអ័ប៊ីម្ម៉ាឡិចបណ្ដេញគាត់ចេញ គាត់ក៏ចាកចេញទៅ។ 1 ខ្ញុំនឹងថ្វាយពរព្រះយេហូវ៉ាគ្រប់ពេលវេលា ពាក្យសរសើរតម្កើងព្រះអង្គនៅក្នុងមាត់ខ្ញុំជានិច្ច។ 2 ព្រលឹងរបស់ខ្ញុំនឹងអួតអំពីព្រះយេហូវ៉ា; សូមឲ្យមនុស្សតូចទាបបានឮ ហើយអរសប្បាយដែរ។ 3 ចូរលើកតម្កើងព្រះយេហូវ៉ាជាមួយខ្ញុំ! យើងនាំគ្នាលើកព្រះនាមរបស់ព្រះអង្គឡើងជាមួយគ្នា! 4 ខ្ញុំបានស្វែងរកព្រះយេហូវ៉ា នោះព្រះអង្គក៏ឆ្លើយនឹងខ្ញុំ ហើយរំដោះខ្ញុំពីអស់ទាំងការភិតភ័យរបស់ខ្ញុំ។ 5 អ្នកដែលរំពឹងមើលទៅព្រះអង្គ ក៏ភ្លឺចែងចាំង ហើយមុខរបស់គេមិនអៀនខ្មាសឡើយ។ 6 ខ្ញុំដែលជាមនុស្សរងទុក្ខម្នាក់នេះ បានស្រែកហៅ នោះព្រះយេហូវ៉ាក៏បានសណ្ដាប់ ហើយសង្គ្រោះខ្ញុំពីអស់ទាំងទុក្ខវេទនារបស់ខ្ញុំ។ 7 ទូតសួគ៌របស់ព្រះយេហូវ៉ាបោះទ័ពជុំវិញអ្នកដែលកោតខ្លាចព្រះអង្គ ហើយរំដោះពួកគេ។ 8 ចូរភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាទ្រង់ល្អ! មានពរហើយ មនុស្សដែលជ្រកកោនក្នុងព្រះអង្គ! 9 វិសុទ្ធជនរបស់ព្រះយេហូវ៉ាអើយ ចូរកោតខ្លាចព្រះអង្គ! ដ្បិតអ្នកដែលកោតខ្លាចព្រះអង្គគ្មានភាពខ្វះខាតឡើយ។ 10 សិង្ហស្ទាវក៏ខ្វះខាត ហើយឃ្លានដែរ រីឯអ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងមិនខ្វះអ្វីដែលល្អឡើយ។ 11 កូនរាល់គ្នាអើយ ចូរមក ហើយស្ដាប់តាមខ្ញុំចុះ! ខ្ញុំនឹងបង្រៀនអ្នករាល់គ្នាអំពីការកោតខ្លាចព្រះយេហូវ៉ា។ 12 តើមនុស្សណាចង់បានជីវិត ហើយស្រឡាញ់អាយុវែង ដើម្បីឲ្យខ្លួនបានឃើញសេចក្ដីល្អ? 13 ចូរឲ្យអ្នកនោះទប់អណ្ដាតរបស់ខ្លួនពីការនិយាយអាក្រក់ ហើយទប់បបូរមាត់របស់ខ្លួនពីការនិយាយសេចក្ដីបោកបញ្ឆោត។ 14 ចូរបែរចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អវិញ ចូរស្វែងរកសន្តិភាព ហើយដេញតាមវា។ 15 ព្រះនេត្ររបស់ព្រះយេហូវ៉ានៅលើមនុស្សសុចរិត ហើយព្រះកាណ៌របស់ព្រះអង្គនៅនឹងសម្រែករបស់ពួកគេ។ 16 ព្រះភក្ត្ររបស់ព្រះយេហូវ៉ាទាស់នឹងមនុស្សដែលធ្វើអាក្រក់ ដើម្បីកាត់ការនឹកចាំអំពីពួកគេចេញពីផែនដី។ 17 នៅពេលមនុស្សសុចរិតស្រែកឡើង ព្រះយេហូវ៉ាក៏សណ្ដាប់ ហើយរំដោះពួកគេពីអស់ទាំងទុក្ខវេទនារបស់ពួកគេ។ 18 ព្រះយេហូវ៉ានៅជិតអ្នកដែលបែកខ្ទេចក្នុងចិត្ត ហើយព្រះអង្គទ្រង់សង្គ្រោះអ្នកដែលមានវិប្បដិសារីខាងឯវិញ្ញាណ។ 19 មនុស្សសុចរិតរងការធ្វើទុក្ខជាច្រើន ប៉ុន្តែព្រះយេហូវ៉ាទ្រង់រំដោះគេពីគ្រប់សេចក្ដីទាំងនោះ 20 ក៏ថែរក្សាអស់ទាំងឆ្អឹងគេ គឺគ្មានឆ្អឹងណាមួយត្រូវបានបំបាក់ឡើយ។ 21 សេចក្ដីអាក្រក់ធ្វើឲ្យមនុស្សអាក្រក់ត្រូវបានសម្លាប់ ហើយពួកដែលស្អប់មនុស្សសុចរិត នឹងត្រូវទទួលទោស។ 22 ព្រះយេហូវ៉ាទ្រង់ប្រោសលោះព្រលឹងរបស់បាវបម្រើព្រះអង្គ; អស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ នឹងមិនត្រូវទទួលទោសឡើយ៕ |