អេសាយ 59 - ព្រះគម្ពីរខ្មែរសាកលបាប និងការប្រោសលោះ 1 មើល៍! ព្រះហស្តរបស់ព្រះយេហូវ៉ាមិនមែនរួញខ្លីដែលសង្គ្រោះមិនបាន ហើយព្រះកាណ៌របស់ព្រះអង្គមិនធ្ងន់ដែលស្ដាប់មិនឮនោះទេ 2 គឺអំពើទុច្ចរិតរបស់អ្នករាល់គ្នាវិញទេតើ ដែលខណ្ឌចែករវាងអ្នករាល់គ្នា និងព្រះរបស់អ្នករាល់គ្នា គឺបាបរបស់អ្នករាល់គ្នាទេតើ ដែលបាំងព្រះភក្ត្រព្រះអង្គពីអ្នករាល់គ្នា មិនឲ្យព្រះអង្គសណ្ដាប់ឡើយ។ 3 ដ្បិតដៃរបស់អ្នករាល់គ្នាប្រឡាក់ដោយឈាម ហើយម្រាមដៃរបស់អ្នករាល់គ្នាប្រឡាក់ដោយអំពើទុច្ចរិត; បបូរមាត់របស់អ្នករាល់គ្នានិយាយមុសា ហើយអណ្ដាតរបស់អ្នករាល់គ្នាពោលសេចក្ដីទុច្ចរិត។ 4 គ្មានអ្នកណាប្ដឹងដោយយុត្តិធម៌ឡើយ ក៏គ្មានអ្នកណាការពារក្ដីដោយពិតត្រង់ដែរ; ពួកគេទុកចិត្តលើសេចក្ដីឥតប្រយោជន៍ ហើយនិយាយសេចក្ដីមិនពិត; ពួកគេមានផ្ទៃពោះជាសេចក្ដីអន្តរាយ ហើយសម្រាលបានសេចក្ដីទុច្ចរិត; 5 ពួកគេភ្ញាស់ពងរបស់ពស់ពិស ហើយព័ទ្ធជាសំណាញ់ពីងពាង; អ្នកដែលហូបពងរបស់ពួកវានឹងស្លាប់ ហើយពងដែលជាន់បែក ក៏ញាស់ចេញជាពស់វែក។ 6 សំណាញ់របស់ពួកគេប្រើជាសម្លៀកបំពាក់មិនបានទេ ហើយពួកគេបិទបាំងកាយដោយកិច្ចការរបស់ខ្លួនក៏មិនបានដែរ កិច្ចការរបស់ពួកគេជាកិច្ចការទុច្ចរិត ហើយមានអំពើហិង្សានៅក្នុងដៃរបស់ពួកគេ។ 7 ជើងពួកគេរត់ទៅតាមសេចក្ដីអាក្រក់ ហើយពួកគេរហ័សនឹងបង្ហូរឈាមឥតទោស; គំនិតរបស់ពួកគេជាគំនិតទុច្ចរិត; មានសេចក្ដីបំផ្លាញ និងសេចក្ដីអន្តរាយនៅក្នុងវិថីរបស់ពួកគេ; 8 ពួកគេមិនបានស្គាល់ផ្លូវនៃសន្តិភាពឡើយ ក៏គ្មានសេចក្ដីយុត្តិធម៌នៅក្នុងគន្លងរបស់ពួកគេផង; ពួកគេបានបង្វៀចផ្លូវរបស់ខ្លួន ហើយអស់អ្នកដែលដើរជាន់លើផ្លូវនោះ នឹងមិនស្គាល់សន្តិភាពឡើយ។ 9 ហេតុនេះហើយបានជាសេចក្ដីយុត្តិធម៌នៅឆ្ងាយពីយើងខ្ញុំ ហើយសេចក្ដីសុចរិតក៏មិនតាមទាន់យើងខ្ញុំ; យើងខ្ញុំរំពឹងចាំពន្លឺ ប៉ុន្តែមើល៍! មានភាពងងឹតទៅវិញ យើងខ្ញុំរំពឹងចាំភាពត្រចះត្រចង់ ប៉ុន្តែយើងខ្ញុំដើរក្នុងភាពងងឹតសូន្យទៅវិញ។ 10 យើងខ្ញុំរាវរកជញ្ជាំងដូចមនុស្សខ្វាក់ភ្នែក ក៏រាវរកដូចមនុស្សគ្មានភ្នែក យើងខ្ញុំជំពប់នៅពេលថ្ងៃត្រង់ដូចជានៅពេលថ្ងៃលិច ក៏ប្រៀបដូចជាមនុស្សស្លាប់នៅក្នុងចំណោមមនុស្សមានសុខភាពល្អ។ 11 យើងខ្ញុំទាំងអស់គ្នាគ្រហឹមដូចខ្លាឃ្មុំ ហើយថ្ងូរឥតឈប់ដូចព្រាប។ យើងខ្ញុំរំពឹងចាំសេចក្ដីយុត្តិធម៌ ប៉ុន្តែគ្មានសោះ ក៏រំពឹងចាំសេចក្ដីសង្គ្រោះ ប៉ុន្តែវានៅឆ្ងាយពីយើងខ្ញុំ។ 12 ដ្បិតការបំពានរបស់យើងខ្ញុំបានកើនឡើងនៅចំពោះព្រះអង្គ ហើយបាបរបស់យើងខ្ញុំក៏ធ្វើបន្ទាល់ទាស់នឹងយើងខ្ញុំ; ការបំពានរបស់យើងខ្ញុំនៅជាប់នឹងយើងខ្ញុំ ហើយយើងខ្ញុំស្គាល់អំពើទុច្ចរិតរបស់យើងខ្ញុំ 13 គឺយើងខ្ញុំបានប្រព្រឹត្តការល្មើស ហើយបដិសេធព្រះយេហូវ៉ា ក៏បែរចេញពីការទៅតាមព្រះនៃយើងខ្ញុំ ហើយនិយាយអំពីការសង្កត់សង្កិន និងការបះបោរ ព្រមទាំងមានផ្ទៃពោះជាពាក្យភូតភរ ក៏បញ្ចេញវាពីចិត្តផង។ 14 ដូច្នេះ សេចក្ដីយុត្តិធម៌បានថយទៅវិញ ហើយសេចក្ដីសុចរិតក៏ឈរនៅឆ្ងាយ ដ្បិតសេចក្ដីពិតបានជំពប់នៅកន្លែងសាធារណៈ ហើយសេចក្ដីទៀងត្រង់ក៏មិនអាចចូលមកបានដែរ; 15 មែនហើយ នៅខ្វះសេចក្ដីពិត ហើយអ្នកដែលបែរចេញពីការអាក្រក់ក៏ក្លាយជារំពា។ ព្រះយេហូវ៉ាបានទតឃើញ ហើយការដែលគ្មានសេចក្ដីយុត្តិធម៌ដូច្នេះ ជាការអាក្រក់ក្នុងព្រះនេត្ររបស់ព្រះអង្គ។ 16 ព្រះអង្គទតឃើញថា គ្មានអ្នកណាម្នាក់ឡើយ ព្រះអង្គទ្រង់នឹកឆ្ងល់ថា គ្មានអ្នកណាអង្វរជំនួស ដូច្នេះព្រះពាហុរបស់ព្រះអង្គបាននាំមកនូវសេចក្ដីសង្គ្រោះដល់ព្រះអង្គ ហើយសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គក៏ទ្រទ្រង់ព្រះអង្គ។ 17 ព្រះអង្គបានពាក់សេចក្ដីសុចរិតជាក្រោះការពារទ្រូង ក៏ពាក់សេចក្ដីសង្គ្រោះជាមួកសឹកលើព្រះសិររបស់ព្រះអង្គ ហើយគ្រងព្រះពស្ត្រនៃសេចក្ដីសងសឹកជាសម្លៀកបំពាក់ ព្រមទាំងដណ្ដប់អង្គទ្រង់ដោយព្រះហឫទ័យឆេះឆួលជាព្រះភូសា។ 18 ដូចដែលទង្វើរបស់ពួកគេជាយ៉ាងណា ព្រះអង្គនឹងតបសងយ៉ាងនោះដែរ គឺសេចក្ដីក្រេវក្រោធដល់បច្ចាមិត្តរបស់ព្រះអង្គ ហើយសំណងដល់សត្រូវរបស់ព្រះអង្គ; ព្រះអង្គនឹងតបសងសំណងដល់កោះនានាដែរ។ 19 នោះពួកគេនឹងកោតខ្លាចព្រះនាមរបស់ព្រះយេហូវ៉ាពីតំបន់ថ្ងៃលិច ក៏នឹងកោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គពីតំបន់ថ្ងៃរះ; ដ្បិតព្រះអង្គនឹងយាងមកដូចជាទឹកជំនន់ដែលជន់លិច ដែលខ្យល់របស់ព្រះយេហូវ៉ារុញវាមក។ 20 “ព្រះប្រោសលោះនឹងយាងមករកស៊ីយ៉ូន និងអ្នកដែលបែរចេញពីការបំពានក្នុងយ៉ាកុប”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ 21 ព្រះយេហូវ៉ាមានបន្ទូលថា៖ “រីឯចំពោះយើង នេះហើយ ជាសម្ពន្ធមេត្រីរបស់យើងជាមួយពួកគេ គឺវិញ្ញាណរបស់យើងដែលសណ្ឋិតនៅលើអ្នក និងពាក្យរបស់យើងដែលយើងបានដាក់នៅក្នុងមាត់របស់អ្នក នឹងមិនចាកចេញពីមាត់របស់អ្នក ឬពីមាត់របស់ពូជពង្សអ្នក ឬពីមាត់របស់ពូជពង្សនៃពូជពង្សអ្នកឡើយ គឺចាប់ពីឥឡូវនេះរហូតអស់កល្បជានិច្ច!”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ៕ |