Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 61 - អាល់គីតាប


ដំណឹង‌ល្អ​ស្ដី​អំពី​ការ​សង្គ្រោះ

1 រស​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ សណ្ឋិត​លើ​ខ្ញុំ ដ្បិតអុលឡោះ‌តាអាឡា​បាន​ចាក់​ប្រេង​តែង‌តាំង​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់ ជួយ​ថែ​ទាំ​អ្នក​ដែល​បាក់​ទឹក​ចិត្ត ប្រកាស​ប្រាប់​ជន​ជាប់​ជា​ឈ្លើយ​ថា ពួក​គេ​នឹង​រួច​ខ្លួន ហើយ​ប្រាប់​អ្នក​ជាប់​ឃុំ‌ឃាំង​ថា ពួក​គេ​នឹង​មាន​សេរី‌ភាព

2 ព្រម​ទាំង​ប្រកាស​ពី​ឆ្នាំ​ដែលអុលឡោះ‌តាអាឡា​សំដែង ចិត្ត​មេត្តា‌ករុណា និង​ពី​ថ្ងៃ​កំណត់​ដែល​ម្ចាស់​របស់​យើង ដាក់​ទោស​មនុស្ស​អាក្រក់ ហើយ​សំរាល​ទុក្ខ​អស់​អ្នក​ដែល​កាន់​ទុក្ខ

3 គឺ​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​ដែល​កាន់​ទុក្ខ​នោះ ទទួល​មកុដ​នៅ​លើ​ក្បាល​ជំនួស​ផេះ ឲ្យ​គេ​លាប​ប្រេង​សំដែង​អំណរ​សប្បាយ ជំនួស​ភាព​ក្រៀម‌ក្រំ​នៃ​ការ​កាន់​ទុក្ខ ឲ្យ​គេ​ស្លៀក​ពាក់​យ៉ាង​ថ្លៃ‌ថ្នូរ ជំនួស​ខោ‌អាវ​ដាច់‌ដាច។ ពេល​នោះ គេ​នឹង​ប្រដូច​អ្នក​ក្រុង​យេរូ‌សាឡឹម ទៅ​នឹង​ដើម​ឈើ​សក្ការៈ​នៃ​ម្ចាស់​ដ៏​សុចរិត ជា​សួន​ឧទ្យាន​របស់អុលឡោះ‌តាអាឡា ដើម្បី​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​ទ្រង់។

4 ពួក​គេ​នឹង​សង់​ក្រុង ដែល​បាក់​បែក​កាល​ពី​មុន​នោះ​ឡើង​វិញ ពួក​គេ​នឹង​លើក​អ្វីៗ​ដែល​ខ្ទេច‌ខ្ទី​កាល​ពី​បុរាណ ឲ្យ​មាន​រូប​រាង​ឡើង​វិញ។ ពួក​គេ​ជួស‌ជុល​ក្រុង​ដែល​ខ្មាំង​បំផ្លាញ​ចោល ជា​ច្រើន​ជំនាន់​នោះ​ឡើង​វិញ។

5 សាសន៍​ដទៃ​នឹង​នាំ​គ្នា​មក ហើយ​ឃ្វាល​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា កូន​ចៅ​របស់​គេ​នឹង​ភ្ជួរ​រាស់​ដី ហើយ​ដាំ​ទំពាំង‌បាយជូរ​ឲ្យ​អ្នក​រាល់​គ្នា។

6 ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​មាន​ឈ្មោះ​ថា អ៊ីមុាំ​ដែល​បម្រើអុលឡោះ‌តាអាឡា គេ​នឹង​ហៅ​អ្នក​រាល់​គ្នា​ថា អ្នក​បម្រើ​របស់​ម្ចាស់​នៃ​យើង។ អ្នក​រាល់​គ្នា​នឹង​ចិញ្ចឹម​ជីវិត​ដោយ​ភោគ​ទ្រព្យ របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​អលង្ការ​ដ៏​មាន តម្លៃ​របស់​ពួក​គេ។

7 អ្នក​រាល់​គ្នា​លែង​អាម៉ាស់ និង​លែង​បាក់​មុខ​ទៀត​ហើយ អ្នក​រាល់​គ្នា​នឹង​ទទួល​ទឹក​ដី​របស់​គេ មួយ​ទ្វេ​ជា​ពីរ​ទុក​ជា​មត៌ក អ្នក​រាល់​គ្នា​នឹង​មាន​អំណរ​សប្បាយ អស់‌កល្ប​ជា‌និច្ច។

8 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា យើង​ចូល​ចិត្ត​យុត្តិធម៌ ហើយ​ស្អប់​ការ​ជំរិត​ជិះ‌ជាន់​ណាស់។ យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ​យ៉ាង​ត្រឹម​ត្រូវ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា‌និច្ច​ជា​មួយ​អ្នក​រាល់​គ្នា។

9 ប្រជា‌ជាតិ​ទាំង‌ឡាយ​នឹង​ស្គាល់​កូន​ចៅ របស់​អ្នក​រាល់​គ្នា ហើយ​ពូជ‌ពង្ស​អ្នក​រាល់​គ្នា​ក៏​នឹង​មាន​ឈ្មោះ​ល្បី នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា​ដែរ។ អស់​អ្នក​ដែល​ជួប​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា ពួក​គេ​ជា​ជាតិ​មួយ​ដែលអុលឡោះ‌តាអាឡា បាន​ប្រទាន​ពរ។

10 ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ព្រោះ​តែអុលឡោះ‌តាអាឡា ខ្ញុំ​រីក‌រាយ​យ៉ាង​អស់​ពី​ចិត្ត ព្រោះ​តែ​ម្ចាស់​របស់​ខ្ញុំ ដ្បិត​ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ។ ទ្រង់​បាន​យក​សេចក្ដី​សុចរិត មក​ពាក់​ឲ្យ​ខ្ញុំ ដូច​កូន​កម្លោះ និង​កូន​ក្រមុំ តែង​ខ្លួន​នៅ​ថ្ងៃ​រៀប​មង្គលការ។

11 ដី​ធ្វើ​ឲ្យ​ពន្លក និង​គ្រាប់​ពូជ​ផ្សេងៗ ដុះ​ឡើង​នៅ​ក្នុង​សួន​ច្បារ​យ៉ាង​ណា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត និង​ការ​សរសើរ​តម្កើង​ផុស​ចេញ​ពី​ទឹក​ដី​នេះ នៅ​ចំពោះ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​យ៉ាង​នោះ​ដែរ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម