Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ ថែស្សាឡូនីច 1 - ព្រះគម្ពីរខ្មែរសាកល


ពាក្យជម្រាបសួរ

1 ពី​ខ្ញុំ ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូថេ ជូនចំពោះ​ក្រុមជំនុំ​អ្នកថែស្សាឡូនីច ដែល​នៅក្នុង​ព្រះដែលជាព្រះបិតា និង​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត មាន​ដល់​អ្នករាល់គ្នា​!


អរព្រះគុណដល់ព្រះ

2 យើង​តែងតែ​អរព្រះគុណ​ដល់​ព្រះ​អំពី​អ្នក​ទាំងអស់គ្នា ទាំង​នឹកចាំ​អំពីអ្នករាល់គ្នា​ក្នុង​សេចក្ដីអធិស្ឋាន​របស់យើង

3 ដោយ​នឹកចាំ​ឥតឈប់ឈរ​នៅចំពោះ​ព្រះដែលជាព្រះបិតា​របស់យើង អំពី​កិច្ចការ​នៃ​ជំនឿ​របស់អ្នករាល់គ្នា និង​ការនឿយហត់​នៃ​សេចក្ដីស្រឡាញ់ ព្រមទាំង​ការស៊ូទ្រាំ​នៃ​សេចក្ដីសង្ឃឹម​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។

4 បងប្អូន​ដ៏​ជាទីស្រឡាញ់​របស់​ព្រះ​អើយ យើង​ដឹង​ហើយ​ថា អ្នករាល់គ្នា​ត្រូវបាន​ជ្រើសតាំង

5 ពីព្រោះ​ដំណឹងល្អ​របស់យើង​បាន​មក​ដល់​អ្នករាល់គ្នា មិនគ្រាន់តែ​ដោយ​ពាក្យសម្ដី​ប៉ុណ្ណោះទេ គឺ​ដោយ​ព្រះចេស្ដា ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ការជឿអស់ពីចិត្ត​យ៉ាងពេញលេញ​។ អ្នករាល់គ្នា​ដឹង​ហើយ​ថា យើង​ជា​យ៉ាងណា​ក្នុងចំណោម​អ្នករាល់គ្នា ដោយយល់ដល់​អ្នករាល់គ្នា​។

6 អ្នករាល់គ្នា​បាន​ក្លាយជា​អ្នកយកតម្រាប់​តាម​យើង និង​ព្រះអម្ចាស់ ដោយ​បាន​ទទួល​ព្រះបន្ទូល​ដោយ​អំណរ​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ ក្នុង​ទុក្ខវេទនា​យ៉ាងខ្លាំង​។

7 ដូច្នេះ អ្នករាល់គ្នា​បាន​ក្លាយជា​គំរូ​ដល់​អស់អ្នក​ដែល​ជឿ នៅ​ម៉ាសេដូន និង​អាខៃ​។

8 ដ្បិត​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ឮសុសសាយ​ចេញពី​អ្នករាល់គ្នា មិនគ្រាន់តែ​ក្នុង​ម៉ាសេដូន និង​អាខៃ​ប៉ុណ្ណោះទេ គឺ​នៅ​គ្រប់​ទីកន្លែង​ដែល​ជំនឿ​របស់អ្នករាល់គ្នា​លើ​ព្រះ​បាន​ផ្សាយចេញ រហូតដល់​យើង​មិនចាំបាច់​និយាយ​អ្វី​ទៀត​ឡើយ​។

9 តាមពិត ពួកគេផ្ទាល់​បាន​រៀបរាប់ប្រាប់​អំពី​របៀបដែល​យើង​ចូលទៅ​ដល់​អ្នករាល់គ្នា និង​របៀប​ដែល​អ្នករាល់គ្នា​បែរ​ចេញពី​រូបបដិមាករ​មក​រក​ព្រះ​វិញ ដើម្បី​បម្រើ​ព្រះ​ពិត​ដ៏​មានព្រះជន្មរស់

10 និង​ដើម្បី​រង់ចាំ​ព្រះបុត្រា​របស់​ព្រះអង្គ​យាងមក​ពី​ស្ថានសួគ៌ ដែល​ព្រះអង្គ​បាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ គឺ​ព្រះយេស៊ូវ​ដែល​ស្រោចស្រង់​យើង​ពី​ព្រះពិរោធ​ដែល​រៀបនឹង​មក​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម