Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 25 - ព្រះគម្ពីរខ្មែរសាកល


សេចក្ដីសង្គ្រោះ និងការជំនុំជម្រះនៅថ្ងៃនោះ

1 ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ​! ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ ទូលបង្គំ​នឹង​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​កិច្ចការដ៏អស្ចារ្យ ជា​ផែនការ​តាំងពីយូរមក​ហើយ ដោយ​សេចក្ដីស្មោះត្រង់ និង​សេចក្ដីពិតត្រង់​។

2 ដ្បិត​ព្រះអង្គ​បាន​ធ្វើឲ្យ​ទីក្រុង​ទៅជា​គំនរថ្ម ក៏ធ្វើឲ្យ​ទីក្រុង​ដ៏រឹងមាំ​ទៅជា​ទីបាក់បែក​; បន្ទាយ​របស់​សាសន៍ដទៃ​លែង​ជា​ទីក្រុង​ទៀត វា​នឹង​មិន​ត្រូវបាន​សង់ឡើងវិញ​ឡើយ គឺ​ជារៀងរហូត​។

3 ដោយហេតុនេះ ជាតិសាសន៍​ដ៏ខ្លាំងពូកែ​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ ទីក្រុង​របស់​បណ្ដា​ប្រជាជាតិ​ដ៏កាចសាហាវ​នឹង​កោតខ្លាច​ព្រះអង្គ​។

4 ជាការពិត ព្រះអង្គ​បានជា​បន្ទាយ​ដល់​អ្នកក្រខ្សត់ ជា​បន្ទាយ​ដល់​មនុស្ស​ខ្វះខាត​ក្នុង​ទុក្ខវេទនា​របស់​គេ ជា​ជម្រក​ពី​ព្យុះ ជា​ម្លប់​ពី​កម្ដៅ ដ្បិត​ដង្ហើម​របស់​មនុស្ស​កាចសាហាវ ដូចជា​ព្យុះ​បក់បោក​ជញ្ជាំង​។

5 ដូចដែល​កម្ដៅ​នៅ​កន្លែងហួតហែង​ជា​យ៉ាងណា ព្រះអង្គ​ក៏​បន្ទាប​សូរគឹកកង​របស់​សាសន៍ដទៃ​យ៉ាងនោះដែរ ដូចដែល​កម្ដៅ​នៅក្រោម​ម្លប់​ពពក​ជា​យ៉ាងណា ព្រះអង្គ​ក៏​បញ្ឈប់​ចម្រៀង​របស់​មនុស្ស​កាចសាហាវ​យ៉ាងនោះដែរ​។

6 នៅលើ​ភ្នំ​នេះ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​រៀបចំ​ពិធីជប់លៀង មាន​ម្ហូបដ៏ពិសេស​សម្រាប់​ប្រជាជាតិ​ទាំងអស់ ជា​ពិធីជប់លៀង​ដែល​មាន​ស្រាទំពាំងបាយជូរយូរឆ្នាំ មាន​ម្ហូបដ៏ពិសេស​ដែល​ពេញដោយខួរឆ្អឹង និង​ស្រាទំពាំងបាយជូរយូរឆ្នាំ​ដ៏សុទ្ធ​។

7 នៅលើ​ភ្នំ​នេះ ព្រះអង្គ​នឹង​បំផ្លាញ​ស្បៃ​ដែល​រុំ​លើ​ប្រជាជាតិ​ទាំងអស់ និង​របាំង​ដែល​លាត​លើ​ប្រជាជាតិ​ទាំងអស់​។

8 ព្រះអង្គ​នឹង​លេប​សេចក្ដីស្លាប់​ទៅ​ជារៀងរហូត​។ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​របស់ខ្ញុំ​នឹង​ជូត​ទឹកភ្នែក​ចេញ​ពី​មុខ​មនុស្ស​ទាំងអស់ ហើយ​ដក​សេចក្ដីត្មះតិះដៀល​របស់​ប្រជារាស្ត្រ​ព្រះអង្គ​ចេញ​ពី​ផែនដី​ទាំងមូល​។ ដ្បិត​ព្រះយេហូវ៉ា​បាន​មានបន្ទូល​ហើយ​។

9 នៅ​ថ្ងៃ​នោះ គេ​នឹង​ពោលថា​៖ “មើល៍! នេះ​ហើយជា​ព្រះ​របស់យើង យើង​បាន​ទន្ទឹងរង់ចាំ​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​សង្គ្រោះ​យើង​! នេះ​ហើយជា​ព្រះយេហូវ៉ា យើង​បាន​ទន្ទឹងរង់ចាំ​ព្រះអង្គ ចូរឲ្យ​យើង​ត្រេកអរ ហើយ​អរសប្បាយ​ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​!”។

10 ដ្បិត​ព្រះហស្ត​របស់​ព្រះយេហូវ៉ា​នឹង​ស្ថិតនៅ​លើ​ភ្នំ​នេះ រីឯ​ម៉ូអាប់​នឹង​ត្រូវគេ​ជាន់ឈ្លី​នៅកន្លែង​របស់ខ្លួន ដូច​ចំបើង​ដែល​ត្រូវគេ​ជាន់ឈ្លី​ក្នុង​ទឹក​ពី​គំនរលាមក

11 ហើយ​ពួកគេ​នឹង​លាត​ដៃ​របស់ខ្លួន​នៅកណ្ដាលចំណោម​ពួកគេ ដូចជា​អ្នក​ហែលទឹក​ដែល​លាត​ដៃ​ហែលទឹក ប៉ុន្តែ​ព្រះអង្គ​នឹង​បន្ទាប​អំនួត​របស់ពួកគេ ជាមួយនឹង​ឧបាយកល​នៃ​ដៃ​របស់ពួកគេ​។

12 ព្រះអង្គ​នឹង​បន្ទាប​បន្ទាយ​ដែលមាន​កំពែង​ខ្ពស់​របស់អ្នក​ចុះ ហើយ​ពង្រាប​វា ព្រមទាំង​បោះ​វា​ទៅលើ​ដី គឺ​ទៅក្នុង​ធូលី​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម