ហេព្រើរ 2 - ព្រះគម្ពីរខ្មែរសាកលកុំធ្វើព្រងើយនឹងសេចក្ដីសង្គ្រោះ 1 ដោយហេតុនេះ យើងត្រូវតែយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងឡើងចំពោះសេចក្ដីដែលយើងបានឮ ក្រែងលោយើងត្រូវបានធ្វើឲ្យរសាត់បាត់ទៅ។ 2 ដ្បិតប្រសិនបើព្រះបន្ទូលដែលត្រូវបានប្រកាសតាមរយៈបណ្ដាទូតសួគ៌បានប្រាកដប្រជា ហើយគ្រប់ទាំងការល្មើស និងការមិនស្ដាប់បង្គាប់បានទទួលការតបសងដែលត្រូវទទួលទៅហើយ 3 តើយើងនឹងគេចផុតយ៉ាងដូចម្ដេចបាន ប្រសិនបើយើងធ្វើព្រងើយនឹងសេចក្ដីសង្គ្រោះដ៏ធំយ៉ាងនេះ? សេចក្ដីសង្គ្រោះនេះត្រូវបានប្រកាសតាមរយៈព្រះអម្ចាស់ជាមុន រួចមកត្រូវបានបញ្ជាក់ដល់យើងតាមរយៈពួកអ្នកដែលបានឮ។ 4 ព្រះបានធ្វើបន្ទាល់ ដោយទីសម្គាល់ ការអស្ចារ្យ និងមហិទ្ធិឫទ្ធិផ្សេងៗ ព្រមទាំងដោយអំណោយទានពីព្រះវិញ្ញាណដ៏វិសុទ្ធ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។ ព្រះយេស៊ូវ និងមនុស្សជាតិ 5 ជាការពិត ព្រះអង្គមិនបានធ្វើឲ្យ “លោកខាងមុខ” ដែលយើងកំពុងនិយាយនេះ ចុះចូលនឹងបណ្ដាទូតសួគ៌ឡើយ 6 ប៉ុន្តែមានគេធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់នៅកន្លែងមួយក្នុងគម្ពីរថា: “តើមនុស្សជាអ្វី បានជាព្រះអង្គយកចិត្តទុកដាក់នឹងគេ? តើកូនមនុស្សជាអ្វី បានជាព្រះអង្គមើលថែគេ? 7 ព្រះអង្គបានធ្វើឲ្យគេទាបជាងបណ្ដាទូតសួគ៌មួយរយៈ; ព្រះអង្គបានយកសិរីរុងរឿង និងកិត្តិយស បំពាក់ជាមកុដលើគេ; 8 ព្រះអង្គបានធ្វើឲ្យរបស់សព្វសារពើចុះចូលនៅក្រោមជើងគេ”។ ដោយព្រោះព្រះបានធ្វើឲ្យរបស់សព្វសារពើចុះចូលនឹងគេហើយ ដូច្នេះគ្មានអ្វីមិនចុះចូលនឹងគេនៅសល់ឡើយ ក៏ប៉ុន្តែសព្វថ្ងៃនេះ យើងមិនទាន់ឃើញរបស់សព្វសារពើចុះចូលនឹងគេនៅឡើយទេ។ 9 យ៉ាងណាមិញ យើងឃើញព្រះយេស៊ូវដែលត្រូវបានធ្វើឲ្យទាបជាងបណ្ដាទូតសួគ៌មួយរយៈ ដោយសារតែទុក្ខលំបាកនៃសេចក្ដីស្លាប់ រួចបានទទួលសិរីរុងរឿង និងកិត្តិយសពាក់ជាមកុដ ដើម្បីឲ្យព្រះអង្គបានភ្លក់សេចក្ដីស្លាប់ជំនួសមនុស្សទាំងអស់ ដោយព្រះគុណរបស់ព្រះ។ 10 ការបំពេញមុខងារជាស្ថាបនិកនៃសេចក្ដីសង្គ្រោះ ដោយនាំកូនជាច្រើនមករកសិរីរុងរឿងតាមរយៈទុក្ខលំបាក ជាការសមគួរសម្រាប់ព្រះអង្គដែលរបស់សព្វសារពើមាននៅសម្រាប់ព្រះអង្គ និងដោយសារតែព្រះអង្គ។ 11 ដ្បិតទាំងអ្នកដែលញែកជាវិសុទ្ធ និងអ្នកដែលត្រូវបានញែកជាវិសុទ្ធ សុទ្ធតែមកពីព្រះអង្គតែមួយ។ ហេតុនេះហើយបានជាព្រះអង្គមិនអៀនខ្មាសនឹងហៅពួកគេថាបងប្អូន 12 ទាំងមានបន្ទូលថា: “ទូលបង្គំនឹងប្រកាសព្រះនាមរបស់ព្រះអង្គដល់បងប្អូនរបស់ទូលបង្គំ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គ នៅកណ្ដាលចំណោមអង្គប្រជុំ”។ 13 ព្រះអង្គមានបន្ទូលទៀតថា:“ខ្ញុំនឹងទុកចិត្តលើព្រះអង្គ” ហើយថា:“មើល៍! ខ្ញុំ និងកូនៗ ដែលព្រះបានប្រទានមកខ្ញុំ!”។ 14 ដូច្នេះ ដោយព្រោះកូនៗមានចំណែកក្នុងសាច់ និងឈាម ព្រះអង្គក៏ទទួលចំណែកក្នុងសាច់ និងឈាមដូចគ្នាដែរ ដើម្បីតាមរយៈការសុគត ព្រះអង្គអាចបំផ្លាញអ្នកដែលកាន់អំណាចនៃសេចក្ដីស្លាប់ (នោះគឺមារ) 15 ព្រមទាំងអាចរំដោះអស់អ្នកដែលជាប់ក្នុងភាពជាទាសករអស់មួយជីវិតដោយការភ័យខ្លាចសេចក្ដីស្លាប់។ 16 ពិតមែនហើយ ព្រះអង្គមិនជួយទូតសួគ៌ទេ គឺជួយពូជពង្សរបស់អ័ប្រាហាំវិញ។ 17 ដូច្នេះ ព្រះអង្គត្រូវតែបានដូចបងប្អូនក្នុងគ្រប់ជំពូក ដើម្បីឲ្យព្រះអង្គបានជាមហាបូជាចារ្យដែលមានចិត្តមេត្តា និងស្មោះត្រង់ក្នុងកិច្ចការខាងឯព្រះ ដើម្បីថ្វាយយញ្ញបូជាលួងព្រះហឫទ័យសម្រាប់បាបរបស់ប្រជាជន។ 18 ដោយសារព្រះអង្គផ្ទាល់បានរងទុក្ខក្នុងការល្បងល ដូច្នេះព្រះអង្គអាចជួយអ្នកដែលត្រូវបានល្បងលដែរ៕ |