កិច្ចការ 26 - ព្រះគម្ពីរខ្មែរសាកលប៉ូលឆ្លើយការពារខ្លួននៅមុខព្រះបាទអ័គ្រីប៉ា 1 ពេលនោះ អ័គ្រីប៉ាមានរាជឱង្ការនឹងប៉ូលថា៖ “អ្នកមានសិទ្ធិនិយាយអំពីខ្លួនឯងបាន”។ ប៉ូលក៏លាតដៃ ហើយចាប់ផ្ដើមឆ្លើយការពារខ្លួនថា៖ 2 “ព្រះបាទអ័គ្រីប៉ាអើយ ខ្ញុំព្រះបាទចាត់ទុកខ្លួនឯងថាមានភ័ព្វសំណាង ដែលអាចឆ្លើយការពារខ្លួននៅមុខព្រះករុណានៅថ្ងៃនេះ ទាក់ទងនឹងការទាំងអស់ដែលខ្ញុំព្រះបាទត្រូវពួកយូដាចោទប្រកាន់នោះ 3 ជាពិសេស ដោយសារព្រះករុណាជាអ្នកជំនាញខាងទំនៀមទម្លាប់ និងបញ្ហាទាំងអស់របស់ជនជាតិយូដា។ ដូច្នេះ ខ្ញុំព្រះបាទសូមអង្វរឲ្យព្រះករុណាសណ្ដាប់ខ្ញុំព្រះបាទដោយអនុគ្រោះផង។ 4 “ពិតណាស់ហើយ ជនជាតិយូដាទាំងអស់ស្គាល់របៀបរស់នៅរបស់ខ្ញុំព្រះបាទតាំងពីយុវវ័យមកម្ល៉េះ គឺរបៀបដែលខ្ញុំព្រះបាទនៅក្នុងចំណោមជនរួមជាតិរបស់ខ្ញុំព្រះបាទនៅយេរូសាឡិមកាលពីដំបូង។ 5 ពួកគេស្គាល់ខ្ញុំព្រះបាទតាំងពីយូរមកហើយ ហើយពួកគេអាចធ្វើបន្ទាល់បាន ប្រសិនបើចង់ ថាខ្ញុំព្រះបាទបានរស់នៅជាពួកផារិស៊ីស្របតាមនិកាយដ៏តឹងរ៉ឹងបំផុតនៃសាសនារបស់យើង។ 6 ឥឡូវនេះ ខ្ញុំព្រះបាទកំពុងឈរទទួលការកាត់ក្ដីដោយសារតែសេចក្ដីសង្ឃឹមចំពោះសេចក្ដីសន្យាដែលព្រះបានតាំងនឹងដូនតារបស់យើង 7 គឺសេចក្ដីសន្យាដែលកុលសម្ព័ន្ធទាំងដប់ពីររបស់យើងបានបម្រើព្រះយ៉ាងអស់ពីចិត្តទាំងយប់ទាំងថ្ងៃ ដោយសង្ឃឹមថានឹងទទួលបាន។ ព្រះរាជាអើយ ខ្ញុំព្រះបាទត្រូវពួកយូដាចោទប្រកាន់អំពីសេចក្ដីសង្ឃឹមនេះឯង។ 8 ហេតុអ្វីបានជាអស់លោកយល់ឃើញថា ការដែលព្រះលើកមនុស្សស្លាប់ឲ្យរស់ឡើងវិញនោះ ជាការមិនគួរឲ្យជឿដូច្នេះ? 9 ជាការពិត ខ្លួនខ្ញុំព្រះបាទផ្ទាល់ធ្លាប់គិតថា ត្រូវតែធ្វើកិច្ចការប្រឆាំងជាច្រើន ទាស់នឹងព្រះនាមព្រះយេស៊ូវអ្នកណាសារ៉ែត 10 ហើយខ្ញុំព្រះបាទបានធ្វើការនេះនៅយេរូសាឡិម។ មិនគ្រាន់តែប៉ុណ្ណោះទេ ខ្ញុំព្រះបាទបានឃុំឃាំងវិសុទ្ធជនជាច្រើនក្នុងគុក ដោយទទួលសិទ្ធិអំណាចពីពួកនាយកបូជាចារ្យ ថែមទាំងបោះឆ្នោតគាំទ្រទៀតផង ពេលពួកគេត្រូវសម្លាប់។ 11 នៅសាលាប្រជុំទាំងអស់ ខ្ញុំព្រះបាទបង្ខំពួកគេឲ្យនិយាយប្រមាថព្រះជាញឹកញាប់ ដោយដាក់ទណ្ឌកម្មពួកគេ។ ខ្ញុំព្រះបាទមានចិត្តក្ដៅក្រហាយកាន់តែខ្លាំងចំពោះពួកគេ ក៏បៀតបៀនពួកគេរហូតដល់ទីក្រុងនានានៅស្រុកក្រៅទៀតផង។ ប៉ូលធ្វើបន្ទាល់អំពីការទទួលជឿ និងបេសកកម្ម 12 “នៅគ្រានោះ ខ្ញុំព្រះបាទបានធ្វើដំណើរទៅដាម៉ាស់ ដោយទទួលសិទ្ធិអំណាច និងការអនុញ្ញាតពីពួកនាយកបូជាចារ្យ។ 13 ព្រះរាជាអើយ នៅពេលថ្ងៃត្រង់ កាលកំពុងធ្វើដំណើរតាមផ្លូវ ខ្ញុំព្រះបាទឃើញពន្លឺមួយពីលើមេឃដែលភ្លឺជាងព្រះអាទិត្យ ចាំងជុំវិញខ្ញុំព្រះបាទ និងពួកអ្នកដែលធ្វើដំណើរជាមួយខ្ញុំព្រះបាទ។ 14 ពេលនោះ យើងខ្ញុំទាំងអស់គ្នាដួលទៅលើដី រួចខ្ញុំព្រះបាទក៏ឮសំឡេងមួយនិយាយនឹងខ្ញុំព្រះបាទជាភាសាហេព្រើរថា:‘សូល សូល! ហេតុអ្វីបានជាអ្នកបៀតបៀនយើង? ជាការពិបាកសម្រាប់អ្នក ដែលអ្នកទាត់ជន្លួញ’។ 15 “ខ្ញុំព្រះបាទទូលថា: ‘ព្រះអម្ចាស់! តើព្រះអង្គជានរណា?’។ “ព្រះអម្ចាស់មានបន្ទូលថា:‘យើងគឺយេស៊ូវ ដែលអ្នកកំពុងបៀតបៀន។ 16 ចូរក្រោកឡើង ហើយឈរដោយជើងអ្នកចុះ! ដ្បិតយើងបានលេចមកដល់អ្នកដើម្បីការនេះ គឺដើម្បីតែងតាំងអ្នកជាអ្នកបម្រើ និងជាសាក្សីអំពីការដែលអ្នកបានឃើញយើង ព្រមទាំងអំពីអ្វីដែលយើងនឹងសម្ដែងដល់អ្នក។ 17 យើងនឹងរំដោះអ្នកចេញពីប្រជាជនអ៊ីស្រាអែលនិងពីសាសន៍ដទៃ។យើងនឹងចាត់អ្នកឲ្យទៅរកពួកគេ 18 ដើម្បីបើកភ្នែកពួកគេ ដើម្បីឲ្យពួកគេបែរពីសេចក្ដីងងឹតមករកពន្លឺវិញ បែរពីអំណាចសាតាំងមករកព្រះវិញ ព្រមទាំងដើម្បីឲ្យពួកគេបានទទួលការលើកលែងទោសបាប និងទទួលចំណែកជាមួយអ្នកដែលត្រូវបានញែកជាវិសុទ្ធដោយជំនឿលើយើង’។ 19 “ដូច្នេះ ព្រះបាទអ័គ្រីប៉ាអើយ ខ្ញុំព្រះបាទមិនបានជំទាស់នឹងនិមិត្តនៃស្ថានសួគ៌នេះទេ។ 20 មុនដំបូង ខ្ញុំព្រះបាទចាប់ផ្ដើមប្រកាសនៅដាម៉ាស់ ហើយបន្ទាប់មកនៅយេរូសាឡិម ស្រុកយូឌាទាំងមូល និងដល់សាសន៍ដទៃ ឲ្យពួកគេកែប្រែចិត្ត បែរមករកព្រះវិញ ទាំងប្រព្រឹត្តអំពើដែលសមនឹងការកែប្រែចិត្ត។ 21 ដោយសារតែការទាំងនេះ ពួកយូដាបានចាប់ខ្ញុំព្រះបាទ ពេលខ្ញុំព្រះបាទនៅក្នុងព្រះវិហារ ហើយព្យាយាមសម្លាប់ខ្ញុំព្រះបាទ។ 22 យ៉ាងណាមិញ ដោយទទួលការជួយពីព្រះ ខ្ញុំព្រះបាទបានឈរធ្វើបន្ទាល់ ដល់អ្នកតូចផង ដល់អ្នកធំផង រហូតដល់ថ្ងៃនេះ។ ខ្ញុំព្រះបាទមិននិយាយអ្វី ក្រៅពីសេចក្ដីដែលបណ្ដាព្យាការី និងម៉ូសេបានថ្លែងថានឹងកើតឡើងនោះទេ 23 គឺថាព្រះគ្រីស្ទត្រូវតែរងទុក្ខ និងថាដោយព្រះអង្គជាអ្នកដែលរស់ឡើងវិញមុនគេបង្អស់ពីចំណោមមនុស្សស្លាប់ ព្រះអង្គនឹងប្រកាសពន្លឺ ដល់ប្រជារាស្ត្រនេះផង ដល់សាសន៍ដទៃផង”។ ប្រតិកម្មនឹងសម្ដីរបស់ប៉ូល 24 ខណៈដែលប៉ូលកំពុងឆ្លើយការពារខ្លួនដូច្នេះ ភេស្ទុសមានប្រសាសន៍ដោយសំឡេងយ៉ាងខ្លាំងថា៖ “ប៉ូលអើយ អ្នកឆ្កួតហើយ! ការរៀនសូត្រច្រើនពេកបានធ្វើឲ្យអ្នកទៅជាឆ្កួតហើយ!”។ 25 ប៉ូលតបថា៖ “ឯកឧត្ដមភេស្ទុសអើយ ខ្ញុំមិនឆ្កួតទេ។ ផ្ទុយទៅវិញ ខ្ញុំកំពុងនិយាយពាក្យពិត និងសមហេតុផលទេតើ។ 26 ដោយសារព្រះរាជាទ្រង់ជ្រាបអំពីការទាំងនេះ បានជាខ្ញុំទូលដល់ទ្រង់យ៉ាងក្លាហាន។ ដ្បិតខ្ញុំជឿជាក់ថា ក្នុងចំណោមការទាំងនេះ គ្មានអ្វីមួយដែលលាក់បាំងពីទ្រង់ទេ ពីព្រោះការនេះមិនបានកើតឡើងនៅកន្លៀតណាឡើយ។ 27 ព្រះបាទអ័គ្រីប៉ាអើយ តើព្រះករុណាជឿបណ្ដាព្យាការីឬទេ? ខ្ញុំព្រះបាទដឹងថាព្រះករុណាជឿហើយ”។ 28 អ័គ្រីប៉ាមានរាជឱង្ការនឹងប៉ូលថា៖ “អ្នកចង់បញ្ចុះបញ្ចូលយើងឲ្យធ្វើជាគ្រីស្ទាន ដោយពាក្យតែបន្តិចឬ?”។ 29 ប៉ូលទូលថា៖ “ទោះបីជាពាក្យបន្តិច ឬច្រើនក៏ដោយ ក៏ខ្ញុំព្រះបាទសូមអធិស្ឋានទៅព្រះ មិនគ្រាន់តែសម្រាប់ព្រះករុណាប៉ុណ្ណោះទេ គឺសម្រាប់អស់អ្នកដែលកំពុងស្ដាប់ខ្ញុំព្រះបាទនៅថ្ងៃនេះ ឲ្យបានដូចជាខ្ញុំព្រះបាទដែរ ប៉ុន្តែកុំឲ្យជាប់ច្រវាក់ទាំងនេះ!”។ 30 បន្ទាប់មក ទាំងស្ដេច អភិបាល និងបេរេនីស ព្រមទាំងពួកអ្នកដែលអង្គុយជាមួយពួកគេក៏ក្រោកឡើង។ 31 លុះចេញទៅខាងក្រៅ ពួកគេនិយាយគ្នាថា៖ “បុរសនេះមិនបានធ្វើអ្វីសមតែស្លាប់ ឬជាប់ឃុំឃាំងឡើយ”។ 32 អ័គ្រីប៉ាមានរាជឱង្ការនឹងភេស្ទុសថា៖ “បុរសនេះអាចដោះលែងបាន ប្រសិនបើមិនបានប្ដឹងឧទ្ធរណ៍ទៅសេសារ”៕ |