Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 39 - ព្រះគម្ពីរខ្មែរសាកល


ជីវិតមនុស្សកន្លងផុតទៅយ៉ាងឆាប់រហ័ស
បទតម្កើង​របស់​ដាវីឌ សម្រាប់​យេឌូថិន​អ្នកដឹកនាំចម្រៀង​។

1 ខ្ញុំ​និយាយថា​៖ “ខ្ញុំ​នឹង​រក្សា​ផ្លូវ​របស់ខ្ញុំ​ពី​ការ​ប្រព្រឹត្តបាប​ដោយ​អណ្ដាត​ខ្ញុំ ខ្ញុំ​នឹង​រក្សា​មាត់​របស់ខ្ញុំ​ដោយ​ប្រដាប់ឃ្លុំ ដរាបណា​មនុស្ស​អាក្រក់​នៅមុខ​ខ្ញុំ”។

2 ខ្ញុំ​បាន​ទៅជាគ​ដោយ​ភាពស្ងៀមស្ងាត់ គឺ​មិននិយាយ​អំពី​ការ​ល្អ នោះ​ទុក្ខព្រួយ​របស់ខ្ញុំ​ក៏​ជ្រួលឡើង​។

3 ចិត្ត​របស់ខ្ញុំ​ក្ដៅ​នៅ​ខាងក្នុង​ខ្ញុំ​; មាន​ភ្លើង​ឆេះឡើង​ក្នុង​ការសញ្ជឹងគិត​របស់ខ្ញុំ ដូច្នេះ​ខ្ញុំ​ក៏​និយាយ​ដោយ​អណ្ដាត​របស់ខ្ញុំ​ថា​៖

4 “ព្រះយេហូវ៉ា​អើយ សូមឲ្យ​ទូលបង្គំ​ដឹង​ចុងបញ្ចប់​របស់ទូលបង្គំ និង​រង្វាស់​នៃ​ថ្ងៃអាយុ​របស់ទូលបង្គំ​ផង ថា​តើ​មាន​ប៉ុន្មាន​? សូមឲ្យ​ទូលបង្គំ​ដឹង​ថា ទូលបង្គំ​ផុយស្រួយ​យ៉ាងណា​ផង​!

5 មើល៍! ថ្ងៃអាយុ​របស់ទូលបង្គំ​ដែល​ព្រះអង្គ​បាន​ប្រទាន​មានតែ​ប៉ុន្មាន​ចំអាម ហើយ​អាយុជីវិត​របស់ទូលបង្គំ​ដូចជា​គ្មានអ្វីសោះ​នៅចំពោះ​ព្រះអង្គ​; ប្រាកដមែន មនុស្ស​គ្រប់គ្នា​ដែល​នៅស្ថិតស្ថេរ ក៏​សុទ្ធតែ​ឥតន័យ​ដែរ​! សេឡា

6 ប្រាកដមែន មនុស្ស​ដើរចុះឡើង​ដូចជា​ស្រមោល គេ​ពិតជា​ជ្រួលច្របល់ ហើយ​ឥតន័យ​ដែរ​; គេ​បង្គរ​ទ្រព្យសម្បត្តិ​ទុក ប៉ុន្តែ​មិន​ដឹង​ថា តើ​នរណា​នឹង​ប្រមូលយក​ទ្រព្យសម្បត្តិទាំងនោះ​ឡើយ​។

7 ដូច្នេះ​ឥឡូវនេះ ព្រះអម្ចាស់​នៃទូលបង្គំ​អើយ តើ​ទូលបង្គំ​ទន្ទឹងរង់ចាំ​អ្វី​? ក្ដីសង្ឃឹម​របស់ទូលបង្គំ​នៅក្នុង​ព្រះអង្គ​ហើយ​!

8 សូម​រំដោះ​ទូលបង្គំ​ពី​អស់ទាំង​ការបំពាន​របស់ទូលបង្គំ​ផង សូម​កុំ​ធ្វើឲ្យ​ទូលបង្គំ​ទៅជា​ទីត្មះតិះដៀល​របស់​មនុស្ស​ឆោតល្ងង់​ឡើយ​។

9 ទូលបង្គំ​បាន​ទៅជាគ ទូលបង្គំ​មិន​បើក​មាត់​ទូលបង្គំ​ឡើយ ដ្បិត​គឺ​ព្រះអង្គ​ហើយ ដែល​ធ្វើ​ដូច្នេះ​។

10 សូម​ដក​គ្រោះកាច​របស់ព្រះអង្គ​ចេញ​ពី​ទូលបង្គំ​ផង​; ទូលបង្គំ​អស់ទៅ​ដោយ​ការវាយ​ពី​ព្រះហស្ត​របស់ព្រះអង្គ​។

11 ព្រះអង្គ​ប្រៀនប្រដៅ​មនុស្ស ដោយ​ការស្ដីប្រដៅ​ចំពោះ​អំពើទុច្ចរិត ហើយ​ព្រះអង្គ​ស៊ីបំផ្លាញ​ដូច​សត្វល្អិត​នូវ​អ្វីដែល​គេ​ពេញចិត្ត​; ប្រាកដមែន មនុស្ស​ទាំងអស់​សុទ្ធតែ​ឥតន័យ​! សេឡា

12 ព្រះយេហូវ៉ា​អើយ សូម​សណ្ដាប់​ពាក្យអធិស្ឋាន​របស់ទូលបង្គំ ហើយ​ផ្ទៀងព្រះកាណ៌​នឹង​សម្រែក​របស់ទូលបង្គំ​ផង​! សូម​កុំ​នៅស្ងៀម​ចំពោះ​ទឹកភ្នែក​របស់ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​ជា​ជនរស់នៅបណ្ដោះអាសន្ន​ដែល​នៅជាមួយ​ព្រះអង្គ ជា​ជនសាត់អណ្ដែត ដូច​ដូនតា​ទាំងអស់​របស់ទូលបង្គំ​ដែរ​។

13 សូម​បែរ​ការសម្លក់​របស់ព្រះអង្គ​ចេញពី​ទូលបង្គំ​ផង ដើម្បីឲ្យ​ទូលបង្គំ​បាន​ធូរស្បើយ មុនពេល​ទូលបង្គំ​លាចាកទៅ ហើយ​លែងមាន​ទូលបង្គំ​ទៀត”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម