Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 1 - ព្រះគម្ពីរខ្មែរសាកល

1 និមិត្ត​របស់​អេសាយ​កូន​របស់​អ័ម៉ូស ដែល​គាត់​បាន​ឃើញ​ទាក់ទងនឹង​យូដា និង​យេរូសាឡិម នៅ​សម័យ​អូសៀស យ៉ូថាម អ័ហាស និង​ហេសេគា ជា​ស្ដេច​នៃ​យូដា​:


យូដាត្រូវបានជំនុំជម្រះ

2 ផ្ទៃមេឃ​អើយ ចូរ​ស្ដាប់​! ផែនដី​អើយ ចូរ​ផ្ទៀងត្រចៀក​! ដ្បិត​ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “យើង​បាន​ចិញ្ចឹម ហើយ​បាន​បីបាច់ថែរក្សា​កូន ប៉ុន្តែ​ពួកវា​បាន​បះបោរ​នឹង​យើង​វិញ​។

3 គោ​ស្គាល់​ម្ចាស់​របស់វា ហើយ​លា​ក៏​ស្គាល់​ស្នូក​របស់​ម្ចាស់​វា​ដែរ ប៉ុន្តែ​អ៊ីស្រាអែល​មិន​ស្គាល់​សោះ ប្រជារាស្ត្រ​របស់យើង​មិន​យល់ច្បាស់​ទេ”។

4 វេទនា​ហើយ​! ប្រជាជាតិ​ដែល​ពេញដោយបាប ប្រជាជន​ដែល​មាន​សេចក្ដីទុច្ចរិត​ធ្ងន់ធ្ងរ ជា​ពូជពង្ស​ដែល​ធ្វើអាក្រក់ ជា​កូនចៅ​ដែល​ខូចអាក្រក់​! ពួកគេ​បាន​បោះបង់ចោល​ព្រះយេហូវ៉ា ពួកគេ​បាន​មើលងាយ​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ពួកគេ​បាន​បែរខ្នង​ដាក់ព្រះអង្គ​។

5 ម្ដេចក៏​អ្នករាល់គ្នា​បន្ត​ការបះបោរ ហើយ​ត្រូវ​វាយ​ទៀត​ដូច្នេះ​? ក្បាល​ទាំងមូល​ឈឺ​ហើយ ចិត្ត​ទាំងមូល​ក៏​ល្វើយ​ផង​។

6 ចាប់ពី​បាតជើង​រហូតដល់​ក្បាល គ្មាន​កន្លែង​មាំមួន​ឡើយ គឺ​មាន​របួស ស្នាមរំពាត់ និង​ដំបៅរីក ដែល​ឥត​បាន​ច្របាច់ខ្ទុះ ឬ​រុំ ឬ​ផ្សើម​ដោយ​ប្រេង​។

7 ស្រុក​របស់អ្នករាល់គ្នា​ស្ងាត់ជ្រងំ ទីក្រុង​របស់អ្នករាល់គ្នា​ត្រូវគេ​ដុត​ដោយ​ភ្លើង ហើយ​ពួក​សាសន៍ដទៃ​លេបយក​ដី​របស់អ្នករាល់គ្នា នៅចំពោះ​អ្នករាល់គ្នា ដីនោះ​ស្ងាត់ជ្រងំ​ដូចជា​ត្រូវ​ពួក​សាសន៍ដទៃ​បំផ្លាញ​។

8 រីឯ​កូនស្រី​ស៊ីយ៉ូន​ត្រូវបាន​ទុកចោល ដូចជា​រោង​នៅ​ចម្ការទំពាំងបាយជូរ ដូចជា​ខ្ទម​នៅ​ចម្ការត្រសក់ ដូចជា​ទីក្រុង​ដែល​ត្រូវបាន​ឡោមព័ទ្ធ​។

9 ប្រសិនបើ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មិន​បាន​បន្សល់​អ្នកដែលរួចជីវិត​បន្តិចបន្តួច​ឲ្យ​យើង​ទេ ម្ល៉េះសម​យើង​បាន​ដូចជា​សូដុម និង​បាន​ដូចជា​កូម៉ូរ៉ា​ទៅហើយ​។

10 ពួក​អ្នកដឹកនាំ​សូដុម​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​! ប្រជាជន​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀងត្រចៀក​នឹង​សេចក្ដីប្រៀនប្រដៅ​របស់​ព្រះ​នៃយើង​!

11 ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “យញ្ញបូជា​ដ៏ច្រើន​របស់អ្នករាល់គ្នា តើ​ជា​អ្វី​ដល់​យើង​? យើង​ធុញទ្រាន់​នឹង​តង្វាយដុត​ជា​ចៀមឈ្មោល និង​ខ្លាញ់​សត្វបំប៉ន​ហើយ​; យើង​មិន​ពេញចិត្ត​ឈាម​គោឈ្មោល ឬ​ឈាម​កូនចៀម ឬ​ឈាម​ពពែឈ្មោល​នោះ​ទេ​។

12 កាលណា​អ្នករាល់គ្នា​ចូលមក ដើម្បី​លេចមក​នៅចំពោះ​យើង តើ​នរណា​បាន​ទាមទារ​ពី​ដៃ​របស់អ្នករាល់គ្នា គឺ​ទាមទារ​ឲ្យ​ជាន់ឈ្លី​ទីធ្លា​របស់យើង​ដូច្នេះ​?

13 កុំ​យក​តង្វាយ​ឥតប្រយោជន៍​មក​ទៀត​ឡើយ​! គ្រឿងក្រអូប​ជា​ទីស្អប់ខ្ពើម​ដល់​យើង រីឯ​ថ្ងៃចូលខែ ថ្ងៃសប្ប័ទ និង​ការកោះហៅ​ប្រជុំ​—— យើង​ទ្រាំ​នឹង​សេចក្ដីទុច្ចរិត និង​ការប្រជុំមុតមាំ​នោះ​មិនបានទេ​។

14 ព្រលឹង​របស់យើង​ស្អប់​ថ្ងៃចូលខែ និង​ពិធីបុណ្យដែលមានកំណត់​របស់អ្នករាល់គ្នា​; ពិធីបុណ្យទាំងនោះ​ជា​បន្ទុក​ដល់​យើង យើង​នឿយណាយ​នឹង​ទ្រាំ​ណាស់​។

15 កាលណា​អ្នករាល់គ្នា​លាត​ដៃ​អធិស្ឋាន យើង​នឹង​បាំង​ភ្នែក​របស់យើង​ពី​អ្នករាល់គ្នា​; ទោះបីជា​អ្នករាល់គ្នា​បង្កើន​ពាក្យអធិស្ឋាន​ក៏ដោយ ក៏​យើង​មិន​ស្ដាប់​ឡើយ​។ ដៃ​របស់អ្នករាល់គ្នា​ពេញ​ដោយ​ឈាម​ហើយ​!


ជម្រះយេរូសាឡិមឲ្យបរិសុទ្ធ

16 ចូរ​លាងសម្អាត ចូរ​ជម្រះ​ខ្លួន​ឲ្យបរិសុទ្ធ ចូរ​យក​ទង្វើ​អាក្រក់​របស់អ្នករាល់គ្នា​ចេញ​ពីមុខ​ភ្នែក​របស់យើង​! ចូរ​ឈប់​ធ្វើអាក្រក់

17 ចូរ​រៀនឲ្យចេះ​ធ្វើល្អ ចូរ​ស្វែងរក​សេចក្ដីយុត្តិធម៌ ចូរ​កែតម្រង់​អ្នកសង្កត់សង្កិនគេ ចូរ​រកយុត្តិធម៌​ឲ្យ​កូនកំព្រា ហើយ​កាន់ក្ដី​ឲ្យ​ស្ត្រីមេម៉ាយ​ផង”។

18 ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ឥឡូវនេះ​មក៍! ឲ្យ​ពួកយើង​ជជែកវែកញែក​គ្នា​។ ទោះបីជា​បាប​របស់អ្នករាល់គ្នា​បាន​ដូចជា​ពណ៌ក្រហមឆ្អៅ​ក៏ដោយ ក៏​វា​នឹង​បានស​ដូច​ហិមៈ ទោះបីជា​វា​ក្រហម​ដូចជា​ពណ៌ក្រហមជាំ​ក៏ដោយ ក៏​វា​នឹង​បាន​ស​ដូច​រោមចៀម​។

19 ប្រសិនបើ​អ្នករាល់គ្នា​សុខចិត្ត ហើយ​ស្ដាប់តាម នោះ​អ្នករាល់គ្នា​នឹង​បាន​ហូប​ផលល្អ​នៃ​ទឹកដី

20 ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​បដិសេធ ហើយ​បះបោរ​វិញ នោះ​អ្នករាល់គ្នា​នឹង​ត្រូវ​ដាវ​ត្របាក់ស៊ី”។ ដ្បិត​ព្រះឱស្ឋ​របស់​ព្រះយេហូវ៉ា​មានបន្ទូល​ហើយ​។

21 ទីក្រុង​ស្មោះត្រង់​បាន​ត្រឡប់​ដូចជា​ស្រីសំផឹង​យ៉ាងដូចម្ដេចហ្ន៎​! ពីមុននាងបាន​ពេញ​ដោយ​សេចក្ដីយុត្តិធម៌ ហើយ​សេចក្ដីសុចរិត​បាន​ស្នាក់នៅ​ក្នុង​នាង ប៉ុន្តែ​ឥឡូវនេះ មានសុទ្ធតែ​ឃាតករ​វិញ​។

22 ប្រាក់​របស់អ្នក​បាន​ត្រឡប់ជា​អាចម៍លោហៈ ស្រាទំពាំងបាយជូរ​របស់អ្នក​បាន​លាយ​ជាមួយ​ទឹក​។

23 បណ្ដា​មេដឹកនាំ​របស់អ្នក​ជា​អ្នក​បះបោរ និង​ជា​គូកន​របស់​ពួក​ចោរ​; ពួកគេ​គ្រប់គ្នា​ស្រឡាញ់​សំណូក ហើយ​ដេញតាម​ជំនូន ពួកគេ​មិន​រកយុត្តិធម៌​ឲ្យ​កូនកំព្រា ហើយ​រឿងក្ដី​របស់​ស្ត្រីមេម៉ាយ​ក៏​មិន​មក​នៅចំពោះ​ពួកគេ​ដែរ​។

24 ដូច្នេះ នេះជា​សេចក្ដីប្រកាស​របស់​ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ ជា​ព្រះដ៏មានព្រះចេស្ដា​នៃ​អ៊ីស្រាអែល​៖ “វេទនា​ហើយ​! យើង​នឹង​ធូរខ្លួន​ពី​ពួក​បច្ចាមិត្ត​របស់យើង ហើយ​សងសឹក​ពួក​សត្រូវ​របស់យើង​។

25 យើង​នឹង​បង្វែរ​ដៃ​របស់យើង​ទៅ​ទាស់នឹង​អ្នក ហើយ​បន្សុទ្ធបំបាត់​អាចម៍លោហៈ​របស់អ្នក​ដូច​បន្សុទ្ធបំបាត់​ដោយ​ទឹកក្បុង ព្រមទាំង​យក​អស់ទាំង​លោហៈមិនសុទ្ធ​របស់អ្នក​ចេញ​ផង​។

26 រួច​យើង​នឹង​ស្ដារ​ពួក​ចៅក្រម​របស់អ្នក​ឡើងវិញ​ដូច​ពីដើម ក៏​នឹង​ស្ដារ​ពួក​ទីប្រឹក្សា​របស់អ្នក​ឡើងវិញ​ដូច​គ្រាដំបូង​។ ក្រោយមក អ្នក​នឹង​ត្រូវគេ​ហៅថា ‘ទីក្រុង​នៃ​សេចក្ដីសុចរិត’ និង ‘ទីក្រុង​ស្មោះត្រង់’”។

27 ស៊ីយ៉ូន​នឹង​ត្រូវបាន​ប្រោសលោះ​ដោយ​សេចក្ដីយុត្តិធម៌ ពួកអ្នកដែល​កែប្រែចិត្ត​នៃ​ទីក្រុងនោះ​នឹង​ត្រូវបាន​ប្រោសលោះ​ដោយ​សេចក្ដីសុចរិត​។

28 ប៉ុន្តែ​ពួកមនុស្ស​បំពាន និង​ពួក​មនុស្សបាប​នឹងមាន​សេចក្ដីអន្តរាយ​ជាមួយគ្នា ហើយ​ពួកអ្នកដែល​បោះបង់ចោល​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​បំផ្លាញ​។

29 ពួកគេ​នឹង​អាម៉ាស់មុខ ដោយសារតែ​ដើមអូក​ដែល​អ្នករាល់គ្នា​បាន​ពេញចិត្ត អ្នករាល់គ្នា​ក៏​នឹង​ទទួលការអាប់យស ដោយសារតែ​សួនច្បារ​ដែល​អ្នករាល់គ្នា​បាន​ជ្រើសរើស​ដែរ​។

30 ដ្បិត​អ្នករាល់គ្នា​នឹង​បាន​ដូចជា​ដើមអូក ដែល​ស្លឹក​វា​ស្រពោន និង​ដូចជា​សួនច្បារ​ដែល​គ្មាន​ទឹក​។

31 មនុស្ស​ខ្លាំងពូកែ​នឹង​ក្លាយជា​ប្រឆេះ កិច្ចការ​របស់គេ​នឹង​ក្លាយជា​ផ្កាភ្លើង ហើយ​ទាំង​ពីរ​នោះ​នឹង​ឆេះ​ជាមួយគ្នា គ្មានអ្នកណា​ពន្លត់​ឡើយ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម