Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 69 - ព្រះគម្ពីរខ្មែរសាកល


អង្វរសុំព្រះឲ្យសង្គ្រោះ
បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង ត្រូវលេង​តាម​ទំនុកភ្លេង​ផ្កាលីលី​។

1 ឱ​ព្រះ​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ផង ដ្បិត​ទឹក​បាន​ឡើង​ដល់​ក​ទូលបង្គំ​ហើយ​!

2 ទូលបង្គំ​បាន​លិចចុះ​ក្នុង​ភក់​ដ៏ជ្រៅ គឺ​គ្មាន​កន្លែងដាក់ជើង​ឡើយ ទូលបង្គំ​បាន​ចូល​ទៅក្នុង​ជម្រៅ​ទឹក ហើយ​ទឹកជំនន់​បាន​ជន់លិច​ទូលបង្គំ​។

3 ទូលបង្គំ​អស់កម្លាំង​ដោយសារតែ​ការ​ស្រែកហៅ​របស់ទូលបង្គំ បំពង់ក​ទូលបង្គំ​បាន​ស្ងួត​ហើយ​; ភ្នែក​ទូលបង្គំ​បាន​ស្រវាំង ទាំង​រំពឹង​លើ​ព្រះ​នៃទូលបង្គំ​។

4 អ្នកដែល​ស្អប់​ទូលបង្គំ​ដោយគ្មានមូលហេតុ មានច្រើន​ជាង​សក់​ក្បាល​របស់ទូលបង្គំ​ទៅទៀត អ្នកដែល​ចង់​បំផ្លាញជីវិត​ទូលបង្គំ ដែលធ្វើជា​សត្រូវ​របស់ទូលបង្គំ​ដោយ​ឥតហេតុ ខ្លាំងពូកែ​ណាស់​។ សូម្បីតែ​អ្វីដែល​ទូលបង្គំ​មិន​បាន​ប្លន់ ក៏​ទូលបង្គំ​ត្រូវតែ​សងវិញ​ដែរ​!

5 ឱ​ព្រះ​អើយ ព្រះអង្គ​ស្គាល់​ភាពល្ងង់​របស់ទូលបង្គំ ហើយ​កំហុស​របស់ទូលបង្គំ​ក៏​មិន​ត្រូវបាន​លាក់បាំង​ពី​ព្រះអង្គ​ដែរ​!

6 ព្រះអម្ចាស់​នៃទូលបង្គំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​អើយ សូម​កុំឲ្យ​អ្នកដែល​ទន្ទឹងរង់ចាំ​ព្រះអង្គ អាម៉ាស់មុខ​ដោយសារតែ​ទូលបង្គំ​ឡើយ​! ព្រះ​នៃ​អ៊ីស្រាអែល​អើយ សូម​កុំឲ្យ​អ្នកដែល​ស្វែងរក​ព្រះអង្គ អៀនខ្មាស​ដោយសារតែ​ទូលបង្គំ​ឡើយ​!

7 ដ្បិត​ទូលបង្គំ​បាន​ផ្ទុក​ការត្មះតិះដៀល​ដោយយល់ដល់​ព្រះអង្គ​; ភាពអាប់យស​បាន​គ្របបាំង​មុខ​របស់ទូលបង្គំ​។

8 ទូលបង្គំ​ជា​ជនមិនស្គាល់​ដល់​បងប្អូន​របស់ទូលបង្គំ ហើយ​ជា​ជនចម្លែក​ដល់​កូន​ៗ​របស់​ម្ដាយ​ទូលបង្គំ​។

9 ដ្បិត​ចិត្តឆេះឆួល​ចំពោះ​ដំណាក់​របស់ព្រះអង្គ បាន​ឆេះសន្ធោសន្ធៅ​នៅក្នុង​ទូលបង្គំ ហើយ​សេចក្ដីត្មះតិះដៀល​របស់​ពួកអ្នកដែល​ត្មះតិះដៀល​ព្រះអង្គ បាន​ធ្លាក់​មកលើ​ទូលបង្គំ​។

10 កាល​ទូលបង្គំ​បាន​យំសោក ហើយធ្វើទុក្ខ​ព្រលឹង​របស់ទូលបង្គំ​ដោយ​ការតមអាហារ វា​ក៏​ក្លាយទៅជា​ការត្មះតិះដៀល​ដល់​ទូលបង្គំ​វិញ​។

11 កាល​ទូលបង្គំ​យក​ក្រណាត់ធ្មៃ​ធ្វើជា​សម្លៀកបំពាក់​របស់ខ្លួន នោះ​ទូលបង្គំ​ក៏​ក្លាយ​ទៅជា​ពាក្យប្រដូចបង្អាប់​ដល់​ពួកគេ​។

12 ពួកអ្នកដែល​អង្គុយ​តាម​ខ្លោងទ្វារក្រុង​និយាយដើម​ទូលបង្គំ ហើយ​ទូលបង្គំជា​ចម្រៀង​របស់​មនុស្សប្រមឹក​។

13 រីឯ​ទូលបង្គំ​វិញ ព្រះយេហូវ៉ា​អើយ សេចក្ដីអធិស្ឋាន​របស់ទូលបង្គំ​នៅចំពោះ​ព្រះអង្គ​ហើយ​! ឱ​ព្រះ​អើយ ក្នុង​វេលា​នៃ​ការសន្ដោស សូម​ឆ្លើយ​នឹង​ទូលបង្គំ​ក្នុង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏បរិបូរ​របស់ព្រះអង្គ និង​ក្នុង​ភាពពិតត្រង់​នៃ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​ផង​!

14 សូម​រំដោះ​ទូលបង្គំ​ពី​ភក់ កុំឲ្យ​ទូលបង្គំ​លិចចុះ​ឡើយ សូម​រំដោះ​ទូលបង្គំ​ពី​អ្នកដែល​ស្អប់​ទូលបង្គំ និង​ពី​ជម្រៅ​ទឹក​ផង​។

15 សូម​កុំឲ្យ​ទឹកជំនន់​ជន់លិច​ទូលបង្គំ ក៏​កុំឲ្យ​ទីជម្រៅ​លេប​ទូលបង្គំ​ដែរ ហើយ​កុំឲ្យ​រណ្ដៅ​បិទ​មាត់​វា​លើ​ទូលបង្គំ​ឡើយ​។

16 ព្រះយេហូវ៉ា​អើយ សូម​ឆ្លើយ​នឹង​ទូលបង្គំ​ផង ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ល្អ​ណាស់​! សូម​បែរមក​រក​ទូលបង្គំ​ដោយ​សេចក្ដីមេត្តា​ដ៏លើសលប់​របស់ព្រះអង្គ​ផង​!

17 សូម​កុំ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​បាវបម្រើ​របស់ព្រះអង្គ​ឡើយ ដ្បិត​ទូលបង្គំ​ស្ថិត​នៅក្នុង​ទុក្ខលំបាក​; សូម​ប្រញាប់​ឆ្លើយ​នឹង​ទូលបង្គំ​ផង​!

18 សូម​យាង​មកជិត​ព្រលឹង​របស់ទូលបង្គំ ហើយ​ប្រោសលោះ​ទូលបង្គំ​; ដោយសារតែ​ពួក​សត្រូវ​របស់ទូលបង្គំ សូម​បង់ថ្លៃលោះ​ទូលបង្គំ​ផង​!

19 ព្រះអង្គ​ទ្រង់​ជ្រាប​ការត្មះតិះដៀល សេចក្ដីអាម៉ាស់ និង​ភាពអាប់យស​ដែល​ទូលបង្គំ​ទទួល​ហើយ​; អស់ទាំង​សត្រូវ​របស់ទូលបង្គំ​នៅចំពោះ​ព្រះអង្គ​។

20 ការត្មះតិះដៀល​បាន​ធ្វើឲ្យ​ចិត្ត​ទូលបង្គំ​បែកខ្ទេច នោះ​ទូលបង្គំ​ពេញដោយភាពអស់សង្ឃឹម​។ ទូលបង្គំ​ទន្ទឹងរង់ចាំ​ការ​អាណិតអាសូរ ប៉ុន្តែ​គ្មានសោះឡើយ ក៏​ទន្ទឹងរង់ចាំ​អ្នក​សម្រាលទុក្ខ ប៉ុន្តែ​រកមិនឃើញ​ដែរ​។

21 ពួកគេ​បាន​ឲ្យ​ទឹកប្រមាត់​ដល់​ទូលបង្គំ​ជា​អាហារ ហើយ​ឲ្យ​ទូលបង្គំ​ផឹក​ទឹកខ្មេះ សម្រាប់​ការស្រេក​របស់ទូលបង្គំ​។

22 សូមឲ្យ​តុអាហារ​របស់ពួកគេ​ក្លាយជា​អង្គប់​នៅចំពោះ​ពួកគេ ហើយ​សូមឲ្យ​សេចក្ដីសុខសាន្ត​ក្លាយជា​អន្ទាក់​ដែរ​។

23 សូមឲ្យ​ភ្នែក​របស់ពួកគេ​ទៅជាងងឹត​មើល​មិន​ឃើញ ហើយ​សូម​ធ្វើឲ្យ​ចង្កេះ​របស់ពួកគេ​ញញីញញ័រ​ជានិច្ច​។

24 សូម​ចាក់​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​លើ​ពួកគេ សូមឲ្យ​ព្រះពិរោធ​ដ៏ក្រេវក្រោធ​របស់ព្រះអង្គ​តាម​ពួកគេ​ទាន់​។

25 សូមឲ្យ​ជំរំ​របស់ពួកគេ​បាន​ស្ងាត់ជ្រងំ កុំឲ្យ​មាន​អ្នកណា​រស់នៅ​ក្នុង​រោង​របស់ពួកគេ​ឡើយ​។

26 ដ្បិត​ពួកគេ​តាមបៀតបៀន​អ្នកដែល​ព្រះអង្គ​បាន​វាយ ហើយ​តំណាលប្រាប់​អំពី​ការឈឺចាប់​របស់​ពួកអ្នកដែល​ព្រះអង្គ​ធ្វើឲ្យរងរបួស​។

27 សូម​បន្ថែម​សេចក្ដីទុច្ចរិត​លើ​សេចក្ដីទុច្ចរិត​របស់ពួកគេ ហើយ​កុំឲ្យ​ពួកគេ​បាន​ចូលមក​ក្នុង​សេចក្ដីសុចរិត​របស់ព្រះអង្គ​ឡើយ​។

28 សូម​លុប​ពួកគេ​ចេញ​ពី​បញ្ជី​ជីវិត គឺ​កុំ​កត់​ចូល​ជាមួយ​មនុស្ស​សុចរិត​ឡើយ​។

29 រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​រងទុក្ខ ហើយ​ឈឺចាប់​។ ឱ​ព្រះ​អើយ សូមឲ្យ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​លើក​ទូលបង្គំ​ឲ្យរួចផុត​ផង​!

30 ខ្ញុំ​នឹង​សរសើរតម្កើង​ព្រះនាម​របស់​ព្រះ​ដោយ​ចម្រៀង ហើយ​លើកតម្កើង​ព្រះអង្គ​ដោយ​ការអរព្រះគុណ​។

31 ការនេះ​នឹង​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះយេហូវ៉ា​ជាង​គោបា ជាង​គោឈ្មោល​ដែល​មានស្នែង និង​មានក្រចក​ទៅទៀត​។

32 មនុស្ស​តូចទាប​នឹង​ឃើញ ក៏​អរសប្បាយ អ្នកដែល​ស្វែងរក​ព្រះ​អើយ សូមឲ្យ​ចិត្ត​របស់អ្នករាល់គ្នា​មានជីវិតឡើងវិញ​!

33 ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​សណ្ដាប់​មនុស្ស​ខ្វះខាត ហើយ​មិន​មើលងាយ​មនុស្ស​របស់ព្រះអង្គ​ដែលជាអ្នកទោស​ឡើយ​។

34 ចូរឲ្យ​ផ្ទៃមេឃ និង​ផែនដី សមុទ្រ និង​របស់សព្វសារពើ​ដែល​រវើក​នៅ​ទីនោះ សរសើរតម្កើង​ព្រះអង្គ​!

35 ដ្បិត​ព្រះ​នឹង​សង្គ្រោះ​ស៊ីយ៉ូន ហើយ​សង់​ទីក្រុង​ទាំងឡាយ​នៃ​យូដា​ឡើងវិញ​; ពួកគេ​នឹង​រស់នៅ​ទីនោះ ហើយ​កាន់កាប់​វា​។

36 ពូជពង្ស​របស់​បាវបម្រើ​ព្រះអង្គ​នឹង​ទទួល​វា​ជាមរតក ហើយ​អ្នកដែល​ស្រឡាញ់​ព្រះនាម​របស់ព្រះអង្គ​នឹង​រស់នៅ​ក្នុង​នោះ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម