Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លូកា 2 - ព្រះគម្ពីរខ្មែរសាកល


កំណើតព្រះយេស៊ូវ

1 នៅ​គ្រានោះ សេសារ​អូគូស្ទ​បាន​ចេញ​រាជក្រឹត្យ​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​ទៅ​ចុះ​បញ្ជី​។

2 ជំរឿន​លើក​ដំបូង​នេះ បាន​ធ្វើឡើង​នៅពេល​គីរេនាស​ធ្វើជាអភិបាល​ស៊ីរី​។

3 ដូច្នេះ មនុស្ស​ទាំងអស់​ក៏​ទៅ​ទីក្រុង​របស់​គេ​រៀងៗខ្លួន ដើម្បី​ចុះបញ្ជី​។

4 រីឯ​យ៉ូសែប​ក៏​ឡើងទៅ​ដែរ ដោយ​ចេញពី​ក្រុង​ណាសារ៉ែត​ក្នុង​កាលីឡេ​ទៅ​ទីក្រុង​របស់​ដាវីឌ​ក្នុង​យូឌា​ដែល​គេ​ហៅថា​បេថ្លេហិម ពីព្រោះ​គាត់​មក​ពី​សែស្រឡាយ និង​ពូជអម្បូរ​របស់​ដាវីឌ​។

5 គាត់​ទៅ​ចុះបញ្ជី​ជាមួយ​ម៉ារា​ដែល​បាន​ភ្ជាប់ពាក្យ​ជាមួយ​គាត់​រួចហើយ ដែល​នាង​មានផ្ទៃពោះ​។

6 ក្នុងអំឡុងពេល​ដែល​ពួកគេ​នៅ​បេថ្លេហិម ម៉ារា​គ្រប់​ខែ​ត្រូវ​សម្រាល​កូន

7 នាង​ក៏​សម្រាល​បាន​កូនប្រុស​ម្នាក់ ជា​កូន​ច្បង​។ នាង​រុំ​កូននោះ​នឹងក្រណាត់ ហើយ​ដាក់​ក្នុង​ស្នូកសត្វ ពីព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​សម្រាប់​ពួកគេ​ឡើយ​។


អ្នកគង្វាល និងទូតសួគ៌

8 នៅ​តំបន់​ដដែល​នោះ មាន​ពួក​អ្នកគង្វាល​ដែល​អាស្រ័យនៅតាមទីវាល កំពុង​ចាំយាម​ហ្វូង​ចៀម​របស់​ពួកគេ​នៅ​ពេលយប់​។

9 ពេលនោះ មាន​ទូតសួគ៌​មួយ​រូប​របស់​ព្រះអម្ចាស់​មកឈរនៅក្បែរ​ពួកគេ ហើយ​រស្មីរុងរឿង​របស់​ព្រះអម្ចាស់​ភ្លឺ​ចិញ្ចែងចិញ្ចាច​នៅជុំវិញ​ពួកគេ ពួកគេ​ក៏​ភ័យខ្លាច​យ៉ាងខ្លាំង​។

10 ទូតសួគ៌​នោះ​និយាយ​នឹង​ពួកគេ​ថា​៖ “កុំ​ខ្លាច​ឡើយ​! ដ្បិត​មើល៍! ខ្ញុំ​ប្រកាស​ដល់​អ្នករាល់គ្នា​នូវ​ដំណឹងល្អ​នៃ​អំណរ​ដ៏លើសលប់ ដែល​នឹង​មាន​ដល់​មនុស្ស​ទាំងអស់​។

11 ថ្ងៃនេះ ព្រះសង្គ្រោះ​ដែល​ជា​ព្រះ​គ្រីស្ទ​ដ៏ជា​ព្រះអម្ចាស់​បាន​ប្រសូត​ដល់​អ្នករាល់គ្នា នៅ​ទីក្រុង​របស់​ដាវីឌ​ហើយ​។

12 នេះ​ជា​ទីសម្គាល់​ដល់​អ្នករាល់គ្នា គឺ​អ្នករាល់គ្នា​នឹង​ឃើញ​ទារក​រុំនឹងក្រណាត់ ផ្ដេក​នៅក្នុង​ស្នូកសត្វ”។

13 រំពេចនោះ មាន​ពលបរិវារ​នៃស្ថានសួគ៌​ដ៏សន្ធឹកសន្ធាប់​នៅ​ជាមួយ​ទូតសួគ៌​នោះ ហើយ​សរសើរតម្កើង​ព្រះ​ថា​៖

14 “សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះ នៅ​ស្ថាន​ដ៏ខ្ពស់បំផុត​! ហើយ​សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅលើ​ផែនដី ក្នុងចំណោម​អស់​អ្នក​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​!”។

15 លុះ​នៅពេល​បណ្ដា​ទូតសួគ៌​ចាកចេញ​ពី​ពួកគេ​ទៅ​ស្ថានសួគ៌​ហើយ ពួក​អ្នកគង្វាល​ក៏​និយាយ​គ្នា​ថា​៖ “មក៍! យើង​នាំគ្នា​ទៅ​បេថ្លេហិម ហើយ​មើល​ហេតុការណ៍​ដែល​បាន​កើតឡើង ដែល​ព្រះអម្ចាស់​បាន​ឲ្យ​យើង​ដឹង​នោះ​មើល៍​!”។

16 ដូច្នេះ ពួកគេ​ក៏​ទៅ​ជា​ប្រញាប់ ហើយ​ឃើញ​ម៉ារា និង​យ៉ូសែប ព្រមទាំង​ទារក​ដែល​ផ្ដេក​នៅក្នុង​ស្នូកសត្វ​។

17 កាល​បាន​ឃើញ​ហើយ ពួកគេ​ក៏​ផ្សព្វផ្សាយ​អំពី​សេចក្ដី​ដែល​ទូតសួគ៌​បាន​ប្រាប់​ពួកគេ​អំពី​ទារក​នោះ​។

18 អស់អ្នក​ដែល​ឮ ក៏​ងឿងឆ្ងល់​នឹង​សេចក្ដី​ដែល​ពួក​អ្នកគង្វាល​បាន​ប្រាប់​ពួកគេ។

19 រីឯ​ម៉ារា​វិញ នាង​បាន​រក្សាទុក​សេចក្ដី​ទាំងអស់​នេះ ទាំង​ត្រិះរិះពិចារណា​ក្នុង​ចិត្ត​របស់​នាង​។

20 ពួក​អ្នកគង្វាល​ក៏​ត្រឡប់ទៅវិញ​ទាំង​លើកតម្កើងសិរីរុងរឿង និង​សរសើរតម្កើង​ព្រះ ដោយព្រោះ​សេចក្ដី​ទាំងអស់​ដែល​ពួកគេ​បាន​ឮ និង​បាន​ឃើញ​នោះ ដូចដែល​ទូតសួគ៌​បាន​ប្រាប់​ពួកគេ​។


កាត់ស្បែក និងថ្វាយបុត្រតូចដល់ព្រះអម្ចាស់

21 នៅពេល​គ្រប់​ប្រាំបី​ថ្ងៃ ជា​ថ្ងៃ​ធ្វើពិធីកាត់ស្បែក​ឲ្យ​បុត្រតូចនោះ គេ​ដាក់ឈ្មោះ​ព្រះអង្គ​ថា យេស៊ូវ ជាឈ្មោះ​ដែល​ទូតសួគ៌​បាន​ដាក់​ឲ្យ មុនពេល​បុត្រតូចនោះ​ចាប់កំណើត​ក្នុង​ផ្ទៃ​។

22 បន្ទាប់ពី​ថ្ងៃ​នៃ​ការជម្រះ​របស់​ពួកគេ​បាន​គ្រប់​ហើយ ស្របតាម​ក្រឹត្យវិន័យ​របស់​ម៉ូសេ ពួកគេ​ក៏​នាំ​កូន​មក​យេរូសាឡិម​ដើម្បី​ថ្វាយ​ដល់​ព្រះអម្ចាស់

23 ដូចដែល​មាន​សរសេរ​ទុកមក​ក្នុង​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ថា​:“អស់ទាំង​កូនប្រុស​ដែល​កើតពីផ្ទៃម្ដាយមុនបង្អស់ នឹង​ត្រូវ​រាប់ជា​វិសុទ្ធ​ថ្វាយ​ព្រះអម្ចាស់”

24 ព្រមទាំង​ដើម្បី​ថ្វាយ​យញ្ញបូជា ស្របតាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ថា​:“លលក​មួយគូ ឬ​កូន​ព្រាប​ពីរ​ក្បាល”។


ពាក្យសរសើររបស់ស៊ីម្មាន

25 ពេលនោះ មើល៍! នៅ​យេរូសាឡិម​មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន​។ បុរស​នេះ​ជា​មនុស្ស​សុចរិត និង​មានជំនឿស៊ប់ ហើយ​កំពុង​រង់ចាំ​ការសម្រាលទុក្ខ​ដល់​អ៊ីស្រាអែល​។ ព្រះវិញ្ញាណដ៏វិសុទ្ធ​ក៏​សណ្ឋិត​លើ​គាត់​ដែរ​។

26 ម្យ៉ាងទៀត លោក​បាន​ទទួលការបើកសម្ដែង​ពី​ព្រះវិញ្ញាណដ៏វិសុទ្ធ​ហើយ​ថា លោក​មិន​ជួប​សេចក្ដីស្លាប់​ឡើយ រហូតទាល់តែ​បាន​ឃើញ​ព្រះ​គ្រីស្ទ​របស់​ព្រះអម្ចាស់​។

27 លោក​បាន​ចូលមក​ក្នុង​ព្រះវិហារ​ដោយ​ព្រះវិញ្ញាណ ហើយ​នៅពេល​ឪពុកម្ដាយ​បាន​នាំ​បុត្រតូច​យេស៊ូវ​មក ដើម្បី​ធ្វើ​តាម​ទម្លាប់​ក្នុង​ក្រឹត្យវិន័យ​ចំពោះ​កូន

28 ស៊ីម្មាន​ក៏​ទទួល​បុត្រតូចនោះ​មកបី ហើយ​សរសើរតម្កើង​ព្រះ​ថា​៖

29 “ព្រះអម្ចាស់​អើយ ឥឡូវនេះ សូម​ប្រោស​ឲ្យ​បាវបម្រើ​របស់ព្រះអង្គ​ចាកចេញ​ទៅ​ដោយ​សុខសាន្ត តាម​ព្រះបន្ទូល​របស់ព្រះអង្គ​ចុះ

30 ដ្បិត​ភ្នែក​របស់ទូលបង្គំ​បាន​ឃើញ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ

31 ដែល​ព្រះអង្គ​បាន​រៀបចំ​នៅចំពោះ​មុខ​ប្រជាជាតិ​ទាំងអស់

32 គឺជា​ពន្លឺ​សម្រាប់​ការបើកសម្ដែង​ដល់​សាសន៍ដទៃ និង​ជា​សិរីរុងរឿង​ដល់​អ៊ីស្រាអែល​ប្រជារាស្ត្រ​របស់ព្រះអង្គ”។

33 ឪពុក​ម្ដាយ​របស់​បុត្រតូច​ក៏​ងឿងឆ្ងល់​ចំពោះ​អ្វីៗ​ដែល​ត្រូវបាន​ថ្លែង​អំពី​បុត្រតូចនោះ​។

34 ស៊ីម្មាន​ឲ្យពរ​ពួកគេ ព្រមទាំង​និយាយ​នឹង​ម៉ារា​ម្ដាយ​របស់​បុត្រតូច​ថា​៖ “មើល៍! កូននេះ​ត្រូវបាន​តាំងឡើង​សម្រាប់​ការដួលរលំ​និង​ការងើបឡើង​របស់​មនុស្ស​ជាច្រើន​ក្នុងចំណោម​អ៊ីស្រាអែល និង​សម្រាប់​ជា​ទីសម្គាល់​ដែល​ត្រូវគេ​ប្រឆាំង

35 ដើម្បីឲ្យ​ចិត្ត​គំនិត​របស់​មនុស្ស​ជាច្រើន​ត្រូវបាន​សម្ដែងឲ្យឃើញ​; រីឯ​ព្រលឹង​របស់នាង​ផ្ទាល់​ក៏​នឹង​ត្រូវ​ដាវ​ចាក់ទម្លុះ​ដែរ”។


ទីបន្ទាល់របស់អាន់ណា

36 មាន​ព្យាការិនី​ម្នាក់​ឈ្មោះ​អាន់ណា ជា​កូនស្រី​របស់​ផាញូអែល ក្នុង​កុលសម្ព័ន្ធ​អេស៊ើរ​។ ស្ត្រីនេះ​មានវ័យចំណាស់​ហើយ គាត់​រស់នៅ​ជាមួយ​ប្ដី​បាន​ប្រាំពីរ​ឆ្នាំ​ក្រោយពីរៀបការ

37 រួច​គាត់​ក៏​នៅ​មេម៉ាយ​រហូតដល់​អាយុ​ប៉ែតសិប​បួន​ឆ្នាំ​។ គាត់​មិនដែល​ចាកចេញ​ពី​ព្រះវិហារ​ឡើយ គឺ​តែងតែ​បម្រើ​ព្រះ​ទាំងយប់ទាំងថ្ងៃ ដោយ​ការតមអាហារ និង​ការអធិស្ឋាន​។

38 នៅ​វេលា​ដដែល​នោះ គាត់​ក៏​មកឈរនៅ​ក្បែរ ហើយ​អរព្រះគុណ​ដល់​ព្រះ ព្រមទាំង​និយាយប្រាប់​អំពី​បុត្រតូចនោះ​ដល់​អស់អ្នក​ដែល​រង់ចាំ​ការរំដោះ​ដល់​យេរូសាឡិម​។


ត្រឡប់ទៅណាសារ៉ែតវិញ

39 នៅពេល​បាន​បំពេញ​ការ​ទាំងអស់​ស្របតាម​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​រួចហើយ យ៉ូសែប និងម៉ារា​ក៏​ត្រឡប់​ទៅ​កាលីឡេ​វិញ ដល់​ណាសារ៉ែត​ជា​ទីក្រុង​របស់​ពួកគេ​។

40 បុត្រតូច​នោះ​ក៏​ធំឡើង ហើយ​មាំមួន ទាំង​ពេញ​ដោយ​ប្រាជ្ញា ហើយ​ព្រះគុណ​របស់​ព្រះ​ក៏​ស្ថិតនៅ​លើ​ព្រះអង្គ​ដែរ​។


នៅក្នុងដំណាក់ព្រះបិតា

41 ជា​រៀងរាល់​ឆ្នាំ ឪពុកម្ដាយ​របស់​ព្រះកុមារយេស៊ូវ​តែងតែ​ធ្វើដំណើរ​ទៅ​បុណ្យរំលង​នៅ​យេរូសាឡិម​។

42 នៅពេល​ព្រះអង្គ​មាន​ព្រះជន្មាយុ​ដប់ពីរ​ព្រះវស្សា ពួកគេ​ក៏​ឡើងទៅ​តាម​ទម្លាប់​នៃ​ពិធីបុណ្យ​។

43 បន្ទាប់ពី​ថ្ងៃ​បុណ្យ​ចប់សព្វគ្រប់​ហើយ ពេល​ពួកគេ​កំពុង​ត្រឡប់ទៅវិញ ព្រះកុមារ​យេស៊ូវ​នៅតែគង់នៅ​យេរូសាឡិម ប៉ុន្តែ​ឪពុកម្ដាយ​របស់​ព្រះអង្គ​មិន​បាន​ដឹង​ទេ​។

44 ពួកគាត់​ស្មានថា​ព្រះអង្គ​នៅ​ក្នុងចំណោម​អ្នករួមដំណើរ ក៏​ធ្វើដំណើរ​អស់​មួយ​ថ្ងៃ បន្ទាប់មក​ទើប​ចាប់ផ្ដើម​រក​ព្រះអង្គ​ក្នុងចំណោម​សាច់ញាតិ និង​អ្នក​ដែល​ស្គាល់

45 ប៉ុន្តែ​រកមិនឃើញ ពួកគាត់​ក៏​ត្រឡប់ទៅ​រក​ព្រះអង្គ​ដល់​យេរូសាឡិម​។

46 លុះ​បី​ថ្ងៃ​ក្រោយមក ពួកគាត់​រក​ព្រះអង្គ​ឃើញ​នៅក្នុង​ព្រះវិហារ កំពុង​អង្គុយ​នៅ​កណ្ដាលចំណោម​ពួក​គ្រូ ទាំង​ស្ដាប់ ទាំង​សួរ​សំណួរ​ដល់​គេ​ផង​។

47 អស់អ្នក​ដែល​ស្ដាប់​ព្រះអង្គ​ក៏​ភ្ញាក់ផ្អើល​ចំពោះ​បញ្ញា និង​ចម្លើយ​របស់​ព្រះអង្គ​។

48 នៅពេល​ឪពុកម្ដាយ​ឃើញ​ព្រះអង្គ​ក៏​ភ្ញាក់ផ្អើល ហើយ​ម្ដាយ​និយាយថា​៖ “កូន​អើយ! ហេតុអ្វីបានជា​កូន​ធ្វើ​ដូច្នេះដាក់​យើង? មើល៍! ឪពុក និងម្ដាយ​របស់កូន​បាន​តាម​រក​កូន​ទាំង​ព្រួយចិត្ត​ណាស់​!”។

49 ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគាត់​ថា​៖“ហេតុអ្វីបានជា​ពុកម៉ែ​តាមរក​កូន? តើ​មិន​ដឹង​ថា កូន​ត្រូវតែ​នៅ​ក្នុង​ដំណាក់​ព្រះ​បិតា​របស់កូនទេ​ឬ​?”។

50 ប៉ុន្តែ​ពួកគាត់​មិន​យល់​ពាក្យ​ដែល​ព្រះអង្គ​មានបន្ទូល​នឹង​ពួកគាត់​ឡើយ​។


ជាទីគាប់ដល់ព្រះ និងមនុស្ស

51 បន្ទាប់មក ព្រះយេស៊ូវ​ក៏​ចុះ​ទៅ​ណាសារ៉ែត​វិញ​ជាមួយ​ឪពុកម្ដាយ ហើយ​ស្ដាប់បង្គាប់​ពួកគាត់។ រីឯ​ម្ដាយ​វិញ នាង​បាន​រក្សា​ហេតុការណ៍​ទាំងអស់​នេះ​ទុក​ក្នុង​ចិត្ត។

52 ព្រះយេស៊ូវ​បាន​ចម្រើនឡើង ខាង​ប្រាជ្ញា និង​រូបកាយ ហើយក៏​ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះ និង​ជា​ទីគាប់ចិត្ត​ដល់​មនុស្ស​ផង​ដែរ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម