អេសាយ 54 - ព្រះគម្ពីរខ្មែរសាកលសិរីរុងរឿងនាពេលអនាគតសម្រាប់អ៊ីស្រាអែល 1 “ស្ត្រីអារដែលមិនសម្រាលកូនអើយ ចូរច្រៀងដោយអំណរ! ស្ត្រីដែលមិនឈឺពោះឆ្លងទន្លេអើយ ចូរហ៊ោកញ្ជ្រៀវដោយសម្រែកហ៊ោសប្បាយ ហើយស្រែកហ៊ោឡើង! ដ្បិតកូនៗរបស់ស្ត្រីដែលត្រូវគេបោះបង់ចោល មានច្រើនជាងកូនៗរបស់ស្ត្រីដែលមានប្ដីទៅទៀត”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ។ 2 “ចូរពង្រីកកន្លែងសម្រាប់រោងរបស់អ្នក ហើយឲ្យគេលាតវាំងននសម្រាប់កន្លែងស្នាក់នៅរបស់អ្នក កុំសំចៃឡើយ! ចូរធ្វើឲ្យខ្សែរបស់អ្នកវែង ហើយធ្វើឲ្យស្នឹងរបស់អ្នកមាំឡើងចុះ! 3 ដ្បិតអ្នកនឹងរីកសាយទៅខាងស្ដាំ និងខាងឆ្វេង ហើយពូជពង្សរបស់អ្នកនឹងកាន់កាប់ប្រជាជាតិនានា ព្រមទាំងធ្វើឲ្យមានមនុស្សរស់នៅក្នុងទីក្រុងដែលស្ងាត់ជ្រងំផង។ 4 កុំខ្លាច ដ្បិតអ្នកនឹងមិនអាម៉ាស់មុខឡើយ កុំអៀនខ្មាស ដ្បិតអ្នកនឹងមិនទទួលការអាប់យសឡើយ។ អ្នកនឹងភ្លេចសេចក្ដីអាម៉ាស់តាំងពីយុវវ័យរបស់អ្នក ក៏មិននឹកចាំសេចក្ដីត្មះតិះដៀលនៃភាពជាមេម៉ាយរបស់អ្នកទៀតដែរ។ 5 ដ្បិតព្រះសូនបង្កើតរបស់អ្នកជាប្ដីរបស់អ្នក ព្រះនាមរបស់ព្រះអង្គគឺព្រះយេហូវ៉ានៃពលបរិវារ; ព្រះប្រោសលោះរបស់អ្នក ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ព្រះអង្គត្រូវគេហៅថា ព្រះនៃផែនដីទាំងមូល។ 6 ដ្បិតព្រះយេហូវ៉ាបានត្រាស់ហៅអ្នក ដូចជាប្រពន្ធដែលត្រូវបានបោះបង់ចោល ហើយរងទុក្ខក្នុងវិញ្ញាណ គឺដូចជាប្រពន្ធកាលពីនៅយុវវ័យដែលត្រូវបានចាកចោល”។ ព្រះរបស់អ្នកមានបន្ទូលដូច្នេះហើយ។ 7 “យើងបានបោះបង់អ្នកចោលមួយរយៈខ្លី ប៉ុន្តែយើងនឹងប្រមូលអ្នកមកវិញ ដោយសេចក្ដីមេត្តាដ៏ធំធេង។ 8 យើងបានលាក់មុខរបស់យើងពីអ្នកមួយរយៈដោយកំហឹងដ៏ហូរហៀរ ប៉ុន្តែយើងនឹងអាណិតមេត្តាអ្នកដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏អស់កល្បជានិច្ចវិញ”។ ព្រះយេហូវ៉ា ព្រះប្រោសលោះរបស់អ្នក មានបន្ទូលដូច្នេះហើយ។ 9 “ដ្បិតការនេះដូចជាទឹកជំនន់នៅគ្រាណូអេដល់យើង គឺដូចដែលយើងបានស្បថថា ទឹកជំនន់នៅគ្រាណូអេនឹងមិនគ្របលើផែនដីទៀតយ៉ាងណា យើងក៏បានស្បថថា យើងនឹងមិនខឹងនឹងអ្នក ឬស្ដីបន្ទោសអ្នកយ៉ាងនោះដែរ។ 10 ថ្វីត្បិតតែភ្នំនានានឹងចាកចេញទៅ ហើយទីទួលទាំងឡាយរើចេញក៏ដោយ ប៉ុន្តែសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់យើងនឹងមិនចាកចេញពីអ្នកឡើយ ហើយសម្ពន្ធមេត្រីនៃសេចក្ដីសុខសាន្តរបស់យើងក៏មិនរើចេញដែរ!”។ ព្រះយេហូវ៉ាដែលអាណិតមេត្តាអ្នក មានបន្ទូលដូច្នេះហើយ។ 11 “មនុស្សរងទុក្ខដែលត្រូវព្យុះបក់បោក ដែលឥតត្រូវបានសម្រាលទុក្ខអើយ មើល៍! យើងនឹងរៀបថ្មរបស់អ្នកឡើងដោយបាយអពណ៌ស្អាត ហើយចាក់គ្រឹះអ្នកដោយត្បូងកណ្ដៀង។ 12 យើងនឹងសង់កំពូលកំពែងរបស់អ្នកពីត្បូងទទឹម ហើយសង់ខ្លោងទ្វាររបស់អ្នកពីត្បូងបេរីល ក៏នឹងសង់អស់ទាំងរបងការពាររបស់អ្នកពីត្បូងដ៏មានតម្លៃផង។ 13 រីឯកូនទាំងអស់របស់អ្នកនឹងទទួលការបង្រៀនពីព្រះយេហូវ៉ា ហើយកូនៗរបស់អ្នកនឹងមានសេចក្ដីសុខសាន្តដ៏បរិបូរ។ 14 អ្នកនឹងត្រូវបានតាំងឡើងដោយសេចក្ដីសុចរិត អ្នកនឹងនៅឆ្ងាយពីការសង្កត់សង្កិន ដ្បិតអ្នកនឹងមិនភ័យខ្លាចឡើយ ក៏នឹងនៅឆ្ងាយពីការបំភ័យ ដ្បិតវានឹងមិនចូលមកជិតអ្នកឡើយ។ 15 ប្រសិនបើមានគេបង្កជម្លោះយ៉ាងខ្លាំង នោះមិនមែនចេញមកពីយើងទេ; អ្នកណាដែលបង្កជម្លោះទាស់នឹងអ្នក អ្នកនោះនឹងដួលដោយព្រោះអ្នក។ 16 មើល៍! គឺយើងហើយ ដែលនិម្មិតបង្កើតជាងលោហៈដែលសប់ភ្លើងធ្យូង ដើម្បីផលិតអាវុធសម្រាប់គោលបំណងរបស់វា; គឺយើងហើយ ដែលនិម្មិតបង្កើតអ្នកបំផ្លាញសម្រាប់បំផ្លាញ។ 17 គ្រប់ទាំងអាវុធដែលពួកគេសូនឡើងទាស់នឹងអ្នក គ្មានប្រសិទ្ធភាពឡើយ ហើយអស់ទាំងអណ្ដាតដែលក្រោកឡើងទាស់នឹងអ្នកក្នុងការកាត់ក្ដី អ្នកនឹងផ្ដន្ទាទោសវាវិញ។ នេះហើយ ជាមរតករបស់អ្នកបម្រើនៃព្រះយេហូវ៉ា និងជាសេចក្ដីសុចរិតយុត្តិធម៌របស់ពួកគេដែលចេញពីយើង”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៕ |