លោកុប្បត្តិ 49 - ព្រះគម្ពីរខ្មែរសាកលយ៉ាកុបឲ្យពរកូនៗ 1 យ៉ាកុបហៅពួកកូនប្រុសរបស់គាត់មក ហើយនិយាយថា៖ “ចូរប្រមូលគ្នា ដើម្បីឲ្យយើងប្រាប់ពួកឯងនូវអ្វីដែលនឹងកើតឡើងដល់ពួកឯង នៅថ្ងៃខាងមុខ។ 2 ពួកកូនប្រុសរបស់យ៉ាកុបអើយ ចូរផ្ដុំគ្នាស្ដាប់ ចូរស្ដាប់អ៊ីស្រាអែលឪពុករបស់ពួកឯងចុះ! 3 រូបេនអើយ ឯងជាកូនច្បងរបស់យើង។ ឯងជាឫទ្ធិ និងជាផលដំបូងនៃកម្លាំងរបស់យើង ឯងលើសគេខាងឯកិត្តិយស ក៏លើសគេខាងឯអំណាចដែរ។ 4 ដោយសារឯងរំពើកដូចទឹក ឯងនឹងមិនបានលើសគេទៀតឡើយ ពីព្រោះឯងបានឡើងទៅលើគ្រែរបស់ឪពុកឯង ហើយបានធ្វើឲ្យវាសៅហ្មង។ វាបានឡើងទៅលើទីដំណេករបស់យើង! 5 ស៊ីម្មាន និងលេវីជាបងប្អូន; ដាវរបស់ពួកគេជាអាវុធនៃអំពើហិង្សា។ 6 កុំឲ្យព្រលឹងរបស់យើងចូលទៅក្នុងការពិគ្រោះរបស់ពួកគេឡើយ កុំឲ្យសិរីរុងរឿងរបស់យើងចូលរួមក្នុងអង្គប្រជុំរបស់ពួកគេឡើយ ដ្បិតពួកគេបានសម្លាប់មនុស្សដោយកំហឹងរបស់ពួកគេ ហើយបានកាត់សរសៃពួរជើងគោឈ្មោលតាមអំពើចិត្ត។ 7 កំហឹងរបស់ពួកគេត្រូវបណ្ដាសាហើយ ដ្បិតវាសាហាវ សេចក្ដីក្ដៅក្រហាយរបស់ពួកគេត្រូវបណ្ដាសាហើយ ដ្បិតវាឃោរឃៅ។ យើងនឹងបំបែកពួកគេចេញនៅក្នុងយ៉ាកុប ហើយកម្ចាត់កម្ចាយពួកគេនៅក្នុងអ៊ីស្រាអែល។ 8 យូដាអើយ បងប្អូនរបស់ឯងនឹងសរសើរឯង ដៃរបស់ឯងនឹងនៅលើ ករបស់ខ្មាំងសត្រូវឯង ពួកកូនប្រុសរបស់ឪពុកឯងនឹងក្រាបចុះនៅចំពោះឯង។ 9 យូដាជាកូនសិង្ហ; កូនអើយ ឯងបានឡើងមកពីស៊ីរំពា។ វាលុតចុះ វាក្រាបដូចសិង្ហឈ្មោល និងដូចសិង្ហញី; តើនរណាហ៊ានដាស់វាឡើង? 10 ដំបងរាជ្យនឹងមិនឃ្លាតចេញពីយូដាឡើយ ហើយដំបងគ្រប់គ្រងក៏នឹងមិនឃ្លាតចេញពីចន្លោះជើងវាដែរ រហូតដល់ ‘ស៊ីឡូរ’ មកដល់ នោះបណ្ដាជននឹងស្ដាប់បង្គាប់លោក។ 11 វានឹងចងកូនលាឈ្មោលរបស់វានឹងដើមទំពាំងបាយជូរ ក៏នឹងចងកូនលាញីរបស់វានឹងដើមទំពាំងបាយជូរល្អបំផុត; វានឹងបោកសម្លៀកបំពាក់របស់ខ្លួនក្នុងស្រាទំពាំងបាយជូរ ក៏នឹងបោកអាវវែងរបស់ខ្លួនក្នុងទឹកទំពាំងបាយជូរ។ 12 ភ្នែករបស់វាក្រហមជាងស្រាទំពាំងបាយជូរ ហើយធ្មេញរបស់វាក៏សជាងទឹកដោះ។ 13 សាប់យូឡូននឹងរស់នៅតាមឆ្នេរសមុទ្រ វានឹងទៅជាកំពង់ផែសម្រាប់នាវា ហើយព្រំប្រទល់របស់វានឹងទៅដល់ស៊ីដូន។ 14 អ៊ីសាខារជាលាដ៏ខ្លាំង ដែលដេកនៅចន្លោះក្រោលចៀម។ 15 ពេលវាឃើញថាមានទីសម្រាកល្អ ហើយទឹកដីនោះគួរឲ្យពេញចិត្ត វាក៏ឱនស្មាដើម្បីផ្ទុកបន្ទុក ហើយធ្វើជាទាសករបម្រើ។ 16 ដាន់នឹងជំនុំជម្រះប្រជាជនរបស់ខ្លួន ក្នុងនាមជាកុលសម្ព័ន្ធមួយនៃអ៊ីស្រាអែល។ 17 ដាន់នឹងបានជាពស់នៅតាមផ្លូវ ជាពស់វែកនៅតាមគន្លង ដែលចឹកកែងជើងសេះ ធ្វើឲ្យអ្នកដែលជិះធ្លាក់ផ្ងារក្រោយ។ 18 ព្រះយេហូវ៉ាអើយ ទូលបង្គំទន្ទឹងរង់ចាំសេចក្ដីសង្គ្រោះរបស់ព្រះអង្គ! 19 រីឯកាដ ពួករុករាននឹងរុករានវា ប៉ុន្តែវានឹងរុករានកែងជើងគេវិញ។ 20 ស្បៀងអាហាររបស់អេស៊ើរនឹងមានសម្បូរហូរហៀរ វានឹងផ្ដល់អាហារប្រណិតសម្រាប់ស្ដេច។ 21 ណែបថាលីជាក្ដាន់ញីដែលត្រូវបានលែង វានឹងពោលពាក្យសម្ដីពីរោះ។ 22 យ៉ូសែបជាមែកឈើដ៏សម្បូរផលផ្លែ ជាមែកឈើសម្បូរផលផ្លែនៅក្បែរប្រភពទឹក; មែកវានឹងវាររំលងកំពែង។ 23 ពួកខ្មាន់ធ្នូបានវាយប្រហារវាយ៉ាងល្វីងជូរចត់ ក៏បាញ់ព្រួញ ហើយបៀតបៀនវា។ 24 យ៉ាងណាមិញ ធ្នូរបស់វានៅតែមាំមួន ហើយដើមដៃវារហ័សរហួន គឺមកពីព្រះហស្តនៃព្រះដ៏មានព្រះចេស្ដារបស់យ៉ាកុប គឺមកពីអ្នកគង្វាលជាថ្មដានៃអ៊ីស្រាអែល 25 ក៏មកពីព្រះរបស់ឪពុកឯង ដ្បិតព្រះអង្គបានជួយឯង។ ព្រះដ៏មានព្រះចេស្ដានឹងប្រទានពរឯង ជាព្រះពរនៃស្ថានសួគ៌នៅខាងលើ ជាព្រះពរនៃទីជម្រៅនៅខាងក្រោម ជាព្រះពរនៃដោះ និងផ្ទៃ។ 26 ពររបស់យើងជាឪពុកឯង លើសជាងពររបស់ដូនតាយើង រហូតដល់ចុងបំផុតនៃទីទួលនានាដ៏អស់កល្បជានិច្ច។ សូមឲ្យពរទាំងនោះនៅលើក្បាលរបស់យ៉ូសែប និងនៅលើក្រយៅក្បាលរបស់អ្នកដែលត្រូវបានញែកចេញពីពួកបងប្អូនវា។ 27 បេនយ៉ាមីនជាចចកដែលហែកស៊ី; នៅពេលព្រឹកវាស៊ីរំពា នៅពេលល្ងាចវាចែកជ័យភណ្ឌ”។ 28 ទាំងអស់នេះជាកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែល ហើយនេះជាសេចក្ដីដែលឪពុករបស់ពួកគេបាននិយាយនឹងពួកគេ។ គាត់ឲ្យពរពួកគេ គឺឲ្យពរពួកគេម្នាក់ៗតាមពររបស់គេរៀងៗខ្លួន។ មរណភាពរបស់យ៉ាកុប 29 យ៉ាកុបបង្គាប់ពួកគេទៀតថា៖ “យើងនឹងត្រូវបានប្រមូលទៅឯដូនតារបស់យើង។ ចូរបញ្ចុះយើងជាមួយដូនតារបស់យើង ក្នុងរអាងនៅចម្ការរបស់អេប្រុនជនជាតិហេត 30 គឺក្នុងរអាងដែលនៅចម្ការត្រង់ម៉ាក់ពេឡា ដែលនៅទល់មុខម៉ាមរេក្នុងដែនដីកាណាន ជាចម្ការដែលអ័ប្រាហាំបានទិញពីអេប្រុនជនជាតិហេត ទុកជាទីបញ្ចុះសព។ 31 នៅទីនោះគេបានបញ្ចុះអ័ប្រាហាំ និងសារ៉ាប្រពន្ធរបស់គាត់ នៅទីនោះគេបានបញ្ចុះអ៊ីសាក និងរេបិកាប្រពន្ធរបស់គាត់ ហើយនៅទីនោះយើងបានបញ្ចុះលេអាដែរ។ 32 ចម្ការ និងរអាងដែលនៅទីនោះ គឺបានទិញពីកូនចៅហេត”។ 33 នៅពេលយ៉ាកុបបានបង្គាប់ពួកកូនប្រុសរបស់គាត់ចប់ហើយ គាត់ក៏លើកជើងរបស់គាត់ដាក់លើគ្រែវិញ រួចផុតដង្ហើមទៅ ហើយត្រូវបានប្រមូលទៅឯដូនតារបស់គាត់៕ |