ទំនុកតម្កើង 27 - ព្រះគម្ពីរខ្មែរសាកលព្រះជាបន្ទាយរបស់ខ្ញុំ បទតម្កើង របស់ដាវីឌ។ 1 ព្រះយេហូវ៉ាជាពន្លឺរបស់ខ្ញុំ និងជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ តើខ្ញុំត្រូវខ្លាចអ្នកណា? ព្រះយេហូវ៉ាជាបន្ទាយនៃជីវិតខ្ញុំ តើខ្ញុំត្រូវភ័យខ្លាចអ្នកណា? 2 នៅពេលពួកធ្វើអាក្រក់ គឺបច្ចាមិត្ត និងសត្រូវរបស់ខ្ញុំ បានចូលមកជិតដើម្បីស៊ីសាច់ខ្ញុំ ពួកគេក៏បានជំពប់ ហើយដួលទៅ។ 3 ទោះបីជាកងទ័ពបោះទ័ពទាស់នឹងខ្ញុំក៏ដោយ ក៏ចិត្តខ្ញុំនឹងមិនខ្លាចឡើយ; ទោះបីជាមានចម្បាំងកើតឡើងទាស់នឹងខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែជឿជាក់ដែរ។ 4 ខ្ញុំបានទូលសុំសេចក្ដីមួយពីព្រះយេហូវ៉ា ជាសេចក្ដីដែលខ្ញុំស្វែងរក គឺឲ្យខ្ញុំរស់នៅក្នុងដំណាក់របស់ព្រះយេហូវ៉ា ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់ខ្ញុំ ដើម្បីផ្ចង់មើលសោភ័ណភាពរបស់ព្រះយេហូវ៉ា និងដើម្បីស្វែងយល់នៅក្នុងព្រះវិហាររបស់ព្រះអង្គ។ 5 ដ្បិតនៅថ្ងៃនៃមហន្តរាយ ព្រះអង្គនឹងលាក់ខ្ញុំទុកក្នុងដំណាក់របស់ព្រះអង្គ ព្រះអង្គនឹងបំពួនខ្ញុំក្នុងទីលាក់កំបាំងនៃព្រះពន្លារបស់ព្រះអង្គ ព្រះអង្គនឹងលើកខ្ញុំឡើងលើថ្មដា។ 6 ដោយហេតុនេះ ក្បាលរបស់ខ្ញុំអាចងើបឡើងលើពួកសត្រូវរបស់ខ្ញុំដែលនៅជុំវិញខ្ញុំ ហើយខ្ញុំនឹងថ្វាយយញ្ញបូជានៅក្នុងព្រះពន្លារបស់ព្រះអង្គដោយសម្រែកហ៊ោសប្បាយ ខ្ញុំនឹងច្រៀង គឺច្រៀងសរសើរតម្កើងព្រះយេហូវ៉ា។ 7 ព្រះយេហូវ៉ាអើយ សូមសណ្ដាប់សំឡេងរបស់ទូលបង្គំ នៅពេលទូលបង្គំស្រែកហៅផង! សូមមេត្តាដល់ទូលបង្គំ ហើយឆ្លើយមកទូលបង្គំផង! 8 ព្រះអង្គមានបន្ទូលថា៖ “ចូរស្វែងរកមុខយើង” ចិត្តរបស់ទូលបង្គំក៏ទូលព្រះអង្គថា៖ “ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងស្វែងរកព្រះភក្ត្ររបស់ព្រះអង្គ!”។ 9 សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំឡើយ សូមកុំបង្វែរបាវបម្រើរបស់ព្រះអង្គចេញដោយព្រះពិរោធឡើយ។ គឺព្រះអង្គហើយ ជាជំនួយរបស់ទូលបង្គំ! ព្រះនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំអើយ សូមកុំចាកចោល ឬបោះបង់ចោលទូលបង្គំឡើយ។ 10 ទោះបីជាឪពុក និងម្ដាយរបស់ទូលបង្គំបោះបង់ទូលបង្គំចោលក៏ដោយ ក៏ព្រះយេហូវ៉ានឹងទទួលទូលបង្គំដែរ។ 11 ព្រះយេហូវ៉ាអើយ សូមណែនាំទូលបង្គំក្នុងមាគ៌ារបស់ព្រះអង្គផង! ដោយព្រោះពួកសត្រូវរបស់ទូលបង្គំ សូមដឹកនាំទូលបង្គំក្នុងផ្លូវរាបស្មើផង។ 12 សូមកុំប្រគល់ទូលបង្គំទៅតាមបំណងរបស់ពួកបច្ចាមិត្តទូលបង្គំឡើយ ដ្បិតពួកសាក្សីភូតភរ និងពួកដកដង្ហើមចេញជាសេចក្ដីឃោរឃៅ បានក្រោកឡើងប្រឆាំងនឹងទូលបង្គំ។ 13 ខ្ញុំជឿជាក់ថា ខ្ញុំនឹងឃើញសេចក្ដីល្អរបស់ព្រះយេហូវ៉ានៅស្ថានមនុស្សរស់។ 14 ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា! ចូរមានកម្លាំង ហើយឲ្យចិត្តរបស់អ្នកក្លាហានឡើង! ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា!៕ |