Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 40 - ព្រះគម្ពីរខ្មែរសាកល


ទន្ទឹងរង់ចាំសេចក្ដីមេត្តាពីព្រះ
បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង​។

1 ខ្ញុំ​បាន​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា​ដោយអត់ធ្មត់ នោះ​ព្រះអង្គ​ក៏​បែរមក​រក​ខ្ញុំ ហើយ​សណ្ដាប់​សម្រែក​របស់ខ្ញុំ​។

2 ព្រះអង្គ​បាន​យក​ខ្ញុំ​ឡើង​ពី​រណ្ដៅ​នៃ​សេចក្ដីវិនាស ពី​ភក់ជ្រាំ ហើយ​ដាក់​ជើង​របស់ខ្ញុំ​នៅលើ​ថ្មដា ក៏​ធ្វើឲ្យ​ជំហាន​របស់ខ្ញុំ​ស្ថិតស្ថេរ​។

3 ព្រះអង្គ​បាន​ដាក់​ចម្រៀង​ថ្មី​ក្នុង​មាត់​ខ្ញុំ ជា​ចម្រៀងសរសើរតម្កើង​ដល់​ព្រះ​របស់យើង​; មនុស្ស​ជាច្រើន​នឹង​បាន​ឃើញ ក៏​កោតខ្លាច ហើយ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​។

4 មានពរ​ហើយ មនុស្ស​ដែល​យក​ព្រះយេហូវ៉ា​ជា​ទីទុកចិត្ត​របស់ខ្លួន ហើយ​មិន​បែរទៅ​រក​មនុស្សក្រអឺតក្រទម ឬ​បែរចេញទៅតាម​សេចក្ដីភូតភរ​។

5 ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ កិច្ចការដ៏អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ និង​គម្រោង​របស់ព្រះអង្គ​សម្រាប់​យើងខ្ញុំ មាន​ច្រើន​ណាស់ គ្មានអ្នកណា​អាច​ប្រៀបផ្ទឹម​នឹង​ព្រះអង្គ​បាន​ឡើយ​; ទោះបីជា​ទូលបង្គំ​ប្រកាស ហើយ​រៀបរាប់​ក៏ដោយ ក៏​វា​ច្រើន​ហួស​នឹង​ថ្លែង​!

6 ព្រះអង្គ​មិន​សព្វព្រះហឫទ័យ​នឹង​យញ្ញបូជា និង​តង្វាយ​ទេ ព្រះអង្គ​មិន​ទាមទារ​តង្វាយដុត និង​តង្វាយលោះបាប​ទេ ព្រះអង្គ​បាន​បើក​ត្រចៀក​ឲ្យ​ទូលបង្គំ

7 ដូច្នេះ ទូលបង្គំ​ទូលថា​៖ “មើល៍! ទូលបង្គំ​មក​ដល់​ហើយ​! នៅក្នុង​ក្រាំង​គម្ពីរ​មាន​សរសេរ​ទុកមក​អំពី​ទូលបង្គំ​ហើយ​។

8 ព្រះ​នៃទូលបង្គំ​អើយ​! ទូលបង្គំ​ពេញចិត្ត​នឹង​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​! ក្រឹត្យវិន័យ​របស់ព្រះអង្គ​នៅ​ក្នុងចិត្ត​ទូលបង្គំ”។

9 ទូលបង្គំ​បាន​ប្រកាសដំណឹងល្អ​នៃ​សេចក្ដីសុចរិត​នៅក្នុង​អង្គប្រជុំ​ដ៏ធំ មើល៍! ទូលបង្គំ​មិន​ទប់​បបូរមាត់​របស់ទូលបង្គំ​ឡើយ​! ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ទ្រង់​ជ្រាប​ហើយ​។

10 ទូលបង្គំ​មិន​បាន​លាក់បាំង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​នៅ​ក្នុងចិត្ត​ទូលបង្គំ​ទេ ទូលបង្គំ​បាន​រៀបរាប់​អំពី​សេចក្ដីស្មោះត្រង់ និង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ ទូលបង្គំ​មិន​បាន​លាក់​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​ពី​អង្គប្រជុំ​ដ៏ធំ​ឡើយ​។

11 រីឯ​ព្រះអង្គ​វិញ ព្រះយេហូវ៉ា​អើយ សូម​កុំ​បង្ខាំង​សេចក្ដីមេត្តា​របស់ព្រះអង្គ​ពី​ទូលបង្គំ​ឡើយ​! សូមឲ្យ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ និង​សេចក្ដីពិតត្រង់​របស់ព្រះអង្គ ថែរក្សា​ទូលបង្គំ​ជានិច្ច​ផង

12 ដ្បិត​ការអាក្រក់​ច្រើនឥតគណនា​បាន​រុំព័ទ្ធ​ជុំវិញ​ទូលបង្គំ អំពើទុច្ចរិត​របស់ទូលបង្គំ​បាន​តាម​ទូលបង្គំ​ទាន់​ហើយ បានជា​ទូលបង្គំ​មិនអាច​មើលឃើញ​ឡើយ​; វា​ច្រើន​ជាង​សក់​ក្បាល​ទូលបង្គំ​ទៅទៀត ហើយ​ស្មារតី​ទូលបង្គំ​បាន​បោះបង់​ទូលបង្គំ​ចោល​ហើយ​។

13 ព្រះយេហូវ៉ា​អើយ សូម​សព្វព្រះហឫទ័យ​នឹង​រំដោះ​ទូលបង្គំ​ផង​! ព្រះយេហូវ៉ា​អើយ សូម​ប្រញាប់យាងមក​ជួយ​ទូលបង្គំ​ផង​!

14 សូមឲ្យ​ពួកដែល​ស្វែងរក​ដើម្បី​បំផ្លាញ​ព្រលឹង​របស់ទូលបង្គំ បាន​អាម៉ាស់មុខ ហើយ​ទទួលការអាប់យស​ទាំងអស់គ្នា​; សូមឲ្យ​ពួកដែល​ពេញចិត្ត​នឹង​មហន្តរាយ​របស់ទូលបង្គំ បាន​ថយទៅវិញ ហើយ​អៀនខ្មាស​។

15 សូមឲ្យ​ពួកដែល​និយាយ​ដាក់​ទូលបង្គំ​ថា​៖ “ហាសហា​! ហាសហា​!” បាន​តក់ស្លុត ដោយសារតែ​សេចក្ដីអាម៉ាស់​របស់ពួកគេ​។

16 សូមឲ្យ​អស់អ្នក​ដែល​ស្វែងរក​ព្រះអង្គ​បាន​រីករាយ និង​អរសប្បាយ​ក្នុង​ព្រះអង្គ​; សូមឲ្យ​អ្នកដែល​ស្រឡាញ់​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ និយាយ​ជានិច្ច​ថា​៖ “សូមឲ្យ​ព្រះយេហូវ៉ា​ត្រូវបាន​លើកតម្កើង​!”។

17 ចំណែកឯ​ទូលបង្គំ​វិញ ទូលបង្គំ​ទ័លក្រ និង​ខ្វះខាត ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​យកចិត្តទុកដាក់​នឹង​ទូលបង្គំ​ផង​! ព្រះអង្គ​ជា​ជំនួយ​នៃទូលបង្គំ និង​ជា​ព្រះរំដោះ​នៃទូលបង្គំ​; ព្រះ​នៃទូលបង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម