ទំនុកតម្កើង 130 - ព្រះគម្ពីរខ្មែរសាកលរង់ចាំការប្រោសលោះ ចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។ 1 ព្រះយេហូវ៉ាអើយ ទូលបង្គំបានស្រែកហៅព្រះអង្គពីទីជម្រៅ! 2 ព្រះអម្ចាស់នៃទូលបង្គំអើយ សូមសណ្ដាប់សំឡេងរបស់ទូលបង្គំផង! សូមឲ្យព្រះកាណ៌របស់ព្រះអង្គផ្ទៀងនឹងសំឡេងនៃពាក្យអង្វរកររបស់ទូលបង្គំផង។ 3 ព្រះអម្ចាស់យេហូវ៉ាអើយ ប្រសិនបើព្រះអង្គកត់ចំណាំអំពើទុច្ចរិត តើនរណាអាចនៅឈរបាន? 4 ប៉ុន្តែមានការលើកលែងទោសនៅនឹងព្រះអង្គ ដើម្បីឲ្យព្រះអង្គត្រូវបានកោតខ្លាច។ 5 ខ្ញុំទន្ទឹងរង់ចាំព្រះយេហូវ៉ា; ព្រលឹងរបស់ខ្ញុំទន្ទឹងរង់ចាំ ហើយខ្ញុំសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។ 6 ព្រលឹងរបស់ខ្ញុំរំពឹងចាំព្រះអម្ចាស់របស់ខ្ញុំ លើសជាងអ្នកយាមរំពឹងចាំពេលព្រឹក លើសជាងអ្នកយាមរំពឹងចាំពេលព្រឹកទៅទៀត! 7 អ៊ីស្រាអែលអើយ ចូរសង្ឃឹមលើព្រះយេហូវ៉ា ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលនៅនឹងព្រះយេហូវ៉ា ហើយសេចក្ដីប្រោសលោះដ៏បរិបូរក៏នៅនឹងព្រះអង្គដែរ! 8 ព្រះអង្គនឹងប្រោសលោះអ៊ីស្រាអែលពីអស់ទាំងសេចក្ដីទុច្ចរិតរបស់ពួកគេ៕ |