ទំនុកតម្កើង 147 - ព្រះគម្ពីរខ្មែរសាកលព្រះទ្រង់ស្ដារយេរូសាឡិមឡើងវិញ 1 ហាលេលូយ៉ា! ដ្បិតការដែលច្រៀងសរសើរតម្កើងព្រះរបស់យើងជាការល្អ ដ្បិតចម្រៀងសរសើរតម្កើង នោះប្រពៃ ហើយសមគួរទៀតផង! 2 ព្រះយេហូវ៉ាសាងសង់យេរូសាឡិមឡើង ព្រះអង្គប្រមូលអ្នកដែលត្រូវបានបណ្ដេញចេញនៃអ៊ីស្រាអែលមកវិញ។ 3 ព្រះអង្គប្រោសអ្នកដែលបែកខ្ទេចក្នុងចិត្តឲ្យជា ហើយរុំរបួសរបស់ពួកគេ។ 4 ព្រះអង្គទ្រង់រាប់ចំនួនផ្កាយ ហើយដាក់ឈ្មោះឲ្យវាទាំងអស់។ 5 ព្រះអម្ចាស់របស់យើងទ្រង់ធំឧត្ដម ហើយប្រកបដោយព្រះចេស្ដាដ៏មហិមា; ការយល់ដឹងរបស់ព្រះអង្គវាស់ស្ទង់មិនបានឡើយ។ 6 ព្រះយេហូវ៉ាទ្រទ្រង់មនុស្សតូចទាប ហើយបន្ទាបមនុស្សអាក្រក់ចុះដល់ដី។ 7 ចូរច្រៀងទៅកាន់ព្រះយេហូវ៉ាដោយការអរព្រះគុណ ចូរច្រៀងសរសើរតម្កើងព្រះរបស់យើងដោយពិណហាប! 8 ព្រះអង្គគ្របដណ្ដប់ផ្ទៃមេឃដោយពពក ហើយរៀបចំភ្លៀងសម្រាប់ផែនដី ក៏ធ្វើឲ្យស្មៅដុះឡើងនៅលើភ្នំនានា។ 9 ព្រះអង្គប្រទានចំណីដល់សត្វព្រៃ និងដល់កូនក្អែកនៅពេលវាយំ។ 10 ព្រះអង្គមិនសព្វព្រះហឫទ័យនឹងកម្លាំងរបស់សេះ ក៏មិនរីករាយនឹងកម្លាំងជើងរបស់មនុស្សដែរ 11 គឺព្រះយេហូវ៉ាទ្រង់រីករាយនឹងអ្នកដែលកោតខ្លាចព្រះអង្គ និងអ្នកដែលរំពឹងលើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គវិញ។ 12 យេរូសាឡិមអើយ ចូរលើកតម្កើងព្រះយេហូវ៉ា! ស៊ីយ៉ូនអើយ ចូរសរសើរតម្កើងព្រះរបស់អ្នក! 13 ដ្បិតព្រះអង្គបានពង្រឹងរនុកទ្វារក្រុងរបស់អ្នក ព្រះអង្គបានប្រទានពរកូនៗរបស់អ្នកដែលនៅជាមួយអ្នក។ 14 ព្រះអង្គទ្រង់ធ្វើឲ្យមានសេចក្ដីសុខសាន្តនៅក្នុងព្រំដែនរបស់អ្នក ហើយចម្អែតអ្នកដោយស្រូវសាលីល្អបំផុត។ 15 ព្រះអង្គទ្រង់ចាត់សេចក្ដីបង្គាប់របស់ព្រះអង្គឲ្យទៅលើផែនដី; ព្រះបន្ទូលរបស់ព្រះអង្គរត់ទៅយ៉ាងលឿន។ 16 ព្រះអង្គប្រទានព្រិលដូចជារោមចៀម ព្រះអង្គបាចសន្សើមកកដូចជាផេះ។ 17 ព្រះអង្គបោះដុំទឹកកករបស់ព្រះអង្គដូចជាដុំនំប៉័ង តើនរណាអាចឈរនៅចំពោះភាពត្រជាក់ពីព្រះអង្គបាន? 18 ព្រះអង្គទ្រង់ចាត់ព្រះបន្ទូលរបស់ព្រះអង្គឲ្យទៅ ហើយរំលាយវា ព្រះអង្គទ្រង់ធ្វើឲ្យខ្យល់របស់ព្រះអង្គបក់មក នោះទឹកក៏ហូរវិញ។ 19 ព្រះអង្គប្រកាសព្រះបន្ទូលរបស់ព្រះអង្គដល់យ៉ាកុប ក៏ប្រកាសបទបញ្ញត្តិ និងច្បាប់របស់ព្រះអង្គដល់អ៊ីស្រាអែលផង។ 20 ព្រះអង្គមិនបានប្រព្រឹត្តដូច្នេះដល់ប្រជាជាតិណាទៀតឡើយ ហើយពួកគេក៏មិនបានស្គាល់ច្បាប់របស់ព្រះអង្គដែរ។ ហាលេលូយ៉ា!៕ |