អេសាយ 61 - ព្រះគម្ពីរខ្មែរសាកលឆ្នាំនៃសេចក្ដីសន្ដោសរបស់ព្រះមែស៊ី 1 ព្រះវិញ្ញាណរបស់ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ា ស្ថិតនៅលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាបានចាក់ប្រេងអភិសេកលើខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សតូចទាប។ ព្រះអង្គបានចាត់ខ្ញុំឲ្យទៅ ដើម្បីរុំរបួសឲ្យមនុស្សដែលបែកខ្ទេចក្នុងចិត្ត ដើម្បីប្រកាសសេរីភាពដល់ពួកឈ្លើយសឹក និងការដោះលែងដល់ពួកអ្នកដែលជាប់គុក 2 ដើម្បីប្រកាសឆ្នាំនៃសេចក្ដីសន្ដោសរបស់ព្រះយេហូវ៉ា និងថ្ងៃនៃការសងសឹករបស់ព្រះនៃពួកយើង ដើម្បីសម្រាលទុក្ខអស់អ្នកដែលកាន់ទុក្ខ 3 ដើម្បីចែកដល់ពួកអ្នកដែលកាន់ទុក្ខនៃស៊ីយ៉ូន គឺឲ្យគ្រឿងតែងសក់ដល់ពួកគេជំនួសផេះ ប្រេងនៃអំណរជំនួសការកាន់ទុក្ខ ព្រមទាំងសម្លៀកបំពាក់នៃការសរសើរតម្កើងជំនួសវិញ្ញាណខ្សោយល្វើយ ដើម្បីឲ្យពួកគេត្រូវបានហៅថា “ដើមអូកនៃសេចក្ដីសុចរិត” ដែលចេញពីការដាំដុះរបស់ព្រះយេហូវ៉ា ដើម្បីឲ្យព្រះអង្គទទួលការលើកតម្កើងសិរីរុងរឿង។ 4 ពួកគេនឹងសង់ទីបាក់បែកពីបុរាណឡើងវិញ ហើយស្ដារទីស្ងាត់ជ្រងំពីមុនឡើងវិញ; ពួកគេនឹងជួសជុលទីក្រុងខូចបង់ ដែលជាទីស្ងាត់ជ្រងំពីជំនាន់មួយទៅជំនាន់មួយផង។ 5 ពួកសាសន៍ដទៃនឹងឈរឡើង ឃ្វាលហ្វូងចៀមរបស់អ្នករាល់គ្នា ជនបរទេសនឹងក្លាយជាអ្នកភ្ជួររាស់របស់អ្នករាល់គ្នា និងជាអ្នកថែចម្ការទំពាំងបាយជូររបស់អ្នករាល់គ្នា។ 6 រីឯអ្នករាល់គ្នានឹងត្រូវបានហៅថា “បូជាចារ្យរបស់ព្រះយេហូវ៉ា” គេនឹងហៅអ្នករាល់គ្នាថា “អ្នកបម្រើរបស់ព្រះនៃយើង”; អ្នករាល់គ្នានឹងហូបពីភោគទ្រព្យរបស់ប្រជាជាតិនានា ព្រមទាំងអួតខ្លួនក្នុងភាពរុងរឿងរបស់ពួកគេផង។ 7 ជំនួសឲ្យសេចក្ដីអាម៉ាស់របស់អ្នករាល់គ្នា នឹងមានចំណែកទ្វេដង ជំនួសឲ្យភាពអាប់យស អ្នករាល់គ្នានឹងស្រែកហ៊ោសប្បាយដោយព្រោះចំណែករបស់ខ្លួន។ គឺយ៉ាងនេះឯងដែលអ្នករាល់គ្នានឹងកាន់កាប់ចំណែកទ្វេដងនៅក្នុងទឹកដីរបស់អ្នករាល់គ្នា អំណរដ៏អស់កល្បនឹងទៅជារបស់អ្នករាល់គ្នា។ 8 ដ្បិតយើងជាយេហូវ៉ាស្រឡាញ់សេចក្ដីយុត្តិធម៌ ហើយស្អប់ការលួចប្លន់ និងអំពើទុច្ចរិត។ យើងនឹងឲ្យរង្វាន់ដល់ពួកគេដោយសេចក្ដីពិតត្រង់ ហើយតាំងសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ចជាមួយពួកគេ។ 9 ពូជពង្សរបស់ពួកគេនឹងត្រូវបានស្គាល់ក្នុងចំណោមប្រជាជាតិនានា កូនចៅរបស់ពួកគេនឹងត្រូវបានស្គាល់នៅកណ្ដាលជាតិសាសន៍ទាំងឡាយ; អស់អ្នកដែលឃើញពួកគេនឹងទទួលស្គាល់ពួកគេថា ពួកគេជាពូជពង្សដែលព្រះយេហូវ៉ាបានប្រទានពរ។ 10 ខ្ញុំនឹងរីករាយយ៉ាងខ្លាំងនឹងព្រះយេហូវ៉ា ព្រលឹងរបស់ខ្ញុំនឹងត្រេកអរនឹងព្រះរបស់ខ្ញុំ ពីព្រោះព្រះអង្គបានស្លៀកពាក់ឲ្យខ្ញុំដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវវែងនៃសេចក្ដីសុចរិត ដូចជាកូនកំលោះដែលពាក់ឈ្នួតស្អាតបែបបូជាចារ្យ ដូចជាកូនក្រមុំដែលតែងខ្លួនដោយគ្រឿងអលង្ការរបស់ខ្លួន។ 11 ដ្បិតដូចដែលផែនដីធ្វើឲ្យចេញពន្លក ហើយសួនច្បារធ្វើឲ្យអ្វីដែលព្រោះនៅទីនោះដុះឡើងយ៉ាងណា ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាក៏នឹងធ្វើឲ្យសេចក្ដីសុចរិត និងសេចក្ដីសរសើរតម្កើងដុះឡើង នៅចំពោះប្រជាជាតិទាំងអស់យ៉ាងនោះដែរ៕ |