អេសាយ 57 - ព្រះគម្ពីរខ្មែរសាកល1 មនុស្សសុចរិតវិនាសទៅដោយគ្មានអ្នកណាយកចិត្តទុកដាក់ មនុស្សស្មោះត្រង់ត្រូវបានដកចេញដោយគ្មានអ្នកណាយល់។ តាមពិត មនុស្សសុចរិតត្រូវបានដកចេញពីមហន្តរាយ 2 ហើយចូលទៅក្នុងសេចក្ដីសុខសាន្ត; អ្នកដែលដើរក្នុងភាពទៀងត្រង់របស់ខ្លួន នឹងសម្រាកនៅលើគ្រែរបស់ខ្លួន។ ថ្កោលទោសអ្នកគោរពព្រះក្លែងក្លាយ 3 “រីឯអ្នករាល់គ្នាជាកូនចៅរបស់មេធ្មប់ ជាពូជពង្សរបស់មនុស្សផិតក្បត់ និងស្រីពេស្យាអើយ ចូរមកទីនេះចុះ! 4 តើអ្នករាល់គ្នាចំអកឡកឡឺយដាក់អ្នកណា? តើអ្នករាល់គ្នាហាមាត់ ហើយលៀនអណ្ដាតដាក់អ្នកណា? តើអ្នករាល់គ្នាមិនមែនជាកូននៃការបំពាន ជាពូជពង្សនៃសេចក្ដីកុហកទេឬ? 5 អ្នករាល់គ្នាជាអ្នកដែលស្រើបស្រាលនៅតាមដើមអូក នៅក្រោមដើមឈើខៀវខ្ចីទាំងអស់ ជាអ្នកដែលសម្លាប់កូនក្មេងនៅតាមជ្រលងភ្នំ និងនៅក្រោមប្រឡោះផ្ទាំងថ្ម។ 6 ថ្មរលីងនៅកណ្ដាលជ្រលងភ្នំជាចំណែករបស់អ្នក ថ្មទាំងនោះជាវាសនារបស់អ្នក! មែនហើយ អ្នកបានច្រូចតង្វាយច្រូច ព្រមទាំងថ្វាយតង្វាយធញ្ញជាតិដល់ថ្មទាំងនោះផង។ តើឲ្យយើងបានកម្សាន្តចិត្តដោយការទាំងនេះឬ? 7 អ្នកបានដាក់គ្រែរបស់អ្នកនៅលើភ្នំខ្ពស់ និងស្កឹមស្កៃ ក៏បានឡើងទៅទីនោះដើម្បីថ្វាយយញ្ញបូជាដែរ។ 8 អ្នកបានតម្កល់រូបតំណាងរបស់អ្នកនៅខាងក្រោយទ្វារ និងសសរទ្វារ។ អ្នកបានប្រាសចាកពីយើង ក៏សម្រាតខ្លួន ហើយឡើងទៅធ្វើឲ្យគ្រែរបស់ខ្លួនធំទូលាយ; អ្នកបានតាំងសម្ពន្ធមេត្រីជាមួយពួកគេសម្រាប់ខ្លួនអ្នក ក៏ស្រឡាញ់គ្រែរបស់ពួកគេ ព្រមទាំងសម្លឹងមើលភាពអាក្រាតផង។ 9 អ្នកបានទៅគាល់ព្រះម៉ូឡុកជាមួយប្រេង ហើយបានបង្កើនទឹកអប់របស់អ្នក ក៏បានចាត់ទូតរបស់អ្នកឲ្យទៅទីឆ្ងាយ គឺឲ្យគេចុះទៅរហូតដល់ស្ថានមនុស្សស្លាប់។ 10 អ្នកបានអស់កម្លាំងដោយដំណើរវែងឆ្ងាយរបស់អ្នក ប៉ុន្តែអ្នកមិនបានពោលថា: ‘អស់សង្ឃឹមហើយ!’ នោះទេ អ្នកបានរកឃើញការបន្តកម្លាំងជាថ្មី ដូច្នេះបានជាអ្នកមិនបានចុះខ្សោយឡើយ។ 11 តើអ្នកបានភិតភ័យ និងខ្លាចអ្នកណា បានជាអ្នកកុហក ហើយមិនបាននឹកចាំអំពីយើង ក៏មិនបានយកចិត្តទុកដាក់ដូច្នេះ? តើយើងមិនបាននៅស្ងៀមជាយូរមកហើយទេឬ បានជាអ្នកមិនកោតខ្លាចយើង? 12 យើងនឹងលាតត្រដាងអ្វីដែលអ្នកហៅថា ‘ភាពសុចរិត’ និងទង្វើរបស់អ្នក ប៉ុន្តែវាមិនមែនជាប្រយោជន៍ដល់អ្នកទេ! 13 កាលណាអ្នកស្រែកយំ ចូរឲ្យអ្វីដែលអ្នកបានប្រមូលទុក រំដោះអ្នកចុះ! ប៉ុន្តែខ្យល់នឹងផាត់ពួកវាទៅទាំងអស់ ខ្យល់ដង្ហើមនឹងយកពួកវាទៅ រីឯអ្នកដែលជ្រកកោនក្នុងយើងវិញ នឹងទទួលទឹកដីជាមរតក ហើយកាន់កាប់ភ្នំដ៏វិសុទ្ធរបស់យើង”។ ការប្រោសឲ្យជា និងសេចក្ដីសុខសាន្ត 14 ព្រះយេហូវ៉ាមានបន្ទូលថា៖ “សង់ឡើង! សង់ឡើង! ចូររៀបចំផ្លូវ! ចូរយកសេចក្ដីបណ្ដាលឲ្យជំពប់ដួលចេញពីផ្លូវរបស់ប្រជារាស្ត្រយើង!”។ 15 ដ្បិតអង្គដ៏ខ្ពង់ខ្ពស់ និងដ៏ឧត្ដុង្គឧត្ដម ជាព្រះអង្គដែលគង់នៅអស់កល្ប ដែលព្រះអង្គមានព្រះនាមថាវិសុទ្ធ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងនៅស្ថានដ៏ខ្ពស់ និងវិសុទ្ធ ក៏នៅជាមួយអ្នកដែលមានវិប្បដិសារី និងរាបទាបខាងឯវិញ្ញាណ ដើម្បីស្ដារវិញ្ញាណរបស់មនុស្សរាបទាបឡើងវិញ ហើយស្ដារចិត្តរបស់មនុស្សមានវិប្បដិសារីឡើងវិញ។ 16 ដ្បិតយើងមិនតតាំងជារៀងរហូតទេ ក៏មិនខឹងជាដរាបដែរ ក្រែងលោវិញ្ញាណរបស់មនុស្សជាខ្យល់ដង្ហើម ដែលយើងបានបង្កើត បានចុះខ្សោយនៅមុខយើង។ 17 យើងបានខឹង ហើយវាយគេ ដោយព្រោះសេចក្ដីទុច្ចរិតនៃភាពលោភលន់របស់គេ; យើងបានលាក់ខ្លួន ហើយខឹង ប៉ុន្តែគេទៅមុខក្នុងការបកក្រោយតាមអំពើចិត្ត។ 18 យើងបានឃើញផ្លូវរបស់គេ ប៉ុន្តែយើងនឹងប្រោសគេឲ្យជា; យើងនឹងនាំផ្លូវគេ ហើយធ្វើឲ្យមានការកម្សាន្តចិត្តឡើងវិញដល់គេ និងដល់អ្នកកាន់ទុក្ខរបស់គេ 19 ព្រមទាំងធ្វើឲ្យគេបង្កើតផលផ្លែនៃបបូរមាត់ថា: ‘សេចក្ដីសុខសាន្ត! សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នកដែលនៅឆ្ងាយ និងដល់អ្នកដែលនៅជិត!’។ យើងនឹងប្រោសគេឲ្យជា”។ ព្រះយេហូវ៉ាបានមានបន្ទូលដូច្នេះហើយ។ 20 ប៉ុន្តែមនុស្សអាក្រក់ ប្រៀបដូចជាសមុទ្រដែលរំជួលចុះឡើង គឺមិនអាចនៅស្ងៀមបានឡើយ ទឹករបស់វាកូរល្បាប់ និងភក់ឡើង។ 21 ព្រះរបស់ខ្ញុំមានបន្ទូលថា៖ “គ្មានសេចក្ដីសុខសាន្តសម្រាប់មនុស្សអាក្រក់ឡើយ”៕ |