អេសាយ 52 - ព្រះគម្ពីរខ្មែរសាកល1 ភ្ញាក់ឡើង! ភ្ញាក់ឡើង! ស៊ីយ៉ូនអើយ ចូរបំពាក់ឫទ្ធានុភាពរបស់អ្នក! យេរូសាឡិមជាក្រុងដ៏វិសុទ្ធអើយ ចូរស្លៀកសម្លៀកបំពាក់ដ៏រុងរឿងរបស់អ្នក! ដ្បិតលែងមានពួកដែលគ្មានការកាត់ស្បែក និងពួកសៅហ្មង ចូលមកក្នុងអ្នកទៀតឡើយ។ 2 យេរូសាឡិមអើយ ចូររលាស់ធូលីចេញពីខ្លួន! ចូរក្រោកឡើង ហើយអង្គុយ! កូនស្រីស៊ីយ៉ូនជាឈ្លើយសឹកអើយ ចូរដោះចំណងចេញពីករបស់អ្នក! 3 ដ្បិតព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “អ្នករាល់គ្នាត្រូវបានលក់ដោយឥតគិតថ្លៃ ក៏ត្រូវបានប្រោសលោះមិនមែនដោយប្រាក់”។ 4 ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ពីដំបូងប្រជារាស្ត្ររបស់យើងបានចុះទៅអេហ្ស៊ីប ដើម្បីរស់នៅបណ្ដោះអាសន្ននៅទីនោះ; ក្រោយមក ជនជាតិអាស្ស៊ីរីបានសង្កត់សង្កិនពួកគេដោយឥតហេតុ។ 5 ដូច្នេះឥឡូវនេះ តើយើងត្រូវធើ្វអ្វីនៅទីនេះ?”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ “ដែលប្រជារាស្ត្ររបស់យើងត្រូវបានយកទៅដោយឥតគិតថ្លៃ ពួកមេគ្រប់គ្រងរបស់ពួកគេក៏ធ្វើឲ្យពួកគេទ្រហោយំ ហើយនាមរបស់យើងត្រូវបានប្រមាថឥតឈប់ឈរវាល់ព្រឹកវាល់ល្ងាច”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ 6 “យ៉ាងណាមិញ ប្រជារាស្ត្ររបស់យើងនឹងស្គាល់នាមរបស់យើង។ ដូច្នេះនៅថ្ងៃនោះ ពួកគេនឹងដឹងថា គឺយើងហ្នឹងហើយ ជាព្រះអង្គនោះ ដែលបាននិយាយ។ មើល៍! គឺយើងហ្នឹងហើយ!”។ 7 ជើងរបស់អ្នកដែលប្រកាសដំណឹងល្អលើភ្នំនានា ស្រស់ស្អាតណាស់ហ្ន៎! អ្នកទាំងនោះជាអ្នកប្រកាសសេចក្ដីសុខសាន្ត ជាអ្នកប្រកាសដំណឹងល្អដ៏ប្រសើរ ជាអ្នកប្រកាសសេចក្ដីសង្គ្រោះ ជាអ្នកដែលនិយាយនឹងស៊ីយ៉ូនថា៖ “ព្រះរបស់អ្នកបានសោយរាជ្យហើយ!”។ 8 ន៏ សំឡេងពួកអ្នកយាមរបស់អ្នក! ពួកគេបន្លឺសំឡេងឡើង ពួកគេច្រៀងដោយអំណរជាមួយគ្នា ពីព្រោះពួកគេនឹងឃើញផ្ទាល់ភ្នែក នៅពេលព្រះយេហូវ៉ាយាងត្រឡប់មកស៊ីយ៉ូនវិញ។ 9 ទីបាក់បែករបស់យេរូសាឡិមអើយ ចូរហ៊ោកញ្ជ្រៀវ ចូរច្រៀងដោយអំណរជាមួយគ្នាចុះ! ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្ររបស់ព្រះអង្គ ក៏បានប្រោសលោះយេរូសាឡិមហើយ។ 10 ព្រះយេហូវ៉ាបានលាត់ព្រះពាហុដ៏វិសុទ្ធរបស់ព្រះអង្គនៅចំពោះភ្នែករបស់ប្រជាជាតិទាំងអស់; អស់ទាំងចុងបំផុតនៃផែនដីនឹងឃើញសេចក្ដីសង្គ្រោះរបស់ព្រះនៃពួកយើង។ 11 ចាកចេញទៅ! ចាកចេញទៅ! ចូរចេញពីទីនោះទៅ កុំពាល់របស់សៅហ្មងឡើយ! អ្នកដែលលើកសែងភាជនៈរបស់ព្រះយេហូវ៉ាអើយ ចូរចេញពីកណ្ដាលបាប៊ីឡូនទៅ ចូរជម្រះខ្លួនចុះ! 12 យ៉ាងណាមិញ អ្នករាល់គ្នានឹងមិនចេញទៅដោយរួសរាន់ទេ ក៏មិនទៅដោយរត់គេចដែរ ដ្បិតព្រះយេហូវ៉ានឹងយាងទៅខាងមុខអ្នករាល់គ្នា ព្រះនៃអ៊ីស្រាអែលនឹងការពារខាងក្រោយអ្នករាល់គ្នា។ អ្នកបម្រើដែលរងការឈឺចាប់ ត្រូវបានលើកឡើង 13 មើល៍! អ្នកបម្រើរបស់យើងនឹងប្រព្រឹត្តដោយប្រាជ្ញា លោកនឹងឡើងខ្ពស់ ហើយត្រូវបានតម្កើងឡើង ព្រមទាំងត្រូវបានលើកឲ្យខ្ពស់យ៉ាងក្រៃលែង។ 14 ដូចដែលមនុស្សជាច្រើនបានស្រឡាំងកាំងនឹងអ្នកយ៉ាងណា ——ដ្បិតភិនភាគរបស់លោកខូចទ្រង់ទ្រាយជាងមនុស្សធម្មតា រូបរាងរបស់លោកក៏ខូចទ្រង់ទ្រាយជាងមនុស្សជាតិ—— 15 លោកក៏នឹងប្រោះលើប្រជាជាតិជាច្រើនយ៉ាងនោះដែរ; បណ្ដាស្ដេចនឹងបិទមាត់របស់ខ្លួនដោយព្រោះលោក ដ្បិតអ្វីដែលមិនបានរៀបរាប់ប្រាប់ដល់ពួកគេ ពួកគេនឹងឃើញ ហើយអ្វីដែលពួកគេមិនដែលឮ ពួកគេនឹងយល់ច្បាស់៕ |