Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 25 - ព្រះគម្ពីរខ្មែរសាកល


រំពឹងមើលទៅ​ព្រះអម្ចាស់
បទតម្កើង ​របស់​ដាវីឌ​។

1 ព្រះយេហូវ៉ា​អើយ ទូលបង្គំ​លើក​ព្រលឹង​របស់ទូលបង្គំ​ឡើង​ឆ្ពោះទៅ​ព្រះអង្គ​!

2 ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​ជឿទុកចិត្តលើ​ព្រះអង្គ សូម​កុំឲ្យ​ទូលបង្គំ​អាម៉ាស់មុខ​ឡើយ​! សូម​កុំឲ្យ​ពួក​សត្រូវ​របស់ទូលបង្គំ​អរសប្បាយ​លើ​ទូលបង្គំ​ឡើយ​!

3 ជាការពិត អស់អ្នក​ដែល​ទន្ទឹងរង់ចាំ​ព្រះអង្គ នឹង​មិន​អាម៉ាស់មុខ​ឡើយ គឺ​អ្នកដែល​ក្បត់​ដោយ​គ្មានហេតុផល​វិញ ដែល​នឹង​អាម៉ាស់មុខ​។

4 ព្រះយេហូវ៉ា​អើយ សូមឲ្យ​ទូលបង្គំ​បាន​ស្គាល់​ផ្លូវ​របស់ព្រះអង្គ​ផង​! សូម​បង្រៀន​គន្លង​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង​!

5 សូម​នាំ​ទូលបង្គំ​ឲ្យដើរ​ក្នុង​សេចក្ដីពិត​របស់ព្រះអង្គ ហើយ​បង្រៀន​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ទូលបង្គំ​; ទូលបង្គំ​ទន្ទឹងរង់ចាំ​ព្រះអង្គ​វាល់ព្រឹកវាល់ល្ងាច​។

6 ព្រះយេហូវ៉ា​អើយ សូម​នឹកចាំ​សេចក្ដីមេត្តា និង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ផង ដ្បិត​សេចក្ដីទាំងនេះ​មាន​តាំងពីបុរាណមក​។

7 សូម​កុំ​នឹកចាំ​បាប​កាលពីនៅ​យុវវ័យ​របស់ទូលបង្គំ និង​ការបំពាន​របស់ទូលបង្គំ​ឡើយ​! ព្រះយេហូវ៉ា​អើយ ស្របតាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ សូម​នឹកចាំ​ទូលបង្គំ​ដោយព្រោះ​សេចក្ដីល្អ​របស់ព្រះអង្គ​ផង​!

8 ព្រះយេហូវ៉ា​ទ្រង់​ល្អ ហើយ​ទៀងត្រង់ ហេតុនេះហើយបានជា​ព្រះអង្គ​ណែនាំ​មនុស្សបាប​ក្នុង​ផ្លូវត្រឹមត្រូវ​។

9 ព្រះអង្គ​ទ្រង់​នាំ​មនុស្ស​តូចទាប​ឲ្យដើរ​ក្នុង​សេចក្ដីយុត្តិធម៌ ហើយ​បង្រៀន​មាគ៌ា​របស់ព្រះអង្គ​ដល់​ពួកគេ​។

10 អស់ទាំង​គន្លង​របស់​ព្រះយេហូវ៉ា ជា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​ជា​សេចក្ដីពិតត្រង់ ដល់​អ្នកដែល​រក្សា​សម្ពន្ធមេត្រី និង​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​។

11 ព្រះយេហូវ៉ា​អើយ សូម​លើកលែងទោស​អំពើទុច្ចរិត​របស់ទូលបង្គំ​ផង ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ ដ្បិត​អំពើទុច្ចរិតរបស់ទូលបង្គំ​ធំក្រៃលែង​។

12 តើ​នរណា​ជា​មនុស្ស​កោតខ្លាច​ព្រះយេហូវ៉ា​? ព្រះអង្គ​នឹង​ណែនាំ​អ្នកនោះ​ក្នុង​ផ្លូវ​ដែល​ត្រូវ​ជ្រើសរើស​។

13 ព្រលឹង​របស់អ្នកនោះ​នឹង​ស្នាក់នៅ​ក្នុង​ភាពមានពរ ហើយ​ពូជពង្ស​របស់អ្នកនោះ​នឹង​ទទួល​ផែនដី​ជាមរតក​។

14 ព្រះយេហូវ៉ា​ស្និទ្ធស្នាល​នឹង​អ្នកដែល​កោតខ្លាច​ព្រះអង្គ ហើយ​ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​គេ​ស្គាល់​សម្ពន្ធមេត្រី​របស់ព្រះអង្គ​។

15 ភ្នែក​របស់ទូលបង្គំ​រំពឹងមើលទៅ​ព្រះយេហូវ៉ា​ជានិច្ច ដ្បិត​ព្រះអង្គ​នឹង​ដោះ​ជើង​ទូលបង្គំ​ចេញ​ពី​សំណាញ់​។

16 សូម​បែរមក​រក​ទូលបង្គំ ហើយ​មេត្តា​ដល់​ទូលបង្គំ​ផង ពីព្រោះ​ទូលបង្គំ​ឯកោ និង​រងទុក្ខ​។

17 ទុក្ខអំពល់​ក្នុង​ចិត្ត​របស់ទូលបង្គំ​បាន​រីកធំឡើង សូម​ដោះ​ទូលបង្គំ​ចេញ​ពី​ទុក្ខព្រួយ​របស់ទូលបង្គំ​ផង​។

18 សូម​ចាប់អារម្មណ៍​នឹង​ទុក្ខវេទនា និង​ទុក្ខលំបាក​របស់ទូលបង្គំ ហើយ​សូម​យក​អស់ទាំង​បាប​របស់ទូលបង្គំ​ចេញ​ផង​។

19 សូម​ចាប់អារម្មណ៍​នឹង​សត្រូវ​របស់ទូលបង្គំ​ផង ដ្បិត​ពួកគេ​មានចំនួនច្រើន ហើយ​ពួកគេ​ស្អប់​ទូលបង្គំ​ដោយ​សម្អប់​ដ៏សាហាវ​។

20 សូម​រក្សា​ព្រលឹង​របស់ទូលបង្គំ ហើយ​រំដោះ​ទូលបង្គំ​ផង សូម​កុំឲ្យ​ទូលបង្គំ​អាម៉ាស់មុខ​ឡើយ ដ្បិត​ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ​។

21 សូមឲ្យ​សេចក្ដីគ្រប់លក្ខណ៍ និង​សេចក្ដីទៀងត្រង់​ការពារ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ទន្ទឹងរង់ចាំ​ព្រះអង្គ​។

22 ឱ​ព្រះ​អើយ សូម​ប្រោសលោះ​អ៊ីស្រាអែល​ចេញពី​អស់ទាំង​ទុក្ខវេទនា​របស់គេ​ផង​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម