អេសាយ 49 - ព្រះគម្ពីរខ្មែរសាកលអ៊ីស្រាអែលអ្នកបម្រើរបស់ព្រះយេហូវ៉ា 1 កោះទាំងឡាយអើយ ចូរស្ដាប់ខ្ញុំចុះ! ជាតិសាសន៍នានាដែលនៅឆ្ងាយអើយ ចូរប្រុងស្ដាប់ចុះ! ព្រះយេហូវ៉ាបានត្រាស់ហៅខ្ញុំតាំងពីផ្ទៃម្ដាយ ព្រះអង្គបានលើកឡើងនូវឈ្មោះខ្ញុំតាំងពីក្នុងពោះម្ដាយខ្ញុំ។ 2 ព្រះអង្គបានធ្វើឲ្យមាត់របស់ខ្ញុំដូចជាដាវដ៏មុត ក៏បានលាក់ខ្ញុំនៅក្រោមម្លប់នៃព្រះហស្តរបស់ព្រះអង្គ ហើយបានធ្វើឲ្យខ្ញុំទៅជាព្រួញដែលត្រូវបានសម្រួច ព្រមទាំងលាក់ខ្ញុំនៅក្នុងបំពង់ព្រួញរបស់ព្រះអង្គ។ 3 ព្រះអង្គមានបន្ទូលនឹងខ្ញុំថា៖ “អ្នកជាអ្នកបម្រើរបស់យើង គឺអ៊ីស្រាអែលដែលយើងនឹងត្រូវបានលើកតម្កើងសិរីរុងរឿងតាមរយៈអ្នក”។ 4 ប៉ុន្តែខ្ញុំបានពោលថា៖ “ខ្ញុំបាននឿយហត់ជាឥតប្រយោជន៍ ខ្ញុំបានបង់កម្លាំងរបស់ខ្ញុំជាឥតបានការ និងឥតប្រយោជន៍; យ៉ាងណាក៏ដោយ សេចក្ដីយុត្តិធម៌របស់ខ្ញុំនៅជាមួយព្រះយេហូវ៉ា ហើយរង្វាន់របស់ខ្ញុំក៏នៅជាមួយព្រះរបស់ខ្ញុំដែរ”។ 5 ឥឡូវនេះ ព្រះយេហូវ៉ាជាអ្នកដែលសូនខ្ញុំតាំងពីផ្ទៃម្ដាយឲ្យបានជាបាវបម្រើរបស់ព្រះអង្គ ដើម្បីនាំយ៉ាកុបមករកព្រះអង្គវិញ និងដើម្បីឲ្យអ៊ីស្រាអែលត្រូវបានប្រមូលមកឯព្រះអង្គ ព្រះអង្គមានបន្ទូល ——ដ្បិតខ្ញុំត្រូវបានលើកតម្កើងនៅចំពោះព្រះនេត្ររបស់ព្រះយេហូវ៉ា ហើយព្រះរបស់ខ្ញុំបានជាកម្លាំងរបស់ខ្ញុំ—— 6 គឺព្រះអង្គមានបន្ទូលថា៖ “ជារឿងតូចតាចទេ ដែលអ្នកធ្វើជាបាវបម្រើរបស់យើង ដើម្បីស្ដារបណ្ដាកុលសម្ព័ន្ធរបស់យ៉ាកុបឡើងវិញ ហើយធ្វើឲ្យពួកអ្នកដែលត្រូវបានរក្សាទុកនៃអ៊ីស្រាអែលត្រឡប់មកវិញ! យើងនឹងធ្វើឲ្យអ្នកទៅជាពន្លឺដល់សាសន៍ដទៃទៀតផង ដើម្បីឲ្យសេចក្ដីសង្គ្រោះរបស់យើងបានទៅដល់ចុងបំផុតនៃផែនដី”។ 7 ព្រះយេហូវ៉ា ជាព្រះប្រោសលោះនៃអ៊ីស្រាអែល ជាអង្គដ៏វិសុទ្ធរបស់ពួកគេ បានមានបន្ទូលដូច្នេះនឹងអ្នកដែលត្រូវបានមើលងាយ ដែលត្រូវប្រជាជនស្អប់ខ្ពើម ដែលជាបាវបម្រើរបស់ពួកមេគ្រប់គ្រងថា៖ “បណ្ដាស្ដេចនឹងឃើញ ហើយក្រោកឡើង ពួកមេដឹកនាំនឹងក្រាបចុះដោយព្រោះព្រះយេហូវ៉ាដែលជាព្រះដ៏ស្មោះត្រង់ ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ហើយព្រះអង្គបានជ្រើសរើសអ្នក”។ 8 ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ក្នុងវេលានៃការសន្ដោស យើងបានឆ្លើយនឹងអ្នក; ក្នុងថ្ងៃនៃសេចក្ដីសង្គ្រោះ យើងបានជួយអ្នក។ យើងនឹងរក្សាអ្នក ហើយតាំងអ្នកឡើងទុកជាសម្ពន្ធមេត្រីដល់បណ្ដាជន ដើម្បីស្ដារទឹកដីនេះឡើងវិញ ដើម្បីកាន់កាប់មរតកដែលជាទីស្ងាត់ជ្រងំ 9 ទាំងនិយាយនឹងពួកអ្នកដែលជាប់គុកថា: ‘ចូរចេញមក!’ ក៏និយាយនឹងអ្នកដែលនៅក្នុងសេចក្ដីងងឹតថា: ‘ចូរលេចមក!’។ ពួកគេនឹងស៊ីស្មៅនៅតាមផ្លូវ ហើយវាលស្មៅរបស់ពួកគេនឹងនៅលើអស់ទាំងទីទួលត្រងិល។ 10 ពួកគេនឹងមិនឃ្លាន ក៏មិនស្រេកដែរ រីឯកម្ដៅ និងព្រះអាទិត្យនឹងមិនធ្វើទុក្ខពួកគេឡើយ ដ្បិតព្រះដែលអាណិតមេត្តាពួកគេ នឹងដឹកនាំពួកគេ ព្រះអង្គនឹងនាំផ្លូវពួកគេដល់ប្រភពទឹក។ 11 យើងនឹងធ្វើឲ្យអស់ទាំងភ្នំរបស់យើងទៅជាផ្លូវ ហើយមហាវិថីរបស់យើងនឹងត្រូវបានលើកឡើង។ 12 មើល៍! អ្នកទាំងនេះនឹងមកពីទីឆ្ងាយ; មើល៍! អ្នកទាំងនេះនឹងមកពីទិសខាងជើង និងពីទិសខាងលិច ហើយអ្នកទាំងនេះក៏នឹងមកពីដែនដីស៊ីនីមដែរ”។ 13 ផ្ទៃមេឃអើយ ចូរច្រៀងដោយអំណរ! ផែនដីអើយ ចូរត្រេកអរ! ភ្នំទាំងឡាយអើយ ចូរហ៊ោកញ្ជ្រៀវជាសម្រែកហ៊ោសប្បាយ! ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្ររបស់ព្រះអង្គ ហើយអាណិតមេត្តាមនុស្សរងទុក្ខរបស់ព្រះអង្គ។ ស៊ីយ៉ូនត្រូវបាននឹកចាំ 14 ប៉ុន្តែស៊ីយ៉ូនពោលថា៖ “ព្រះយេហូវ៉ាបានបោះបង់ខ្ញុំចោល ព្រះអម្ចាស់របស់ខ្ញុំបានភ្លេចខ្ញុំហើយ!”។ 15 “តើមនុស្សស្រីអាចភ្លេចកូនដែលនៅបៅរបស់នាង ឥតអាណិតអាសូរកូនដែលកើតពីផ្ទៃខ្លួនឬ? ទោះបីជាពួកនាងភ្លេចក៏ដោយ ក៏យើងមិនភ្លេចអ្នកឡើយ។ 16 មើល៍! យើងបានចារឹកអ្នកនៅបាតដៃរបស់យើងហើយ កំពែងរបស់អ្នកនៅចំពោះយើងជានិច្ច។ 17 ពួកអ្នកសាងសង់របស់អ្នកនឹងប្រញាប់មក ពួកដែលបំផ្លាញអ្នក និងពួកដែលកម្ទេចអ្នក នឹងចាកចេញពីអ្នកទៅ។ 18 ចូរងើបភ្នែកឡើងមើលជុំវិញចុះ! ពួកគេទាំងអស់ប្រមូលគ្នាមករកអ្នក”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “ដោយនូវជីវិតយើង អ្នកនឹងបានប្រដាប់ដោយពួកគេទាំងអស់គ្នាជាប្រាកដ ដូចជាគ្រឿងអលង្ការ ហើយតុបតែងខ្លួនដោយអ្នកទាំងនោះ ដូចជាកូនក្រមុំ។ 19 ដ្បិតទីបាក់បែក និងទីស្ងាត់ជ្រងំ ព្រមទាំងទឹកដីខូចបង់របស់អ្នក ឥឡូវនេះពិតជាចង្អៀតណាស់សម្រាប់រស់នៅ ហើយពួកអ្នកដែលលេបអ្នកនឹងនៅឆ្ងាយពីអ្នក។ 20 ពួកកូនចៅដែលកើតដល់អ្នកក្នុងពេលដែលអ្នកបាត់បង់កូន នឹងនិយាយដាក់ត្រចៀករបស់អ្នកទៀតថា: ‘កន្លែងនេះចង្អៀតពេកហើយសម្រាប់ពួកយើង សូមរកទីអាស្រ័យឲ្យពួកយើងរស់នៅផង!’។ 21 ពេលនោះ អ្នកនឹងនិយាយក្នុងចិត្តថា: ‘តើនរណាបានបង្កើតកូនទាំងនេះឲ្យខ្ញុំ? ដ្បិតខ្ញុំបានព្រាត់កូន ហើយអារ ក៏ត្រូវបានជម្លៀស ព្រមទាំងត្រូវបានដេញចេញផង ដូច្នេះតើនរណាបានចិញ្ចឹមកូនទាំងនេះ? មើល៍! ខ្ញុំត្រូវបានចោលនៅតែម្នាក់ឯង ចុះកូនទាំងនេះមកពីណា?’”។ 22 ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “មើល៍! យើងនឹងលើកដៃទៅប្រជាជាតិនានា ក៏នឹងលើកទង់សញ្ញារបស់យើងឡើងដល់ជាតិសាសន៍ទាំងឡាយ នោះពួកគេនឹងនាំពួកកូនប្រុសរបស់អ្នកមកដោយនៅនឹងដើមទ្រូង ហើយលីពួកកូនស្រីរបស់អ្នកនៅលើស្មា។ 23 ស្ដេចនឹងធ្វើជាឪពុកចិញ្ចឹមរបស់អ្នក ហើយមហេសីនឹងធ្វើជាមេដោះរបស់អ្នក; ពួកគេនឹងក្រាបមុខដល់ដីនៅចំពោះអ្នក ហើយលិទ្ធធូលីនៅជើងរបស់អ្នក។ ពេលនោះ អ្នកនឹងដឹងថា យើងជាយេហូវ៉ា។ អ្នកដែលទន្ទឹងរង់ចាំយើងនឹងមិនអាម៉ាស់មុខឡើយ”។ 24 តើអាចយករំពាពីមនុស្សខ្លាំងពូកែវិញបានឬ? តើអាចរំដោះឈ្លើយសឹកពីមនុស្សកាចសាហាវបានឬ? 25 យ៉ាងណាមិញ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ទោះបីជាឈ្លើយសឹករបស់មនុស្សខ្លាំងពូកែក៏ដោយ ក៏នឹងត្រូវបានយកចេញដែរ ហើយរំពារបស់មនុស្សកាចសាហាវក៏នឹងត្រូវបានរំដោះផង ពីព្រោះយើងនឹងតតាំងនឹងអ្នកដែលតតាំងនឹងអ្នក យើងនឹងសង្គ្រោះកូនចៅរបស់អ្នក។ 26 យើងនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនអ្នក ស៊ីសាច់របស់ខ្លួនពួកគេ ហើយពួកគេនឹងស្រវឹងដោយឈាមរបស់ខ្លួន ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី។ ពេលនោះ គ្រប់ទាំងសាច់នឹងដឹងថា យើងជាយេហូវ៉ា ជាព្រះសង្គ្រោះរបស់អ្នក ជាព្រះប្រោសលោះរបស់អ្នក ជាព្រះដ៏មានព្រះចេស្ដារបស់យ៉ាកុប”៕ |