Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 22 - ព្រះគម្ពីរខ្មែរសាកល


ពីទុក្ខវេទនារហូតដល់ការសរសើរ
បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង ត្រូវលេង​តាម​ទំនុកភ្លេង​ក្ដាន់ញី​នៅ​ពេលព្រឹក​។

1 ព្រះ​របស់ទូលបង្គំ​! ព្រះ​របស់ទូលបង្គំ​អើយ​! ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​? ហេតុអ្វីបានជា​ព្រះអង្គ​នៅឆ្ងាយ​ពី​ការសង្គ្រោះ​ទូលបង្គំ ហើយ​នៅឆ្ងាយ​ពី​ពាក្យ​ថ្ងូរ​របស់ទូលបង្គំ​ដូច្នេះ​?

2 ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​ស្រែកហៅ​នៅ​ពេលថ្ងៃ ប៉ុន្តែ​ព្រះអង្គ​មិន​ឆ្លើយ​សោះ ហើយ​នៅ​ពេលយប់ ក៏​ទូលបង្គំ​គ្មាន​ភាពធូរស្បើយ​ដែរ​!

3 ប៉ុន្តែ​ព្រះអង្គ​ជា​អង្គ​ដ៏វិសុទ្ធ ដែល​គង់លើបល្ល័ង្ក​នៃ​ពាក្យសរសើរតម្កើង​របស់​អ៊ីស្រាអែល​។

4 ដូនតា​របស់យើងខ្ញុំ​បាន​ជឿទុកចិត្តលើ​ព្រះអង្គ​; ពួកគាត់​បាន​ជឿទុកចិត្ត នោះ​ព្រះអង្គ​ក៏​រំដោះ​ពួកគាត់

5 ពួកគាត់​បាន​ស្រែកយំ​ទៅកាន់​ព្រះអង្គ នោះ​ពួកគាត់​ត្រូវបាន​រំដោះ ពួកគាត់​បាន​ជឿទុកចិត្តលើ​ព្រះអង្គ នោះ​ពួកគាត់​មិន​បាន​អាម៉ាស់មុខ​ឡើយ​។

6 រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ជា​ដង្កូវ គឺ​មិនមែន​ជា​មនុស្ស​ទេ​; ទូលបង្គំ​ជា​ទីត្មះតិះដៀល​របស់​មនុស្សជាតិ ហើយ​ត្រូវ​បណ្ដាជន​មើលងាយ​។

7 អស់អ្នក​ដែល​ឃើញ​ទូលបង្គំ សើចចំអក​ដាក់​ទូលបង្គំ​; ពួកគេ​ពេបមាត់ ហើយ​គ្រវី​ក្បាល ទាំងនិយាយថា​៖

8 “វា​បាន​ទុកចិត្ត​លើ​ព្រះយេហូវ៉ា ទុកឲ្យ​ព្រះអង្គ​ស្រោចស្រង់​វា​ទៅ​! ដោយសារ​ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​វា ដូច្នេះ​ទុកឲ្យ​ព្រះអង្គ​រំដោះ​វា​ទៅ​!”។

9 យ៉ាងណាមិញ គឺ​ព្រះអង្គ​ហើយ ដែល​យក​ទូលបង្គំ​ចេញ​ពី​ផ្ទៃម្ដាយ​មក គឺ​ព្រះអង្គ​ហើយ ដែល​ធ្វើឲ្យ​ទូលបង្គំ​មានការទុកចិត្ត នៅ​ទ្រូង​ម្ដាយ​របស់ទូលបង្គំ​។

10 ទូលបង្គំ​ត្រូវបាន​ផ្ទុកផ្ដាក់​នឹង​ព្រះអង្គ​តាំងពី​កំណើត​; ព្រះអង្គ​ជា​ព្រះ​របស់ទូលបង្គំ​តាំងពី​ទូលបង្គំ​នៅក្នុង​ផ្ទៃ​ម្ដាយ​មកម៉្លេះ​។

11 សូម​កុំ​គង់នៅឆ្ងាយ​ពី​ទូលបង្គំ ដ្បិត​ទុក្ខវេទនា​មកជិត​ទូលបង្គំ ហើយ​គ្មានអ្នកណា​ជួយ​ឡើយ​!

12 គោឈ្មោល​ជាច្រើន​បាន​ព័ទ្ធជុំវិញ​ទូលបង្គំ គោបា​នៃ​បាសាន​បាន​ឡោមព័ទ្ធ​ទូលបង្គំ​។

13 ពួកវា​ហា​មាត់​ដាក់​ទូលបង្គំ ដូច​សិង្ហ​ដែល​ហែកស៊ី ទាំង​គ្រហឹម​។

14 ទូលបង្គំ​ត្រូវបាន​ច្រូចចេញ​ដូចជា​ទឹក ហើយ​ឆ្អឹង​ទាំងអស់​របស់ទូលបង្គំ​ក៏​សណ្ដកចេញ​; ចិត្ត​របស់ទូលបង្គំ​ដូច​ក្រមួន វា​រលាយ​នៅក្នុង​ខ្លួន​ទូលបង្គំ​។

15 កម្លាំង​របស់ទូលបង្គំ​បាន​រីងស្ងួត​ដូច​អំបែង អណ្ដាត​ទូលបង្គំ​នៅជាប់​នឹង​ក្រអូមមាត់​; ព្រះអង្គ​បាន​ដាក់​ទូលបង្គំ​នៅក្នុង​ធូលី​នៃ​សេចក្ដីស្លាប់​។

16 ដ្បិត​ហ្វូង​ឆ្កែ​បាន​ព័ទ្ធជុំវិញ​ទូលបង្គំ ហ្វូង​មនុស្សដែល​ធ្វើអាក្រក់​បាន​ឡោមព័ទ្ធ​ទូលបង្គំ ហើយ​ចាក់ទម្លុះ​ដៃ និង​ជើង​របស់ទូលបង្គំ​។

17 ទូលបង្គំ​អាច​រាប់​ឆ្អឹង​ទាំងអស់​របស់ទូលបង្គំ​បាន​; ពួកគេ​ចេះតែ​សម្លឹង និង​មើល​ទូលបង្គំ​។

18 ពួកគេ​ចែក​សម្លៀកបំពាក់​របស់ទូលបង្គំ​ក្នុងចំណោម​ពួកគេ ហើយ​ចាប់ឆ្នោត​យក​អាវ​របស់ទូលបង្គំ​។

19 រីឯ​ព្រះអង្គ​វិញ ព្រះយេហូវ៉ា​អើយ សូម​កុំ​គង់នៅឆ្ងាយ​ឡើយ​! ឱ​កម្លាំង​នៃទូលបង្គំ​អើយ សូម​ប្រញាប់យាងមក​ជួយ​ទូលបង្គំ​ផង​!

20 សូម​រំដោះ​ព្រលឹង​របស់ទូលបង្គំ​ពី​ដាវ សូម​រំដោះ​ដួងជីវិត​របស់ទូលបង្គំ​ពី​កណ្ដាប់ដៃ​ពួក​ឆ្កែ

21 សូម​សង្គ្រោះ​ទូលបង្គំ​ពី​មាត់​សិង្ហ និង​ពី​ស្នែង​គោព្រៃ​ផង​។ ព្រះអង្គ​បាន​ឆ្លើយតប​នឹង​ទូលបង្គំ​ហើយ​។

22 ទូលបង្គំ​នឹង​ប្រកាស​ព្រះនាម​របស់ព្រះអង្គ​ដល់​បងប្អូន​របស់ទូលបង្គំ ទូលបង្គំ​នឹង​សរសើរតម្កើង​ព្រះអង្គ នៅកណ្ដាលចំណោម​អង្គប្រជុំ​។

23 អស់អ្នកដែល​កោតខ្លាច​ព្រះយេហូវ៉ា​អើយ ចូរ​សរសើរតម្កើង​ព្រះអង្គ​! ពូជពង្ស​ទាំងអស់​របស់​យ៉ាកុប​អើយ ចូរ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ​! ពូជពង្ស​ទាំងអស់​របស់​អ៊ីស្រាអែល​អើយ ចូរ​ភិតភ័យ​នៅចំពោះ​ព្រះអង្គ​!

24 ដ្បិត​ព្រះអង្គ​មិន​បាន​មើលងាយ មិន​បាន​ស្អប់ខ្ពើម​ទុក្ខវេទនា​របស់​មនុស្ស​រងទុក្ខ ហើយក៏​មិន​បាន​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ពួកគេ​ឡើយ ផ្ទុយទៅវិញ នៅពេល​ពួកគេ​ស្រែករកជំនួយ​ពី​ព្រះអង្គ ព្រះអង្គ​ក៏​សណ្ដាប់​ពួកគេ​។

25 ពាក្យសរសើរតម្កើង​របស់ទូលបង្គំ​នៅក្នុង​អង្គប្រជុំ​ដ៏ធំ គឺ​មកពី​ព្រះអង្គ​; ទូលបង្គំ​នឹង​លាបំណន់​ដែល​ទូលបង្គំ​បានបន់ នៅចំពោះ​អស់អ្នកដែល​កោតខ្លាច​ព្រះអង្គ​។

26 មនុស្ស​តូចទាប​នឹង​ហូប​ឆ្អែត មនុស្សដែល​ស្វែងរក​ព្រះយេហូវ៉ា​នឹង​សរសើរតម្កើង​ព្រះអង្គ​។ សូមឲ្យ​ចិត្ត​របស់អ្នករាល់គ្នា​មានជីវិតរស់​ជារៀងរហូត​!

27 អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​នឹកចាំ​អំពី​ព្រះយេហូវ៉ា ហើយ​ត្រឡប់មក​រក​ព្រះអង្គ​វិញ អស់ទាំង​ពូជសាសន៍​នៃ​ប្រជាជាតិ​នានា​នឹង​ថ្វាយបង្គំ​នៅចំពោះ​ព្រះអង្គ​។

28 ដ្បិត​ព្រះរាជ្យ​គឺ​ជារបស់​ព្រះយេហូវ៉ា ហើយ​ព្រះអង្គ​ទ្រង់​គ្រប់គ្រង​លើ​ប្រជាជាតិ​នានា​។

29 អស់អ្នក​ដែល​ចម្រុងចម្រើន​នៅលើ​ផែនដី​នឹង​បាន​ហូប ព្រមទាំង​ថ្វាយបង្គំ​ផង អស់អ្នក​ដែល​ចុះទៅ​ក្នុង​ធូលីដី គឺ​អស់អ្នក​ដែល​មិន​អាច​រក្សា​ព្រលឹង​របស់ខ្លួន នឹង​លុតជង្គង់​នៅចំពោះ​ព្រះអង្គ​។

30 ពូជពង្ស​ជំនាន់​ក្រោយ​នឹង​បម្រើ​ព្រះអង្គ សេចក្ដី​អំពី​ព្រះអម្ចាស់​នឹង​ត្រូវបាន​ថ្លែង​ដល់​ជំនាន់​ក្រោយ​។

31 ពួកគេ​នឹង​មក​ប្រកាស​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ដល់​ប្រជាជន​ដែល​មិនទាន់​កើតមក​ថា ព្រះអង្គ​បាន​ធ្វើ​ការនេះ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម