២ កូរិនថូស 3 - ព្រះគម្ពីរខ្មែរសាកលលិខិតណែនាំឲ្យទទួលយក 1 តើយើងចាប់ផ្ដើមណែនាំខ្លួនឯងឲ្យអ្នករាល់គ្នាទទួលយកទៀតឬ? ឬមួយក៏យើងត្រូវការលិខិតណែនាំជូនអ្នករាល់គ្នា ឬសុំពីអ្នករាល់គ្នា ដូចអ្នកខ្លះត្រូវការ? 2 អ្នករាល់គ្នាហ្នឹងហើយ ជាលិខិតរបស់យើង ដែលត្រូវបានកត់ទុកក្នុងចិត្តរបស់យើង ហើយត្រូវមនុស្សទាំងអស់ស្គាល់ និងអាន 3 រួចត្រូវបានបញ្ជាក់ឲ្យច្បាស់ថា អ្នករាល់គ្នាជាលិខិតរបស់ព្រះគ្រីស្ទ ដែលបានប្រគល់មកតាមរយៈយើង។ លិខិតនេះមិនមែនកត់ទុកដោយទឹកខ្មៅទេ គឺកត់ទុកដោយព្រះវិញ្ញាណរបស់ព្រះដ៏មានព្រះជន្មរស់ ហើយក៏មិនមែនកត់ទុកលើបន្ទះថ្មដែរ គឺកត់ទុកលើបន្ទះដួងចិត្តរបស់មនុស្សវិញ។ សមត្ថភាពដែលមកពីព្រះ 4 យើងមានទំនុកចិត្តបែបនេះចំពោះព្រះ តាមរយៈព្រះគ្រីស្ទ។ 5 នេះមិនមែនថាយើងទុកចិត្តលើសមត្ថភាពដែលខ្លួនមាន ដែលចាត់ទុកដូចជាមានអ្វីមួយចេញពីខ្លួនយើងឡើយ ផ្ទុយទៅវិញ សមត្ថភាពរបស់យើងមកពីព្រះ។ 6 ព្រះអង្គបានធ្វើឲ្យយើងមានសមត្ថភាពធ្វើជាអ្នកបម្រើនៃសម្ពន្ធមេត្រីថ្មី——មិនមែនតាមអក្សរទេ គឺតាមព្រះវិញ្ញាណវិញ; ដ្បិតអក្សរនាំឲ្យស្លាប់ រីឯព្រះវិញ្ញាណផ្ដល់ជីវិត។ ការងារបម្រើនៃសម្ពន្ធមេត្រីថ្មី 7 ប្រសិនបើការងារបម្រើខាងសេចក្ដីស្លាប់ ដែលត្រូវបានឆ្លាក់ជាអក្សរលើបន្ទះថ្ម បានប្រកបដោយសិរីរុងរឿង រហូតដល់កូនចៅអ៊ីស្រាអែលមិនអាចសម្លឹងមើលមុខម៉ូសេបាន ដោយសារតែរស្មីរុងរឿងពីមុខរបស់លោកដែលរមែងតែងតែសាបសូន្យយ៉ាងដូច្នោះទៅហើយ 8 ចុះម្ដេចក៏ការងារបម្រើខាងព្រះវិញ្ញាណនឹងមិនប្រកបដោយសិរីរុងរឿងលើសពីនេះទៅទៀត? 9 ដ្បិតប្រសិនបើការងារបម្រើខាងការផ្ដន្ទាទោស ប្រកបដោយសិរីរុងរឿងយ៉ាងដូច្នេះទៅហើយ តើការងារបម្រើខាងសេចក្ដីសុចរិតនឹងប្រកបដោយសិរីរុងរឿងយ៉ាងសម្បូរហូរហៀរ លើសពីនេះអម្បាលម៉ានទៅទៀត! 10 តាមពិតក្នុងករណីនេះ អ្វីដែលបានប្រកបដោយសិរីរុងរឿងតាំងពីដើម ក៏លែងមានសិរីរុងរឿង ដោយសារតែសិរីរុងរឿងដ៏ប្រសើរហួសវិស័យ។ 11 ដូច្នេះ ប្រសិនបើអ្វីដែលរមែងតែងតែសាបសូន្យបានប្រកបដោយសិរីរុងរឿងទៅហើយ ចុះទម្រាំអ្វីដែលនៅគង់វង្ស តើនឹងប្រកបដោយសិរីរុងរឿងជាយ៉ាងណាទៅ! 12 ដោយមានសេចក្ដីសង្ឃឹមបែបនេះ យើងក៏ប្រព្រឹត្តដោយភាពក្លាហានយ៉ាងខ្លាំង 13 គឺមិនមែនដូចម៉ូសេ ដែលយកស្បៃបាំងមុខរបស់ខ្លួន ដើម្បីកុំឲ្យកូនចៅអ៊ីស្រាអែលសម្លឹងមើលទីបញ្ចប់នៃសិរីរុងរឿងដែលកំពុងសាបសូន្យទៅនោះឡើយ។ 14 ប៉ុន្តែចិត្តគំនិតរបស់ពួកគេត្រូវបានធ្វើឲ្យរឹងរូស។ ជាការពិត កាលណាពួកគេអានសម្ពន្ធមេត្រីចាស់ ស្បៃដដែលនោះនៅតែមិនទាន់ដោះចេញនៅឡើយ រហូតមកដល់សព្វថ្ងៃ ដ្បិតមានតែតាមរយៈព្រះគ្រីស្ទទេ ដែលស្បៃនោះត្រូវបានបំផ្លាញ។ 15 ពិតមែនហើយ កាលណាគេអានគម្ពីរម៉ូសេ នោះមានស្បៃគ្របពីលើចិត្តរបស់ពួកគេ រហូតមកដល់សព្វថ្ងៃ។ 16 ប៉ុន្តែកាលណាពួកគេបែរមករកព្រះអម្ចាស់វិញ ស្បៃនោះក៏ត្រូវបានដោះចេញ។ 17 រីឯព្រះអម្ចាស់ជាវិញ្ញាណ ហើយកន្លែងណាដែលព្រះវិញ្ញាណរបស់ព្រះអម្ចាស់គង់នៅ កន្លែងនោះមានសេរីភាព។ 18 ដោយត្រូវបានដោះស្បៃចេញពីមុខស្រាប់ហើយ យើងទាំងអស់គ្នាកំពុងបំប្លាតរស្មីរុងរឿងរបស់ព្រះអម្ចាស់ ហើយកំពុងត្រូវបានផ្លាស់ប្រែទៅជារូបរាងដូចព្រះអង្គ ពីសិរីរុងរឿងទៅសិរីរុងរឿង។ ការនេះបានចេញពីព្រះអម្ចាស់ដែលជាវិញ្ញាណ៕ |