អេសាយ 8:17 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំនឹងរង់ចាំព្រះយេហូវ៉ាដែលលាក់ព្រះភក្ត្ររបស់ព្រះអង្គពីវង្សត្រកូលយ៉ាកុប ខ្ញុំនឹងរំពឹងមើលទៅព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯខ្ញុំ ខ្ញុំនឹងទន្ទឹងចាំព្រះយេហូវ៉ា ដែលព្រះអង្គលាក់ព្រះភក្ត្រនឹងពូជពង្សយ៉ាកុប ខ្ញុំនឹងចាំមើលតែព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ដែលបានលាក់ព្រះភ័ក្ត្រនឹងកូនចៅរបស់លោកយ៉ាកុប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯខ្ញុំៗនឹងទន្ទឹងចាំព្រះយេហូវ៉ា ដែលទ្រង់លាក់ព្រះភក្ត្រនឹងពូជពង្សយ៉ាកុប ខ្ញុំនឹងចាំមើលតែទ្រង់ អាល់គីតាប ខ្ញុំទុកចិត្តលើអុលឡោះតាអាឡា ខ្ញុំផ្ញើជីវិតលើទ្រង់ ដែលបានលាក់មុខនឹងកូនចៅរបស់យ៉ាកកូប។ |
ខ្ញុំទន្ទឹងរង់ចាំព្រះយេហូវ៉ា; ព្រលឹងរបស់ខ្ញុំទន្ទឹងរង់ចាំ ហើយខ្ញុំសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា! ចូរមានកម្លាំង ហើយឲ្យចិត្តរបស់អ្នកក្លាហានឡើង! ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា!៕
ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា ហើយកាន់តាមមាគ៌ារបស់ព្រះអង្គ នោះព្រះអង្គនឹងលើកអ្នកឡើងដើម្បីឲ្យទទួលផែនដីជាមរតក។ នៅពេលពួកមនុស្សអាក្រក់ត្រូវបានកាត់ចេញ អ្នកនឹងឃើញការនោះ។
ដូច្នេះឥឡូវនេះ ព្រះអម្ចាស់នៃទូលបង្គំអើយ តើទូលបង្គំទន្ទឹងរង់ចាំអ្វី? ក្ដីសង្ឃឹមរបស់ទូលបង្គំនៅក្នុងព្រះអង្គហើយ!
ខ្ញុំបានទន្ទឹងរង់ចាំព្រះយេហូវ៉ាដោយអត់ធ្មត់ នោះព្រះអង្គក៏បែរមករកខ្ញុំ ហើយសណ្ដាប់សម្រែករបស់ខ្ញុំ។
កាលណាអ្នករាល់គ្នាលាតដៃអធិស្ឋាន យើងនឹងបាំងភ្នែករបស់យើងពីអ្នករាល់គ្នា; ទោះបីជាអ្នករាល់គ្នាបង្កើនពាក្យអធិស្ឋានក៏ដោយ ក៏យើងមិនស្ដាប់ឡើយ។ ដៃរបស់អ្នករាល់គ្នាពេញដោយឈាមហើយ!
នៅថ្ងៃនោះ គេនឹងពោលថា៖ “មើល៍! នេះហើយជាព្រះរបស់យើង យើងបានទន្ទឹងរង់ចាំព្រះអង្គ ហើយព្រះអង្គបានសង្គ្រោះយើង! នេះហើយជាព្រះយេហូវ៉ា យើងបានទន្ទឹងរង់ចាំព្រះអង្គ ចូរឲ្យយើងត្រេកអរ ហើយអរសប្បាយក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ!”។
មែនហើយ ព្រះយេហូវ៉ាអើយ យើងខ្ញុំទន្ទឹងរង់ចាំព្រះអង្គ ក្នុងផ្លូវនៃការជំនុំជម្រះរបស់ព្រះអង្គ; ព្រះនាមរបស់ព្រះអង្គ និងការនឹកចាំអំពីព្រះអង្គ គឺជាបំណងប្រាថ្នានៃចិត្តរបស់យើងខ្ញុំ!
ទោះបីជាយ៉ាងនោះក៏ដោយ ក៏ព្រះយេហូវ៉ាទ្រង់រង់ចាំដើម្បីមេត្តាដល់អ្នករាល់គ្នា។ ដោយហេតុនេះ ព្រះអង្គទ្រង់ក្រោកឡើងដើម្បីអាណិតមេត្តាដល់អ្នករាល់គ្នា ពីព្រោះព្រះយេហូវ៉ាជាព្រះនៃសេចក្ដីយុត្តិធម៌។ មានពរហើយ អស់អ្នកដែលរង់ចាំព្រះអង្គ!
ព្រះយេហូវ៉ាអើយ សូមមេត្តាដល់យើងខ្ញុំផង យើងខ្ញុំទន្ទឹងរង់ចាំព្រះអង្គ។ សូមធ្វើជាដើមដៃដល់យើងខ្ញុំរៀងរាល់ព្រឹក សូមធ្វើជាសេចក្ដីសង្គ្រោះដល់យើងខ្ញុំនៅក្នុងគ្រានៃទុក្ខវេទនាផង!
ក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាដែលកោតខ្លាចព្រះយេហូវ៉ា ហើយស្ដាប់តាមសំឡេងរបស់បាវបម្រើព្រះអង្គ? ចូរឲ្យអ្នកដែលដើរក្នុងភាពងងឹត ហើយគ្មានពន្លឺ ទុកចិត្តលើព្រះនាមរបស់ព្រះយេហូវ៉ា ហើយពឹងផ្អែកលើព្រះរបស់ខ្លួនចុះ!
យើងបានលាក់មុខរបស់យើងពីអ្នកមួយរយៈដោយកំហឹងដ៏ហូរហៀរ ប៉ុន្តែយើងនឹងអាណិតមេត្តាអ្នកដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏អស់កល្បជានិច្ចវិញ”។ ព្រះយេហូវ៉ា ព្រះប្រោសលោះរបស់អ្នក មានបន្ទូលដូច្នេះហើយ។
យើងបានខឹង ហើយវាយគេ ដោយព្រោះសេចក្ដីទុច្ចរិតនៃភាពលោភលន់របស់គេ; យើងបានលាក់ខ្លួន ហើយខឹង ប៉ុន្តែគេទៅមុខក្នុងការបកក្រោយតាមអំពើចិត្ត។
គឺអំពើទុច្ចរិតរបស់អ្នករាល់គ្នាវិញទេតើ ដែលខណ្ឌចែករវាងអ្នករាល់គ្នា និងព្រះរបស់អ្នករាល់គ្នា គឺបាបរបស់អ្នករាល់គ្នាទេតើ ដែលបាំងព្រះភក្ត្រព្រះអង្គពីអ្នករាល់គ្នា មិនឲ្យព្រះអង្គសណ្ដាប់ឡើយ។
តាំងពីបុរាណមក មនុស្សមិនដែលឮ មិនដែលស្ដាប់ ភ្នែកក៏មិនដែលឃើញព្រះណាក្រៅពីព្រះអង្គដែលធ្វើការសម្រាប់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គនោះឡើយ។
ដ្បិតយើងខ្ញុំទាំងអស់គ្នាបានដូចជាមនុស្សសៅហ្មង ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំក៏ដូចជាក្រណាត់មករដូវ; យើងខ្ញុំទាំងអស់គ្នាស្រពោនជ្រុះដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់យើងខ្ញុំទៅដូចជាខ្យល់។
គ្មានអ្នកណាហៅរកព្រះនាមរបស់ព្រះអង្គ គ្មានអ្នកណាដាស់ខ្លួនឯងឡើងដើម្បីកាន់ខ្ជាប់តាមព្រះអង្គឡើយ ពីព្រោះព្រះអង្គបានលាក់ព្រះភក្ត្រពីយើងខ្ញុំ ហើយធ្វើឲ្យយើងខ្ញុំរលាយក្នុងកណ្ដាប់ដៃនៃអំពើទុច្ចរិតរបស់យើងខ្ញុំ។
នៅវេលាដដែលនោះ គាត់ក៏មកឈរនៅក្បែរ ហើយអរព្រះគុណដល់ព្រះ ព្រមទាំងនិយាយប្រាប់អំពីបុត្រតូចនោះដល់អស់អ្នកដែលរង់ចាំការរំដោះដល់យេរូសាឡិម។
បន្ទាប់មក ព្រះយេស៊ូវទ្រង់បកស្រាយដល់ពួកគេនូវសេចក្ដីដែលទាក់ទងនឹងអង្គទ្រង់នៅក្នុងបទគម្ពីរទាំងអស់ ដោយចាប់ផ្ដើមពីម៉ូសេ និងពីព្យាការីទាំងអស់។
និងដើម្បីរង់ចាំព្រះបុត្រារបស់ព្រះអង្គយាងមកពីស្ថានសួគ៌ ដែលព្រះអង្គបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ គឺព្រះយេស៊ូវដែលស្រោចស្រង់យើងពីព្រះពិរោធដែលរៀបនឹងមក៕
សូមឲ្យព្រះអម្ចាស់នាំចិត្តរបស់អ្នករាល់គ្នាទៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះ និងសេចក្ដីអត់ធ្មត់របស់ព្រះគ្រីស្ទ។
ព្រះអង្គមានបន្ទូលទៀតថា:“ខ្ញុំនឹងទុកចិត្តលើព្រះអង្គ” ហើយថា:“មើល៍! ខ្ញុំ និងកូនៗ ដែលព្រះបានប្រទានមកខ្ញុំ!”។
ព្រះគ្រីស្ទក៏ថ្វាយអង្គទ្រង់តែម្ដងគត់ ដើម្បីផ្ទុកបាបរបស់មនុស្សជាច្រើនយ៉ាងនោះដែរ ហើយព្រះអង្គនឹងលេចមកជាលើកទីពីរ មិនមែនដើម្បីផ្ទុកបាបទេ គឺដើម្បីសង្គ្រោះអ្នកដែលទន្ទឹងរង់ចាំព្រះអង្គវិញ៕