អេសាយ 26 - ព្រះគម្ពីរខ្មែរសាកលចម្រៀងរបស់យូដា 1 នៅថ្ងៃនោះ គេនឹងច្រៀងចម្រៀងនេះនៅក្នុងដែនដីយូដាថា៖ “យើងមានទីក្រុងមួយដ៏រឹងមាំ ព្រះអង្គទ្រង់តាំងសេចក្ដីសង្គ្រោះឡើង ទុកជាកំពែង និងជាប៉ម។ 2 ចូរបើកទ្វារក្រុង ដើម្បីឲ្យប្រជាជាតិសុចរិតដែលរក្សាសេចក្ដីស្មោះត្រង់ បានចូលមក! 3 ព្រះអង្គទ្រង់រក្សាអ្នកដែលមានបំណងខ្ជាប់ខ្ជួន ឲ្យមានសេចក្ដីសុខសាន្តពេញលេញ ពីព្រោះគេជឿទុកចិត្តព្រះអង្គ។ 4 ចូរជឿទុកចិត្តលើព្រះយេហូវ៉ាជារៀងរហូត ដ្បិតព្រះអម្ចាស់យេហូវ៉ាជាថ្មដាដ៏អស់កល្ប! 5 ព្រះអង្គបានបន្ទាបអ្នកដែលរស់នៅកន្លែងខ្ពស់ចុះ គឺទីក្រុងដ៏ខ្ពស់ ព្រះអង្គទ្រង់ពង្រាបវា គឺពង្រាបវាដល់ដី ក៏បោះវាដល់ធូលីផង។ 6 ជើងនឹងជាន់ឈ្លីវា គឺទាំងជើងរបស់អ្នកទ័លក្រ និងជំហានរបស់អ្នកក្រខ្សត់ផង”។ ប្រជារាស្ត្ររបស់ព្រះប្រាថ្នាចង់បានព្រះអង្គ 7 ផ្លូវរបស់មនុស្សសុចរិត គឺសេចក្ដីទៀងត្រង់។ ឱព្រះអង្គដ៏ទៀងត្រង់អើយ ព្រះអង្គទ្រង់ធ្វើឲ្យផ្លូវរបស់មនុស្សសុចរិតរាបស្មើ។ 8 មែនហើយ ព្រះយេហូវ៉ាអើយ យើងខ្ញុំទន្ទឹងរង់ចាំព្រះអង្គ ក្នុងផ្លូវនៃការជំនុំជម្រះរបស់ព្រះអង្គ; ព្រះនាមរបស់ព្រះអង្គ និងការនឹកចាំអំពីព្រះអង្គ គឺជាបំណងប្រាថ្នានៃចិត្តរបស់យើងខ្ញុំ! 9 នៅពេលយប់ ព្រលឹងរបស់ទូលបង្គំប្រាថ្នាចង់បានព្រះអង្គ វិញ្ញាណរបស់ទូលបង្គំដែលនៅក្នុងទូលបង្គំ ក៏ខំប្រឹងស្វែងរកព្រះអង្គ ដ្បិតនៅពេលការជំនុំជម្រះរបស់ព្រះអង្គមកដល់ផែនដី អ្នកដែលរស់នៅពិភពលោកក៏រៀនចេះសេចក្ដីសុចរិត។ 10 ទោះបីជាព្រះអង្គមេត្តាដល់មនុស្សអាក្រក់ក៏ដោយ ក៏គេមិនរៀនចេះសេចក្ដីសុចរិតដែរ គេប្រព្រឹត្តអំពើទុច្ចរិតនៅក្នុងទឹកដីនៃសេចក្ដីទៀងត្រង់ ហើយមិនឃើញភាពឧត្ដុង្គឧត្ដមរបស់ព្រះយេហូវ៉ាឡើយ។ 11 ព្រះយេហូវ៉ាអើយ ព្រះហស្តរបស់ព្រះអង្គបានលើកឡើងហើយ ប៉ុន្តែពួកគេមិនឃើញឡើយ។ សូមឲ្យពួកគេឃើញចិត្តឆេះឆួលរបស់ព្រះអង្គចំពោះប្រជារាស្ត្រ ហើយអាម៉ាស់មុខ! សូមឲ្យភ្លើងសម្រាប់ពួកបច្ចាមិត្តរបស់ព្រះអង្គស៊ីបំផ្លាញពួកគេ! 12 ព្រះយេហូវ៉ាអើយ ព្រះអង្គនឹងតាំងសេចក្ដីសុខសាន្តឡើងសម្រាប់យើងខ្ញុំ ដ្បិតព្រះអង្គក៏បានធ្វើសម្រាប់យើងខ្ញុំនូវអស់ទាំងកិច្ចការរបស់យើងខ្ញុំដែរ! 13 ព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំអើយ មានចៅហ្វាយជាច្រើនក្រៅពីព្រះអង្គបានត្រួតត្រាលើយើងខ្ញុំ ប៉ុន្តែយើងខ្ញុំនឹកចាំព្រះនាមរបស់ព្រះអង្គ គឺតែព្រះអង្គប៉ុណ្ណោះ។ 14 មនុស្សស្លាប់មិនរស់ទៀតទេ ព្រលឹងមនុស្សស្លាប់ក៏មិនងើបឡើងវិញដែរ ដូច្នេះព្រះអង្គបានដាក់ទោស ហើយបំផ្លាញគេ ព្រមទាំងបំបាត់អស់ទាំងការនឹកចាំអំពីគេផង។ 15 ព្រះយេហូវ៉ាអើយ ព្រះអង្គបានធ្វើឲ្យប្រជាជាតិនេះកើនឡើង ព្រះអង្គបានធ្វើឲ្យប្រជាជាតិនេះកើនឡើងហើយ! ព្រះអង្គបានទទួលការលើកតម្កើងសិរីរុងរឿង! ព្រះអង្គបានពង្រីកអស់ទាំងព្រំដែននៃទឹកដីហើយ! 16 ព្រះយេហូវ៉ាអើយ គេបានស្វែងរកព្រះអង្គក្នុងទុក្ខវេទនា គេបានបង្ហូរចេញនូវពាក្យអធិស្ឋានខ្សឹបៗពេលមានការប្រៀនប្រដៅរបស់ព្រះអង្គដល់គេ! 17 ព្រះយេហូវ៉ាអើយ ដូចដែលស្ត្រីមានផ្ទៃពោះដែលរៀបនឹងសម្រាលកូន នាងឈឺចុកចាប់យ៉ាងខ្លាំង ហើយស្រែកថ្ងូរដោយការឈឺពោះឆ្លងទន្លេយ៉ាងណា យើងខ្ញុំក៏យ៉ាងនោះដែរ នៅចំពោះព្រះអង្គ។ 18 យើងខ្ញុំបានមានផ្ទៃពោះ យើងខ្ញុំបានឈឺចាប់ ប៉ុន្តែយើងខ្ញុំសម្រាលចេញជាខ្យល់ យើងខ្ញុំមិនបានសម្រេចបាននូវសេចក្ដីសង្គ្រោះសម្រាប់ផែនដី ហើយអ្នកដែលរស់នៅលើពិភពលោកក៏មិនបានកើតមកដែរ។ 19 ពួកមនុស្សស្លាប់របស់អ្នកនឹងមានជីវិតរស់ សាកសពរបស់គេនឹងក្រោកឡើង។ ពួកអ្នកដែលរស់នៅក្នុងធូលីអើយ ចូរភ្ញាក់ឡើង ហើយស្រែកហ៊ោសប្បាយ! ដ្បិតទឹកសន្សើមរបស់អ្នក ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម ហើយផែនដីនឹងបញ្ចេញព្រលឹងមនុស្សស្លាប់មក។ 20 ប្រជាជនរបស់ខ្ញុំអើយ ចូរទៅ! ចូរចូលទៅក្នុងបន្ទប់របស់ខ្លួន ហើយបិទទ្វារនៅខាងក្រោយអ្នកចុះ ចូរលាក់ខ្លួនបន្តិចសិន រហូតដល់សេចក្ដីក្រេវក្រោធបានកន្លងផុតទៅ! 21 ដ្បិតមើល៍! ព្រះយេហូវ៉ាបានយាងចេញពីកន្លែងរបស់ព្រះអង្គមក ដើម្បីដាក់ទោសអ្នកដែលរស់នៅលើផែនដីចំពោះសេចក្ដីទុច្ចរិតរបស់គេ ហើយផែនដីនឹងលាតត្រដាងការបង្ហូរឈាមលើវា ក៏មិនគ្របបាំងមនុស្សដែលត្រូវគេសម្លាប់ទៀតឡើយ៕ |