Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 37 - ព្រះគម្ពីរខ្មែរសាកល


ចុងបញ្ចប់របស់មនុស្សសុចរិត និងមនុស្សទុច្ចរិត
បទតម្កើង ​របស់​ដាវីឌ​។

1 កុំ​រសាប់រសល់​ព្រោះតែ​អ្នកដែល​ធ្វើអាក្រក់​ឡើយ ក៏កុំ​ច្រណែន​អ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​ដែរ

2 ដ្បិត​ពួកគេ​នឹង​ត្រូវបានកាត់ចោល​ក្នុងមួយរំពេច​ដូច​ស្មៅ ហើយ​ក្រៀមស្វិត​ដូច​ស្មៅទន់​ដ៏ខៀវខ្ចី​ដែរ​។

3 ចូរ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះ ចូរ​រស់នៅ​ក្នុង​ស្រុក ហើយ​ហូប​សេចក្ដីស្មោះត្រង់​ជាអាហារ​ចុះ​។

4 ចូរ​រីករាយ​ក្នុង​ព្រះយេហូវ៉ា​ចុះ នោះ​ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អ្នក​តាម​សំណូម​នៃ​ចិត្ត​អ្នក​។

5 ចូរ​ផ្ទុកផ្ដាក់​ផ្លូវ​របស់អ្នក​នឹង​ព្រះយេហូវ៉ា ហើយ​ជឿទុកចិត្តលើ​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​ធ្វើឲ្យសម្រេច

6 ហើយ​ព្រះអង្គ​នឹង​ធ្វើឲ្យ​សេចក្ដីសុចរិត​របស់អ្នក​ចេញមក​ដូច​ពន្លឺ ក៏​នឹង​ធ្វើឲ្យ​សេចក្ដីយុត្តិធម៌​របស់អ្នក​ចេញមក​ដូច​ថ្ងៃត្រង់​។

7 ចូរ​នៅស្ងៀម​នៅចំពោះ​ព្រះយេហូវ៉ា ហើយ​រង់ចាំ​ព្រះអង្គ​ដោយអត់ធ្មត់​ចុះ កុំ​រសាប់រសល់​ព្រោះតែ​អ្នកដែល​ចម្រើនឡើង​ក្នុង​ផ្លូវ​របស់ខ្លួន​ឡើយ ក៏កុំ​រសាប់រសល់​ព្រោះតែ​មនុស្ស​ដែល​អនុវត្ត​កលល្បិច​ដែរ​។

8 ចូរ​រម្ងាប់​កំហឹង ហើយ​បោះបង់ចោល​សេចក្ដីក្ដៅក្រហាយ​ទៅ​; កុំ​រសាប់រសល់​ឡើយ ដ្បិត​វា​គ្រាន់តែ​នាំឲ្យ​ធ្វើអាក្រក់​ប៉ុណ្ណោះ​។

9 ជាការពិត មនុស្សដែល​ធ្វើអាក្រក់​នឹង​ត្រូវបាន​កាត់ចេញ រីឯ​អ្នកដែល​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា​នឹង​ទទួល​ផែនដី​ជាមរតក​។

10 បន្តិចទៀត លែងមាន​មនុស្ស​អាក្រក់​ទៀតឡើយ ទោះបីជា​អ្នក​ខំរកមើល​នៅ​កន្លែង​គេ​ក៏ដោយ ក៏​គេ​មិន​នៅ​ដែរ​។

11 រីឯ​មនុស្ស​រាបទាប​នឹង​ទទួល​ផែនដី​ជាមរតក ហើយ​រីករាយ​នឹង​សេចក្ដីសុខសាន្ត​ដ៏បរិបូរ​។

12 មនុស្ស​អាក្រក់​ប៉ងធ្វើអាក្រក់​ទាស់នឹង​មនុស្ស​សុចរិត ទាំង​សង្កៀត​ធ្មេញ​ដាក់​អ្នកនោះ​ផង​។

13 ព្រះអម្ចាស់​ទ្រង់​សើច​ដាក់​មនុស្សអាក្រក់ ដ្បិត​ព្រះអង្គ​ទ្រង់​ជ្រាប​ថា ថ្ងៃ​របស់គេ​ជិត​មកដល់​ហើយ​។

14 ពួកមនុស្ស​អាក្រក់​បាន​ហូត​ដាវ ព្រមទាំង​យឹត​ធ្នូ​របស់ខ្លួន ដើម្បី​ធ្វើឲ្យ​មនុស្ស​ទ័លក្រ និង​មនុស្ស​ខ្វះខាត​ដួល និង​ដើម្បី​សម្លាប់​អ្នកដែល​ទៀងត្រង់​ក្នុង​ផ្លូវ​របស់ខ្លួន​។

15 ប៉ុន្តែ​ដាវ​របស់ពួកគេ​នឹង​ចាក់ទម្លុះ​បេះដូង​ខ្លួនគេ ហើយ​ធ្នូ​របស់ពួកគេ​ក៏​នឹង​ត្រូវបាន​បំបាក់​ដែរ​។

16 បន្តិចបន្តួច​ដែល​មនុស្ស​សុចរិត​មាន ប្រសើរ​ជាង​ភាពបរិបូរ​របស់​មនុស្ស​អាក្រក់​ជាច្រើន​នាក់​ទៅទៀត​។

17 ដ្បិត​ដើមដៃ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​បំបាក់ ប៉ុន្តែ​ព្រះយេហូវ៉ា​ទ្រទ្រង់​មនុស្ស​សុចរិត​។

18 ព្រះយេហូវ៉ា​ទ្រង់​ជ្រាប​អស់ទាំង​ថ្ងៃ​របស់​មនុស្ស​គ្រប់លក្ខណ៍ ហើយ​មរតក​របស់ពួកគេ​នឹង​នៅស្ថិតស្ថេរ​ជារៀងរហូត​។

19 ពួកគេ​នឹង​មិន​អាម៉ាស់មុខ​ក្នុង​គ្រានៃមហន្តរាយ​ឡើយ ហើយ​ពួកគេ​នឹង​បាន​ឆ្អែត​ក្នុង​ថ្ងៃ​នៃ​ទុរ្ភិក្ស​។

20 យ៉ាងណាមិញ មនុស្ស​អាក្រក់​នឹង​វិនាស​; ខ្មាំងសត្រូវ​របស់​ព្រះយេហូវ៉ា​ប្រៀបដូចជា​លម្អ​នៃ​វាលស្មៅ ពួកគេ​នឹង​អស់ទៅ គឺ​អស់ទៅ​ដូចជា​ផ្សែង​។

21 មនុស្ស​អាក្រក់​ខ្ចី​គេ ហើយ​មិន​សងវិញ​ឡើយ រីឯ​មនុស្ស​សុចរិត មានចិត្តសប្បុរស ហើយ​ឲ្យ​ដល់គេ​។

22 ជាការពិត អ្នកដែល​មានព្រះពរ​ពី​ព្រះអង្គ នឹង​ទទួល​ផែនដី​ជាមរតក រីឯ​អ្នកដែល​ត្រូវ​ព្រះអង្គ​ដាក់បណ្ដាសា នឹង​ត្រូវបាន​កាត់ចេញ​។

23 ជំហាន​របស់​មនុស្ស​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​ដោយ​ព្រះយេហូវ៉ា ហើយ​ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​ផ្លូវ​របស់គេ​។

24 ទោះបីជា​គេ​ដួល​ក៏ដោយ ក៏​គេ​មិន​ត្រូវបាន​បោះបង់ចោល​ឡើយ ពីព្រោះ​ព្រះយេហូវ៉ា​ទ្រទ្រង់​ដៃ​របស់គេ​។

25 ខ្ញុំ​ធ្លាប់​ជា​ក្មេង ឥឡូវនេះ​ខ្ញុំ​ចាស់​ហើយ ប៉ុន្តែ​ខ្ញុំ​មិនដែល​ឃើញ​មនុស្ស​សុចរិត​ត្រូវបាន​បោះបង់ចោល​ឡើយ ក៏​មិនដែល​ឃើញ​ពូជពង្ស​របស់គេ​សុំទាន​អាហារ​ដែរ​។

26 វាល់ព្រឹកវាល់ល្ងាច គេ​មានចិត្តសប្បុរស ព្រមទាំង​ឲ្យខ្ចី​ផង ហើយ​ពូជពង្ស​របស់គេ​នឹង​បានជា​ពរ​។

27 ចូរ​បែរចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ នោះ​អ្នក​នឹង​រស់នៅ​ជារៀងរហូត

28 ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ស្រឡាញ់​សេចក្ដីយុត្តិធម៌ ហើយ​ព្រះអង្គ​មិន​បោះបង់ចោល​វិសុទ្ធជន​របស់ព្រះអង្គ​ឡើយ​; ពួកគេ​ត្រូវបាន​ថែរក្សា​ជារៀងរហូត រីឯ​ពូជពង្ស​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​កាត់ចេញ​។

29 មនុស្ស​សុចរិត​នឹង​ទទួល​ផែនដី​ជាមរតក ហើយ​រស់នៅ​ទីនោះ​ជារៀងរហូត​។

30 មាត់​របស់​មនុស្ស​សុចរិត​ថ្លែង​ប្រាជ្ញា ហើយ​អណ្ដាត​របស់គេ​ពោល​សេចក្ដីយុត្តិធម៌​។

31 ក្រឹត្យវិន័យ​របស់​ព្រះ​នៃគេ​នៅ​ក្នុងចិត្ត​គេ ជំហាន​របស់គេ​មិន​ញញីញញ័រ​ឡើយ​។

32 មនុស្ស​អាក្រក់​ឃ្លាំមើល​មនុស្ស​សុចរិត ហើយ​ស្វែងរក​ដើម្បី​ធ្វើឲ្យ​គេ​ត្រូវបាន​សម្លាប់

33 ប៉ុន្តែ​ព្រះយេហូវ៉ា​មិន​បោះបង់​គេ​ចោល​ទៅក្នុង​កណ្ដាប់ដៃ​របស់​មនុស្សអាក្រក់​ឡើយ ក៏​មិន​ឲ្យ​គេ​ត្រូវបាន​ផ្ដន្ទាទោស នៅពេល​គេ​ត្រូវបាន​ជំនុំជម្រះ​ដែរ​។

34 ចូរ​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា ហើយ​កាន់តាម​មាគ៌ា​របស់ព្រះអង្គ នោះ​ព្រះអង្គ​នឹង​លើក​អ្នក​ឡើង​ដើម្បីឲ្យ​ទទួល​ផែនដី​ជាមរតក​។ នៅពេល​ពួកមនុស្ស​អាក្រក់​ត្រូវបាន​កាត់ចេញ អ្នក​នឹង​ឃើញ​ការនោះ​។

35 ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​អាក្រក់​ដ៏កាចសាហាវ ហើយ​គេ​រីកឡើង​ដូច​រុក្ខជាតិ​ខៀវខ្ចី​នៅ​ទីកំណើត​របស់វា​។

36 ប៉ុន្តែ​គេ​កន្លងបាត់ទៅ ហើយ​មើល៍! មិនមាន​គេ​ទៀតទេ​! ទោះបីជា​ខ្ញុំ​ស្វែងរក​គេ​ក៏ដោយ ក៏​រកមិនឃើញ​ដែរ​។

37 ចូរ​សង្កេត​មនុស្ស​ឥតខ្ចោះ ហើយ​មើល​មនុស្ស​ទៀងត្រង់​ចុះ ដ្បិត​មាន​អនាគត​សម្រាប់​មនុស្ស​នៃ​សេចក្ដីសុខសាន្ត​។

38 ប៉ុន្តែ​មនុស្ស​បំពាន​នឹង​ត្រូវបាន​បំផ្លាញ​ជាមួយគ្នា​; អនាគត​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​កាត់ចេញ​។

39 ចំណែកឯ​ការរួចជីវិត​របស់​មនុស្ស​សុចរិត មកពី​ព្រះយេហូវ៉ា ព្រះអង្គជា​បន្ទាយ​របស់ពួកគេ ក្នុង​ពេល​មាន​ទុក្ខវេទនា​។

40 ព្រះយេហូវ៉ា​ទ្រង់​ជួយ​ពួកគេ ហើយ​រំដោះ​ពួកគេ គឺ​ព្រះអង្គ​រំដោះ​ពួកគេ​ពី​មនុស្ស​អាក្រក់ ហើយ​សង្គ្រោះ​ពួកគេ ពីព្រោះ​ពួកគេ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម